Thursday, August 4, 2011

ដើរបាញ់ថ្នាំស្មៅក្នុងចម្ការពោតជាន់មីនផ្ទុះដាច់ជើងទាំង2សា្លប់


ខេត្តប៉ៃលិន ៖ គ្រាប់មីនមួយគ្រាប់ដែល​បន្សល់​ទុកនៅក្នុងដី តាំងពីសម័យ​សង្គ្រាម​បាន​ផ្ទុះលាន់ឮកក្រើកធ្វើឲ្យប្រជាពលរដ្ឋដែលកំពុង​ បាញ់ថ្នាំស្មៅនៅក្នុងចំការក្បែរៗនោះ ភ្ញាក់ផ្អើល​នាំគ្នាមកចោមរោមមើល ក៏ស្រាប់តែប្រទះ​ឃើញ​បុរសម្នាក់ឈ្មោះឯក ភ័ព្វ អាយុ៥៩ឆ្នាំ រស់​នៅភូមិបឹងត្រកួន ឃុំអូរអណ្តូង ស្រុកសាលា​ក្រៅ បានរងរបួសធ្ងន់ធ្ងរ​ដាច់ជើងទាំងសងខាង ដោយ​សារជាន់លើមីន។ ជនរងគ្រោះ​​បាន​ស្លាប់ ខណៈដែល​គេ​កំពុងសែងចេញមិនទាន់ផុត​ពី​ចម្ការរបស់ខ្លួន​ផង។ ហេតុការណ៍​អកុសល​នេះ​បានកើតឡើង​កាល​ពីថ្ងៃទី១ សីហា វេលាម៉ោង​១១​ព្រឹក ស្ថិត​នៅចំណុចខាងលិចភ្នំបេង ភូមិ​បរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។

តាម​ព័ត៌​មានពី​លោក​ឆូន ទូច នាយ​ប៉ុស្តិ៍រដ្ឋ​បាល​បរយ៉ាខាបានឲ្យដឹងថា ជនរងគ្រោះបាន​ចេញពីផ្ទះម្នាក់ឯងតាំង​ពីព្រលឹម ដើម្បី​បាញ់​ថ្នាំ​ស្មៅក្នុងចំការពោត ដែល​គាត់បានដាំអស់រយៈ​ពេល​ជាង២ខែមក​ហើយ ដោយសារតែឃើញ​មាន​ស្មៅដុះឡើង​ច្រើនពេកនោះ។ លោកនាយ​ប៉ុស្តិ៍​រដ្ឋ​បាលបរយ៉ាខា បន្ត​ថា ក្នុងពេលដែល​​កំពុង​បាញ់​ថ្នាំ​សម្លាប់​ស្មៅ​​នោះ​ក៏​មាន​​ភ្លៀង​រលឹម​ ស្រិចៗដីក្នុងចម្ការទន់ជ្រាយ​លាយជាមួយភក់​ស្អិត​ផង ចៃដន្យជា​ហេតុ​ធ្វើ​ឲ្យ​ស្រុតចុះប៉ះ​ដល់​គ្រាប់មីនក៏ផ្ទុះឡើង​លាន់​ឮ​ឡើង​ កក្រើក​អាកាស​បណ្តាលឲ្យត្រូវជើងដាច់សើយ​ត្រឹមជង្គង់​ទាំង​២​រង​របួសធ្ងន់​ ធ្ងរ។ ដោយ​សារ​តែមានការ​ឈឺចាប់​ពេកនោះបុរស​ឈ្មោះឯក ភ័ព្វ ស្រែកហៅគេឯង​នៅ​ក្បែរនោះ​​ឱ្យ​ជួយ និង​បន្តិចក្រោយមកទើប​អ្នក​ចម្ការ​ដូច​គ្នាបានរត់មក​មើល ហើយ​បាន​នាំ​គ្នាដាក់អង្រឹងសែងចេញ​មក​ពី​ចម្ការ​បាន​ប្រហែល​ជា១គីឡូម៉ែត្រ ក៏ស្លាប់​ដោយ​សារ​តែ​ឈាម​ហូរ​ចេញ​មកច្រើនពេកខ្សោះ​ខ្លួន។

លោកនាយប៉ុស្តិ៍បរយ៉ាខា បន្តទៀតថា ​ពេល​​កន្លងមកបុរសរងគ្រោះបាន​មកកាប់រាន​ព្រៃ​ឈូសឆាយដីដាំពោតដោយខ្លួនឯងអស់​ រយៈ​ពេលជាងបីឆ្នាំកន្លងមកហើយ មិនដែលប្រទះ​ឃើញ​មានគ្រាប់មីន ឬគ្រាប់អ្វី​ផ្សេ​ងទៀតផុស​ចេញ​ពីក្នុងដីចម្ការនោះទេ ស្រាប់​តែនៅថ្ងៃនេះ​មិនដឹងជាគ្រោះអកុសលអ្វីបានជា​នៅពេល​គាត់​​ ដើរបាញ់ថ្នាំបានជិតពាក់កណ្តាលចម្ការទៅ​ហើយមីនក៏ផ្ទុះឡើង។ បុរសរូបនេះមកកាប់ឆ្ការ​ដីដាំចម្ការដោយនឹកស្មានថា ប្រហែលជាមិន​មានគ្រាប់អ្វីនោះទេ។ តែតាមពិតទៅនៅត្រង់​កន្លែង​ដែលផ្ទុះ​គ្រាប់មីននោះ កាលពីមុនជាតំបន់​ក្តៅ ព្រោះនៅជិតព្រំដែនកម្ពុជា-ថៃ​ជា​សមរ​ភូមិជួរ​មុខ​មានមីនច្រើន ដែលបន្សល់ទុកនៅក្នុង​ដី។    

នៅក្នុងចម្ការរបស់បុរសដែលស្លាប់នេះ អាច​​នឹង​មាន​គ្រាប់​ដែល​កប់​ក្នុង​ដី​មិន​ទាន់​ផ្ទុះជា​ច្រើន​ទៀត សូម​បញ្ជាក់ថា បុរសដែលជាន់មីន​ស្លាប់នេះ​មិន​មាន​ប្រពន្ធកូននោះទេ រាល់ថ្ងៃរស់​នៅ​ជាមួយនឹងបង​ប្អូន​តែប៉ុណ្ណោះ៕

No comments: