Saturday, July 30, 2011

ភ្លើង​ឆាប​ឆេះ​បន្ទប់​ផ្ទះ​សំណាក់​អង្គរ​តូច​កណ្តាល​ក្រុង​សៀមរាប​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​


សៀមរាប ៖ បន្ទប់​នៃ​ផ្ទះ​សំណាក់​យី​ហោរ​អង្គរតូច​ស្ថិត​នៅ​កណ្តាល​ក្រុង​សៀមរាប​ ត្រូវ​ ភ្លើង​ឆាប​ឆេះ​កាល​ពីព្រឹក​ថ្ងៃ​ទី​៣០​ ខែ​កក្កដា​ ឆ្នាំ​២០១១​ ដែល​ជា​ហេតុ​ធ្វើ​អោយ​ភ្ញៀវ​ដែល​សម្រាក​នៅ​ ផ្ទះ​សំណាក់​នេះ​ភ័យ​ព្រលឹង​ចុង​សក់​ និង​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ក្រុម​សមត្ថកិច្ច​ព្រម​ទាំង​ប្រជាពលរដ្ឋ​ដែល ​ មាន​លំនៅដ្ឋាន​ក្បែរ​ទី​នោះ​ផង​ដែរ​។

ហេតុការណ៍នេះបានកើតឡើង​កាលពីវេលាម៉ោង៥​និង១៥នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែ​កក្កដា ឆ្នាំ២០១១ ​នៅក្រុមទី១០ ភូមិតាភុល​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប​ (ក្រោយស្ថាននីយ៍​ប្រេងឥន្ទនៈ ​កាល់តិច) ។​ នៅក្នុងហេតុការណ៍នោះ​គេបានឃើញកង​កម្លាំងនគរបាល​មូលដ្ឋាននិងកង​រាជអាវុធហត្ថ​ ខេត្តសៀមរាប​ ត្រូវបានចាត់បញ្ជូន​ទៅរក្សាការពារ​សន្តិសុខសណ្តាប់​ធ្នាប់នៅកន្លែងកើត​ហេតុ ព្រមទាំង ​រថយន្តពន្លត់អគ្គីភ័យ​ចំនួនពីរគ្រឿង​ផងដែរបញ្ជូន​ទៅកាន់ទីនោះ​ ។​

អធិការនគរបាល​ក្រុងសៀមរាប​លោកវរសេនីយ៍ត្រី ​ស៊ុន សាន​ ដែលស្ថិតនៅ​រង្វង់ប្រតិបត្តិ​ ការណ៍ពន្លត់ភ្លើង​បានអោយដឹងថា​ ពេលដែលដឹង​ហេតុការណ៍នេះ​ភ្លាមរូបលោកនិង​កម្លាំងប៉ុស្តិស្វាយដង្គំ ​បានចុះទៅដល់​កន្លែងកើតហេតុ​ ដើម្បីការពារ​សន្តិសុខនិង​របៀបរៀបរយ ​។ លោកវរសេនីយ៍ត្រី​រូបនេះ បានបន្តថា​ ភ្លើងឆេះនៅក្នុង​បន្ទប់លេខ៥១៧ ​ជាន់ទី៥​ នៃផ្ទះសំណាក់​អង្គរតូចហើយ​រូបលោកនិកម្លាំងនគរ​ បាលបាន​ប្រើទុយោរទឹក​និងបំពង់អន្លត់​អគ្គីភ័យរបស់​ផ្ទះសំណាក់បាញ់ពន្លត់ ។​

លោក ​ស៊ុន សាន​ បានបន្តអោយដឹងថា​ តាមការសន្និដ្ឋាន​ជំហ៊ានដំបូងភ្លើង​ឆាបឆេះដោយសារ​ តែភ្លើងធូប​-ទៀន​ ព្រោះនៅក្នុង​បន្ទប់នេះ​មានអាសនៈគ្រូបាធ្យា​ ហើយម៉្យាងទៀត​ថ្ងៃនេះជាថ្ងៃ​សីលថែម ​ទៀតផង ​។ លោកបានបន្តថា​ សម្ភារៈនៅក្នុង​បន្ទប់នេះត្រូវបាន​ភ្លើងឆាបឆេះបំផ្លាញ​ទាំងស្រុង តែមិនរាល​ ដាលបង្ករការ​ខូចខាតទៅបន្ទប់​ផ្សេងទៀតទេ​ ដោយសារលោក​ដឹកនាំកម្លាំង​ជួយពន្លត់ទាន់​ពេលវេលា ។​

ចំណែកប្រភព​នៅកន្លែងកើត​ហេតុបានអោយដឹងថា​ ក្នុងពេលមានការ​ភ្ញាក់ផ្អើលនេះគេបាន​ ឃើញភ្ញៀវចំរុះ​ជាតិសាសន៍​ដែលស្នាក់នៅផ្ទះសំណាក់នេះ​ នាំគ្នារត់ចុះមកខាង​ក្រោមព្រោងព្រាត​ដោយសារ ​តែការភ័យខ្លាច​គ្រោះអគ្គីភ័យនេះ​ ។ ប្រភពនេះបានបន្តថា​ ហើយភ្លាមៗនោះដែរ​គេបានឃើញរថយន្ត ​ពន្លត់អគ្គីភ័យរបស់​នគរបាលខេត្តសៀមរាប​ ចំនួនពីរគ្រឿង​មកកាន់កន្លែង​កើតហេតុដើម្បីជួយ​សង្គ្រោះ តែគេមិនបាន​ឃើញធ្វើសកម្មភាព​បាញ់ទឹកពន្លត់នោះទេ​ ដោយបានត្រឹមតែ​នៅរេរាពីមុខផ្ទះសំណាក់​មួយ នេះតែប៉ុណ្ណោះ ។​

ប្រភពនេះបន្តថា ​ការដែលឡានទឹកមិន​ធ្វើសកម្មភាពបាញ់ទឹក​ពន្លត់ភ្លើងនេះ ​គឺដោយសារតែ​ ទុយោរទឹករបស់​រថយន្តទាំងនេះ​មានប្រវែងខ្លីពេក​ មិនអាចលាត​សន្ធឹងទៅដល់ជាន់​ខាងលើដែលជាគោល​ ដៅភ្លើងឆាបឆេះ​ ។ ប្រភពនេះបានបន្តថា​ ករណីដែលកើតឡើង​នេះវាមិនធ្ងន់ធ្ងរនោះទេ ​ចុះបើសិនជាករណីភ្លើង​ឆាបឆេះវាមាន​ស្ថានភាពខ្លាំងក្លា​នោះ ហើយឡានទឹក​ដែលមានទុយោរដ៏ខ្លី​នេះតើនឹងមានរឿងអ្វី ​កើតឡើង​ ម៉្យាងវិញទៀតលោក​ស្នងការនគរបាល​ខេត្តសៀមរាបមិនគួរធ្វេស​ប្រហែសទេ​ គួរតែស្វះស្វែង​ រកទិញទុយោរទឹក​សម្រាប់ក្រុម​ឡានទឹកក្នុងខេត្ត​របស់ខ្លួននេះផង​៕

ចោរស្ទើរ បច្ចេកទេសម្នាក់ លួចខ្សែកបាន ហើយ គ្មានសំណាងចាយ ត្រូវសមត្ថកិច្ច ចាប់ជាប់


ភ្នំពេញ៖ ចោរស្ទើរបច្ចេកទេសម្នាក់លួចខ្សែក បានហើយ តែគ្មានសំណាងចាយទ្រព្យ ដែលលួចគេនោះ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ ផ្សារដើមគឃាត់ខ្លួនបានភ្លាមៗ នៅនឹងកន្លែងកើតហេតុ នាវេលាម៉ោង ៧ និង ៤៥នាទីយប់ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០១១ នៅក្នុងមជ្ឈមណ្ឌលពម៉ុងឌីយ៉ាល់ តាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យលួចកាត់យកខ្សែកបា្លទីនខាងលើនេះឈ្មោះ អ៊ុក លក្ខណ៍ ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលតាមបណ្តោយផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ រីឯជនរងគ្រោះ ឈ្មោះស្រីអូន ភេទស្រី អាយុ ៥៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ២១១BEo ផ្លូវលេខ ២៥៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានពរចៅចូល ទៅមើលការតាំងពិព័រណ៍ផលិតផល នៅក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ខណៈដែលកំពុងតែដើរមើលផលិតផលនោះ ស្រាប់តែជនសង្ស័យពីរនាក់ បាននាំគ្នាយកកន្រ្តៃកាត់ក្រចកមកលួចកាត់ខែ្សកចៅរបស់ជនរងគ្រោះ តែជាអកុសល្យត្រូវជនរងគ្រោះដឹងទាន់ ស្រែកឆោឡោ។ ពេលឮដូច្នេះកម្លាំងនគរបាលដែលប្រចាំនៅទីនោះ បានចេញអន្តរាគមន៍ចាប់បានជនសង្ស័យម្នាក់នៅនឹងកន្លែងកើតហេតុ រីឯម្នាក់ទៀតគេចខ្លួនបាត់។

យោងតាមសមត្ថកិច្ចដដែលបានអះអាងថា ខែ្សកដែលជនសង្ស័យលួចនោះមានទម្ងន់៣ជី និងបំពង់កថា ២ ទម្ងន់២ជី ក្រោយពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបានខ្សែកទម្ងន់៣ជី ប្រគល់ជូនជនរងគ្រោះ ដោយឡែកបំពង់កថា២ ទម្ងន់២ជី ឆែកមិនឃើញនោះទេ។បច្ចុប្បន្នសង្ស័យត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការបន្ត៕

បណ្តឹងសារទុក្ខ របស់ឌុច អាចនឹងត្រូវ ប្រកាសនាពេល ឆាប់ៗខាងមុខនេះ

ភ្នំពេញ៖ បណ្តឹងសារទុក្ខរបស់អតីតមេគុក ទួលស្លែងដ៏ទារុណកម្ម និងប្រល័យ នៃរបបខ្មែរក្រហម កាំង ហ្គិចអ៊ាវ ហៅឌុច នឹងត្រូវប្រកាសឱ្យដឹងនាពេលឆាប់ៗ​ខាងមុខនេះ ក្រោយពីបើកសវនការកាលពីខែមិនាឆ្នាំ២០១១។

អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមលោក នេត ភក្រ្តា បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹងថា ចាប់តាំងពីតុលាការកំពូលរបស់សាលាក្ដីខ្មែរក្រហម បានដំណើរការកាត់ក្ដីលើសំណុំរឿង០០១ ក្នុងការសម្រេចបណ្ដឹងសារទុក្ខរបស់ កំាង ហ្គេចអ៊ាវ ហៅឌុចរួចមក រហូតមកដល់បច្ចុប្បន្ន គឺស្ថិតនៅក្នុងដំណាក់កាលមួយ ដែលក្រុមចៅក្រមកំពុងតែរៀបចំធ្វើសេចក្តីសម្រេច ។

លោក នេត ភក្រ្តាបន្តថា “ការប្រកាសសាលដីកាលើបណ្ដឹងសារទុក្ខរបស់ឌុចនេះ យើងរំពឹងទុកថា នឹងមានការប្រកាសនាពេលឆាប់ៗខាងមុខនេះ ហើយយើងមិនអាចកំណត់បានថា​ ពេលវេលាណាមួយនោះទេ ប៉ុន្តែយើងអាចដឹងថានៅពេលដ៍ខ្លីខាងមុខនេះ”។

កំាង ហ្គេចអ៊ាវ ហៅឌុចត្រូវបានចាប់ខ្លួនកាលពីអំឡុង ខែឧសភា ឆ្នាំ១៩៩៩ បន្ទាប់មក អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា បានផ្ដន្ទាទោសឌុច ឲ្យជាប់ពន្ធនាគារចំនួន៣៥ឆ្នាំ កាលពីឆ្នាំ២០១០ ដោយចោទប្រកាន់ពីបទឧក្រិដ្ឋធំៗចំនួន៣ ទីមួយបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ បទរំលោភលើអនុសញ្ញា ទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងបទរំលោភលើក្រមព្រហ្មទណ្ឌឆ្នាំ ១៩៥៦ ។ ប៉ុន្ដែទោសទាំងនេះត្រូវបានសម្រាលឲ្យឌុចជាប់ពន្ធនាគារចំនួន១៩ឆ្នាំ វិញដោយសារតែឃាតកឈាមត្រជាក់រូបនេះ បានសហការល្អជាមួយសាលាក្តីខ្មែរក្រហមដែលមានការគាំទ្រពីអង្គកាសហប្រជាជាតិ។

គួរំលឹកថា ជនរងគ្រោះដែលបានស្លាប់ ក្រោមការគ្រប់គ្រងរបស់ កំាង ហ្គេចអ៊ាវ ហៅឌុចដែលមានរយៈពេលជាង៣ឆ្នាំ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩យ៉ាងហោចណាស់ មានចំនួន១០.០០០នាក់ ត្រូវបានទទួលការធ្វើទារុណកម្ម និងសម្លាប់យ៉ាងព្រៃផ្សៃបំផុតនៅគុកទួលស្លែង ឬគេហៅថាមន្ទីរស ២១ ។

សវនាការ លើបណ្ដឹងសារទុក្ខរបស់ឌុច ត្រូវបានធ្វើឡើងពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនាឆ្នាំ២០១១ កន្លងទៅនេះ៕
Photo by DAP-NEWS

តារាម៉ូដែល​​អ៊ីតាលីនាង ​Vittoria Risi ​ថត​ស្រាត​​ផ្សាយ​​ពាណិជ្ជ​​​កម្ម​ស្នាដៃ​សិល្បៈ​



តារាម៉ូដែល​​ជនជាតិ​អ៊ីតាលី​​ល្បីឈ្មោះ​​​ម្នាក់ កាលពីពេលថ្មីៗ​កន្លងមក ​បានធ្វើ​​​ឱ្យ​មនុស្ស​​​ទាំង​ឡាយ​​​មានការ​ភ្ញាក់​ផ្អើល​​​យ៉ាង​ខ្លាំង​នៅ​ ​ពេលនាង​​ស្រាត​សម្លៀកបំពាក់​ចេញអស់ ហើយ​អង្គុយ​ឱ្យគេថត​​លើ​​របស់​ស្នាដៃសិល្បៈ​មួយ​​ប្រភេទ ដែល​ដាក់បង្ហាញ​​នៅ​កន្លែង​ប្រជុំ​​ជន​មួយ​ក្នុង​​ទីក្រុង​​វ៉េនីស ​​ប្រទេស​អ៊ីតាលី ។

តារា​ម៉ូដែល​​រូប​នេះ​​នាង​ Vittoria Risi មិនត្រឹមតែ​​ជា​តារា​ម៉ូ​ដែល​​ល្បីឈ្មោះប៉ុណ្ណោះ​​​​ ប៉ុន្តែ​នាង​​ថែមទាំង​​ជា​​តារាភាពយន្ត​​អាសអាភាស​ម្នាក់​​ទៀត​​ផង​។​ នាងបានស្រាត​​សម្លៀកបំពាក់​​ចេញ​អស់ ហើយ​អង្គុយ​​​ឱ្យគេថត​​​លើស្នាដៃ​​​សិល្បៈ​ដើម្បី​​ទាក់ទាញ​​​អ្នកទេសចរ​ ឱ្យទៅមើល​​​ស្នាដៃ​សិល្បៈ​នេះ​​​​​កាន់តែ​​​ច្រើន ៕​

លោក ​អាប់ភីស៊ីត ​ទុក​សំណុំ​រឿង​ដក​កងទ័ព​អោយ​រដ្ឋាភិបាល​ថ្មី

រដ្ឋាភិបាល​ថៃ​របស់​លោក​អាប់ភីស៊ីត​វេចាជីវ៉ា​បាន​ឆ្លើយតប​មក​រដ្ឋាភិបាល ​ភ្នំពេញ​ហើយ ថា​គេ​នឹង​ទុក​ការងារ​អនុវត្ត​សាលក្រម​តុលាការ​ឡាអេ​អោយ​រដ្ឋាភិបាល​ថ្មី។ កម្ពុជា​ក៏​បាន​ជូន​ដំណឹង​នេះ​ទៅ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​ ដែល​មាន​បំណង​ចង់​កោះប្រជុំ​រដ្ឋមន្ត្រី​ការបទេស​កម្ពុជា​និង​ថៃ​ដើម្បី​ ជជែក​អំពី​ការ​អនុវត្ត​សាលក្រម​ឡាអេ។
លោក អាប់ភីស៊ីត​ នាយករដ្ឋមន្រ្តី​ថៃ និង លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី​ខ្មែរ (រូបភាពឯកសារ) © សុវណ្ណារា
លោក អាប់ភីស៊ីត នាយករដ្ឋមន្រ្តី ថៃ និង លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី ខ្មែរ (រូបភាពឯកសារ) © សុវណ្ណារាប្រធាន​អាស៊ាន​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​បាន​ទាក់ទងមក​លោកហោ ណាំហុង​ប្រមុខ​ការទូត​កម្ពុជា​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៨​កក្កដា​ ដើម្បី​បង្ហាញ​បំណង​ចង់​កោះ​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​និង​ថៃ។ កោះ​ប្រជុំ​ដើម្បី​ជជែក​អំពី​ការ​អនុវត្ត​បញ្ជា​របស់​តុលាការ​ឡាអេ​ស្តី​ពី​ ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ។

ក៏ប៉ុន្តែ​នៅ​ក្នុង​ការទាក់ទងគ្នា​នោះ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​បាន​ប្រាប់​ទៅ​ប្រធាន​អាស៊ាន​លោក​ ម៉ារទី ណាតាឡេហ្កាវ៉ា ​អោយ​ដឹង​ថា ភាគី​ថៃ​សព្វថ្ងៃ​បាន​ឆ្លើយ​តប​មក​កម្ពុជា​ហើយ ឆ្លើយ​ថា​គេ​ទុក​ការងារ​សាលក្រម​ឡាអេ​នេះ​អោយ​រដ្ឋាភិបាល​ថ្មី​ជា​អ្នក​ អនុវត្ត​តែ​ម្តង។តាមពិត ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា កម្ពុជា​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​ថៃ ចំពោះ​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​ទីមួយ​ស្តី​ពី​ការ​អនុវត្ត​សាលក្រម​ តុលាការ​ឡាអេ​ដែល​កម្ពុជា​បាន​ផ្ញើ​ទៅ​កាល​ពី​ថ្ងៃ​ទី​២១​កក្កដា មុន​ការ​បង្ហាញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​ក្នុង​សន្និសីទ​កាសែត។

នៅក្នុង​កំណត់​ទូត​ដែល​កម្ពុជា​ទទួលបាន កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៧​កក្កដា រដ្ឋាភិបាល​ថៃ​របស់​លោក​អាប់ភីស៊ីត​បាន​ឆ្លើយ​ប្រាប់​រដ្ឋាភិបាល​កម្ពុជា​ថា គេ​ទុក​ការងារ​អនុវត្ត​សាលក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​អោយ​រដ្ឋាភិបាល ​ថ្មី។
រដ្ឋសភា​ថៃ​នឹង​ជួប​ប្រជុំ​នៅ​ដើម​សប្តាហ៍​ក្រោយ​នេះ ដើម្បី​ផ្តើម​នីតិវិធី​បង្កើត​រដ្ឋាភិបាល​តែម្តង។ រដ្ឋាភិបាល​ដែល​នឹង​ដឹកនាំ​ដោយ​លោកស្រី ​យីងឡាក់ ស៊ីណាវ៉ាត្រា ប្អូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី​ដ៏​មាន​ប្រជាប្រិយភាព ថាក់ស៊ីន ស៊ីណាវ៉ាត្រា៕

ក្រោយពី​កម្ពុជា​ដកទ័ព​ទ្រង់ទ្រាយ​ធំ ទាហាន​ថៃ​នៅតែ​បន្ត​រាយ​បន្លា​លួស មុខ​ប្រាសាទព្រះវិហារ​



ព្រំដែន​កម្ពុជា​-​សៀម: មុនពេល​ដែល​ទាហាន​កម្ពុជា និង​ថៃ អនុវត្តតាម​សេចក្តីសម្រេច​របស់​តុលាការ​អន្តរជាតិ​ទី​ក្រុងឡាអេ ឲ្យ​ដកទ័ព​ចេញពី​តំបន់​ប្រាសាទ​ព្រះវិហារ គឺ​ទាហាន​ថៃ បាន​អនុវត្ត​ផែនការ​របស់​ខ្លួន ហើយ​ធ្វើ​សកម្មភាព រាយ​បន្លា​លួស​នៅ​ព្រំដែន ដែល​ឈមមុខ​ប្រាសាទ​ព្រះវិហារ ។ប្រភព​ស្និទ្ធ​នឹង​កងកម្លាំងប្រដាប់អាវុធ​យោធា​កម្ពុជា បានបញ្ជាក់​ថា ទាហាន​ថៃ​បានធ្វើ​សកម្មភាព​រាយ​បន្លា​លួស ក្នុង​តំបន់​ឈមមុខ ប្រាសាទ​ព្រះវិហារ គឺធ្វើឡើង​ជាប់ៗ​គ្នា​ចំនួន​ពីរ ទៅ​បី​ថ្ងៃ​មក​ហើយ ។​

ការធ្វើការ​រាយ​បន្លា​លួស ដោយ​ទាហាន​ថៃ គឺ​ធ្វើ​បន្ត​ជាប់​នឹង​បន្លា​លួស​ចាស់ ដែល​ទាហាន​ថៃ បាន​រាយ​កាលពី​ប៉ុន្មាន​ខែ​មុន​មក​។ប្រភព​ស្និទ្ធ​នឹង​យោធា​បានបញ្ជាក់​ថា បន្លា​លួស​ចាស់​បាន​ត្រូវ​ថៃ​ធ្វើ​សកម្មភាព​រាយ​បន្តិច​ម្តងៗ ជា​ច្រើនលើក​ច្រើនសារ​។ ការធ្វើ​សកម្មភាព​រាយ​បន្លា​លួស​នៅ​ឈម​នឹង​មុខ​ប្រាសាទ​ព្រះវិហារ កាលពីពេល​កន្លង​មក គឺ​ភាគី​កម្ពុជា​បាន​ហាមប្រាម​ជា​បន្តបន្ទាប់ នៅពេល​ណា​ឃើញ​ទាហាន​ថៃ​រាយ​បន្លា​លួស​ម្តងៗ ។​
ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ ទាហាន​ថៃ​បាន​បន្ត​រាយ​បន្លា​លួស​ថែម​ទៀត ដោយ​ត​ភ្ជាប់​ពី​បន្លា​លួស និង​របង​ឬ​ស្សី ចាស់​ពី​មុន​មក ដើម្បី​បន្ត​រាយ​ឱ្យបាន​វែង​ជាង​មុន​។នៅពេល​ខាងមុខ ដែល​មិនយូរប៉ុន្មាន​ទាហាន​កម្ពុជា និង​ទាហាន​ថៃ និង​ត្រូវ​ដកចេញ​ពី​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ដែល​ធ្វើឡើង​តាម​សេចក្តីសំរេច​របស់​តុលាការ​អន្តរជាតិ​ទី​ក្រុងឡាអេ ។ ក្នុង​សេចក្តីសំរេច​របស់​តុលាការ​អន្តរជាតិ ទី​ក្រុងឡាអេ ក៏​បង្គាប់​ឱ្យ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​ផង​នោះ បញ្ជូន​អ្នក​អង្កេត​ការណ៏​មក​បន្ទាន់​ដើម្បី​ធ្វើការអង្កេត​ការ​ជុំវិញ​ ការដក​ទ័ព និង​ពិនិត្យមើល​ការឈប់​បាញ់​ដោយ​អចិន្ត្រៃយ៍ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ៕

ខឹង​ឳពុក​មិន​ទិញ​កុំព្យូទ័រ​នាង​លេប​ថ្នាំ​សសរ​សៃ​ប្រសាទ​អស់​ជាង​20​គ្រាប់​ប៉ង​សម្លាប់​ខ្លួន


ខេត្ត​ប៉ៃ​លិន ៖ យុវ​សិស្ស​​ម្នាក់​ឈ្មោះ​ទៀត ស្រី​រ័ត្ន អាយុ​១៩​ឆ្នាំ រស់​នៅ​ភូមិ​តាពុក សង្កាត់​ទួល​ល្វា ក្រុង​ប៉ៃលិន បាន​លេប​ថ្នាំ​សរសៃ​ប្រ​សាទ​អស់​ជាង​២០​គ្រាប់ ប៉ង​ធ្វើ​អត្ត​ឃាត​បញ្ចប់​ជីវិត​ព្រោះ​តែ​​ខឹង​ឪ​ពុក​មិន​ទិញ​កុំ​ព្យូ​ ទ័រឱ្យ។ តែ​សំ​ណាង​ល្អ​​ត្រូវ​បាន​ម្តាយ​​ដឹង​ទាន់​ពេល យក​​មក​សង្គ្រោះ​នៅ មន្ទី​រ​ពេទ្យ​បង្អែក​ខេត្ត ​ផុតពី​ការ​ស្លាប់​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​២៨ កក្កដា ​នៅ​ម៉ោង​៧ និង​៣០​នាទី​យប់។

តាម​សម្តី​របស់​អ្នក​​ស្រី​ឃីម សម្បត្តិ​​ អាយុ​​៤៥ឆ្នាំ ត្រូវ​ជា​ម្តាយ​បាន​និយាយ​ថា នៅ​​មុនពេល​កើត​ហេតុ​​ប្តី​របស់​គាត់​បាន​​​ទៅមើល​​កូន​ស្រី​រៀន​នៅ​ភ្នំ​ ពេញប្រឡង​បាក់​ឌុប ហើយ​កូន​ស្រី​ប្អូន​ឈ្មោះ​​ទៀង ស្រី​រ័ត្ន អាយុ​១៩​ឆ្នាំនេះ ​ឡើង​ថ្នាក់​ទី​១១ នៅ​​វិទ្យ​ាល័យ​មួយ​ក្នុង​ក្រុង​ប៉ៃ​លិន បាន​ទូរស័ព្ទ​ផ្តាំ​ប្រាប់​ឪពុក​ថា ​នៅ​ពេល​ត្រ​ឡប់​មក​វិញ សូម​ឱ្យ​ទិញ​កុំ​ព្យូ​ទ័រ​មួយ​គ្រឿង​ផ្ញើ​នាង​ផង។ ប្រ​ភព​បន្ត​ថា ដោយ​សារ​ឪ​ពុក​ខ្វះ​លុយ​មិន​បាន​ទិញ ស្រាប់​តែនៅ​ល្ងាច​ថ្ងៃ​ទី​២៨ កក្កដា  កូន​ស្រី​របស់​គាត់​យក​ថ្នាំសរសៃ​ប្រ​​សាទរបស់​គាត់ (ឃីម សម្បត្តិ​) មក​លេប​ហើយ​ចូល​​ទៅ​សំ​ងំ​​​ក្នុង​​បន្ទប់​ទឹក។ ដោយ​មានការ​សង្ស័យ​​គាត់​ប្រ​ញាប់​​ទៅ​មើល​បន្ទប់​ទឹក​​ ហៅឱ្យ​កូន​បើក​ទ្វារ​ស្រាប់​តែ​​ឃើញ​ថ្នាំ​ដែល​​គាត់​​ធ្លាប់​លេប​បែរ​ជា​​ មក​នៅ​ក្នុង​បន្ទប់​ទឹក​ទៅ​វិញ ហើយ​​បាត់​អស់​ប្រ​មាណ​ជាង​២០​គ្រាប់​ទើប​សន្និដ្ឋានថា​កូន​ស្រី​​របស់​​ គាត់​បាន​លេប​ថ្នាំ​នោះ​ហើយ។

ពេល​ចេញ​ពី​បន្ទប់​ទឹក​មក​វិញកូន​​ស្រី​របស់​គាត់​បាន ​​សំពះ​សុំ​ទោស​ឪពុក​ និងម្តាយ ដែល​​ខ្លួន​គិត​ខ្លី​​ឆ្កួតៗ​បែប​នេះ ព្រោះ​មិន​សង្ឃឹម​ថា នឹង​រស់​​ទេ។ ក្រោយ​ពី​មាន​សភាព​មិន​ប្រ​ក្រ​តីនៅ​វេលា​ម៉ោង​៨​យប់ ពួក​គាត់​បាន​ម្នី​ម្នា​យក​កូន​ទៅ​សង្គ្រោះ​​នៅ​មន្ទី​រ​ពេទ្យ​បង្អែក​​ជា​ បន្ទាន់​។ ​អ្នក​ស្រី​បាន​បន្ត​ថា ការ​លេប​​ថ្នាំ​នេះ ព្រោះ​​តែ​ខឹង​នឹង​​ឪពុក​មិន​បាន​ទិញ​កុំ​ព្យូទ័រ​​ និង​ម៉ូតូ​ថ្មី​ឱ្យ​ជិះ។

លោក​សេង ឃន អាយុ​៤៧​ឆ្នាំ ដែល​ត្រូវ​ជា​ឪពុក​បាន​និយាយថា គាត់​ធ្លាប់​សន្យា​ជា​មួយ​កូន​ស្រី​របស់​​គាត់​ដោយ​ឱ្យ​​កូន​ខិត​ខំ​រៀន​​ រហូត​​​ដល់​យក​បរិញ្ញា​បត្រ រូប​គាត់​នឹង​ទិញ​ម៉ូតូថ្មី​ឱ្យ​ជិះជា​ក់​ជា​មិន​ខាន​។ ជា​ក់​ស្តែង​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​ផ្ទះ​របស់គាត់​ក៏​​មាន​ម៉ូតូ​ម៉ាកឆាលី​ មួយ​គ្រឿង​ដែរ សម្រាប់​​ឱ្យ​ជិះ​​ទៅ​រៀន​​ប្រ​ចាំថ្ងៃ តែ​កូន​​មិន​ព្រម​ជិះ​ឡើយ​ព្រោះ​ខ្មាសគេ​ដោយ​សារ​មិត្ត​ភក្តិ​មាន​សុទ្ធ​តែ​ ម៉ូតូ​ស៊េរី​ទំនើប។ មូល​ហេតុ​ទាំង​នេះ​គួប​ផ្សំ​នឹង​របួស​ចាស់​រើ​ឡើង​វិញផង ​ទើប​ធ្វើ​ឱ្យ​កូន​ស្រី​គាត់​មួ​​ម៉ៅ​ក្តៅ​ក្រ​ហាយ​ចង់​បាន​អ្វីមិន​​បាន​ តាម​ចិត្ត​ប៉ង។
លោក​គ្រូ​ពេទ្យ​បាន​និយាយ​ថា នៅ​ម៉ោង​២១ និង​៤៥​នាទី​គ្រូ​ពេទ្យបាន​លាង​ក្រពះ​​​បន្សាប​ថ្នាំ​អស់​​ហើយ​ គ្មាន​គ្រោះ​ថ្នាក់​អ្វី​ធំ​ដុំ​នោះ​ទេ៕

បុរស​អ្នក​រត់​ម៉ូតូឌុប​ជួប​មិត្ត​ភក្តិ​​ផឹក​ស៊ី​ស្រវឹង​ត្រូវចោរ​វាយ​ប្លន់​​ម៉ូតូ និង​កង​ដៃ​


ខេត្តកណ្តាល ៖ បុរស​អ្នក​រត់​ម៉ូតូ​​ឌុប​ម្នាក់​​ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​វាយ​​ពី​ ក្រោយ​​ដួល​សន្លប់​​​ ហើយ​យក​ម៉ូតូ​និង​ដោះ​យក​​កងដៃ​បា្ល​ទី​ន​ទៅ​បាត់ កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៨ កក្កដា នៅ​ចំណុច​ផ្លូវ​រទេះភ្លើង​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៩៨ ជាប់​ព្រំប្រទល់​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក ។
  
តាម​ការ​រៀបរាប់​ឱ្យ​ដឹង​ពី​បុរស​រង​គ្រោះ​ឈ្មោះ​អោ មាឃ អាយុ​៣២​ឆ្នាំ ដែល​ដឹង​ខ្លួន​​ខ្លះៗ​​និយាយថា គាត់​ស្នាក់​នៅ​បន្ទប់​ជួល​ជិត​រោង​​ភាព​យន្ត​លុ​ច្ស មានស្រុក​កំណើត​ភូមិ​ស្ទឹង​ស្លូត ឃុំ​ស្ទឹង​ស្លូត ស្រុក​ពាមរក៍ ខេត្ដព្រៃវែង។ នៅ​យប់​កើត​ហេតុ​​គាត់​បាន​ឌុ​ប​ម៉ូយ​ពី​មាត់ទន្លេ​ផ្សារ​ចាស់​យក​ទៅ​ម្ដុំ​ ត្រឡោក​បែក ស្រាប់តែ​បាន​ជួប​មិត្ដភក្ដិ​ដែល​ស្គាល់គ្នា​ហៅ​ផឹកស៊ី​នៅ​ទីនោះ ។

ប្រភព​ដដែល​បន្ដ​ថា ខណៈ​ពេល​ផឹកស៊ី​ស្រវឹង​​ហើយ​ម្យ៉ាងទៀត​យប់​ជ្រៅ​​ផង ក៏​បាន​សុំ​លា​មិត្ដភក្ដិ​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ​វិញ ។ ពេល​គាត់​​ដើរ​សំដៅ​​ទៅ​ម៉ូតូ​រៀបនឹង​ឡើង​ជិះ ស្រាប់តែ​មិន​ដឹង​ជា​អ្នក​ណា​លប​វាយ​ពីក្រោយ​មួយ​ព្រនង់​ចំ​ក្បាល​បណ្ដាល​ ឱ្យ​សន្លប់​តែ​ម្ដង មួយ​សន្ទុះ​ទើប​ដឹងខ្លួន​ឡើង​វិញ​បាត់​ម៉ូតូ​មិនឃើញ ព្រមទាំង​កង​ដៃ​ប្លា​ទី​ន​ដែល​ពាក់​ជាប់​នឹង​ខ្លួន​ក៏​បាត់​ដែរ។ ពេល​ដឹង​ខ្លួន​ក្បាល​ត្រូវ​បែក​ហូរ​ឈាម​រហាម​​​​ គាត់​បាន​ហៅ​ម៉ូតូឌុប​ជិះ​​ទៅ​កាន់​​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​នៅ​វេលា​ម៉ោង ​១១​និង​៣០​នាទី​យប់ ដើម្បី​​ឱ្យ​គ្រូ​ពេទ្យ​​​ជួយ​ព្យា​បាល​។ ម៉ូតូ​​ដែល​បាត់​នោះ​ធុន​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ស្វាយ​រៀង 1A -1124។ 

ស្ថិត​ក្នុង​​មន្ទីរពេទ្យ​តែ​ម្នាក់ឯង​គ្មាន​អ្នក​មើល ​ថែ​ ចំណែក​អាកា​រ​ស្ថិត​ក្នុង​សភាព​រវើរវាយ​នៅ​ឡើយ ពេល​ដឹងខ្លួន​មួយ​សា​ៗនិយាយ​បាន​បន្ដិច​ក៏​សន្លប់​ទៅ​វិញ​ មួយសន្ទុះ​ទើប​ភ្ញាក់​ឡើង​វិញ​ចេះ​តែ​និយាយ​​ថា​ បាត់​កងដៃ​បា្ល​ទី​ន​ ចំណែក​ម៉ូតូ​​ជន​រង​គ្រោះ​មិនសូវ​ជា​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ។ ​គាត់​បាន​​ប្រាប់​លេខ​ទូរស័ព្ទ​ប្រពន្ធ​នៅ​ឯ​ស្រុក​ឱ្យ​អ្នក​យក​ព័ត៌​មាន​​ យើង​ជួយ​ទូរស័ព្ទ​ប្រាប់​​ពី​​គាត់​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ​ព្រះ​ កុសុមៈ​ក្នុង​បន្ទប់សង្គ្រោះ​បន្ទាន់។ ប៉ុន្ដែ​ពេលទូរស័ព្ទ​ទៅ​ប្រាប់​ប្រពន្ធ​ឈ្មោះ​បូ វឿ​ន អាយុ​៣២​ឆ្នាំ ប្រកប​របរ​​កាប់​អុស​លក់​បាន​ឱ្យ​ដឹង​ថា ជីវភាព​របស់​គាត់​ក្រីក្រ​ណាស់ ម្យ៉ាង​ទៀត​មាន​ជំងឺ​ប្រចាំ​កាយ​ផង​មិន​អាច​ទៅ​បាន​​ទេ តែ​​គាត់​ខំប្រឹង​ដើរ​រក​ខ្ចីប្រាក់​អ្នក​ភូមិ​បាន​៣​ម៉ឺន​រៀល​ឱ្យ​ម្ដាយ​ជា ​អ្នក​ធ្វើ​ដំណើរ​មក​មើល​​ប្តី​ជំនួសហើយ៕