Friday, January 13, 2012

ឃើញរថយន្ដ បុកប្អូនប្រុស របស់ខ្លួន បើកម៉ូតូទៅសួរនាំ ត្រូវម្ចាស់រថយន្ដ ជា មន្ដ្រីយោធា និងបក្ខពួក វាយទ្រោមខ្លួន

បន្ទាយមានជ័យ ៖ មន្ដ្រីយោធា ពាក់ស័ក្ដិ ៤កន្លះមួយរូប ដែលធ្វើការខាងផ្នែក វិស្វកម្ម នៃបញ្ជាការដ្ឋាន កងទ័ពជើងគោក រួមទាំង បក្ខពួក ២នាក់ផ្សេងទៀត បាន រងការចោទ ប្រកាន់ ពីសំណាក់បុរសម្នាក់ និងក្រុមគ្រួសារ របស់គេដែលបានចោទមន្ដ្រីយោធាខាងលើ នេះថា បានដកកាំភ្លើងភ្ជង់ និងវាយមកលើ ខ្លួន របួសពេញប្រាណ បន្ទាប់ពីរូបនេះបាន ទៅសួរនាំមន្ដ្រីយោធារូបនេះ ក្រោយពេល ដែលឃើញរថយន្ដ ឡង់គ្រីស័រមួយគ្រឿង បុកប្អូនប្រុសរបស់ខ្លួន ។
ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៩ និង៣៩នាទី យប់ ថ្ងៃទី១២ ខែមករា ស្ថិតនៅក្នុងភូមិប៉ាលេលិយ្យ២ សង្កាត់-ក្រុងប៉ោយ ប៉ែត ខេត្ដបន្ទាយមានជ័យ ប៉ុន្ដែ មន្ដ្រីយោធា ត្រូវបានកម្លាងកងរាជអាវុធហត្ថ ក្រុងប៉ោយ ប៉ែត ដឹកនាំដោយលោក ហម ម៉ុត ឃាត់ខ្លួន យកទៅសួរនាំ នៅទីបញ្ជាការដ្ឋាន អ.ហ ក្រុងប៉ោយប៉ែត ហើយរហូតមកដល់ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១២ នេះ សមត្ថកិច្ច កងរាជអាវុធហត្ថ មិនទាន់ដឹងថា មានចំ ណាត់ការយ៉ាងដូចម្ដេច ទៅលើមន្ដ្រីយោធា រូបនេះឡើយ ។
លោក វ៉េន រតនា អាយុ ២៥ឆ្នាំ រស់នៅ ភូមិគីឡូម៉ែត្រលេខ ៤ ជាកម្មករចាក់ខ្សាច់ ដែលត្រូវមន្ដ្រីយោធា និងបក្ខពួកចំនួន២នាក់ យកកាំភ្លើងភ្ជង់ និងវាយឡើង ទ្រោមខ្លួន  របួសពេញប្រាណបានរៀបរាប់ថា នៅវេលា ម៉ោងកើតហេតុ រូបនេះបានឃើញរថយន្ដ ឡង់គ្រីស័រ១គ្រឿង ពាក់ស្លាកលេខ ខ.ម ០២.២-២៧៤១ បាន បុកប្អូនប្រុសរបស់ខ្លួន បន្ទាប់មករូបគេ បានបើកម៉ូតូតាមរថយន្ដពី ក្រោយ ហើយមកដល់កន្លែងកើតហេតុនៅ ពេលដែលរថយន្ដឈប់ ខ្លួនបានទៅសួរនាំ ម្ចាស់ រថយន្ដដែលត្រូវបានគេដឹងថា ជាមន្ដ្រី យោធា ថ្នាក់វរសេនីយ៍ទោ បម្រើការងារ នៅផ្នែកវិស្វកម្ម នៃទីបញ្ជាការដ្ឋានកងទ័ព ជើងគោក ឈ្មោះ តេង អ៊ិត បានសម្លុត និង គំរាមចំពោះការចោទសួរនេះ ហើយបន្ទាប់ មកមន្ដ្រីយោធាខាងលើ បានចេញពីរថយន្ដ យកកាំភ្លើងមកភ្ជង់ ហើយវាយឡើងទ្រោម ខ្លួន ។
ជាមួយគ្នានេះ មីងរបស់ជនរងគ្រោះ អ្នកស្រី កាក់ គន្ធា អាយុ ៣១ឆ្នាំ ដែលស្ថិត នៅក្នុងហេតុការណ៍នោះ ក៏បានរៀបរាប់ថា មន្ដ្រីយោធាខាងលើ ពិតជាបានគំរាមមកលើ ក្មួយរបស់ខ្លួន រួមទាំងគាត់ ហើយថែមទាំង ដកកាំភ្លើងខ្លីមួយដើម មិនស្គាល់ម៉ាកវាយ ក្មួយប្រុសរបស់គាត់ របួសពេញខ្លួន ។
បន្ទាប់ពីមានរឿងនេះកើតហេតុ កម្លាំង កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដឹកនាំ ដោយលោកមេបញ្ជាការ ក្រុងប៉ោយប៉ែត ហម ម៉ុត បានចុះមកជួយអន្ដរាគមន៍ ហើយ ឃាត់ខ្លួនមន្ដ្រីយោធា ដែលជាជនដៃដល់រូប នេះ បញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅ ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយ ប៉ែតដើម្បីដោះស្រាយបន្ដទៀត ។
យោងតាមមន្ដ្រី អ.ហ ក្រុងប៉ោយប៉ែត  បានឱ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១២ នេះ សមត្ថកិច្ចមិនទាន់ បានដោះលែងមន្ដ្រីយោធារូបនេះឡើយ ក៏ ប៉ុន្ដែ មិនទាន់បានបញ្ជាក់ច្បាស់ថា សមត្ថ កិច្ចដោះស្រាយដល់ណានោះទេ។
មិនអាចទាក់ទង សុំការពន្យល់ និងបកស្រាយ របស់ភាគីជាម្ចាស់រថយន្ត ឡង់គ្រីស័រនោះនៅឡើយទេ ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

No comments: