Saturday, August 20, 2011

កាំភ្លើង​​បាញ់​សម្លាប់​​ប៉ូលិស​​លាក់​ទុក​ផ្ទះ​ម្តាយ​ឃាតក​​ត្រូវ​​ដក​ហូត​



រាជធានីភ្នំពេញ ៖ ​កម្លាំងប៉ូលិស​ព្រហ្ម​ទណ្ឌ​កម្រិតធ្ងន់​ និង​កម្រិត​ស្រាល​​នៃ​ស្នង​ការ​​ដ្ឋាន​រាជធានី​​ភ្នំពេញ ​រួមជា​មួយ​ប៉ូលិស​​ខណ្ឌ​ទួល​គោក និង​ប៉ូលិស​ខណ្ឌ​ដង្កោ ដឹក​នាំដោយ​លោក​ក្រឡា​បញ្ជី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ធ្វើ​ការ​ឆែក​ឆេរ​ និង​ដក​ហូត​អាវុធ​ខ្លី​របស់​​ខ្មាន់​កាំភ្លើង​​ដែល​បាន​បាញ់​សម្លាប់​​ មន្ត្រី​​​ប៉ូលិស​​ពីរនាក់​កាលពី​ប៉ុន្មាន​​ថ្ងៃ​មុន​នេះ ។ ​ខ្មាន់​កាំភ្លើង​​រូប​នោះ​​បាន​យក​កាំភ្លើង​ខ្លី​ម៉ាក​រូឡូ​​ទៅ​លាក់​ទុក​​ នៅ​ក្នុង​​ខ្ទម​តូច​មួយ​របស់​ម្តាយ​ខ្លួន​ស្ថិត​នៅ​ក្នុង​បុរីសន្តិ​ភាព​២ ភូមិ​ដំណាក់​ត្រយឹង ​សង្កាត់​ចោម​ចៅ ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​ក​ម្លាំង​សមត្ថ​កិច្ចខាង​លើ​ចុះ​ទៅ​ឆែក​​ឆេរ និង​ដក​ហូត​យក​កាលពី​វេលា​ម៉ោង​​១០​ព្រឹក ថ្ងៃទី​១៩ សីហា ឆ្នាំ​២០១១ ។
មន្ត្រី​សមត្ថ​កិច្ច​បាន​និយាយថា ​ការ​ឈាន​ដល់​​ការ​ចុះ​ធ្វើការ​​​ឆែក​ឆេរ និង​រក​ឃើញ​អាវុធ​​រប​ស់​ខ្មាន់​កាំភ្លើង​​ដែល​បាន​បាញ់​សម្លាប់​​មន្ត្រី​ ប៉ូលិស​​នោះ គឺដោយ​សារ​​តែ​ស្ត្រី​ឈ្មោះ​​ឈឺន សារ៉ា អាយុ​៧១​ឆ្នាំ ​ជា​ម្ចាស់​ខ្ទម និង​ជា​ម្តាយ​របស់​ជន​សង្ស័យ​នោះ​បាន​ទូរស័ព្ទ​​រាយ​ការណ៍​ប្រាប់កម្លាំង​​ ប៉ូលិស​ថា ​កូន​ប្រុស​របស់​គាត់​បាន​យក​​កាំភ្លើង​​ខ្លី​នោះ​ទៅ​លាក់​ទុក​នៅ​លើ​គ្រែ​ ដេក​របស់​គាត់ និង​ប្រាប់​ឱ្យ​ទៅ​យក​​ទើប​កម្លាំង​ទាំង​អស់​ចុះ​ទៅ​កាន់​ទី​នោះ​ធ្វើការ​ ឆែក​ឆេរ​​​ និង​ដក​ហូត​យក​​អាវុធ​នោះ​តែ​ម្តង ។

គួរ​រំលឹក​ថា ជន​សង្ស័យ​ឈ្មោះ​​ញៀវ ធឿន ហៅ​ម៉ាំង អាយុ​ជាង​៤០​ឆ្នាំ ​ជា​​មន្ត្រី​ប៉េអឹម​រាជ​ធានី​ភ្នំពេញ ​ក្រោយ​​មក​ផ្លាស់​ទៅ​​កាន់​​ខណ្ឌ​សែន​សុខ ​ហើយ​​ត្រូវ​បាន​អះអាង​ថា ​គេ​បណ្តេញចេញ​យូរ​ហើយ ។ ជន​នេះ​បានបាញ់​​សម្លាប់​មន្ត្រី​ប៉ូលិស​ពីរ​នាក់ ម្នាក់​​ឈ្មោះ​គង់​ វិចិត្រ ហៅ​ជា​ និង​​ម្នាក់​ទៀត​​​ឈ្មោះ​​រឿង ប៉ូ ហៅ​ហាស ក្នុង​ខណៈ​ពេល​ដែល​មន្ត្រី​​ប៉ូលិស​ទាំងពីរនាក់​នោះ​កំពុង​បំពេញ​​បេសក​កម្ម ​​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​​រំលង​អធ្រាត្រ​​ ថ្ងៃទី​១៤ សីហា ឆ្នាំ​២០១១ នៅតាម​ផ្លូវ​​លេខ​​៥១៦ ចំណុច​មុខ​​មន្ទីរ​​ព្យា​បាល​ឯក​ជន​​ ម៉ៅ​សារី ​សង្កាត់​បឹង​​ក់​១ ខណ្ឌ​​ទួល​គោក រាជធានី​​ភ្នំពេញ។ ​ក្រោយ​ពេល​ធ្វើ​សកម្ម​ភាព​រួច ​ជន​ស​ង្ស័យ​​បាន​គេច​ខ្លួន​​បាត់​រហូត​ដល់​យប់​ថ្ងៃទី​១៨ សីហា ក៏ធ្វើ​ដំណើរ​​ទៅ​ផ្ទះ​​ម្តាយ​របស់​ខ្លួន​ហើយ​​យក​កាំភ្លើង​​ខ្លី​ម៉ាក​រូឡូ ដែល​ខ្លួន​ធ្វើ​សកម្ម​ភាព​បាញ់​​សម្លាប់​​មន្ត្រី​ប៉ូលិស​នោះ​ទៅ​លាក់​ទុក​ នៅ​លើ​គ្រែ​ដេក​របស់​ម្តាយ​​ខ្លួន​ បន្ទាប់​​មក​​គេច​ខ្លួន​បាត់​ស្រមោល ។ លុះ​​នៅ​ព្រឹក​ថ្ងៃ​ទី១៩ សីហា ​ស្ត្រីជាម្តាយ​របស់​ជន​នោះ​បាន​ទូរស័ព្ទ​​ប្រាប់​ប៉ូលិស​​ឱ្យទៅ​យក​ កាំភ្លើង​​នោះ ទើប​ប៉ូលិស​​បាន​ដឹង ហើយ​ចុះ​ទៅ​កាន់​ទី​នោះភ្លាមៗ​ និង​ធ្វើការ​ឆែក​ឆេរ​​​ប្រទះ​​ឃើញ​កាំភ្លើង​​ម៉ាក​រូឡូ នោះ​ត្រូវជន​សង្ស័យ​រុំ​នឹង​កំណាត់​រួច​ដាក់​នៅ​លើ​គ្រែ​​ក្រោម​ខ្នើយ​​ ស្ត្រីជា​ម្តាយ ក៏បាន​ដក​ហូត​យក​មក​ពិនិត្យ​​មើល ហើយ​ឃើញ​កាំភ្លើង​​នោះ​នៅ​សល់​គ្រាប់​៣​គ្រាប់​ទៀត​ផង ។

ស្ត្រីជា​ម្តាយ​ជ​នសង្ស័យ​​និយាយថា នៅ​​​យប់​នោះ​ ក្នុង​ខណៈ​ពេល​ដែល​គាត់​កំពុង​ដេក​​លេង​នៅ​លើ​គ្រែ​ផ្សេង​មួយ​ទៀត​​នៅ​ក្នុង ​ផ្ទះ​ខ្ទម​​ប្រក់​​ដំបូល​តង់ ទំហំ​៣​ម៉ែត្រ​បួន​ជ្រុង ​ដែល​ជា​ផ្ទះ​របស់​​​គាត់​រស់​នៅ​សព្វថ្ងៃ​​​ ស្រាប់តែ​​ឃើញ​​មនុស្ស​ម្នាក់​ដើរ​ចូលទៅ ។ ពេល​នោះ គាត់​មើល​មិន​ដឹង​ថា ជា​កូន​រប​ស់​គាត់​​ឡើយ ​ព្រោះ​​​យប់​ងងឹត​​ពេក ​លុះ​ពេល​គាត់​សួរ​ទើប​ឮ​ឆ្លើយ​ថា ខ្ញុំ​អាធឿន ។ ក្រោយ​ពេល​ឆ្លើយ​មួយ​ម៉ាត់​បែប​នេះ​រួច ​កូន​ប្រុស​​គាត់​ក៏បាន​ចាកចេញ​ទៅ​បាត់​ ដោយ​មិន​បាន​និយាយ​​អ្វីទាំងអស់​​ លុះ​ពេល​​កូន​ចេញ​​ផុត ទើប​គាត់​អុជ​ចង្កៀង​បំភ្លឺ មើលឃើញ​​កាំភ្លើង​ខ្លី​​ដែល​កូន​លាក់​ទុក​​ក៏ចង់​ទូរស័ព្ទ​​ប្តឹង​​ប៉ូលិស​​ ទាំង​យប់​​ ប៉ុន្តែ​​រក​ទូរស័ព្ទ​ហៅ​មិន​បាន ទើប​​រង់​ចាំ​ដល់​​ព្រឹក​​ឡើង​បាន​ទូរស័ព្ទ​ទៅ​ប៉ូលិសឱ្យ​​​ចុះទៅ​យក។
ប្រភព​ព័ត៌​មាន​មួយ​បាន​ឱ្យ​ដឹង​ថា ក្រោយ​ពេល​​រក​កាំភ្លើង​​ឃើញ​ សមត្ថ​កិច្ច​ក៏យក​ទៅរក្សា​ទុក​ បន្ទាប់​​មក​​នាំស្ត្រី​ឈ្មោះ​ឈឺន សារ៉ា ដែល​ត្រូវជា​ម្តាយ​របស់​ជន​​សង្ស័យ​​ទៅកាន់​ស្នង​ការ​ដ្ឋាន​​រាជធានី​​ ភ្នំពេញ ដើម្បីធ្វើ​ការ​សួរ​នាំ ៕

No comments: