រាជធានីភ្នំពេញ ៖ យុវជន២នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ឯពីរនាក់ទៀតរងរបួសធ្ងន់ធ្ងរដោយសារជិះម៉ូតូបោះពួយវ៉ាគេវ៉ាឯង ហើយបុកជាមួយរថយន្តដឹកទំនិញធុនធំមួយគ្រឿង ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា។ ក្រោយមកអ្នករបួសត្រូវគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ឯសាកសពត្រូវដឹកបញ្ជូនទៅតម្កល់ទុកនៅឈាបនដ្ឋានវត្តពោធិ ចិនតុង។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៩ សីហា ២០១១ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងលិចរង្វង់មូលថ្នល់បំបែកចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌដង្កោ ។
ជនរងគ្រោះដែលស្លាប់ ១-ឈ្មោះដាំ ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មកររោងពុម្ព មានទីលំនៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក និង២-ឈ្មោះសីហា ភេទប្រុស អាយុ២៤ឆ្នាំ ជាជាងគំនូរ ស្នាក់នៅជាមួយគ្នា។ ចំណែកឯអ្នករបួស ១-ឈ្មោះវុន ទ្រា ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករោងពុម្ព កំពុងសម្រាកព្យាបាលនៅមន្ទីរពហុព្យាបាល និងសម្ពពចោមចៅ និង២-ឈ្មោះហ៊ាន ហៅប្រឹមប្រិយ អាយុជាង២០ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។
ដោយឡែក រថយន្តដឹកទំនិញធុនធំដែលបុកគ្នាជាមួយម៉ូតូខាងលើ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-2799 របស់ក្រុមហ៊ុនដឹកជញ្ជូន CK ។ ក្រោយពេលកើតហេតុ អ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់នោះជិះម៉ូតូ១គ្រឿងម៉ាកហុងដា C100 ស៊េរីឆ្នាំ១៩៩៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព-០៣០៥ ធ្វើដំណើរក្នុងល្បឿនលឿនពីកើតទៅលិចចេញពីសង្កាត់បឹងសាឡាង ឆ្ពោះទៅផ្ទះមិត្តភក្តិនៅផ្សារថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែករថយន្តដឹកទំនិញធុនធំនោះបើកក្នុងល្បឿនលឿនដែរ ពីទិសខាងលិចឆ្ពោះទៅកើត ក្នុងទិសដៅបញ្ច្រាសគ្នា។
លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ម៉ូតូរងគ្រោះបានវ៉ាយានយន្តផ្សេងៗទៀត រួចក៏ជ្រុលទៅបុកជាមួយរថយន្តខាងលើដែលមកពីមុខពេញទំហឹង បណ្តាលឱ្យមានស្លាប់ និងរបួសបែបនេះតែម្តង ៕
No comments:
Post a Comment