Thursday, August 4, 2011

រថយន្តដឹកខ្សាច់ បុកអ្នករត់ម៉ូតូឌុប ស្លាប់ម្នាក់ នៅមុខវិទ្យាល័យ ច្បារអំពៅ

ភ្នំពេញ៖ រថយន្តហ្វុយហ្សូដឹកខ្សាច់មួយគ្រឿង ចំណុះប្រមាណ៧តោនមួយគ្រឿង បានបុកអ្នករត់ ម៉ូតូឌុបម្នាក់ ពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីម៉ោង ១៩ និង៣០នាទីថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០១១ នៅមុខវិទ្យាល័យច្បារអំពៅ សង្កាត់និរោធ ខណ្ឌមានជ័យ។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កហេតុជារថយន្តដឹកខ្សាច់ ម៉ាកហ្វុយហ្សូ ពាក់ស្លាកលេខ តាកែវ 3A-0761។ ម៉ូតូជនរងគ្រោះម៉ាកសង់កូរ៉េ ពាក់ស្លាកលេខ ឃ-១៧១៣ ភព១ រីឯជនរងគ្រោះឈ្មោះ នីន ថេក អាយុ ៣៨ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកតាទិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

យោងតាមប្រភពពីសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តដឹកខ្សាច់បង្កហេតុខាងលើ បើកបរស្របទិសគ្នាជាមួយម៉ូតូជនរងគ្រោះ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានជ្រុលទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ រីឯអ្នកបើកបររថយន្តបង្កហេតុបានគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានទាក់ទងសាច់ញាតិជនរងគ្រោះ មកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តបង្កហេតុ និងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយ៕
Photo by DAP-NEWS
Photo by DAP-NEWS

លុចស៊ីស បុកតាកូម៉ា ហើយជ្រុល ទៅបុកវីវ៉ា របួសធ្ងន់២នាក់

ភ្នំពេញ ៖ គ្រោះថ្នាក់ ចរាចរណ៍ គួរឱ្យរន្ធត់ មួយ រវាងរថយន្ដលុចស៊ីស មួយគ្រឿង បាន ជ្រុលទៅបុករថយន្ដតាកូម៉ា មួយគ្រឿងរួញ ខាងមុខខ្ទេច ហើយអូសទៅបុកម៉ូតូវីវ៉ាមួយ គ្រឿងដែលជិះស្របទិសជាមួយរថយន្ដ តាកូម៉ា បណ្ដាលឱ្យម៉ូតូរមូរចូលក្រោមរថ យន្ដ ធ្វើឱ្យអ្នកបើកម៉ូតូ២នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃ ទី៣ ខែសីហា ឆ្នាំ២០១១ តាមកំណាត់ផ្លូវ ព្រះមុនីរ៉េត ស្ថិតក្នុងភូមិទ្រា ក្រុមទី៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

រថយន្ដបង្ក ម៉ាកលុចស៊ីស ៤៧០ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Q-6165 បើកបរតាមបណ្ដោយវិថីព្រះ មុនីរ៉េត ក្នុងទិសដៅពីលិចឆ្ពោះទៅកើត ដោយបើកពីក្រោយរថយន្ដកុងតឺន័រ។ លុះ ដល់ចំណុចកើតហេតុខាងលើ រថយន្ដលុច ស៊ីស បានបើកវ៉ារថយន្ដកុងតឺន័រ ហៀរចូល ផ្លូវខាងស្ដាំរបស់គេ ក៏បណ្ដាលឱ្យបុករថយន្ដ តាកូម៉ា ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2P-0716 ស្របពេលនោះ មានម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AF-8913 ជិះគ្នា២នាក់ ឪពុក-កូន បើកក្នុងទិសដៅបញ្ច្រាសគ្នា ។

អ្នកបើកបររថយន្ដបង្ក ឈ្មោះ ឡាយ ឆោម ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅ ផ្ទះលេខ 229 Eo ក្រុមទី១០ ផ្លូវលេខ១២៨ សង្កាត់មិត្ដភាព ខណ្ឌ៧មករា ។ ចំណែកម៉ូតូ វីវ៉ាជិះគ្នា២នាក់ ឈ្មោះ រស់ ផលទៀង ភេទប្រុស អាយុ២៤ឆ្នាំ ជិះឌុបឪពុក ឈ្មោះ រស់ លីម អាយុ៥៥ឆ្នាំ មានទីលំនៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ រថយន្ដតាកូម៉ាបើកបរដោយឈ្មោះ សែម ចាន់រិទ្ធិ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទី លំនៅផ្ទះលេខ19Eo ភូមិទ្រា សង្កាត់ស្ទឹង មានជ័យ។

ពេលរថយន្ដលុចស៊ីសបុកតាកូម៉ា ហើយជ្រុលទៅបុកម៉ូតូឱ្យរមូរចូលក្រោមរថយន្ដ អ្នកបើកបរម៉ូតូត្រូវកៀបជាប់ក្រោម រថយន្ដបណ្ដាលត្រូវរយះបាក់ភ្លៅខាងឆ្វេង រងរបួសពេញខ្លួនធ្ងន់ធ្ងរ ចំណែកឪពុកដែល ជិះពីក្រោយខ្ទាតចេញក្រៅ រងរបួសបាក់ក ជើងឆ្វេង ហើយត្រូវបញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យរុស្ស៊ី។
រថយន្ដទាំងពីរ ត្រូវនគរ បាលការិយាល័យជើងគោក រាជធានីភ្នំពេញ អូសយកទៅរក្សាទុកធ្វើការដោះស្រាយ តាមនីតិវិធីច្បាប់៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

ដើរបាញ់ថ្នាំស្មៅក្នុងចម្ការពោតជាន់មីនផ្ទុះដាច់ជើងទាំង2សា្លប់


ខេត្តប៉ៃលិន ៖ គ្រាប់មីនមួយគ្រាប់ដែល​បន្សល់​ទុកនៅក្នុងដី តាំងពីសម័យ​សង្គ្រាម​បាន​ផ្ទុះលាន់ឮកក្រើកធ្វើឲ្យប្រជាពលរដ្ឋដែលកំពុង​ បាញ់ថ្នាំស្មៅនៅក្នុងចំការក្បែរៗនោះ ភ្ញាក់ផ្អើល​នាំគ្នាមកចោមរោមមើល ក៏ស្រាប់តែប្រទះ​ឃើញ​បុរសម្នាក់ឈ្មោះឯក ភ័ព្វ អាយុ៥៩ឆ្នាំ រស់​នៅភូមិបឹងត្រកួន ឃុំអូរអណ្តូង ស្រុកសាលា​ក្រៅ បានរងរបួសធ្ងន់ធ្ងរ​ដាច់ជើងទាំងសងខាង ដោយ​សារជាន់លើមីន។ ជនរងគ្រោះ​​បាន​ស្លាប់ ខណៈដែល​គេ​កំពុងសែងចេញមិនទាន់ផុត​ពី​ចម្ការរបស់ខ្លួន​ផង។ ហេតុការណ៍​អកុសល​នេះ​បានកើតឡើង​កាល​ពីថ្ងៃទី១ សីហា វេលាម៉ោង​១១​ព្រឹក ស្ថិត​នៅចំណុចខាងលិចភ្នំបេង ភូមិ​បរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។

តាម​ព័ត៌​មានពី​លោក​ឆូន ទូច នាយ​ប៉ុស្តិ៍រដ្ឋ​បាល​បរយ៉ាខាបានឲ្យដឹងថា ជនរងគ្រោះបាន​ចេញពីផ្ទះម្នាក់ឯងតាំង​ពីព្រលឹម ដើម្បី​បាញ់​ថ្នាំ​ស្មៅក្នុងចំការពោត ដែល​គាត់បានដាំអស់រយៈ​ពេល​ជាង២ខែមក​ហើយ ដោយសារតែឃើញ​មាន​ស្មៅដុះឡើង​ច្រើនពេកនោះ។ លោកនាយ​ប៉ុស្តិ៍​រដ្ឋ​បាលបរយ៉ាខា បន្ត​ថា ក្នុងពេលដែល​​កំពុង​បាញ់​ថ្នាំ​សម្លាប់​ស្មៅ​​នោះ​ក៏​មាន​​ភ្លៀង​រលឹម​ ស្រិចៗដីក្នុងចម្ការទន់ជ្រាយ​លាយជាមួយភក់​ស្អិត​ផង ចៃដន្យជា​ហេតុ​ធ្វើ​ឲ្យ​ស្រុតចុះប៉ះ​ដល់​គ្រាប់មីនក៏ផ្ទុះឡើង​លាន់​ឮ​ឡើង​ កក្រើក​អាកាស​បណ្តាលឲ្យត្រូវជើងដាច់សើយ​ត្រឹមជង្គង់​ទាំង​២​រង​របួសធ្ងន់​ ធ្ងរ។ ដោយ​សារ​តែមានការ​ឈឺចាប់​ពេកនោះបុរស​ឈ្មោះឯក ភ័ព្វ ស្រែកហៅគេឯង​នៅ​ក្បែរនោះ​​ឱ្យ​ជួយ និង​បន្តិចក្រោយមកទើប​អ្នក​ចម្ការ​ដូច​គ្នាបានរត់មក​មើល ហើយ​បាន​នាំ​គ្នាដាក់អង្រឹងសែងចេញ​មក​ពី​ចម្ការ​បាន​ប្រហែល​ជា១គីឡូម៉ែត្រ ក៏ស្លាប់​ដោយ​សារ​តែ​ឈាម​ហូរ​ចេញ​មកច្រើនពេកខ្សោះ​ខ្លួន។

លោកនាយប៉ុស្តិ៍បរយ៉ាខា បន្តទៀតថា ​ពេល​​កន្លងមកបុរសរងគ្រោះបាន​មកកាប់រាន​ព្រៃ​ឈូសឆាយដីដាំពោតដោយខ្លួនឯងអស់​ រយៈ​ពេលជាងបីឆ្នាំកន្លងមកហើយ មិនដែលប្រទះ​ឃើញ​មានគ្រាប់មីន ឬគ្រាប់អ្វី​ផ្សេ​ងទៀតផុស​ចេញ​ពីក្នុងដីចម្ការនោះទេ ស្រាប់​តែនៅថ្ងៃនេះ​មិនដឹងជាគ្រោះអកុសលអ្វីបានជា​នៅពេល​គាត់​​ ដើរបាញ់ថ្នាំបានជិតពាក់កណ្តាលចម្ការទៅ​ហើយមីនក៏ផ្ទុះឡើង។ បុរសរូបនេះមកកាប់ឆ្ការ​ដីដាំចម្ការដោយនឹកស្មានថា ប្រហែលជាមិន​មានគ្រាប់អ្វីនោះទេ។ តែតាមពិតទៅនៅត្រង់​កន្លែង​ដែលផ្ទុះ​គ្រាប់មីននោះ កាលពីមុនជាតំបន់​ក្តៅ ព្រោះនៅជិតព្រំដែនកម្ពុជា-ថៃ​ជា​សមរ​ភូមិជួរ​មុខ​មានមីនច្រើន ដែលបន្សល់ទុកនៅក្នុង​ដី។    

នៅក្នុងចម្ការរបស់បុរសដែលស្លាប់នេះ អាច​​នឹង​មាន​គ្រាប់​ដែល​កប់​ក្នុង​ដី​មិន​ទាន់​ផ្ទុះជា​ច្រើន​ទៀត សូម​បញ្ជាក់ថា បុរសដែលជាន់មីន​ស្លាប់នេះ​មិន​មាន​ប្រពន្ធកូននោះទេ រាល់ថ្ងៃរស់​នៅ​ជាមួយនឹងបង​ប្អូន​តែប៉ុណ្ណោះ៕

ជនទុរយសរំលោភកូនស្រីបានកូនមួយទើបបែកការណ៍


ខេត្តកំពង់ឆ្នាំង ៖ រឿងអាស្រូវ​​មួយ​​បាន​បែកធ្លាយ​​កាលពី​ព្រឹក​​​ថ្ងៃ​ទី​៣ សីហា គឺ​រឿង​​ឪពុក​បង្កើត​​រំលោភ​​កូន​​ស្រី​ឯង រហូ​ត​មាន​​ផ្ទៃ​ពោះ​ និង​កើត​​បាន​កូន​​ប្រុស​​ម្នាក់​អាយុ​៧​ថ្ងៃ។ នេះ​ជា​​រឿងដ៏​កម្រនិង​គួរ​ឱ្យ​ស្អប់​​ខ្ពើម ​​ដែល​​បុរស​​អគតិ​ម្នាក់​មិន​​ចាត់​ទុក​ខ្លួន​​ឯង​ជា​មនុស្ស​មាន​ វិចារណញ្ញាណ​បែរ​ជា​​មក​ប្រព្រឹត្ត​​​អំពើ​ដូច​សត្វ ហើយ​ត្រូវ​បាន​មន្ត្រី​ប៉ូលិស​​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​​ ខេត្ត ចុះ​ធ្វើ​ការ​សាក​សួរ​និង​ឃាត់​ខ្លួន​ជន​ស​ង្ស័យ​​ជា​ឪពុក​កញ្ចាស់​​យក​មក​ កាន់​ស្នង​ការ​ដ្ឋាន​ខេត្ត ដើម្បី​កសាង​សំណុំ​រឿង​​បញ្ជូន​​​ទៅ​តុលា​ការ​​តាម​នីតិ​វិធី​​ច្បាប់ ។

បុរស​ជា​ឪពុក​ចិត្ត​ជា​សត្វ​តិរច្ឆាន​នេះ ​ឈ្មោះ​ស្រី ឆន អាយុ​៧៣​ឆ្នាំ ជា​បុរស​ពោះ​ម៉ាយ​យូរ​ឆ្នាំ​ ចំណែក​កូន​ស្រី​ឈ្មោះ​ស្រី គីម​ហៀង អាយុ​២៧​ឆ្នាំ ​ទាំងពីរ​នាក់​​ឪពុក និង​កូន​មាន​ទីលំនៅ​ភូមិ​ទួល​រកា ឃុំ​មេ​លំ ស្រុក​បរិ​បូណ៌ ។ ​តាម​នាង​ជា​កូន​ស្រី​បាន​រៀប​រាប់​ថា ​នាង​មិន​ចាំ​ខែ​ថ្ងៃ​​​ទេ តែ​​តាម​ស្មាន​ប្រហែល​​ជា​១០​ខែ​មុន ឪពុក​នាង​​ ​ស្រវឹង​​ស្រា​យ៉ាង​ខ្លាំង ហើយ​ពេល​ត្រឡប់​មក​ផ្ទះ​ក្នុង​ពេល​យប់​ជ្រៅ​បន្តិច​​ ក៏​បាន​ចាប់​នាង​រំលោភ​​រហូតបាន​សម្រេច​ លុះក្រោយៗ​មក​ក៏​ចាប់​នាង​រំលោភ​បែប​នេះចំនួន​​៣​ដងទៀត ។ ក្រោយ​មក​ នាង​ដឹង​ខ្លួន​ថាមាន​ផ្ទៃ​ពោះ​​ក៏ប្រាប់​​ឪពុក​​ ពេល​នោះ​​ឪពុក​បាន​​ប្រាប់​ឱ្យ​នាង​ទៅរំលូត​កូន​ចេញ​ ប៉ុន្តែ​​​កាល​ណោះ​នាង​គ្មាន​លុយ​ ​ក៏​ចេះ​តែទុក​រហូត​កើត​បាន​កូន​ប្រុស​មួយ​​ដែល​គិ​ត​ត្រឹម​ថ្ងៃ​ទី​៣ សីហា ​មាន​អាយុ​​៧​ថ្ងៃ​ហើយ ។

ចំណែក​បុរស​ជា​ឪពុក​រូប​នេះ​បាន​ឆ្លើយថា ​ដោយ​រូប​គាត់​ស្រវឹង ហើយ​ភ្លេច​ភ្នាំង​ស្មារតី​ក៏​បាន​ចាប់​កូន​ស្រី​រំលោភ​រហូត​បាន​សម្រេច និង​ក្រោយៗ​មក​ទៀត​ក៏ចេះ​តែ​​ប្រព្រឹត្ត​​បែប​នេះ​បាន​ចំនួន​៤​ដង។ ​ពេល​នាង​មាន​ផ្ទៃ​ពោះ​​បាន​មក​ប្រាប់​គាត់​ដែរ​ តែ​​គាត់​មិន​ជឿ លុះដល់​ដឹង​ច្បាស់​​គឺ​៦​ខែ​ទៅ​ហើយ ​​តែ​ដោយ​​គ្មាន​លុយ​យក​កូនចេញ ក៏ចេះ​តែ​ទុក​ទៅ​ ។

មន្ត្រី​​ប៉ូលិស​មូល​ដ្ឋាន​និយាយថា ផ្ទះ​គ្រួសារ​​នេះ​មាន​កូន​៣​នាក់ ​និង​ឪពុក​ម្នាក់ ប៉ុន្តែ​កូន​២​នាក់​បាន​បែក​ចេញអស់​ទៅ​​នៅ​សល់​តែ​កូន​ស្រី​រងគ្រោះ​​ និង​ឪពុក​ដែល​ផ្ទះ​មួយ​រស់​​នៅ​​តែ​ពីរនាក់​ឪពុក និង​កូនស្រី ។ ​អ្នក​ជិត​ខាង​​បាន​លើក​​ជា​សំណួរ​ថា ផ្ទះ​មាន​តែ​២​នាក់​ពេល​នេះ​ឪពុក​​ជាប់​គុក​ ចុះ​កូន​ស្រី​ដែល​មាន​កូន​ខ្ចី​៧​ខែ​បាន​នរណា​មើល​ថែ ម្យា៉ង​​​នាង​​មាន​សតិ​មិន​ប្រក្រតី​ទៀត៕

​បោះពួយ​ឡិចស៊ីស​ឡើងចិញ្ចើម​​ផ្លូវ​បុក​ដើម​​​​លឿង​រាជ និង​បង្គោល​ភ្លើង​បាក់​​ជា​ពីរ​កំណាត់​


រាជធានីភ្នំពេញ​​ ៖ ​កាលពី​​​វេលាម៉ោង​​២​រំលង​អធ្រាត្រ​​​​ឈានចូលថ្ងៃទី​​​​៤ សីហា នៅ​មុខ​​ស្នាក់​ការ​​ភូមិ​គោករកា ​​សង្កាត់​ចាក់​អង្រែក្រោម ខណ្ឌ​មានជ័យ ​​​មានរថយន្តឡិសស៊ីស​​​​​៤៥០ ពណ៌ខ្មៅ ​​ពាក់ស្លាកលេខ ភ្នំពេញ 2L-8506 បើក​បោះពួយ​លឿន​ដូចហោះ​​​ឡើងលើ​ខឿន​​ថ្នល់ ​​ទៅបុក​កន្លែង​​​ដាក់តាំង​​លក់​ក្បឿង ​រួចជ្រុល​​ទៅ​បុកស្លាក​សញ្ញា​ហាមចត​រលំ ហើយ​បន្ត​​ទៅ​បុក​​​ដើម​លឿង​រាជ​រលើង​​ទាំង​ឫស​ មិនអស់​ចិត្ត​​​ទៀត​ជ្រុល​ទៅបុក​បង្គោលភ្លើង​បំភ្លឺ​តាមផ្លូវ​​​បាក់ដួល​​​ រាបដល់ដី​​ជា​ពី​កំណាត់​ ចំណែក​​រថយន្តក្រឡាប់​​បះផ្ងារ​ជើង​តែម្តង ​​ធ្វើ​ឱ្យអ្នកជិះ​ក្នុង​រថយន្ត​រង​​របួសធ្ងន់​​​​៤នាក់​។

ប្រភពព័ត៌មាន​​ពីសមត្ថកិច្ច​​​បាន​ឱ្យ​ដឹង​ថា រថ​យន្តឡិចស៊ីស​​​​៤៥០ ពណ៌ខ្មៅ ​បើកតាម​​​បណ្តាយ​ផ្លូវ​​​ជាតិលេខ​​​២ ​ពីរាជធានីភ្នំពេញ ​ឆ្ពោះទៅ​​ក្រុង​តាខ្មៅ ​​បើក​បរ​ដោយ​​ឈ្មោះ​​​បូរ៉ា ភេទប្រុស អាយុ​​៣១​ឆ្នាំ ​ជាបុគ្គលិក​​រោងចក្រ​​​​ជុង​វ៉ា​ថ្មី ​​មានទី​លំនៅ​​ភូមិថ្មី សង្កាត់តាខ្មៅ ​​ក្រុងតាខ្មៅ ​មានអ្នក​​រួមដំណើរ​​​​ជាមួយ​៥​នាក់ ​ប៉ុន្តែទាំងអ្នក​បើកបរ​​​ និង​អ្នក​រួមដំណើរ​​​ម្នាក់​ៗសុទ្ធតែ​​​ស្រវឹង​ជោក​។

ប្រភពព័ត៌មាន​បន្ត​ថា ​ខណៈ​ពេល​រថយន្ត​មក​ដល់​ចំណុចមុខផ្ទះ​​លក់ក្បឿង ​​និង​គ្រឿង​​សំណង​់​គ្រប់​ប្រភេទ​​ មិន​ដឹង​​យ៉ាង​ម៉េច​ស្រាប់តែ​រថយន្ត​​ជ្រុលចង្កូត​​ទៅឡើង​​លើ​គម្រប​លូ​​ រួចឡើង​​​លើ​ខឿន​​​ជ្រុលទៅ​បុក​កន្លែង​ដាក់​​តាំង​លក់​ក្បឿង​​ នៅ​​មុខផ្ទះ​​ជ្រុះ​រាយប៉ាយ​​រួច​ជ្រុល​ទៅ​បុកស្លាក​​​​សញ្ញា​ហាម​ចត​រលំដួល ​ហើយ​ជ្រុល​ទៅ​បុកដើម​លឿងរាជ​​​​រលើង​ទាំង​ឫស បន្ទាប់មក​​​​​ជ្រុលទៅ​បុក​​​បង្គោល​ភ្លើង​​​សម្រាប់​បំភ្លឺ​តាម​ផ្លូវ​​​​ សាធារណៈ​ដួលរាបដល់​ដី​បាក់ជា​ពីរ​​កំណាត់ ដោយ​ផ្នែក​ខាង​​​ចុងបង្គោល​​វាត់​ទៅ​​ត្រូវ​ប្រអប់​កុង​ទ័រភ្លើង​​ជ្រុះ​​៤​ ប្រអប់ទៀត​​​ផង​។

សាក្សី​​ឃើញ​ហេតុការណ៍​​​​បុក​នោះ​​បន្ត​ថា ​​អ្នក​​បើក​​បរទំនង​​​ស្រវឹង​​ ហើយ​​​​ងោក ទើប​បើក​​រថ​យន្ត​ក្នុង​ល្បឿន​លឿន​បុករះបែបនេះ និង​​​បណ្តាល​ឱ្យ​​​រថយន្តក្រឡាប់​​ផ្ងារ​ជើង​​តែម្តង​។ ​​​អ្នក​រួមដំណើរ​​​ក្នុង​រថយន្ត​រង​របួស​​​៤នាក់ ​​ត្រូវ​បញ្ជូន​​​ទៅព្យាបាល​​នៅគ្លីនិក​​​ចាក់អង្រែ​​ក្រោម​ហៅ​​មន្ទីរ​​ ពេទ្យ​​បាយក្តាំង​។​
សមត្ថកិច្ច​បានបង្ហើប​ឱ្យ​ដឹង​ថា ​បុកបង្គោល​​ភ្លើង​មួយ​ដើមត្រូវ​សង​​១.៥០០​ដុល្លារ ​​គុណ​នឹង​ពីរ ចំណែក​ដើម​​លឿង​​រាជ​​១​ដើម​ ត្រូវសង​​​៧០០​ដុល្លារ ​គុណនឹង​២ ​ដោយឡែក​រថយន្តឡិចស៊ីស​​ត្រូវស្ទូច​យកទៅរក្សាទុកនៅ​សាលា​រាជធានី​ភ្នំពេញ ​ដើម្បី​​​ដោះស្រាយ​​​៕

គ្រោះថ្នាក់​​ចរា​ចរណ៍​កណ្តាល​ទន្លេ​​កាណូត​បុក​កូន​ទូក​បុរស​ម្នាក់​របួសធ្ងន់​

 
ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​​ធ្ងរ ដោយ​សារ​បាក់​​ឆ្អឹង​ជំនីរ​ក្នុង​ហេតុ​ការណ៍​ដ៏​កម្រ​មួយ​ គឺ​កាណូត​បុក​ទូក​ដែល​​ហេតុ​ការណ៍​នេះ​បាន​​កើត​ឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​ ​នាទី​យប់ ​ថ្ងៃទី​២០ កក្កដា នៅ​ត្រង់ចំណុច​​ភូមិ​​ពាម​ខ្នង ឃុំ​​ផ្លូវ​ទូក​ ស្រុក​កំពង់​លែង ​ខណៈ​ដែល​បុរស​រងគ្រោះ​​អុំ​ទូក​​ជា​មួយ​កូន​ប្រុស​អាយុ​១១​ឆ្នាំ ​មក​ពី​លេង​ប្អូន​វិញ ។

តា​មការ​រៀបរាប់​រ​បស់​ក្រុម​គ្រួសារដែល​បាន​​នាំ​ជន​ រងគ្រោះ​ឈ្មោះហេង អិុត អាយុ​៥៨​ឆ្នាំ ​​រស់​នៅ​​​ភូមិ​ថ្នល់​​ឈើ​ទាល ឃុំ​ផ្លូវ​ទូក ស្រុក​​កំពង់​លែង។ ប្រភព​បាន​បន្ត​ថា មុន​ពេល​កើត​ហេតុ​​ជន​រងគ្រោះ​​បាន​​អុំ​ទូក​ត្រឡប់​ពី​ផ្ទះ​ប្អូន​ប្រុស​ វិញ ជា​មួយ​កូន​ប្រុស​ម្នាក់​ទៀត​ លុះមក​ដល់​ចំណុច​កើត​ហេតុ​​ក៏​ត្រូវ​កាណូត​មួយគ្រឿង​ បាន​បុក​ចំ​ទទឹង​ទូក និង​ចំ​ជន​រងគ្រោះ​​ដែល​​អង្គុយ​កណ្តាល​ទូក ប​ណ្តាល​ឱ្យ​​​រង​របួស​ធ្ងន់ ប៉ុន្តែទូក​មិន​បណ្តាល​ឱ្យ​​លិច​ទេ ​ព្រោះ​ពេល​បុក​នោះ​ទូក​​​បាន​ររេទៅ​ទិស​ស្រប​គ្នា​ ។ ​ក្រោយ​ពេល​កើត​ហេតុ​​ក្រុម​គ្រួសារ​បាន​យក​ជន​រងគ្រោះ​មក​មន្ទីរ​ពេទ្យ បន្ទាប់​ពី​​​ពិនិត្យ​រួច​គ្រូ​ពេទ្យ​ប្រាប់​ថា ​ជន​រងគ្រោះ​​បាក់​ឆ្អឹង​ជំនីរ​៣ ក្នុង​នោះ​មាន​មួយ​បាក់​៣​កំណាត់ ។ ​

អ្នក ​បើ​ក​បរ​កាណូត​ដែល​បង្ក​គ្រោះ​ថ្នាក់​​នោះ​ឈ្មោះ​ហម សារីុម ​អាយុ​៣៩​ឆ្នាំ បាន​មក​ពិនិត្យ​​​​មើល​ជន​រងគ្រោះ​​ក្នុង​មន្ទីរ​ពេទ្យ​ និង​បាន​សន្យា​ថា ​នឹង​ជួយ​ចេញថ្លៃ​ព្យា​បាល ព្រោះ​ការ​បណ្តា​ល​ឱ្យ​មាន​គ្រោះថ្នាក់​នេះ​​ដោយ​សារ​តែ​យប់​ងងឹត​​ទើប​បើ​ក ​បុក​ដោយ​អចេត​នា​៕