រាជធានីភ្នំពេញ ៖ ខ្មាន់កាំភ្លើងបាញ់ប្រហារមន្ត្រីប៉ូលិស២នាក់ ស្លាប់កាលពីសប្តាហ៍មុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន គឺឈ្មោះញៀវ ធឿន ហៅមាំង ត្រូវបានគេអះអាងថា ជាមន្ត្រីប៉េអឹមផងដែរ។ លោកមាំង ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីវេលាម៉ោងជិត៥ល្ងាចថ្ងៃទី១៩ សីហា២០១១ ខណៈសំងំលាក់ខ្លួននៅផ្ទះបងថ្លៃក្នុងក្រុងតាខ្មៅ ហើយត្រូវបានដឹកនាំកម្លាំងទៅយកដោយលោកជន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងលោកជួន ណារិន្ទ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ។
គួររំលឹកថា កាលពីថ្ងៃទី១៨ សីហា ស្នងការដ្ឋាននគរបាលរាជធានី បានចេញសេចក្តីប្រកាសស្វែងរកចាប់ខ្លួនជាសាធារណៈចំពោះករណី ខ្មាន់កាំភ្លើងដែលបាញ់ប្រហារយ៉ាងឃោរឃៅមកលើមន្ត្រីនគរបាលជាតិ ២រូបបម្រើការងារនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ថ្ងៃទី១៤ សីហា ឆ្នាំ២០១១ កន្លងមក ត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាច្បាស់លាស់ហើយ ហើយនឹងកំពុងស្វែងរកចាប់ខ្លួនដូចមានក្នុងរូបថតនេះស្រាប់ ។
ខ្មាន់កាំភ្លើងដែលជាឧក្រិដ្ឋបាញ់ប្រហារ មកលើមន្ត្រីនគរបាលត្រូវប្រកាសស្វែងរកចាប់ខ្លួនខាងលើនេះ មានឈ្មោះញៀវ ធឿន ហៅម៉ាំង ភេទប្រុស អាយុ៤១ឆ្នាំ មធ្យោបាយគេចខ្លួនមានម៉ូតូហុងដា C125 ពណ៌ខ្មៅ ស៊េរី២០០៥ ពាក់ស្លាកលេខភ្នំពេញ 1G-2510 ។ ញៀវ ធឿន ហៅម៉ាំង មានសម្បុរស្រអែមមាឌធំ កម្ពស់ជាង១,៧០ម៉ែត្រ ។ ដើម្បីរួមចំណែករក្សាសន្តិសុខ សុវត្ថិភាពសង្គមស្នងការដ្ឋាននគរបាលរាជធានីសំណូមពរដល់ប្រជា ពលរដ្ឋ មេត្តាសហការផ្តល់ព័ត៌មានចំពោះទីកន្លែងលាក់ខ្លួនឧក្រិដ្ឋជន រូបនេះ ។
កាលពីយប់ថ្ងៃទី១៤ សីហា ក្រុមចោរប្លន់១ក្រុមដដែលនោះបម្រុងប្លន់ជនបរទេសដូចសព្វ ដងទៀត ប៉ុន្តែដោយសារជនល្មើសបានឃើញ និងសង្ស័យលើកម្លាំងសមត្ថកិច្ចទើបពួកគេបានបោះបង់សកម្មភាព ហើយគេចខ្លួន។ ដូច្នេះពេលកំណត់បានមុខសញ្ញាច្បាស់លាស់ ហើយលោកគង់ វិចិត្រ ហៅជា រហស្សនាមរាត្រី៣៦ និងលោករឿង ប៉ូ ហៅមាស រហស្សនាមរាត្រី៨៥ បានបើករថយន្តតាមមុខសញ្ញានោះ លុះទៅដល់ក្បែរអង់តែនទូរទស្សន៍ជាតិទួលគោក មន្ត្រីនគរបាលទាំង២សម្រេចបើករថយន្តកៀរជនល្មើសឱ្យឈប់ដើម្បី ត្រួតពិនិត្យ ។ លោកជួន ណារិន្ទ បានបន្តថា ពេលនោះលោករឿងប៉ូ ហៅមាស រាត្រី៨៥ ចុះពីរថយន្តដោយផ្ទុះអាវុធ១គ្រាប់ឡើងលើ តែត្រូវជនល្មើសដកកាំភ្លើងពីចង្កេះបាញ់ស្រោចតបវិញ ខណៈអាវុធរបស់រាត្រី៨៥ ត្រូវអាក់ស៊ីដង់ បណ្តាលឱ្យស្លាប់ភ្លាម ។ បន្ទាប់មកជនល្មើសបានបន្តបាញ់លោកគង់ វិចិត្រ ហៅជា រាត្រី៣៦ ដែលនៅកាន់ចង្កូតរថយន្តឱ្យស្លាប់ដែរ ហើយក៏គេចខ្លួនបាត់ទៅ ៕
No comments:
Post a Comment