ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធឈ្លោះប្រកែកគ្នា ឈានដល់កើតមានអំពើហិង្សា បុរសជាប្តីចាប់ទាញកាំបិតប៉័ងតោពណ៌សវាយចំក្បាល ប្រពន្ធចំនួន២ខ្នងកាំបិតបែកក្បាលឈាមហូរ កក្លាក់ព្រោះតែរឿងរាវជម្លោះក្នុងគ្រួសារបន្តិចបន្តួច ចំណែកបុរសជាប្តីបន្ទាប់ពីបង្ករបួសស្នាមត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលភ្នំតូចចាប់ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាន ដើម្បីធ្វើការសាកសួរ ។ ហេតុការណ៍អំពើហិង្សានេះបានកើតឡើងកាលពីវេលា ម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៩ មករា ឆ្នាំ២០១២ នៅភូមិភ្នំតូចខាងជើង ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
លោកអនុសេនីយ៍ឯកយ៉ត សុផល អធិការនគរបាលស្រុកមង្គលបុរីបានប្រាប់ថា បុរសជាប្តីឈ្មោះឈុត វណ្ណា អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះម៉ៅ គា អាយុ៤៦ឆ្នាំ ២នាក់ប្តីប្រពន្ធនេះ មានទីលំនៅភូមិកើតហេតុខាងលើ មុខរបរលក់បន្លែ ។ បើតាមការសាកសួរបុរសជាប្តីបានសារភាពថា មូលហេតុដែលរូបគេឈានដល់ទាញកាំបិតប៉័ងតោមកវាយក្បាលប្រពន្ធនឹង ខ្នងកាំបិតនោះ គឺបណ្តាលមកពីប្រពន្ធរបស់គេប្រដៅមិនស្តាប់ចចេសរឹងរូស ពេលខ្លួនមិនឱ្យធ្វើអ្វីមួយនៅតែធ្វើឌឺដងមិនព្រមស្តាប់រូបគាត់ ជាប្តីទាល់តែសោះ ទើបនៅថ្ងៃកើតហេតុនោះរូបគេអត់ទ្រាំពុំបានក៏ទាញកាំបិតមក វាយត្រូវ២ខ្នងកាំបិតចំក្បាលតែម្តងទៅ ។
លោកអធិការនគរបាលស្រុកបានបន្តថា ការចាប់ឃាត់ខ្លួនបុរសរូបនេះ គឺធ្វើឡើង បន្ទាប់ ពីទទួលបណ្តឹងពីស្ត្រីរងគ្រោះជាប្រពន្ធ។ បច្ចុប្បន្នជនល្មើសជាប្តីត្រូវបានរៀបចំសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់តាមផ្លូវច្បាប់ ៕
No comments:
Post a Comment