Monday, January 16, 2012

កាមរីបាឡែន ជ្រុលចង្កូត បុកស្លាកសញ្ញា នៅលើផ្លូវ ស្លាប់៣ របួសធ្ងន់ម្នាក់

បន្ទាយមានជ័យ ៖ បុរស៣នាក់ បានបាត់ជីវិតភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីរេចង្កូត រថយន្តទៅបុកនឹង ស្លាកសញ្ញាបណ្តុះកូនឈើ របស់រុក្ខាប្រមាញ់ ស្រុកមង្គលបុរី រួចជ្រុលបុកចូល ក្នុងផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី នៅម៉ោង ២១និង៣០ នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មិនអាចបញ្ជាក់ពីអត្តសញ្ញាណអ្នកបើកបរ រថយន្តកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2P-6494 ប៉ុន្តែគាត់បានប្រាប់ថា រថយន្ត នេះបានបើកពីជើងទៅត្បូង ស្រាប់តែដល់កន្លែងកើតហេតុ ក៏រេចង្កូតទៅស្តាំធ្លាក់ចូលក្រឡុក ទៅបុកស្លាកសញ្ញាថ្នាលបណ្តុះកូនឈើ រុក្ខាប្រមាញ់ស្រុកមង្គលបុរី ។
សាក្សីបន្តទៀតថា រថយន្តនេះ មិនបានឈប់នោះទេ រួចជ្រុលចង្កូតទៅបុកចូលដល់ក្នុងផ្ទះរបស់ អ្នកស្រី ទេព ចន្ថា អាយុ៥៦ឆ្នាំ បណ្តាលឲ្យខូចខាតទាំងស្រុង ដោយរថយន្តនេះបានទម្លុះជញ្ជាំង ផ្ទះ ហើយហោះទៅបុកនឹងផ្ទះអ្នកស្រី ខាវ ឈាង អាយុ៦៣ឆ្នាំ ប៉ុន្តែពុំបានបណ្តាលឲ្យម្ចាស់ផ្ទះ ណាម្នាក់រងរបួសនោះទេ ។
សាក្សីបានឲ្យដឹងទៀតថា នៅក្នុងរថយន្តនោះ មានមនុស្សចំនួន ៤នាក់ លោក សេង ប៊ុនថារី អាយុ២៥ឆ្នាំ ដែលរស់នៅ ក្នុងភូមិបន្ទាយនាង របួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក ដោយឡែកបុរស ៣នាក់ទៀត ដែលរស់នៅក្នុងភូមិជាមួយគា្ន ហើយបានបាត់ជីវិតនោះ គឺលោក លក្ខិណា វាសនា អាយុ២១ឆ្នាំ , លោក ជឿង លក្ខិណា អាយុ ២០ឆ្នាំ និងលោក ថន ពិសិដ្ឋ អាយុ២៥ឆ្នាំ ។
បុរសទាំង៣នាក់ ដែលស្លាប់នៅកន្លែងកើតហេតុនេះ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

មតិ​ជុំវិញ​ស្ថានភាព​គ្រួសារ​និយម​នៅ​ស្រុក​ខ្មែរ


 មន្ត្រី​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បាន​សំដែង​ក្ដី​បារម្ភ​ពី​និន្នាការ​ដែល​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ កំពុង​ផ្ដល់​តួនាទី​ដឹក​នាំ​សំខាន់ៗ ទៅ​ឲ្យ​សាច់​ញាតិ និង​ក្រុម​ស្និទ្ធ​និង​ពួក​គេ។
ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​សៅរ៍ ទី​១៤ មករា បាន​តែង​តាំង​លោក ហ៊ុន មាណិត កូន​ប្រុស​ទី​២ របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជា​អនុ​ប្រធាន​នាយកដ្ឋាន​ចារកិច្ច នៃ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា និង​ដំឡើង​ឋានន្តរសក្ដិ ពី​ស័ក្ដិ​បួន​កន្លះ ទៅ​ស័ក្ដិ​ប្រាំ។ ក្រសួង​ការពារ​ជាតិ​ក៏​បាន​តែង​តាំង​លោក ជា តារា អគ្គ​មេ​បញ្ជា​ការ​រង​យោធា ឲ្យ​ក្លាយ​ជា​ប្រធាន​នាយកដ្ឋាន​ចារកិច្ច នៃ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ជំនួស​លោក​ឧត្ដមសេនីយ៍ មល់ រឿប ដែល​ទទួល​មរណភាព​កាល​ពី​សប្ដាហ៍​មុន ក្នុង​វ័យ​ជាង ៦០​ឆ្នាំ។
ការ​តែង​តាំង​លោក ហ៊ុន មាណិត ជា​ការ​តែង​តាំង​កូន​ប្រុស​លោក ហ៊ុន សែន លើក​ទី​២ ឲ្យ​មាន​តួនាទី​សំខាន់​ក្នុង​ការ​គ្រប់គ្រង​កង​ទ័ព។ កាល​ពី​ឆ្នាំ​២០១១ ក្រសួង​ការ​ពារ​បាន​តែង​តាំង​លោក ហ៊ុន ម៉ាណែត ជា​កូន​ប្រុស​ច្បង​លោក​នាយក​រដ្ឋ​មន្ត្រី ឲ្យ​ក្លាយ​ជា​មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក​បន្ថែម​លើ​តួនាទី​ជា​ប្រធាន​ នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ជា​មេ​បញ្ជា​ការ​រង​កង​អង្គរក្ស​លោក ហ៊ុន សែន។
លោក ប៉ុល សារឿន អគ្គ​មេ​បញ្ជា​ការ​កង​ទ័ព​កម្ពុជា ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ដក​ស្រង់​សំដី​ថា ការ​តែងតាំង​ផ្អែក​ទៅ​លើ​ស្នាដៃ និង​បទ​ពិសោធន៍​ផ្នែក​យោធា​កម្ពុជា។ លោក​បន្ថែម​ទៀត​ថា នាយកដ្ឋាន​ចារកម្ម ធ្លាប់​ទទួល​បាន​ជោគជ័យ​ជា​ច្រើន ក្នុង​រយៈ​ពេល​ដែល​កម្ពុជា​មាន​ជម្លោះ​ព្រំដែន​និង​ប្រទេស​ថៃ។
ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​ស្ថានការណ៍​នៅ​កម្ពុជា លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​មើល​ឃើញ​ថា ការ​តែង​តាំង​ចុង​ក្រោយ​នេះ ទំនង​ជា​ការ​ចង់​ឲ្យ​មាន​ការ​បន្ត​វេន​ដឹក​នាំ​ក្នុង​រដ្ឋាភិបាល។ លោក​ព្រមាន​ថា ប្រវត្តិសាស្ត្រ​កម្ពុជា​ធ្លាប់​មាន​ការ​ឲ្យ​ផ្ដល់​តួនាទី​ដឹក​នាំ​ទៅ​ឲ្យ​ កូន និង​មន្ត្រី​ស្និទ្ធ​និង​មន្ត្រី​ដឹក​នាំ ប៉ុន្តែ​ស្ថានការណ៍​បច្ចុប្បន្ន​នេះ ប្រហែល​ជា​ពល​រដ្ឋ​មិន​អាច​ទទួល​យក​បាន​ទេ ៖ “ព្រោះ​មាន​ការ​ប្រែប្រួល​ ច្រើន មនុស្ស​ចេះ​ដឹង​ច្រើន ពល​រដ្ឋ​យល់​ដឹង​ច្រើន និង​យល់​ដឹង​ពី​សេរីភាព​ច្រើន។ មេ​ដឹក​នាំ​ជំនាន់​ថ្មី និង​ក្រុម​ដឹក​នាំ​ថ្មី​ប្រហែល​ជា​មាន​ការ​លំបាក”
កាល​ពី​ថ្ងៃ​ទី​៧ មករា ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា លោក ជា ស៊ីម បាន​ប្រកាស​ផ្ដល់​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី សម្រាប់​ការ​បោះ​ឆ្នោត​២០១៣ និង​អាណត្តិ​ក្រោយៗ​ទៀត​ទៅ​ឲ្យ​លោក ហ៊ុន សែន។ អ្នក​វិភាគ​ធ្លាប់​បាន​គិត​ទុក​ថា លោក ហ៊ុន សែន កំពុង​រៀបចំ​ឲ្យ​លោក ហ៊ុន ម៉ាណែត ស្នង​តំណែង​លោក​ទៅ​ថ្ងៃ​អនាគត។ លោក ហ៊ុន សែន មាន​វ័យ ៥៩​ឆ្នាំ បាន​ដឹក​នាំ​កម្ពុជា​អស់​រយៈ​ពេល ២៦​ឆ្នាំ ហើយ​លោក​គ្រោង​នឹង​ដឹក​នាំ​បន្ត​ទៅ​ទៀត។
មន្ត្រី​សិទ្ធិ​មនុស្ស​ធ្លាប់​បាន​អះអាង​ថា ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន កំពុង​ប្រែ​ក្លាយ​កម្ពុជា​ទៅ​ប្រទេស​ផ្ដាច់​ការ ដឹក​នាំ​ដោយ​តែ​គណ​បក្ស​ប្រជា​ជន​កម្ពុជា។ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី លោក ផៃ ស៊ីផាន នៅ​ថ្ងៃ​សៅរ៍ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ទេ៕