តូរាំងកាៈ កប៉ាល់ដឹកកុងតឺន័រមួយគ្រឿង ដែលមានលេចធ្លាយប្រេងចេញមក ដោយសារបុកជាមួយ នឹងថ្មប៉ប្រះទឹកនោះ បានឈប់នៅសំចតក្បែរឆ្នេរសមុទ្រ ប្រទេសញូវហ្សេឡែន ហើយបានធ្វើការសុំអំពាវនាវរកជំនួយ តាមវិទ្យុទាក់ទង នៅថ្ងៃអង្គារ ទី១១ ខែតុលានេះ ដោយពេល នេះវាកំពុងតែត្រូវបានគេជម្លៀស ចេញពីសមុទ្រធំហើយ ។ នេះបើយោងតាមការបញ្ជាក់ ពីផ្នែកនាវាចរណ៍ របស់ប្រទេសញូវហ្សេឡែន ហៅកាត់ថា MNZ ។
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_v6xN5AWwpL8Ojx4_dYKtEAWwbN1SkPrZMCV5b6EjFzg6MpxdBlHLG1wLK9dmqzKUNdchvWQqC4JhZY1p5RkUWHBkwyEQb0sGNHs00iSYATh8hlmziymHJ6z4hfCw=s0-d)
តាមព័ត៌មានពីគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១១ នេះថា មូលហេតុដែលនាំឲ្យមានការអំពាវនាវ សុំជំនួយជាបន្ទាន់នេះ ដោយសារតែ កប៉ាល់នេះមិន អាចជួយសង្គ្រោះមនុស្សដែលនៅលើនោះ មកកាន់ដីគោកបានទាន់ពេលវេលា ។ នេះបើ យោងតាមការបញ្ជាក់ពី លោក ខាធឺរៀន ថាយឡឺ ប្រធាន MNZ ប្រាប់វិទ្យុផ្សាយព័ត៌មានរបស់ ប្រទេសញូវហ្សេឡែន ដោយលោកបានបន្ថែមថា នាវាកងទ័ពចំនួន ៦គ្រឿង កំពុងតែជួយ សង្គ្រោះអ្នកដែលនៅ លើកប៉ាល់ធ្លាយប្រេងនោះ ។
ប្រធាន MNZ រូបនេះបានបន្តទៀតថា នាវាកំពុងលេចធ្លាយប្រេង ដែលមានឈ្មោះថា រ៉េណា បានបុកជាមួយនឹងដុំថ្មប៉ប្រះទឹក កាលពីថ្ងៃពុធ សប្តាហ៍មុន មកម្ល៉េះ ដែលជាហេតុនាំឲ្យមាន ការលេចធ្លាយប្រេងរាប់សិបតោន ចេញពីនាវាដឹក កុងតឺន័រដ៏ធំមួយនេះ។ អ្វីដែលជាបញ្ហានោះ គឺ អាកាសធាតុមិនអំណោចផល តែក្រុមជួយសង្គ្រោះបានបញ្ជាក់ថា អ្វីដែលសំខាន់ជាងគេបំផុត គឺជួយសង្គ្រោះមនុស្សគ្រប់គ្នាឲ្យមាន សុវត្ថិភាពជាមុនសិន ។
អាជ្ញាធរបានប្រកាស ឲ្យប្រជាជនដែលរស់នៅជិតតំបន់ឆ្នេរនោះ មានការប្រុងប្រយ័ត្នពីជាតិពុល ដែលលេចធ្លាយចេញ ពីនាវា រ៉េណា។ អាជ្ញាធរបានប្រកាសទៀតថា ប្រេងចំនួន ២០តោន បានលេចចេញពីនាវា ដែលនឹងរីកសាយភាយពាសពេញតំបន់នោះ ក្នុងរយៈ ពេលប្រមាណជាមួយថ្ងៃបន្ទាប់ទៀតនេះ ។ ចំពោះសត្វសមុទ្រ មួយចំនួន ត្រូវបានគេសង្គ្រោះផងដែរ ដូចជា សត្វផេនឃ្វីន ពណ៌ខៀវ ត្រីឆ្លាមពីរក្បាល ដែលពេលនេះកំពុងតែជួយសង្គ្រោះ នៅមន្ទីរសង្គ្រោះសត្វជីវៈចំរុះ ៕