Saturday, August 20, 2011

​ខេមរៈ សិរី​មន្ត ដឹក​ដៃ​ប្អូនស្រី ឡើង​យន្តហោះ​ទៅ​អាមេរិក ដើម្បី​រក​មូលនិធិ​ជួយ​ក្មេង​កំព្រា​



ភ្នំពេញ: ​អ្នកចម្រៀង​ល្បីល្បាញ​លោក ខេមរៈ សិរី​មន្ត និង​ប្អូនស្រី ខេមរៈ ស្រី​ពៅ បាន​ដឹក​ដៃ​គ្នា ចាកចេញ​ពី​ប្រទេស​កម្ពុជា​ហើយ កាលពី​រាត្រី​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១១ កាលពី​ម៉ោង​ជាង​១០​យប់ ដើម្បី​ចេញ​ទៅ​សម្ដែង​លើកទីមួយ នៅឯ​សហរដ្ឋអាមេរិក ចំនួន​បី​ខែ​។​
 
តាម​គម្រោង​លោក ខេមរៈ សិរី​មន្ត និង​ប្អូនស្រី ត្រូវ​ចាកចេញ​ទៅ​សម្ដែង​នៅ​សហរដ្ឋអាមេរិក តាំងពី​អំឡុង​ខែកក្កដា​មកម្ល៉េះ​។ ប៉ុន្តែ​ដោយសារ​លោក មាន​សកម្មភាព​ថត​ប​ទ​ចម្រៀង​ថ្មី និង​ជាប់​ច្រៀង​ច្រើន​នៅ​ស្រុក​ខ្មែរ ទើប​ដំណើរ​នោះ ត្រូវ​ពន្យារ​ដល់​ខែ​សីហា​នេះ​។ទោះយ៉ាងណា កាលពី​រាត្រី​យប់​ថ្ងៃ​ទី​១៧​សីហា ឆ្នាំ​២០១១ លោក ខេមរៈ សិរី​មន្ត និង​ប្អូនស្រី បាន​ឡើង​យន្តហោះ ចេញផុត​ពី​ទឹកដី​កំណើត​ហើយ ដោយ​មាន​ការជូន​ដំណើរ​ពី​សំណាក់​សាច់ញាតិ និង​សិល្បករ​ពីរ​បីនាក់ ។ ក្នុងនោះ​រួមមាន កញ្ញា ពៅ លីដា ជាដើម​។


លោក​ខេមរៈ សិរី​មន្ត ដែល​បាន​ចាកចេញ​ទៅ​សម្ដែង​នៅ​សហរដ្ឋអាមេរិក តាម​គម្រោង​នោះ បាន​ថ្លែង​នៅ​ប៉ុន្មាន​នាទី មុន​ឡើង​យន្តហោះ​ថា លោក​ចាកចេញ​ទៅ​អាមេរិក រហូត​ដល់​បី​ខែលើក​នេះ គឺ​ដោយសារតែ​សម្អាងថា ការងារ​សិល្បៈ​របស់​លោក​នៅ​ស្រុក​ខ្មែរ មិនសូវ​មមាញឹក នៅ​ក្នុង​រដូវវស្សា​។
អ្នកចម្រៀង​វ័យ ២៥​ឆ្នាំ ដែល​គ្រង​តំណែង ជា​អ្នកចម្រៀង​យុវវ័យ​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​សាន់ដេ លោក ខេមរៈ សិរី​មន្ត បាន​លើកឡើង​ថា «​នេះ​ជា​លើកទីមួយ ដែល​ខ្ញុំ​ទទួល​ច្រៀង​នៅ​អាមេរិក ហើយ​តាមពិត​មាន​សំណើ​មក​ពី​ខាង​អាមេរិក​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​ដោយសារ​តែ​ខ្ញុំ មិនសូវ​ទំនេរ ទើប​ទទួល​មិនកើត​»​។


លោក សិរី​មន្ត អះអាងថា មូលហេតុ ដែល​ចេះ​តែ​ខកខាន មិន​បាន​ដំណើរ​ចេញ​ទៅ​កើប​ប្រាក់​នៅ​ប្រទេស​ដ៏​រីកចម្រើន​នោះ គឺ​ដោយសារតែ​ខាង Sponsor នៅ​អាមេរិក ច្រើន​ទាមទារ​យក​ទៅ​ច្រៀង​យូរៗ​ខែ​ពេក​។ រយៈពេល​ត្រឹម​បី​ខែ​នេះ ត្រូវបាន​លោក​អះអាងថា គឺ​រយៈពេល​តិច​បំផុត ដែល​អ្នក​នៅ​អាមេរិក បាន​ស្នើឡើង ដោយ​ខាង​សមាគម​។ ដូច្នេះហើយ ទើប​លោក​ត្រូវ​ពន្យារ​ពេល​រង់ចាំ​ឲ្យដល់​រដូវភ្លៀង ដែល​នៅ​ស្រុក​ខ្មែរ មិនសូវ​សំបូរ​ការប្រគុំ​តន្ត្រី​តាម​ខេត្ត​ក្រុង ទើប​លោក​ទទួល​យក​។ដំណើរ​ទៅ​ច្រៀន​នៅ​អាមេរិក ជា​ផែនការ​ចេញ​សម្ដែង ក្នុង​គម្រោង​ប្រមូលប្រាក់​ដាក់​មូលនិធិ​មួយ ដើម្បី​ជួយ​ដល់​ក្មេង​កំព្រា ដោយ​ការងារ​សម្ដែង​យ៉ាងហោចណាស់ ក៏​មាន​ពីរ​លើក​ដែរ នៅ​រៀងរាល់​ចុង​សប្ដាហ៍​។
អ្នកចម្រៀង​ពីរ​នាក់​បងប្អូន ក្នុង​ត្រកូល​ខេមរៈ នៅ​មិនទាន់​រំពឹងថា ការចេញ​សម្ដែង​របស់​ពួកគេ នឹង​ទទួល​ជោគជ័យ​ជា​វិជ្ជមាន​ដល់​កម្រិត​ណា​ឡើយ បើទោះជា​ការសម្ដែង​រួមគ្នា​នេះ នៅក្នុង​ទឹកដី​អូស្ត្រាលី កាលពី​ឆ្នាំ​២០០៩ បាន​ទទួល​ជោគជ័យ​កប់ក្ដោ​ង​ក៏ដោយ​។
លោក ខេមរៈ សិរី​មន្ត បាន​បន្ថែមថា «​ចំពោះ​រឿង​ជោគជ័យ គឺ​ខ្ញុំ​សង្ឃឹម ប៉ុន្តែ​ត្រង់​ថា បាន​ប៉ុន្មាន​នោះ គឺ​មិន​ទាន់​ដឹង​ទេ ព្រោះ​ខ្ញុំ​មិនដឹងថា ទីផ្សារ​បទ​ចម្រៀង​របស់ខ្ញុំ នៅ​ទីនោះ​(​អាមេរិក​) គឺ​យ៉ាងម៉េច​ទេ​?»​។

ទោះយ៉ាងណា ផ្អែក​តាម​ការទទូច​ហើយ​ទទូច​ទៀត​ពី​សំណាក់​ខាង​សមាគម​អ្នក​នៅ​អាមេរិក គឺ​បញ្ជាក់​យ៉ាងច្បាស់​ថា លោក ខេមរៈ សិរី​មន្ត និង​ប្អូនស្រី ខេមរៈ ស្រី​ពៅ គឺជា​អ្នកចម្រៀង​យុវវ័យ​ពីរ​ដួង ដែល​បងប្អូន​ខ្មែរ​នៅ​អាមេរិក និយម​គាំទ្រ​ខ្លាំង ខណៈ​ដែល​បទ​ល្បីៗ​របស់លោក ដែល​ពេញនិយម​នៅ​ស្រុក​ខ្មែរ ក៏​ត្រូវ​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក ចេះ​ច្រៀង​ស្ទាត់​មាត់​ដូចគ្នា​។ នេះ​បើ​យោង​តាម​ការបញ្ជាក់​ពី​តំណាង​សមាគម ដែល​ចុះ​មក​ធានា​លោក ខេមរៈ សិរី​មន្ត និង​ការ​បង្ហើប​ឲ្យដឹង​ពី​ពលរដ្ឋ​ខ្មែរ​មួយចំនួន ដែល​ប្រកប​អាជីវកម្ម​លក់​ថាស​ចម្រៀង នៅតាម​ទីផ្សារ​ខ្មែរ ក្នុង​ទឹកដី​អាមេរិក​។


លោក ខេមរៈ សិរី​មន្ត អះអាងថា លោក​និង​ប្អូនស្រី មិន​ត្រឹមតែ ត្រៀម​ច្រៀង​បទ​ល្បីៗ នៅ​ក្នុង​ស្រទាប់​មហាជន​ខ្មែរ​នៅក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកលោក​ក៏​ត្រៀម​បទ​រាំវង់ រាំ​ក្បាច់ និង​បទ​ពី​ជំនាន់​ចាស់​មួយ​ចំនួន​ផងដែរ ដើម្បី​ឲ្យ​បងប្អូន​នៅ​ទីនោះ​បាន​រាំ​កម្សាន្ត និង​ប្លែក​អារម្មណ៍​។


អ្នកចម្រៀង ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពង់ចាម​រូបនេះ ពោលថា «​អឺ​…! សម្រាប់​បទ​ចម្រៀង គឺ​យើង​បាន​ត្រៀម​សាច់ភ្លេង​ខ្លះ សម្រាប់​ចាក់​ច្រៀង ( បទ​ថ្មី ) ប៉ុន្តែ​ខ្ញុំ និង​ស្រី​ពៅ ក៏​ហា​ត់បទ​ចាស់ៗ​ខ្លះ​ដែរ ដើម្បី​បំពេញ​តាម​បងប្អូន​យើង ដែល​ពួកគាត់​ចូលចិត្ត​បទ​បែប​រាំ​កម្សាន្ត​»​។
លោក​មិន​ទាន់​មាន​គម្រោង​បន្ត​ការសម្ដែង​ឲ្យលើស​ពី​រយៈពេល​៣​ខែ ឬ​ទទួល​ការងារ​ចេញ​ច្រៀង​បែបនេះ នៅក្នុង​ប្រទេស​ណា​ផ្សេង​ទៀត​ទេ ប្រសិនបើ​ត្រលប់​មក​ពី​សហរដ្ឋអាមេរិក​វិញ ដោយសារ​ត្រូវ​អ៊ុត​មើល​ការងារ​ជាក់ស្ដែង នៅ​ក្នុង​ផលិតកម្ម​សាន់​ដេរ និង​ការងារ​ចេញ​ច្រៀង Concert ក្នុងស្រុក​សិន​។


ខេមរៈ សិរី​មន្ត និង​ប្អូនស្រី ធ្លាប់​ចេញទៅ​អូស្ត្រាលី​តែ​ម្ដង​គត់ កាលពី​ឆ្នាំ​២០០៩ បើ​មិន​រាប់ការ​ចេញ​សម្ដែង​ថ្នាក់​ជាតិ​តាម​ប្រទេសជិតខាង ដូចជា ទឹកដី​ថៃ ក្នុងនាម​ជា​អ្នកចម្រៀង​តំណាង​ប្រទេស​កម្ពុជា​។ មូលហេតុ​ដែល​លោក​មាន​មុខ​ចេញ​ក្រៅ​ប្រទេស​តិចតួច​បែបនេះ ត្រូវបាន​គេ​អះអាងថា ដោយសារតែ​លោក សិរី​មន្ត ប្រកាន់​ជំហរ​ឲ្យមាន​ការធានា​យក​ប្អូនស្រី​ទៅ​ជាមួយ ហើយ​ធ្វើឲ្យ​ម្ចាស់ Sponsor ខ្លះ​សាញ ក្នុង​ការអញ្ជើញ​។
ប៉ុន្តែ​អ្នកចម្រៀង ដែល​សម្ងំ​ថត​តួឯក​ក្នុង​រឿង​«​ព្រាយ​ដែកគោល​» ដែល​ជិត​បញ្ចប់​របស់​ផលិតកម្ម​សាន់ដេ លោក ខេមរៈ សិរី​មន្ត បែរ​ជា​បកស្រាយ​ថា នោះ​គឺ​ដោយសារតែ​លោក ជាប់​ការងារ​នៅក្នុង​ស្រុក​ច្រើន​ពេក ទើប​ទទួល​សំណើ​ក្រៅ​ប្រទេស​មិន​កើត​។

មហាជន​កំពុង​ចាំ​អ៊ុត​មើល​ថា ក្រៅពី​ស្ពាយ​ភាពជោគជ័យ​ពី​អាមេរិក តើ​ខេមរៈ សិរី​មន្ត និង​ខេមរៈ ស្រី​ពៅ នឹង​ឱប​មកវិញ​នូវ​ព័ត៌មាន​ស្នេហា​ពី​អាណិកជន​ខ្មែរ ដែល​រស់នៅ​ក្នុង​ប្រទេស​នោះ​ដែរ​ឬទេ​? បើ​អ្នកចម្រៀង​ទាំង​ពីរ​នាក់​បងប្អូន សុទ្ធតែ​អះអាងថា នៅ​ទំនេរ​បេះដូង និង​មាន​រូបរាង​សង្ហា និង​ស្រស់​ស្អាត​រៀងៗ​ខ្លួន​បែប​នេះ​ ៕

ម៉ូតូ​មួយជិះគ្នា​​៤នាក់​​បុកជាមួយ​រថយន្ត​ដឹក​​ទំនិញស្លាប់​​​២ របួស​២





រាជធានីភ្នំពេញ​​ ៖ ​​យុវជន​​​២នាក់​បាន​ស្លាប់​ភ្លាម​ៗ​ នៅនឹ​ងកន្លែង​ ឯ​ពីរនាក់ទៀត​រង​របួស​​ធ្ងន់ធ្ងរ​​ដោយសារ​ជិះម៉ូតូបោះពួយវ៉ាគេ​វ៉ា​ឯង​ ហើយ​​​បុកជា​មួយ​រថយន្ត​ដឹកទំនិញ​​​​ធុនធំ​មួយគ្រឿង ​ដែល​​​​ធ្វើដំណើរ​បញ្ច្រាស​ទិស​​​គ្នា​។ ក្រោយ​មក​​អ្នក​​​របួសត្រូវ​​គេដឹក​បញ្ជូនទៅ​កាន់​មន្ទីរ​ពេទ្យ ដើម្បី​​សង្គ្រោះ​បន្ទាន់ ឯ​​សាកសព​ត្រូវ​​ដឹក​​បញ្ជូន​ទៅ​​តម្កល់​​​​​ទុកនៅ​​​ឈាបនដ្ឋាន​​វត្តពោធិ​ ចិន​តុង​។ 

ឧបទ្ទវហេតុ​​​​គ្រោះថ្នាក់​​ចរាចរណ៍​​នោះ​បាន​កើត​ឡើង ​​កាលពីវេលាម៉ោង​​​៥​និង​​​៣០នាទី​​ព្រឹក​ថ្ងៃទី​​​១៩ សីហា ​២០១១ នៅ​លើ​កំណាត់​ផ្លូវជាតិ​​លេខ​​​៤ ត្រង់​ចំណុច​ខាងលិច​រង្វង់​មូល​ថ្នល់​បំបែក​​​​ចោម​ចៅ ​​​ភូមិថ្នល់​បំបែក ​​សង្កាត់ចោមចៅ ​​ខណ្ឌ​ដង្កោ​ ។

ជនរងគ្រោះ​​​ដែលស្លាប់​​ ១-ឈ្មោះ​​ដាំ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ​​ជាកម្មករ​​​រោងពុម្ព មានទីលំ​នៅផ្ទះជួល សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក ​​​និង​២­-ឈ្មោះ​​​​សីហា ភេទប្រុស អាយុ​​​២៤​ឆ្នាំ ​​ជា​ជាង​គំនូរ ​ស្នាក់នៅ​ជាមួយគ្នា។ ចំណែក​ឯ​អ្នក​របួស ​​​១-ឈ្មោះ​​​វុន ទ្រា ភេទប្រុស អាយុ​​២៤​ឆ្នាំ ​​ជា​កម្មករោង​ពុម្ព ​​កំពុងសម្រាកព្យាបាល​​​នៅមន្ទីរ​ពហុព្យាបាល​​ និងសម្ពព​ចោមចៅ ​និង​​២-ឈ្មោះ​​​ហ៊ាន ហៅប្រឹមប្រិយ អាយុជាង​២០​ឆ្នាំ ​កំពុង​​​សម្រាកព្យាបាល​​នៅមន្ទីរពេទ្យ​​ព្រះកុសុមៈ​។

ដោយ​ឡែក​​ រថយន្ត​​ដឹកទំនិញ​​ធុនធំ​​ដែល​បុកគ្នា​​ជាមួយ​ម៉ូតូ​ខាង​លើ ម៉ាក​ហ៊ីយ៉ាន់​ដាយ ពណ៌ស ​​លាយខៀវ ​ពាក់ស្លាកលេខ ភ្នំពេញ ​3B-2799 របស់ក្រុមហ៊ុន​​ដឹកជញ្ជូន CK ​។ ក្រោយ​ពេល​កើតហេតុ អ្នក​បើកបរ​​​រត់​គេចខ្លួន​​​បាត់ស្រមោល​។
ប្រភពព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា នៅ​​​មុនពេល​កើតហេតុ ជន​រងគ្រោះទាំង​​៤នាក់​​​នោះជិះម៉ូតូ​១​គ្រឿង​​ម៉ាក​ហុងដា ​​C100 ស៊េរី​ឆ្នាំ​​១៩៩៨ ​ពណ៌​ខ្មៅ ​​ពាក់ស្លាកលេខ ​ព-០៣០៥ ធ្វើដំណើរ​ក្នុង​​ល្បឿន​លឿន​ពីកើតទៅ​លិច​ចេញពីសង្កាត់​​បឹង​សា​ឡាង ​ឆ្ពោះទៅផ្ទះមិត្តភក្តិ​​នៅផ្សារ​​​​ថ្នល់​​​ទទឹង​ ឃុំ​ដំណាក់​អំពិល ស្រុកអង្គ​ស្នួល ​​ខេត្ត​កណ្តាល​។ ​​ចំណែក​​រថយន្ត​ដឹក​ទំនិញ​ធុនធំនោះ​បើក​ក្នុង​ល្បឿន​​លឿនដែរ ​​ពីទិស​ខាង​លិច​ឆ្ពោះទៅ​​​​កើត ​ក្នុង​ទិសដៅ​​​​បញ្ច្រាស​គ្នា​។
លុះពេល​ទៅដល់ត្រង់​ចំណុច​កើតហេតុ ម៉ូតូរង​គ្រោះ​​​​បានវ៉ា​យានយន្តផ្សេងៗ​ទៀត រួច​ក៏​ជ្រុលទៅ​បុក​ជាមួយរថយន្ត​​​​ខាងលើ​ដែលម​ក​ពី​​មុខ​ពេញទំហឹង​​ បណ្តាល​​ឱ្យ​​មានស្លាប់ និង​របួស​បែបនេះ​​តែម្តង ៕
Related Posts Plugin for WordPress, Blogger...

កាំភ្លើង​​បាញ់​សម្លាប់​​ប៉ូលិស​​លាក់​ទុក​ផ្ទះ​ម្តាយ​ឃាតក​​ត្រូវ​​ដក​ហូត​



រាជធានីភ្នំពេញ ៖ ​កម្លាំងប៉ូលិស​ព្រហ្ម​ទណ្ឌ​កម្រិតធ្ងន់​ និង​កម្រិត​ស្រាល​​នៃ​ស្នង​ការ​​ដ្ឋាន​រាជធានី​​ភ្នំពេញ ​រួមជា​មួយ​ប៉ូលិស​​ខណ្ឌ​ទួល​គោក និង​ប៉ូលិស​ខណ្ឌ​ដង្កោ ដឹក​នាំដោយ​លោក​ក្រឡា​បញ្ជី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ធ្វើ​ការ​ឆែក​ឆេរ​ និង​ដក​ហូត​អាវុធ​ខ្លី​របស់​​ខ្មាន់​កាំភ្លើង​​ដែល​បាន​បាញ់​សម្លាប់​​ មន្ត្រី​​​ប៉ូលិស​​ពីរនាក់​កាលពី​ប៉ុន្មាន​​ថ្ងៃ​មុន​នេះ ។ ​ខ្មាន់​កាំភ្លើង​​រូប​នោះ​​បាន​យក​កាំភ្លើង​ខ្លី​ម៉ាក​រូឡូ​​ទៅ​លាក់​ទុក​​ នៅ​ក្នុង​​ខ្ទម​តូច​មួយ​របស់​ម្តាយ​ខ្លួន​ស្ថិត​នៅ​ក្នុង​បុរីសន្តិ​ភាព​២ ភូមិ​ដំណាក់​ត្រយឹង ​សង្កាត់​ចោម​ចៅ ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​ក​ម្លាំង​សមត្ថ​កិច្ចខាង​លើ​ចុះ​ទៅ​ឆែក​​ឆេរ និង​ដក​ហូត​យក​កាលពី​វេលា​ម៉ោង​​១០​ព្រឹក ថ្ងៃទី​១៩ សីហា ឆ្នាំ​២០១១ ។
មន្ត្រី​សមត្ថ​កិច្ច​បាន​និយាយថា ​ការ​ឈាន​ដល់​​ការ​ចុះ​ធ្វើការ​​​ឆែក​ឆេរ និង​រក​ឃើញ​អាវុធ​​រប​ស់​ខ្មាន់​កាំភ្លើង​​ដែល​បាន​បាញ់​សម្លាប់​​មន្ត្រី​ ប៉ូលិស​​នោះ គឺដោយ​សារ​​តែ​ស្ត្រី​ឈ្មោះ​​ឈឺន សារ៉ា អាយុ​៧១​ឆ្នាំ ​ជា​ម្ចាស់​ខ្ទម និង​ជា​ម្តាយ​របស់​ជន​សង្ស័យ​នោះ​បាន​ទូរស័ព្ទ​​រាយ​ការណ៍​ប្រាប់កម្លាំង​​ ប៉ូលិស​ថា ​កូន​ប្រុស​របស់​គាត់​បាន​យក​​កាំភ្លើង​​ខ្លី​នោះ​ទៅ​លាក់​ទុក​នៅ​លើ​គ្រែ​ ដេក​របស់​គាត់ និង​ប្រាប់​ឱ្យ​ទៅ​យក​​ទើប​កម្លាំង​ទាំង​អស់​ចុះ​ទៅ​កាន់​ទី​នោះ​ធ្វើការ​ ឆែក​ឆេរ​​​ និង​ដក​ហូត​យក​​អាវុធ​នោះ​តែ​ម្តង ។

គួរ​រំលឹក​ថា ជន​សង្ស័យ​ឈ្មោះ​​ញៀវ ធឿន ហៅ​ម៉ាំង អាយុ​ជាង​៤០​ឆ្នាំ ​ជា​​មន្ត្រី​ប៉េអឹម​រាជ​ធានី​ភ្នំពេញ ​ក្រោយ​​មក​ផ្លាស់​ទៅ​​កាន់​​ខណ្ឌ​សែន​សុខ ​ហើយ​​ត្រូវ​បាន​អះអាង​ថា ​គេ​បណ្តេញចេញ​យូរ​ហើយ ។ ជន​នេះ​បានបាញ់​​សម្លាប់​មន្ត្រី​ប៉ូលិស​ពីរ​នាក់ ម្នាក់​​ឈ្មោះ​គង់​ វិចិត្រ ហៅ​ជា​ និង​​ម្នាក់​ទៀត​​​ឈ្មោះ​​រឿង ប៉ូ ហៅ​ហាស ក្នុង​ខណៈ​ពេល​ដែល​មន្ត្រី​​ប៉ូលិស​ទាំងពីរនាក់​នោះ​កំពុង​បំពេញ​​បេសក​កម្ម ​​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​​រំលង​អធ្រាត្រ​​ ថ្ងៃទី​១៤ សីហា ឆ្នាំ​២០១១ នៅតាម​ផ្លូវ​​លេខ​​៥១៦ ចំណុច​មុខ​​មន្ទីរ​​ព្យា​បាល​ឯក​ជន​​ ម៉ៅ​សារី ​សង្កាត់​បឹង​​ក់​១ ខណ្ឌ​​ទួល​គោក រាជធានី​​ភ្នំពេញ។ ​ក្រោយ​ពេល​ធ្វើ​សកម្ម​ភាព​រួច ​ជន​ស​ង្ស័យ​​បាន​គេច​ខ្លួន​​បាត់​រហូត​ដល់​យប់​ថ្ងៃទី​១៨ សីហា ក៏ធ្វើ​ដំណើរ​​ទៅ​ផ្ទះ​​ម្តាយ​របស់​ខ្លួន​ហើយ​​យក​កាំភ្លើង​​ខ្លី​ម៉ាក​រូឡូ ដែល​ខ្លួន​ធ្វើ​សកម្ម​ភាព​បាញ់​​សម្លាប់​​មន្ត្រី​ប៉ូលិស​នោះ​ទៅ​លាក់​ទុក​ នៅ​លើ​គ្រែ​ដេក​របស់​ម្តាយ​​ខ្លួន​ បន្ទាប់​​មក​​គេច​ខ្លួន​បាត់​ស្រមោល ។ លុះ​​នៅ​ព្រឹក​ថ្ងៃ​ទី១៩ សីហា ​ស្ត្រីជាម្តាយ​របស់​ជន​នោះ​បាន​ទូរស័ព្ទ​​ប្រាប់​ប៉ូលិស​​ឱ្យទៅ​យក​ កាំភ្លើង​​នោះ ទើប​ប៉ូលិស​​បាន​ដឹង ហើយ​ចុះ​ទៅ​កាន់​ទី​នោះភ្លាមៗ​ និង​ធ្វើការ​ឆែក​ឆេរ​​​ប្រទះ​​ឃើញ​កាំភ្លើង​​ម៉ាក​រូឡូ នោះ​ត្រូវជន​សង្ស័យ​រុំ​នឹង​កំណាត់​រួច​ដាក់​នៅ​លើ​គ្រែ​​ក្រោម​ខ្នើយ​​ ស្ត្រីជា​ម្តាយ ក៏បាន​ដក​ហូត​យក​មក​ពិនិត្យ​​មើល ហើយ​ឃើញ​កាំភ្លើង​​នោះ​នៅ​សល់​គ្រាប់​៣​គ្រាប់​ទៀត​ផង ។

ស្ត្រីជា​ម្តាយ​ជ​នសង្ស័យ​​និយាយថា នៅ​​​យប់​នោះ​ ក្នុង​ខណៈ​ពេល​ដែល​គាត់​កំពុង​ដេក​​លេង​នៅ​លើ​គ្រែ​ផ្សេង​មួយ​ទៀត​​នៅ​ក្នុង ​ផ្ទះ​ខ្ទម​​ប្រក់​​ដំបូល​តង់ ទំហំ​៣​ម៉ែត្រ​បួន​ជ្រុង ​ដែល​ជា​ផ្ទះ​របស់​​​គាត់​រស់​នៅ​សព្វថ្ងៃ​​​ ស្រាប់តែ​​ឃើញ​​មនុស្ស​ម្នាក់​ដើរ​ចូលទៅ ។ ពេល​នោះ គាត់​មើល​មិន​ដឹង​ថា ជា​កូន​រប​ស់​គាត់​​ឡើយ ​ព្រោះ​​​យប់​ងងឹត​​ពេក ​លុះ​ពេល​គាត់​សួរ​ទើប​ឮ​ឆ្លើយ​ថា ខ្ញុំ​អាធឿន ។ ក្រោយ​ពេល​ឆ្លើយ​មួយ​ម៉ាត់​បែប​នេះ​រួច ​កូន​ប្រុស​​គាត់​ក៏បាន​ចាកចេញ​ទៅ​បាត់​ ដោយ​មិន​បាន​និយាយ​​អ្វីទាំងអស់​​ លុះ​ពេល​​កូន​ចេញ​​ផុត ទើប​គាត់​អុជ​ចង្កៀង​បំភ្លឺ មើលឃើញ​​កាំភ្លើង​ខ្លី​​ដែល​កូន​លាក់​ទុក​​ក៏ចង់​ទូរស័ព្ទ​​ប្តឹង​​ប៉ូលិស​​ ទាំង​យប់​​ ប៉ុន្តែ​​រក​ទូរស័ព្ទ​ហៅ​មិន​បាន ទើប​​រង់​ចាំ​ដល់​​ព្រឹក​​ឡើង​បាន​ទូរស័ព្ទ​ទៅ​ប៉ូលិសឱ្យ​​​ចុះទៅ​យក។
ប្រភព​ព័ត៌​មាន​មួយ​បាន​ឱ្យ​ដឹង​ថា ក្រោយ​ពេល​​រក​កាំភ្លើង​​ឃើញ​ សមត្ថ​កិច្ច​ក៏យក​ទៅរក្សា​ទុក​ បន្ទាប់​​មក​​នាំស្ត្រី​ឈ្មោះ​ឈឺន សារ៉ា ដែល​ត្រូវជា​ម្តាយ​របស់​ជន​​សង្ស័យ​​ទៅកាន់​ស្នង​ការ​ដ្ឋាន​​រាជធានី​​ ភ្នំពេញ ដើម្បីធ្វើ​ការ​សួរ​នាំ ៕

ឃាតកបាញ់​​សម្លាប់​មន្ត្រី​​ប៉ូលិស​២នាក់ ឈ្មោះ​មាំង ត្រូវបាន​ស​មត្ថកិច្ច​ចាប់ខ្លួន





រាជធានីភ្នំពេញ​​ ៖ ​​ខ្មាន់កាំភ្លើង​​​បាញ់​ប្រហារ​​​មន្ត្រីប៉ូលិស​​​២នាក់ ស្លាប់​កាលពីសប្តាហ៍​​មុន ត្រូវបានសមត្ថកិច្ច​​​ចាប់ខ្លួន គឺ​​​ឈ្មោះញៀវ ធឿន ហៅ​មាំង ត្រូវ​បានគេអះអាង​ថា ជាមន្ត្រី​​ប៉េអឹម​​ផងដែរ​។ ​លោកមាំង ត្រូវបាន​ប៉ូលិសចាប់​ខ្លួនកាលពី​​​វេលាម៉ោងជិត​៥ល្ងាច​​ថ្ងៃទី​​​១៩ សីហា​២០១១ ​​​ខណៈ​​​​សំងំ​លាក់ខ្លួន​​​នៅផ្ទះបង​​​ថ្លៃ​ក្នុង​​ក្រុងតាខ្មៅ ​ហើយ​ត្រូវ​​​បានដឹកនាំ​​កម្លាំង​ទៅ​យ​ក​ដោយ​​លោក​​ជន សុវណ្ណ​ អគ្គ​ស្នងការ​​រងនគរ​បាល​​ជាតិ និង​​លោក​ជួន ណារិន្ទ​ ប្រធាន​ការិយាល័យ​​​ព្រហ្ម​ទណ្ឌ​​​កម្រិត​​ធ្ងន់ ។

គួររំលឹក​ថា កាលពី​​ថ្ងៃ​ទី​១៨ សីហា ​ស្នងការ​​ដ្ឋាន​នគរបាល​​រាជ​ធានី​ បាន​ចេញ​​សេចក្តី​ប្រកាស​ស្វែង​រក​ចាប់​ខ្លួន​ជា​​សាធារណៈចំពោះ​​​ករណី​​​ ខ្មាន់​កាំភ្លើង​​ដែល​បាញ់​ប្រហារ​​យ៉ាង​ឃោរ​ឃៅ​មក​លើ​មន្ត្រី​នគរបាល​​ជាតិ ​២​រូប​បម្រើ​ការ​ងារ​នៅ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ កាលពី​វេលា​​​ម៉ោង​២​និង​៤០​នាទី​​រំលង​អធ្រាត្រ​ ​ថ្ងៃទី​១៤ សីហា ឆ្នាំ​២០១១ កន្លង​មក​​ ត្រូវ​បាន​សមត្ថ​កិច្ច​កំណត់​មុខ​សញ្ញា​ច្បាស់លាស់​ហើយ ហើយ​នឹង​កំពុង​ស្វែង​រក​ចាប់ខ្លួន​​ដូច​មាន​ក្នុង​រូប​ថត​នេះ​ស្រាប់ ។

ខ្មាន់​​កាំភ្លើង​​ដែល​ជា​​​ឧក្រិដ្ឋ​​បាញ់​ប្រហារ​​ មក​លើ​​មន្ត្រី​​នគរបាល​​​​​ត្រូវ​ប្រកាស​​ស្វែង​រក​ចាប់​ខ្លួន​​ខាង​លើ​នេះ ​មាន​ឈ្មោះ​​ញៀវ ធឿន ហៅ​ម៉ាំង ​ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មធ្យោ​បាយ​គេច​ខ្លួន​​មាន​ម៉ូតូ​ហុង​ដា C125 ពណ៌​ខ្មៅ ​ស៊េរី​២០០៥ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1G-2510 ។ ញៀវ​ ធឿន ​ហៅ​ម៉ាំង មាន​សម្បុរ​ស្រអែម​មាឌ​​ធំ​ កម្ពស់​​ជាង​១,៧០​​ម៉ែត្រ ។ ដើម្បីរួម​ចំណែក​​រក្សា​សន្តិ​សុខ  សុវត្ថិ​ភាព​សង្គម​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​​​សំណូម​ពរ​ដល់​​ប្រជា​ ពល​រដ្ឋ​​ មេត្តា​សហ​ការ​​ផ្តល់​​ព័ត៌​មាន​ចំពោះ​ទី​កន្លែង​​លាក់​ខ្លួន​ឧក្រិដ្ឋ​​ជន​ រូប​នេះ ។

កាលពី​យប់​ថ្ងៃទី​១៤ សីហា ​ក្រុម​ចោរ​ប្លន់​​១​ក្រុម​​ដដែល​នោះ​​​បម្រុង​​ប្លន់​ជន​​បរទេស​ដូច​​សព្វ​ ដង​ទៀត ប៉ុន្តែ​​ដោយ​សារ​ជន​ល្មើស​បាន​ឃើញ និង​​សង្ស័យ​​លើ​កម្លាំង​​សមត្ថ​កិច្ច​​ទើប​​ពួក​គេ​បាន​បោះ​បង់​សកម្ម​ភាព​ ​ហើយ​គេច​ខ្លួន​។ ​ដូច្នេះ​ពេល​កំណត់​បាន​មុខ​សញ្ញា​ច្បាស់​លាស់​​ ហើយ​លោក​គង់ វិចិត្រ ​ហៅ​ជា​ រហស្ស​នាម​​រាត្រី​៣៦ និង​លោក​​រឿង ​ប៉ូ ហៅ​មាស រហស្ស​​​នាម​រាត្រី​៨៥ បាន​បើក​រថយន្ត​តាម​​មុខ​​ស​ញ្ញា​​នោះ លុះ​ទៅ​​ដល់​ក្បែរ​​អង់​តែន​ទូរទស្សន៍​ជាតិ​​ទួល​គោក ​មន្ត្រី​​នគរបាល​​ទាំង​២​សម្រេច​បើក​​រថយន្ត​កៀរជន​ល្មើស​ឱ្យ​ឈប់​ដើម្បី​ ត្រួត​ពិនិត្យ​ ។ លោក​ជួន ណារិន្ទ ​បាន​បន្តថា ​ពេល​នោះ​​​​​លោ​ក​រឿង​ប៉ូ ​ហៅ​មាស រាត្រី​៨៥ ចុះពី​រថ​យន្ត​​​ដោយ​ផ្ទុះ​អាវុធ​​១​​គ្រាប់​​ឡើង​លើ តែ​ត្រូវ​ជន​ល្មើស​​ដក​កាំភ្លើង​​ពី​ចង្កេះ​​បាញ់​​ស្រោច​តប​វិញ ខណៈ​អាវុធ​របស់​រាត្រី​៨៥ ​ត្រូវអាក់​​ស៊ីដង់​ បណ្តាល​​​ឱ្យ​ស្លាប់ភ្លាម ។ ​បន្ទាប់​មក​​ជន​ល្មើស​​​បាន​​បន្ត​បាញ់​លោក​គង់ វិចិត្រ ​ហៅជា រាត្រី​៣៦ ដែល​នៅកាន​់ចង្កូត​រថយន្ត​ឱ្យ​ស្លាប់​​ដែរ ហើយ​ក៏​គេចខ្លួន​​បាត់​ទៅ ៕

បុរសវ័យ ៤០ឆ្នាំម្នាក់ ជិះម៉ូតូបុកគូថ គោយន្ដបាក់កស្លាប់ ទាំងកណ្ដាលថ្ងៃត្រង់


បន្ទាយមានជ័យ ៖ បុរសវ័យ៤០ឆ្នាំម្នាក់ បានជិះម៉ូតូបុកគោយន្ដ១គ្រឿងបាក់កស្លាប់ ខណៈគោយន្ដឈប់ចាក់សាំង កាលពីវេលា ម៉ោង ១២ និង៣០នាទី ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១១ នៅចំណុចខាងលិចសាលាបឋម សិក្សាស្រះត្រាច ស្ថិតនៅភូមិនិមិត្ដ៣ សង្កាត់ និមិត្ដ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ។
ជនរងគ្រោះមានឈ្មោះ អៀង អ៊ីម ភេទ ប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិបោស ឃុំ បោសស្បូវ ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយ មានជ័យ បើកបរម៉ូតូម៉ាក សេ ១២៥ ស៊េរី ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1C 9694 បន្ទាយមានជ័យ ។ រីឯម្ចាស់គោយន្ដឈ្មោះ ហ៊ឹម ហេង ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅ  ភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្ដបន្ទាយមានជ័យ ។
លោក ម៉ា រិន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល និមិត្ដ បានឱ្យដឹងថា មុនពេលកើតហេតុទាំង គោយន្ដ និងម៉ូតូបានបើកបរស្របទិសគ្នាក្នុង ទិសដៅពីលិចទៅកើត ដល់ចំណុចកើតហេតុ គោយន្ដបានឈប់ចតចាក់សាំង នៅចិញ្ចើម ផ្លូវបានមួយសន្ទុះ ស្រាប់តែម៉ូតូជនរងគ្រោះ បានបើកមកបុកពីក្រោយមួយទំហឹង បណ្ដាល ឱ្យជនរងគ្រោះ អៀង អ៊ឹម ជាម្ចាស់ម៉ូតូបាក់ កស្លាប់ភ្លាមៗតែម្ដង ។
បច្ចុប្បន្នទាំងគោយន្ដ និងម៉ូតូជនរងគ្រោះ ត្រូវបាននគរបាល នាំយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បី ធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយ ឡែកសពក្រោយកើតហេតុ ត្រូវបានសាច់ ញាតិនាំយកទៅស្រុកកំណើត ដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណី ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS