រាជធានីភ្នំពេញ ៖ មន្ត្រីប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន នគរបាលរាជធានី២នាក់ ត្រូវជនសង្ស័យដែលគេអះអាងថា ជាមុខសញ្ញាចោរប្លន់ម្នាក់បានបាញ់សម្លាប់ ខណៈពេលបើករថយន្តម៉ាកកាមរីឆ្លាមពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2A-5777 មួយគ្រឿង តាមប្រមាញ់ និងស្ទាក់ដើម្បីត្រួតពិនិត្យ។
ហេតុ ការណ៍បាញ់សម្លាប់មន្ត្រីប៉ូលិសនេះបានត្រូវសមត្ថកិច្ចឱ្យដឹងថា កើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៤ សីហា នៅចំណុចមុខមន្ទីរពហុព្យាបាលម៉ៅសារី តាមបណ្តោយផ្លូវលេខ៥១៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។ តាមសមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យមានគ្នាតែម្នាក់ឯងទេ ជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ មួយគ្រឿង បានបាញ់ស្រោចដោយកាំភ្លើងខ្លី បណ្តាលឱ្យមន្ត្រីប៉ូលិសម្នាក់ដួលស្លាប់នៅលើដងផ្លូវទាំងដៃ កាន់កាំភ្លើងខ្លីម៉ាក BERETTA និងម្នាក់ទៀតស្លាប់នៅជាប់ចង្កូតរថយន្ត ។ មន្ត្រីប៉ូលិសរងគ្រោះទី១-លោកគង់ សុវិចិត្រ ហៅជា អាយុ៣២ឆ្នាំ រហស្សនាមរាត្រី៣៦ មានឋានន្តរស័ក្តិជាអនុសេនីយ៍ត្រី មានទីលំនៅផ្ទះលេខ៤៣ ផ្លូវលេខ៣១០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ទី២-លោករឿន ប៉ូ ហៅមាស អាយុ៣២ឆ្នាំ មានឋានន្តរស័ក្តិព្រឹន្ទបាលឯករហស្សនាមរាត្រី៨៥ មានទីលំនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលមានការបាញ់ប្រហារនេះ គេឃើញមន្ត្រីប៉ូលិសទាំង២នាក់ បើករថយន្តម៉ាកកាមរីឆ្លាមមួយគ្រឿង ឈប់ស្ទាក់ផ្លូវបុរសម្នាក់ជិះម៉ូតូមា៉កហុងដា C125 ពណ៌ខ្មៅ ដែលសមត្ថកិច្ចអះអាងថា ជាមុខសញ្ញាចោរប្លន់ នៅចំណុចតាមផ្លូវលេខ៥១៦ មុខមន្ទីរពហុព្យាបាលម៉ៅសារី ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ។ តាមសាក្សីបន្តទៀតថា នៅក្នុងសកម្មភាពនោះគេឃើញមន្ត្រីប៉ូលិសលោករឿន ប៉ូ ហៅមាស បានស្ទុះចុះពីលើរថយន្តដោយក្នុងដៃមានកាន់កាំភ្លើងខ្លីម៉ាក BERETTA រត់ទៅភ្ជង់ និងបាញ់គំរាម១គ្រាប់ តែកាំភ្លើងត្រូវគាំងបាញ់មិនចេញ។ ខណៈបាញ់គ្រាប់ទី២ ទើបត្រូវជនសង្ស័យដកកាំភ្លើងខ្លីបាញ់តម្រង់ប្រមាណ២ទៅ៣ គ្រាប់ក្នុងស្ថានភាពនៅជិតគ្នា បណ្តាលឱ្យត្រូវ២គ្រាប់ ដួលស្លាប់នៅលើដងផ្លូវដោយក្នុងដៃមានកាន់កាំភ្លើងខ្លីនៅឡើយ។ ភ្លាមនោះជនសង្ស័យបានបើកម៉ូតូទៅមុខបន្តិចក៏បាញ់សំដៅទៅលើ លោកគង់ សុវិចិត្រ ហៅជា ចំនួន៣គ្រាប់ទៀត បណ្តាលឱ្យត្រូវចំនួន២គ្រាប់ ស្លាប់បាត់បង់ជីវិតនៅជាប់ចង្កូតរថយន្ត រួចបើកម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។
តាមសមត្ថកិច្ចឱ្យដឹងថា ជនដៃដល់ជាឃាតកគឺជាមុខសញ្ញាចោរប្លន់ដែលត្រូវសមត្ថកិច្ចតាម ប្រមាញ់ និងបានស្ទាក់ផ្លូវធ្វើការត្រួតពិនិត្យ តែជាអកុសលត្រូវជនសង្ស័យបាញ់ប្រហារស្រោចមកលើបណ្តាលឱ្យ ស្លាប់បែបនេះ។ ក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ចគ្រប់ផ្នែកបានទៅដល់កន្លែង កើតហេតុឃើញលោកគង់ សុវិចិត្រ នៅមានដង្ហើមនៅឡើយ ក៏ហៅរថយន្តគ្លីនិកទួលគោកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ ម៉ែត តែលោកបានស្លាប់បាត់ទៅហើយ ។ សពមន្ត្រីប៉ូលិសទាំងពីរនាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ ឈាបនដ្ឋានវត្តសន្សំកុសល ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
នៅវេលាទៀបភ្លឺនៅក្នុងវត្តគេឮសូរ តែសំឡេងយំសោកពីក្រុមគ្រួសារ និងមិត្តភក្តិបងប្អូនដោយក្តីអាឡោះអាល័យបំផុត ។ ស្ត្រីម្នាក់ដែលគេស្គាល់ថាជាភរិយាសពលោកគង់ សុវិចិត្រ ហៅជា បានយំរៀបរាប់ឱ្យដឹងថា ប្តីរបស់គាត់ត្រូវបានមេទូរស័ព្ទហៅ ហើយបានចេញពីផ្ទះនៅវេលាម៉ោង១២យប់ មិននឹកស្មានថា ដូចហៅឱ្យទៅស្លាប់បែបនេះឡើយ ។
តាមការពិនិត្យនៅកន្លែងកើតហេតុសមត្ថកិច្ច រើសបានសំបកគ្រាប់១គ្រាប់ ដែលគេសង្ស័យថា ជាសំបកគ្រាប់កាំភ្លើងខ្លីរបស់មន្ត្រីប៉ូលិសរូបនោះ ចំណែកសំបកគ្រាប់កាំភ្លើងឃាតកពុំបានបន្សល់ទុកឡើយ ។ បើតាមក្បាលគ្រាប់ចំនួន៣ដែលវះយកចេញពីសព និងជាប់ក្នុងរថយន្តត្រូវបានមន្ត្រីសមត្ថកិច្ចឱ្យដឹងថា ឃាតកបានប្រើកាំភ្លើងខ្លីម៉ាករ៉ូឡូបាញ់ទៅលើមន្ត្រីប៉ូលិសទាំង ២ នាក់។ ចំពោះសពលោកគង់ សុវិចិត្រ ត្រូវចំនួន២គ្រាប់ចំក្រោមក្លៀកខាងឆ្វេងបៀម ត្រូវកំភួនដៃឆ្វេងធ្លាយ។ ឯសពលោករឿន ប៉ូ ហៅមាស ត្រូវដើមដៃខាងស្តាំបៀម និងត្រូវពោះខាងឆ្វេងបៀមនៅខ្នង។
នៅព្រឹកថ្ងៃទី១៤ សីហា ស្នងការដ្ឋាននគរបាលរាជធានី មន្ត្រីប៉ូលិសអង្គភាព និងអធិការដ្ឋាននានាបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ដល់គ្រួសារសពរបស់មន្ត្រីទាំង២រូបខាងលើ ដែលបានពលីក្នុងបុព្វហេតុការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ សូមឱ្យវិញ្ញាណក្ខន្ធលោកទាំង២ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងនាមជាថ្នាក់ដឹកនាំប្រៀបដូចអាណា ព្យាបាល លោកឧត្តមសេនីយ៍ត្រីទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯកប៉ុល ភិធេយ្យ ស្នងការរង លោកវរសេនីយ៍ឯកហ៊ី ព្រូ ស្នងការរង និងលោកវរសេនីយ៍ទោ ជួន ណារិន្ទ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានរៀបចំពិធីបុណ្យ សពមន្ត្រីប៉ូលិសទាំង២រូបនៅក្នុងវត្តសន្សំកុសល ជាមួយក្រុមគ្រួសារ ។
ពិធីតម្កល់សពមានការអញ្ជើញគោរពវិញ្ញាណក្ខន្ធ ពីមន្ត្រីនគរបាលជាតិមក ពីការិយាល័យ អធិការដ្ឋានខណ្ឌទាំង៨ នៅវេលាព្រឹកថ្ងៃទី១៤ សីហា ។ លុះព្រឹកថ្ងៃទី១៥ សីហា ធ្វើពិធីគោរពវិញ្ញាណក្ខន្ធធំមួយទៀតមុននឹងសពបូជាដោយមានការចូល រួមពីលោកឧត្តមសេនីយ៍ឯកជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ ។ ក្នុងទឹកមុខក្រៀមក្រំ ដោយក្តីអាណិតអាសូរដល់មន្ត្រីនគរបាលជាតិ២រូបដែលបាត់បង់ អាយុជីវិតក្នុង បេសកកម្ម បង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធលោកឧត្តមសេនីយ៍ត្រីទូច ណារ៉ុថ បានអំពាវនាំវដល់សប្បុរសជនឱ្យរួមគ្នាជួយធ្វើបុណ្យកុសលដល់គ្រួសារ មន្ត្រីនគរបាលទាំង២រូប ដែលសុទ្ធតែជាអ្នកក្រីក្រ ។ សពលោករឿន ប៉ូ ហៅមាស នៅលីវមានឪពុកអតីតជាកងទ័ពការពារខ្សែរថភ្លើងក្នុងអំឡុងទស វត្សទី៨០ ហើយបានប្រយុទ្ធជាមួយខ្មែរក្រហមនៅតំបន់ភ្នំវល្លិ បណ្តាលឱ្យរងរបួសពិការភ្នែកទាំងសងខាង និងដាច់ដៃស្តាំ មួយចំហៀងរហូតមកដល់សព្វថ្ងៃ ។ មើលឃើញស្ថានភាពគ្រួសារមន្ត្រីនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់លំបាកតោកយ៉ាកដូច្នេះហើយ ទើបលោកឧត្តមសេនីយ៍ស្នងការអំពាវនាវឱ្យសប្បុរសជនជួយ ។
សប្បុរសជនរួមមានលោកតាន់ ស្រ៊ី បណ្ឌិតឆេង លីប គង់ ប្រធានក្រុមហ៊ុនណាហ្គាវើលទឹកប្រាក់ចំនួន១០.០០០ដុល្លារ សម្រាប់សពទាំង២ លោកឧត្តមសេនីយ៍ឯកណឹម ម៉េង ៣.០០០ដុល្លារ, លោកជំទាវឧកញ៉ាស៊ុយ សុផាន ១.០០០ដុល្លារ, លោកឧកញ៉ាអ៊ូ ឆាយ ៤០០ដុល្លារ, លោកជំទាវ ម៉ែន សំអន ២០០ដុល្លារ, លោកសុខ សុគន្ធ ១.០០០ដុល្លារ, លោកជំទាវអ៊ឹង ស៊ីស្រ៊ន ២០០ដុល្លារ, លោកឧត្តមសេនីយ៍ទោ ហាក់ ម៉ៅ ១.០០០ដុល្លារ, លោកឧកញ៉ាញឹក ផន ១០០០ដុល្លារ, លោកឧកញ៉ាឡាវ វ៉ាន់ ២០០ដុល្លារ, លោកឧត្តមសេនីយ៍ឯកឡុង ម៉េង ៥០០ដុល្លារ, លោកឧត្តមសេនីយ៍ទោ ស៊ី ហ៊ូហ៊ុយ២លានរៀល, ក្រុមហ៊ុនជីប ម៉ុង ១.០០០ដុល្លារ, លោកឧត្តមសេនីយ៍ត្រីឌួង ងៀប ១លានរៀល, លោកឧកញ៉ាថោង សារ៉ាត់ ២លានរៀល, លោកជំទាវជា ខេង ស៊ុយ សែម ៨០ម៉ឺនរៀល, លោកហាញ់ ចំរ៉ុង និងលោកជំទាវ១លានរៀល, លោកឧកញ៉ាវ៉ាន គឹមឆន និងលោកជំទាវឃុន បូលីន ៥០០ដុល្លារ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ១លាន២សែនរៀល អធិការដ្ឋាននគរបាលខណ្ឌទួលគោក១លានរៀល អធិការដ្ឋាននគរបាលខណ្ឌ៧មករា ៥០ម៉ឺនរៀល និងនៅមានតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌមួយចំនួនទៀត ៕
No comments:
Post a Comment