ការបំបាត់បទល្មើសព្រៃឈើនៅកម្ពុជា គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ប៉ុន្តែគេសង្កេតឃើញឧក្រិដ្ឋកម្មព្រៃឈើ និងការធ្វើអាជីវកម្មឈើប្រណិត នៅតែកើតមានយ៉ាងគគ្រឹកគគ្រេងដោយក្រុមហ៊ុនឯកជន។
![logging_mkiri_305b សកម្មភាពប្រជាសហគមន៍ជនជាតិព្នង ដើរល្បាតកន្លែងដែលមានបទល្មើសព្រៃឈើ នៅក្នុងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១១។ (RFA/Sek Bandith)](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_tRqP-tymo6KXqxY8APtmpTLflbpGPUzQIWQ0y70zrRyw-mpa1zuLZcBfzt3lWR_jRwdN--svnY4OqVXlUf5R1hxsOHWJgDowS8Fo0zwj6143qzSkZ7FEZU3-sLDUo9qPPvdN-qbpWLTLVj45PvI9c6oNBlY2RvmUVIPQ=s0-d)
សកម្មភាព ប្រជា សហគមន៍ ជន ជាតិ ព្នង ដើរ ល្បាត កន្លែង ដែល មាន បទ ល្មើស ព្រៃ ឈើ នៅ ក្នុង ខេត្ត មណ្ឌលគិរី កាល ពី ថ្ងៃ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១១។ (RFA/Sek Bandith)
បញ្ហានេះគេឃើញកើតមានសឹងពេញផ្ទៃប្រទេសទាំងមូលតែម្ដង ក្នុងរយៈពេលចុងក្រោយនេះ គឺតាមរយៈគោលនយោបាយសម្បទានដីសេដ្ឋកិច្ចរបស់រដ្ឋាភិបាលក្រោមផ្លាក បង្វែរដីព្រៃទៅជាដីកសិឧស្សាហកម្ម។ បើទោះបីជាមានវិនាសកម្មព្រៃឈើយ៉ាងខ្លាំង កំពុងញាំញីដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋយ៉ាងណាក៏ដោយ ក៏គេនៅមិនទាន់ឃើញមានការទទួលខុសត្រូវលើបញ្ហានេះនៅឡើយដែរ។
បញ្ហាព្រៃឈើនៅកម្ពុជា មិនមែនជាបញ្ហាថ្មីនោះទេ សូម្បីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានប្រកាសប្ដូរជីវិតរបស់លោកផងដែរ ប្រសិនបើលោកទប់ទល់បញ្ហានេះមិនបានទេនោះ៖ «
សុំសាកលមើលទៅ បើមិនគោរពក៏សុំសាកលមើលទៅ បើមិនដកយកព្រៃ បិទរោងចក្រទេ ខ្ញុំហ៊ានកាត់កខ្ញុំក្រវាត់ចោល ព្រោះនេះជាសម្ដីរបស់នាយករដ្ឋមន្ត្រី។ ខ្ញុំសុខចិត្តចំណាយអីចំណាយទៅ តែអារឿងចាញ់ដោយការនិយាយជាមួយប្រជាពលរដ្ឋ ហើយមិនបានធ្វើនេះ គឺខ្ញុំមិនព្រមចាញ់ទេ ខ្ញុំត្រូវធ្វើឲ្យបានដែរ។ បើសិនធ្វើអ្វីមួយហើយ ហ៊ុន សែន ហ៊ាននិយាយ គឺហ៊ានធ្វើ ចុះខ្ញុំមិនបានមកបោកទេៗ ហើយខ្ញុំក៏មិនចេះបោកៗ ហ៊ុន សែន គឺមិនចេះបោក ហ៊ុន សែន ប្រែមកថាត្រង់»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា លោកមិនចេះបោកទេ។ ដូច្នេះតើនរណាជាអ្នកបោក?
រហូតមកទល់សព្វថ្ងៃនេះ គេសង្កេតឃើញឧក្រិដ្ឋកម្មព្រៃឈើកំពុងរងការបំផ្លាញយ៉ាងអនាធិបតេយ្យ សឹងទូទាំងប្រទេស តាមរយៈផ្លាកសម្បទានដីសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ដែលនៅមិនមានការទទួលខុសត្រូវចំពោះអំពើវិនាសកម្មព្រៃឈើទាំងនោះ នៅឡើយ។
ប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី មានប្រសាសន៍ថា រដ្ឋធម្មនុញ្ញខ្មែរបានចែងយ៉ាងច្បាស់ថា ក្រសួងដែលពាក់ព័ន្ធ ដូចជាក្រសួងកសិកម្ម និងក្រសួងបរិស្ថាន គឺជាអ្នកទទួលខុសត្រូវលើបញ្ហានេះ ពីព្រោះស្ថាប័នទាំងពីរនេះជាអ្នកធ្វើរបាយការណ៍ឲ្យប្រមុខ រដ្ឋាភិបាលជាអ្នកសំរេច។
លោក ឈុត វុទ្ធី៖ «
ខ្ញុំគិតថា ប្រមុខរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម ក្រសួងបរិស្ថាន ដែលគាត់ជាអ្នកធ្វើក្រដាសវាយតំលៃជូនទៅឧបនាយករដ្ឋមន្ត្រី ហើយឧបនាយករដ្ឋមន្ត្រីជាអ្នកស៊ីញេ សំរេចដោយសារការវាយតំលៃរបស់ក្រសួងសាមី ហើយក្រសួងសាមី គាត់ជាអ្នកទទួលខុសត្រូវ ព្រោះបច្ចុប្បន្ននេះលក់ខ្លាំងជាងគេ គឺក្រសួងបរិស្ថាន និងក្រសួងកសិកម្មសហការគ្នាលក់»។
លោកថ្លែងបន្តថា ក្រុមបច្ចេកទេសសិក្សាស្រាវជ្រាវវាយតំលៃរបស់ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន តែងបានទទួលប្រាក់សំណូករាប់ម៉ឺនរាប់សែនដុល្លារសហរដ្ឋអាមេរិកពី ក្រុមហ៊ុនឯកជន ដែលជាអ្នកដាក់ពាក្យសុំសិទ្ធិកាន់កាប់ដីសម្បទានសេដ្ឋកិច្ចនានា។
មន្ត្រីក្រសួងកសិកម្ម និងក្រសួងបរិស្ថាន នៅមិនទាន់អាចបញ្ជាក់អំពីការចោទប្រកាន់របស់មន្ត្រីអភិរក្សព្រៃ ឈើរូបនោះបាននៅឡើយទេ។
ទាក់ទិននៅនឹងការធ្វើឲ្យខូចខាតដល់បរិស្ថាន លំនៅឋាន និងធនធានធម្មជាតិដោយស្ថាប័នរដ្ឋ មាត្រា ៣៩ នៃច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស បានចែងថា ពលរដ្ឋខ្មែរមានសិទ្ធិប្ដឹងទៅតុលាការ តវ៉ាទាមទារសំណងជួសជុលការខូចខាត ដែលបណ្ដាលមកពីអំពើខុសច្បាប់នៃស្ថាប័នរដ្ឋ និងអំពើខុសច្បាប់នៃបុគ្គលិករបស់ស្ថាប័នរដ្ឋទាំងនោះ។
លោក ឈុត វុទ្ធី មានប្រសាសន៍បន្តថា ចាប់តាំងពីឆ្នាំ១៩៩៨ មក គេនៅមិនទាន់ឃើញមានមន្ត្រីរដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធនឹង បទឧក្រិដ្ឋព្រៃឈើត្រូវបានផ្ដន្ទាទោសតាមផ្លូវច្បាប់នោះឡើយ៖ «
យើង សង្កេតឃើញតាំងពីពេលមុនមក ប្រតិបត្តិការធំៗ ជាពិសេសសម្ដេចបានបញ្ជាផ្ទាល់ដោយខ្លួនគាត់។ ក្រោយពីជាប់មួយរយៈពេលមក ក៏រួចទៅវិញ។ បញ្ហានេះយើងមិនដឹងថា យ៉ាងម៉េចបានជាសម្ដេចគាត់អនុគ្រោះឲ្យអ្នកទាំងអស់នោះដោះលែងទៅ វិញ ដោយសារមានអន្តរាគមន៍ពីក្រសួងពាក់ព័ន្ធ ឬមួយអ្នកណាមិនដឹងបានជាសម្ដេចគាត់បានលើកលែងទោសទៅវិញ»។
ការធ្វើអាជីវកម្មឈើប្រណិតៗ រាប់លានម៉ែត្រគូប គេឃើញកើតមានចាប់តាំងពីខេត្តកោះកុង កំពង់ធំ រហូតដល់ខេត្តពោធិ៍សាត់ ព្រះវិហារ ធ្លាយដល់បណ្ដាខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ខណៈឈើទាំងនោះភាគច្រើនលក់ទៅឲ្យប្រទេសវៀតណាម។
អង្គការឃ្លាំមើលពិភពលោក (Global Witness) ដែលមានមូលដ្ឋានក្នុងប្រទេសអង់គ្លេស កាលពីឆ្នាំពី២០០៨ បានរកឃើញថា ព្រៃឈើរបស់ខ្មែរកាលពីឆ្នាំ១៩៦៩ មានរហូតដល់ទៅ ៧៣% នៃផ្ទៃដីទាំងមូល។ ចំនួននេះបានធ្លាក់នៅ ៥៩% ក្នុងឆ្នាំ១៩៩៧ ហើយបន្តធ្លាក់មកត្រឹម ៣៥% ក្នុងឆ្នាំ២០០៨។
អង្គការនេះក៏បានសរសេរក្នុងរបាយការណ៍របស់ខ្លួនដែលមានចំណងជើង ថា គ្រួសារអ្នកលួចជាតិចេញផ្សាយកាលពីខែមិថុនា ឆ្នាំ២០០៧ ថា ក្រុមអ្នករកស៊ីឈើនៅកម្ពុជា មានចំណងសាច់សាលោហិតជាមួយក្រុមមន្ត្រីមានអំណាចរបស់រដ្ឋាភិបាល ក្នុងនោះមានលោកឧកញ៉ា ហ៊ុន តូ លោក ឌី ចូច ហៅ ហ៊ុន ចូច លោកស្រី សេង ឃាង អតីតភរិយារបស់លោក ឌី ចូច លោកស្រី ជឹង សូភាព ហៅយាយ ភូ លោកឧកញ៉ា ព្រឹទ្ធសមាជិក ឡៅ ម៉េងឃិន លោកឧកញ៉ា ទ្រី ភាព លោកឧកញ៉ា លី យ៉ុងផាត់ និងក្រុមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនទៀត មានទាំងស្ថាប័នស៊ីវិល នគរបាល រួមទាំងកងទ័ពផងដែរ។
ទាក់ទិនទៅនឹងការស្វែងរកមុខអ្នកទទួលខុសត្រូវចំពោះបទល្មើស ព្រៃឈើនេះដែរ លោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលជាអ្នកវិភាគឯករាជ្យ និងជាអ្នកឃ្លាំមើលដំណើរការនីតិរដ្ឋកម្ពុជា មានប្រសាសន៍ថា ទាំងសង្គមស៊ីវិល និងសហគមន៍ អភិរក្សព្រៃឈើត្រូវចងក្រង និងសរសេរពាក្យបណ្ដឹងអំពីសកម្មភាពល្មើសច្បាប់ទាំងឡាយ ប្ដឹងទៅក្រសួងយុត្តិធម៌ ឬទៅតុលាការ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ៖ «
អាហ្នឹងទាល់តែមានអ្នកណាសើរើ ហើយប្រៀបធៀបសកម្មភាពហ្នឹងទៅលើច្បាប់ជាធរមាន តើល្មើសត្រង់ណាខ្លះ? ហើយក៏អាច បើសិនជាមានភិនភាគថា មានបទល្មើសព្រហ្មទណ្ឌ ហ្នឹងក៏អាចសរសេរសុំទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យបញ្ជាទៅអគ្គព្រះរាជអាជ្ញា ឲ្យគាត់ចាត់ការ ឬព្រះរាជអាជ្ញាអមតុលាការពាក់ព័ន្ធនៅក្នុងតំបន់ពាក់ព័ន្ធ ប្រសិនបើនៅកំពង់ស្ពឺ គឺឲ្យព្រះរាជអាជ្ញាតុលាការខេត្តកំពង់ស្ពឺ បាទ!»។
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក ឈិត សំអាត បានថ្លែងកាលពីថ្ងៃអង្គារ ទី២២ វិច្ឆិកា ថា កម្ពុជាសំបូរទៅដោយព្រៃប្រឹក្សា និងធនធានរ៉ែ តែកម្ពុជានៅតែស្ថិតក្នុងលំដាប់ប្រទេសដែលក្រីក្រជាងគេក្នុង តំបន់។ លោកបន្តថា ៣០% នៃចំនួនពលរដ្ឋសរុប ស្ថិតនៅក្រោមបន្ទាត់ក្រីក្រ ហើយពលរដ្ឋខ្មែរប្រមាណ ៩០% រស់នៅតាមទីជនបទពឹងផ្អែកទាំងស្រុងលើរបរកសិកម្ម ខណៈកសិករត្រូវការទឹកដី និងព្រៃឈើ ដែលជាធនធានដ៏សំខាន់។
លោកថ្លែងបន្តថា ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលមិនបានបែងចែកដីសង្គមកិច្ចឲ្យបានច្រើនដល់ពលរដ្ឋក្រីក្រ នោះទេ តែបែរជាបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចរាប់សែនហិកតារទៅក្រុមហ៊ុន ឯកជនទៅវិញ៖ «
បើយើងប្រៀបធៀបមើលពីទំហំនៃការផ្ដល់ដីសម្បទាន សេដ្ឋកិច្ច និងការផ្ដល់ដីសម្បទានសង្គមកិច្ច យើងឃើញការផ្ដល់ដីសម្បទានសង្គមកិច្ចនៅមានភាពយឺតយ៉ាវ ដែលមិនបានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនយើងដែលជាប្រជាជន ខ្វះដីធ្លីនោះ តាមតួលេខយើងឃើញថា ជិត ២០% ដែលពុំមានដីធ្លីសំរាប់ធ្វើកសិកម្ម»។
ក្រុមអ្នកឃ្លាំមើលអំពីបទល្មើសព្រៃឈើ និងគោលនយោបាយដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា និយាយថា នៅរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់ដីសម្បទានសេដ្ឋកិច្ចប្រហែល ១,៧លានហិកតារ និងសម្បទានដីរ៉ែទំហំ ១,៩លានហិកតារផ្សេងទៀតដល់ក្រុមហ៊ុនឯកជនជាច្រើន និងក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីចំនួន៥៕
រូបភាពបទល្មើសព្រៃឈើនៅមណ្ឌលគិរី
សកម្មភាពការកាប់ព្រៃឈើនៅមណ្ឌលគិរី
2011-11-16
សកម្មភាពការកាប់ព្រៃឈើនៅតំបន់ព្រៃអន្លង់ស្នែង ក្នុងសហគមន៍ការពារព្រៃឈើរបស់ជនជាតិភាគតិចព្នង ភូមិស្រែអំពិល ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលទើបកើតឡើងជាថ្មីទៀតនៅដើមសប្ដាហ៍នេះ។
រូបថតថ្ងៃ១៥ វិច្ឆិកា ឆ្នាំ២០១១ ដោយវិទ្យុអាស៊ីសេរី/សេក បណ្ឌិត
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_v9GjXXTCq6LqMvN2ziiVCwnhiMQR6Us37OTANNOc0uU5YGOwoOuD-Sn_bWqBwNlzMa9FJ1oPRiTVeUNE_-qYj6VKsEv_fxdUZpbS-86N5-v55XESO4FlPd4HBA3J9HALjyJEwIJY2NDWPgri_7VF6V5A=s0-d)
ដើមឈើទាលដែលជនល្មើសកាប់ផ្ដួលរំលំហើយយកចេញមិនទាន់អស់។
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_sFE7cgE-gca2CE7kcEKL5zzXiJv_khABiGOabt7RUmXxuOud6ARAcBB1GnVX7uqVxCfvyS8OIi2XqqQKfJ61LoJZe9o82OI9SXXxVYE4_HHfVcdOJ6E7AKcUAM22oACIGgOqy8dK-0r35AGgsliYhRTA=s0-d)
សកម្មភាពប្រជាសហគមន៍ជនជាតិព្នង ដើរល្បាតនៅកន្លែងដែលមានបទល្មើសព្រៃឈើ។
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_u-J7jDpTnKMaFe-LTNeJLIjIFbRFOJna2N4RwhlzcdgVEpAEacvS2te30LRbMBODKryCU87Klb_ff7Bf_JJq64sbkVB1oux0jVA8im4tsyHH2f1nwCeWSpM2T-mf0Aj9_lgkY0EbhsHlD-WC5fZGwAjA=s0-d)
សកម្មភាពប្រជាសហគមន៍ជនជាតិព្នង ដើរល្បាតនៅកន្លែងដែលមានបទល្មើសព្រៃឈើ។
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_v-rqpZM5A6JBY4MciCW3atg-DsP6Afj82tmslYUHp_VXIGTpck1d03JL_Uih95C_jnv5VFz7Z6rULteOoQiOiT_o_m2R3bweDyShxwMW-BYuCkiqv_Ye8WcoEeNiSzV4iNt-Swk9jb5h-JjSY-bgwrjQ=s0-d)
គំនរឈើដែលជនល្មើសអារច្រៀកជាគ្រឿងសង់ផ្ទះ តែដឹកចេញមិនទាន់អស់។
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_t2E79ZNLrDBvT6LsBLGBCyPCQL6hDibqdXqg-9A81gbpnG3NKSECsd-_e9ccKdMdQGxqZYt66uJ8kYe0Bl9tDKRvnq8HBUVduHprZg57sEa5e6z_6l9O-TNGWiirj08EaV9bUK1rl-gJwn2PVgksHX9Q=s0-d)
សកម្មភាពប្រជាសហគមន៍ជនជាតិព្នង ដើរល្បាតនៅកន្លែងដែលមានបទល្មើសព្រៃឈើ។
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_uISmyIPLCKwLk4NgwK5LZjIcTPaZ4V3NqntuCcc7zO6wXLxx5qykXJz4L0mgoGocXMxrWaQd4yr2I4UGmJxVb9qdyRdYp7OywzB_kF4EIWukc7L-2Bbw7jt9pZYp3YJCq0HQf41U91n9GwtCfN0vmfpQ=s0-d)
ដើមឈើដែលជនល្មើសផ្ដួលរំលំហើយយកចេញមិនទាន់បាន។
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_vnABGB6T1ZlPjUQXKy7QGsb2XgAs4ORSdN0c02LuO27aWdAqBOCmBw_QKu900Jh_7AciaYqVys2HKpW9-AeG6RVEXKfm9ceCX1nJdn0uQbsxyubPDRnOSgJdpQPSlkHWA8abGtARTfm9MwTkJTW1emQg=s0-d)