Saturday, August 20, 2011

​ខេមរៈ សិរី​មន្ត ដឹក​ដៃ​ប្អូនស្រី ឡើង​យន្តហោះ​ទៅ​អាមេរិក ដើម្បី​រក​មូលនិធិ​ជួយ​ក្មេង​កំព្រា​



ភ្នំពេញ: ​អ្នកចម្រៀង​ល្បីល្បាញ​លោក ខេមរៈ សិរី​មន្ត និង​ប្អូនស្រី ខេមរៈ ស្រី​ពៅ បាន​ដឹក​ដៃ​គ្នា ចាកចេញ​ពី​ប្រទេស​កម្ពុជា​ហើយ កាលពី​រាត្រី​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១១ កាលពី​ម៉ោង​ជាង​១០​យប់ ដើម្បី​ចេញ​ទៅ​សម្ដែង​លើកទីមួយ នៅឯ​សហរដ្ឋអាមេរិក ចំនួន​បី​ខែ​។​
 
តាម​គម្រោង​លោក ខេមរៈ សិរី​មន្ត និង​ប្អូនស្រី ត្រូវ​ចាកចេញ​ទៅ​សម្ដែង​នៅ​សហរដ្ឋអាមេរិក តាំងពី​អំឡុង​ខែកក្កដា​មកម្ល៉េះ​។ ប៉ុន្តែ​ដោយសារ​លោក មាន​សកម្មភាព​ថត​ប​ទ​ចម្រៀង​ថ្មី និង​ជាប់​ច្រៀង​ច្រើន​នៅ​ស្រុក​ខ្មែរ ទើប​ដំណើរ​នោះ ត្រូវ​ពន្យារ​ដល់​ខែ​សីហា​នេះ​។ទោះយ៉ាងណា កាលពី​រាត្រី​យប់​ថ្ងៃ​ទី​១៧​សីហា ឆ្នាំ​២០១១ លោក ខេមរៈ សិរី​មន្ត និង​ប្អូនស្រី បាន​ឡើង​យន្តហោះ ចេញផុត​ពី​ទឹកដី​កំណើត​ហើយ ដោយ​មាន​ការជូន​ដំណើរ​ពី​សំណាក់​សាច់ញាតិ និង​សិល្បករ​ពីរ​បីនាក់ ។ ក្នុងនោះ​រួមមាន កញ្ញា ពៅ លីដា ជាដើម​។


លោក​ខេមរៈ សិរី​មន្ត ដែល​បាន​ចាកចេញ​ទៅ​សម្ដែង​នៅ​សហរដ្ឋអាមេរិក តាម​គម្រោង​នោះ បាន​ថ្លែង​នៅ​ប៉ុន្មាន​នាទី មុន​ឡើង​យន្តហោះ​ថា លោក​ចាកចេញ​ទៅ​អាមេរិក រហូត​ដល់​បី​ខែលើក​នេះ គឺ​ដោយសារតែ​សម្អាងថា ការងារ​សិល្បៈ​របស់​លោក​នៅ​ស្រុក​ខ្មែរ មិនសូវ​មមាញឹក នៅ​ក្នុង​រដូវវស្សា​។
អ្នកចម្រៀង​វ័យ ២៥​ឆ្នាំ ដែល​គ្រង​តំណែង ជា​អ្នកចម្រៀង​យុវវ័យ​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​សាន់ដេ លោក ខេមរៈ សិរី​មន្ត បាន​លើកឡើង​ថា «​នេះ​ជា​លើកទីមួយ ដែល​ខ្ញុំ​ទទួល​ច្រៀង​នៅ​អាមេរិក ហើយ​តាមពិត​មាន​សំណើ​មក​ពី​ខាង​អាមេរិក​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​ដោយសារ​តែ​ខ្ញុំ មិនសូវ​ទំនេរ ទើប​ទទួល​មិនកើត​»​។


លោក សិរី​មន្ត អះអាងថា មូលហេតុ ដែល​ចេះ​តែ​ខកខាន មិន​បាន​ដំណើរ​ចេញ​ទៅ​កើប​ប្រាក់​នៅ​ប្រទេស​ដ៏​រីកចម្រើន​នោះ គឺ​ដោយសារតែ​ខាង Sponsor នៅ​អាមេរិក ច្រើន​ទាមទារ​យក​ទៅ​ច្រៀង​យូរៗ​ខែ​ពេក​។ រយៈពេល​ត្រឹម​បី​ខែ​នេះ ត្រូវបាន​លោក​អះអាងថា គឺ​រយៈពេល​តិច​បំផុត ដែល​អ្នក​នៅ​អាមេរិក បាន​ស្នើឡើង ដោយ​ខាង​សមាគម​។ ដូច្នេះហើយ ទើប​លោក​ត្រូវ​ពន្យារ​ពេល​រង់ចាំ​ឲ្យដល់​រដូវភ្លៀង ដែល​នៅ​ស្រុក​ខ្មែរ មិនសូវ​សំបូរ​ការប្រគុំ​តន្ត្រី​តាម​ខេត្ត​ក្រុង ទើប​លោក​ទទួល​យក​។ដំណើរ​ទៅ​ច្រៀន​នៅ​អាមេរិក ជា​ផែនការ​ចេញ​សម្ដែង ក្នុង​គម្រោង​ប្រមូលប្រាក់​ដាក់​មូលនិធិ​មួយ ដើម្បី​ជួយ​ដល់​ក្មេង​កំព្រា ដោយ​ការងារ​សម្ដែង​យ៉ាងហោចណាស់ ក៏​មាន​ពីរ​លើក​ដែរ នៅ​រៀងរាល់​ចុង​សប្ដាហ៍​។
អ្នកចម្រៀង​ពីរ​នាក់​បងប្អូន ក្នុង​ត្រកូល​ខេមរៈ នៅ​មិនទាន់​រំពឹងថា ការចេញ​សម្ដែង​របស់​ពួកគេ នឹង​ទទួល​ជោគជ័យ​ជា​វិជ្ជមាន​ដល់​កម្រិត​ណា​ឡើយ បើទោះជា​ការសម្ដែង​រួមគ្នា​នេះ នៅក្នុង​ទឹកដី​អូស្ត្រាលី កាលពី​ឆ្នាំ​២០០៩ បាន​ទទួល​ជោគជ័យ​កប់ក្ដោ​ង​ក៏ដោយ​។
លោក ខេមរៈ សិរី​មន្ត បាន​បន្ថែមថា «​ចំពោះ​រឿង​ជោគជ័យ គឺ​ខ្ញុំ​សង្ឃឹម ប៉ុន្តែ​ត្រង់​ថា បាន​ប៉ុន្មាន​នោះ គឺ​មិន​ទាន់​ដឹង​ទេ ព្រោះ​ខ្ញុំ​មិនដឹងថា ទីផ្សារ​បទ​ចម្រៀង​របស់ខ្ញុំ នៅ​ទីនោះ​(​អាមេរិក​) គឺ​យ៉ាងម៉េច​ទេ​?»​។

ទោះយ៉ាងណា ផ្អែក​តាម​ការទទូច​ហើយ​ទទូច​ទៀត​ពី​សំណាក់​ខាង​សមាគម​អ្នក​នៅ​អាមេរិក គឺ​បញ្ជាក់​យ៉ាងច្បាស់​ថា លោក ខេមរៈ សិរី​មន្ត និង​ប្អូនស្រី ខេមរៈ ស្រី​ពៅ គឺជា​អ្នកចម្រៀង​យុវវ័យ​ពីរ​ដួង ដែល​បងប្អូន​ខ្មែរ​នៅ​អាមេរិក និយម​គាំទ្រ​ខ្លាំង ខណៈ​ដែល​បទ​ល្បីៗ​របស់លោក ដែល​ពេញនិយម​នៅ​ស្រុក​ខ្មែរ ក៏​ត្រូវ​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក ចេះ​ច្រៀង​ស្ទាត់​មាត់​ដូចគ្នា​។ នេះ​បើ​យោង​តាម​ការបញ្ជាក់​ពី​តំណាង​សមាគម ដែល​ចុះ​មក​ធានា​លោក ខេមរៈ សិរី​មន្ត និង​ការ​បង្ហើប​ឲ្យដឹង​ពី​ពលរដ្ឋ​ខ្មែរ​មួយចំនួន ដែល​ប្រកប​អាជីវកម្ម​លក់​ថាស​ចម្រៀង នៅតាម​ទីផ្សារ​ខ្មែរ ក្នុង​ទឹកដី​អាមេរិក​។


លោក ខេមរៈ សិរី​មន្ត អះអាងថា លោក​និង​ប្អូនស្រី មិន​ត្រឹមតែ ត្រៀម​ច្រៀង​បទ​ល្បីៗ នៅ​ក្នុង​ស្រទាប់​មហាជន​ខ្មែរ​នៅក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកលោក​ក៏​ត្រៀម​បទ​រាំវង់ រាំ​ក្បាច់ និង​បទ​ពី​ជំនាន់​ចាស់​មួយ​ចំនួន​ផងដែរ ដើម្បី​ឲ្យ​បងប្អូន​នៅ​ទីនោះ​បាន​រាំ​កម្សាន្ត និង​ប្លែក​អារម្មណ៍​។


អ្នកចម្រៀង ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពង់ចាម​រូបនេះ ពោលថា «​អឺ​…! សម្រាប់​បទ​ចម្រៀង គឺ​យើង​បាន​ត្រៀម​សាច់ភ្លេង​ខ្លះ សម្រាប់​ចាក់​ច្រៀង ( បទ​ថ្មី ) ប៉ុន្តែ​ខ្ញុំ និង​ស្រី​ពៅ ក៏​ហា​ត់បទ​ចាស់ៗ​ខ្លះ​ដែរ ដើម្បី​បំពេញ​តាម​បងប្អូន​យើង ដែល​ពួកគាត់​ចូលចិត្ត​បទ​បែប​រាំ​កម្សាន្ត​»​។
លោក​មិន​ទាន់​មាន​គម្រោង​បន្ត​ការសម្ដែង​ឲ្យលើស​ពី​រយៈពេល​៣​ខែ ឬ​ទទួល​ការងារ​ចេញ​ច្រៀង​បែបនេះ នៅក្នុង​ប្រទេស​ណា​ផ្សេង​ទៀត​ទេ ប្រសិនបើ​ត្រលប់​មក​ពី​សហរដ្ឋអាមេរិក​វិញ ដោយសារ​ត្រូវ​អ៊ុត​មើល​ការងារ​ជាក់ស្ដែង នៅ​ក្នុង​ផលិតកម្ម​សាន់​ដេរ និង​ការងារ​ចេញ​ច្រៀង Concert ក្នុងស្រុក​សិន​។


ខេមរៈ សិរី​មន្ត និង​ប្អូនស្រី ធ្លាប់​ចេញទៅ​អូស្ត្រាលី​តែ​ម្ដង​គត់ កាលពី​ឆ្នាំ​២០០៩ បើ​មិន​រាប់ការ​ចេញ​សម្ដែង​ថ្នាក់​ជាតិ​តាម​ប្រទេសជិតខាង ដូចជា ទឹកដី​ថៃ ក្នុងនាម​ជា​អ្នកចម្រៀង​តំណាង​ប្រទេស​កម្ពុជា​។ មូលហេតុ​ដែល​លោក​មាន​មុខ​ចេញ​ក្រៅ​ប្រទេស​តិចតួច​បែបនេះ ត្រូវបាន​គេ​អះអាងថា ដោយសារតែ​លោក សិរី​មន្ត ប្រកាន់​ជំហរ​ឲ្យមាន​ការធានា​យក​ប្អូនស្រី​ទៅ​ជាមួយ ហើយ​ធ្វើឲ្យ​ម្ចាស់ Sponsor ខ្លះ​សាញ ក្នុង​ការអញ្ជើញ​។
ប៉ុន្តែ​អ្នកចម្រៀង ដែល​សម្ងំ​ថត​តួឯក​ក្នុង​រឿង​«​ព្រាយ​ដែកគោល​» ដែល​ជិត​បញ្ចប់​របស់​ផលិតកម្ម​សាន់ដេ លោក ខេមរៈ សិរី​មន្ត បែរ​ជា​បកស្រាយ​ថា នោះ​គឺ​ដោយសារតែ​លោក ជាប់​ការងារ​នៅក្នុង​ស្រុក​ច្រើន​ពេក ទើប​ទទួល​សំណើ​ក្រៅ​ប្រទេស​មិន​កើត​។

មហាជន​កំពុង​ចាំ​អ៊ុត​មើល​ថា ក្រៅពី​ស្ពាយ​ភាពជោគជ័យ​ពី​អាមេរិក តើ​ខេមរៈ សិរី​មន្ត និង​ខេមរៈ ស្រី​ពៅ នឹង​ឱប​មកវិញ​នូវ​ព័ត៌មាន​ស្នេហា​ពី​អាណិកជន​ខ្មែរ ដែល​រស់នៅ​ក្នុង​ប្រទេស​នោះ​ដែរ​ឬទេ​? បើ​អ្នកចម្រៀង​ទាំង​ពីរ​នាក់​បងប្អូន សុទ្ធតែ​អះអាងថា នៅ​ទំនេរ​បេះដូង និង​មាន​រូបរាង​សង្ហា និង​ស្រស់​ស្អាត​រៀងៗ​ខ្លួន​បែប​នេះ​ ៕

No comments: