Monday, August 15, 2011

រឿងលួចកង់ជាជីវិតដ៏ក្រៀមក្រោះត្រដររស់



ខេត្តស្វាយរៀង ៖ ត្រឹម​ថ្ងៃ​១៥ សីហា នេះ ​​មាន​រយៈ​ពេល​៥​ថ្ងៃ​ហើយ​​ដែល​យុវជន​ជំទង់​​ជា​ក្មេង​កំព្រា​​ម្នាក់​ត្រូវ ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នា​គារ​ពី​បទ​លួច​កង់ ។ ​កោះ​សន្តិ​ភាព​មិន​មាន​​ចេតនា​លើ​ក​ទឹក​ចិត្ត​​ ហើយ​ឱ្យមាន​ដៃ​មាន​ជើង​ធ្វើ​ចោរ​នោះទេ ​​តែ​​ជា​ការពិត​ជីវិត​ដែល​ខ្វះការអប់រំ។ លុះ​ដឹងក្តី​ឡើង​ទាល់​តែ​បញ្ចេញ​កម្លាំងកាយ​​ទើប​​បាន​បាយ​ហូប​ ហើយ​ការ​ដើរ​ទៅ​មក​ពី​ភូមិ​ដល់​ក្រុង​ស្វាយ​រៀងរាល់​ថ្ងៃ ​មាន​ចម្ងាយ​​ប្រមាណ​ជាង​១០​គីឡូ​ម៉ែត្រ ​​ជា​ជីវិត​ស៊ូណាស់។ ចង់​បាន​កង់​ជិះ​តែ​​គ្មាន​វាសនា​​ ទើប​ដាច់​ចិត្ត​​ធ្វើ​ចោរ​លួច​កង់​ ទី​បំផុត​​ការ​គិត​ខុស​មួយ​គ្រា​​បាន​ក្លាយ​ជា​អ្នក​ទោស​គួរ​ឱ្យ​ត្រា​ប្រណី ​បំផុត ។

បញ្ហា​ជីវិត​ដែល​បែក​ធ្លាយ​ក្រោយ​​ពេល​កើត​រឿង​​​លួច​ កង់​នេះ  ពិត​ជា​​គួរ​ឱ្យ​អាណោច​អាធ័ម​​​ពេក​ណាស់​សម្រាប់​ជីវិត​មនុស្ស​គ្រប់​​រូប ។ ​យើង​គ្រប់​គ្នា​ពិតជា​អាច​វាស់បាន​ក្នុង​ស្ថាន​​ភាព​ជីវិត​ គឺច្បាស់​​ជា​ដឹង​ថា​ មាន​លក្ខ​ខណ្ឌ​​ប្រសើរ​ជាង​ជីវិត​ក្មេង​​កំព្រា​វ័យ​ជំទង់​នេះ ។ ការ​​ជាប់​ឃុំ​ក្នុង​ពន្ធ​នា​គារ​របស់​ក្មេង​កំព្រា​វ័យ​ជំទង់​​ធ្វើ​ឱ្យ​ ជីតា​វ័យ​ចំណាស់​​ពិការ​ជើង​ និង​ប្អូន​​តូចៗ​២នាក់​ទៀត​ដែល​​រស់​​នៅ​ក្រោម​ដើម​ឫស្សី​​ជួបការ​លំបាក​ហួស ​និស្ស័យ​ ព្រោះ​ការ​រស់​បាន​អាស្រ័យ​​លើ​ចៅ​​ជំទង់​ដែល​ពេល​នេះ​ក្លាយ​​ទៅជា​អ្នក​ទោស ​ទៅ​ហើយ​​នោះ ។

កាល​​ពី​ថ្ងៃទី​១៣ សីហា ​លោក​​តា ម៉ៅ វង្ស ​អាយុ​៦១​​ឆ្នាំ ជា​ជន​​ពិការ​ស្វិត​ជើង​​ទាំងពីរ​នៅ​​ភូមិ​ឫស្សី​ព្រៃ ឃុំ​ចម្លង​ ស្រុក​ស្វាយ​ជ្រំ បាន​អំពាវនាវ​​សុំ​ឱ្យ​​សាលា​ដំបុង​ខេត្ត​មេត្តា​ប្រណី​ដោះ​​លែង​ចៅ​ប្រុស​ របស់​គាត់​ឈ្មោះ​វង្ស កាណេត ​អាយុ​១៧​​ឆ្នាំ ដែល​ជាប់​ចោទ​ពី​បទ​លួច​កង់​គេ ហើយ​​ត្រូវ​តុលា​ការ​ឃុំ​ខ្លួន​​បណ្តោះអាសន្ន​​នៅ​ពន្ធ​នា​គារ​​កាល​ពី​ថ្ងៃ ​ទី​១២ សីហា ឆ្នាំ ២០១១ ​ឱ្យ​មាន​សេរី​ភាព​វិញផង បើ​ពុំ​​នោះទេ ​រូប​គាត់ និង​ចៅ​​តូចៗ​២​នាក់​​ទៀត ​ពិតជា​ដាច់​​ពោះ​ស្លាប់​មិន​ខាន ពី​ព្រោះ​​ចៅ​​វង្ស​ កាណេត ​ជាអ្នក​រក​ស៊ីចិញ្ចឹម​ ។

លោកតា ម៉ៅ ​វង្ស ​បាន​និយាយ​ប្រាប់​កោះ​សន្តិ​ភាព​​ទាំងទឹកភ្នែក​ និងអួល​ដើម​.កថា ​​គ្រួសារ​​រ​បស់​គាត់​មាន​កម្ម​ពៀរ​អាក្រក់​​ណាស់​ដែល​ពី​ដើម​ឡើយ ​រូប​គាត់​មាន​កាយ​សម្បទា​ល្អ​ធម្ម​តា​ទេ តែ​បាន​​ធ្លាក់​ខ្លួន​ពិការ​​ស្វិត​ជើង​ទាំងពីរ​ដោយ​សារ​​ជំងឺ​នៅ​ឆ្នាំ​ ១៩៨០។ ​ឯ​ប្រពន្ធ​គាត់​បាន​ស្លាប់​នៅ​ឆ្នាំ​១៩៩៤ និង​បាន​រស់​នៅ​ជា​មួយ​កូន​ស្រី​ម្នាក់​ឈ្មោះ​ម៉ៅ ​ប៉ុង ។ ​កូនស្រី​គាត់​​​​មាន​ប្តី​ឈ្មោះ​គល់ វណ្ណី ​ជា​មនុស្ស​ប្រមឹក​​​ស្រា​​តែង​​ប្រើ​អំពើ​ហិង្សា​​ទៅលើ​ប្រពន្ធ​​កូន។​ ចំណែក​​រូប​គាត់​ដូច​មនុស្ស​ស្លាប់​ទាំង​រស់​ ព្រោះ​ខ្លួន​ពិការ​មិន​អាច​ធ្វើ​អ្វី​​ជួយ​កូន​ស្រី​ និង​ចៅ​ៗ​បាន ។ លុះដល់​ឆ្នាំ​​២០០២ ​ពេល​កូន​ស្រី​គាត់​​ឈ្មោះ​ម៉ៅ ប៉ុង ​សម្រាល​​កូន​បាន​៤​ខែ​ ក៏​ត្រូវ​​ប្តី​កំណាច​ដែល​មាន​ប្រពន្ធ​ចុង​វាយ​ធ្វើ​បាប​ច្រាន​ឱ្យ​ដួល​រួច​ ​បើក​ម៉ូតូ​កិន​ពី​លើ​​រហូត​សន្លប់​បាត់​ស្មារតី។ ​តាំងពី​ពេល​នោះ​មក​​កូន​ស្រីគាត់​​មាន​ជំងឺ​ទាស់​រីង​រៃ ​រូប​គាត់​​ក៏​បាន​លក់​ដី​ស្រែ​ដែល​មាន​​ទាំង​​ប៉ុន្មាន​ព្យា​បាល​កូន​ស្រី​ និង​ទិញ​ទឹក​ដោះ​គោ​ឱ្យ​ចៅ​​តូច​អាយុ​៤​ខែ​​បៅ និង​គ្រប់​គ្រង​ចៅ​​តូចៗ​​៣​នាក់​យ៉ាង​វេទនា ព្រោះរូប​គាត់​មិន​អាច​ដើ​រ​បាន​ គឺ​បាន​​​ត្រឹម​កិ​ល​នឹង​គូទ​បន្តិចៗ​​ក្នុង​ផ្ទះ​។​ ក្រោយ​​​ពេល​លក់​ស្រែ​អស់​ហើយ​ជីវ​ភាព​​ក៏​កាន់​តែ​ធ្លាក់​ដុន​ដាប។ ​រស់​នៅ​ស្រុក​ស្រែ​គ្មាន​ស្រែ​ធ្វើ ហើយ​កូន​​ប្រសា​កំណាច​បាន​ចុះ​ចោល​ផ្ទះទៅ​មាន​​ប្រពន្ធ​ចុង​នៅ​ឯខេត្ត​កំពង់ ​ធំ​បាត់​ទៅ។ ​ចំណែក​កូន​ស្រីគាត់​ឈឺ​ចិត្ត​ផង មាន​ជំងឺ​​រាំរ៉ៃ​ផង ​ក៏​ក្អួត​ឈាម​ស្លាប់​​នៅឆ្នាំ​២០០៣ ​ចោល​កូន​តូចៗ​៣​នាក់​នេះ។

ទាក់ទិន​នឹង​​កូន​ប្រសា​កំណាច​​គាត់​និយាយ​ថា គាត់​បាន​​ឮ​ថា​បង​ប្អូន​ខាង​ប្រពន្ធ​ចុងដែល​ទ្រាំ​នឹង​អំពើ​ឃោរ​ឃៅ​មិន​បាន ​ក៏​កាប់​សម្លាប់​ចោល​​នៅអំឡុង​​ឆ្នាំ​២០០២ ក្រោយ​ពី​​ចុះ​ចោល​ផ្ទះ​បាន​៣​ខែ ។ ដោយ​ជីវ​​ភាព​ក្រីក្រ​ពេក​​ពុំ​មាន​មុខ​របរ​​ចិញ្ចឹម​​​ជីវិត ​​រូបគាត់​ក៏ដាច់​ចិត្ត​យក​ដី​ភូមិ និង​ផ្ទះ​ទៅ​បញ្ចាំ​​យក​លុយធ្វើ​បុណ្យ​ឱ្យ​កូន​ស្រី​ផង និង​ផ្គត់​ផ្គង់​​ជីវ​ភាពផង ។ ជា​មួយ​នេះ​ដើម្បី​​ឱ្យ​ចៅៗ​បាន​ទៅ​រៀន​រូប​​គាត់​ក៏​​​​មក​រកស៊ី​​ប៉ះ​កង់​ ​នៅ​តាម​ថ្នល់​បានប្រាក់​បន្តិច​បន្តួច​​រហូត​ចៅ​ប្រុស​​បង​​រៀន​ចប់ថ្នាក់​ ​ទី៦ ​ ទើប​ត្រូវ​​​គេ​​កាត់យក​ដីភូមិ​អស់​ទៅ។​ ពេលនោះ​​ចៅ​ប្រុស​​​ប​ង​​ឈ្មោះ​​កាណេត មាន​​អាយុ​១៥​ឆ្នាំ និង​ត្រូវ​​​​ចូលរៀន​​ថ្នាក់ទី៧ ​តែ​​ដោយ​ជីវ​ភាព​​ក្រីក្រ ​​​ឯ​រូប​គាត់​​​កាន់​តែ​​ជរា ​​ចៅ​វង្ស កាណេត ក៏​បានសុំ​ឈប់​រៀន​ ដើម្បីទៅ​រក​​ស៊ី​​ដោយទុក​ឱ្យ​ប្អូ​នប្រុស​២នាក់​បាន​រៀន​សូត្រ​ គឺប្អូន​ទី១​-​ឈ្មោះ​​វង្ស ​វណ្ណាត ​អាយុ​១៣​ឆ្នាំ ​​រៀនថ្នាក់​ទី៣ ​នៅ​សាលា​បឋម​សិក្សា​ប្ញស្សី​ព្រៃ និង​ប្អូនទី២ ឈ្មោះ​វង្ស ​ឃុន អាយុ​៨ឆ្នាំ ​​រៀន​ថ្នាក់ទី១ ។

លោកតាបន្តទៀត​ថា ​ចៅវង្ស កាណេត ​អាយុ​ពី​១៥​​ឆ្នាំ​មក ត្រូវ​ធ្វើ​ជា​​ឪពុកផង ​និង​ធ្វើជា​ម្តាយ​ផង​ក្នុង​ការ​រកស៊ី​​​ចិញ្ចឹម​​ប្អូនៗ​ និង​ជីតា ​​ដោយព្រឹក​ឡើង​​ ដើរ​​ពីភូមិ​ប្ញស្សី​​ព្រៃមក​ក្រុង​ស្វាយរៀង​ចម្ងាយ​ជាង​១០​គីឡូ​​ម៉ែត្រ ​សីុ​ឈ្មួល​លី​សែង​ល្ងាច​ឡើង​​ដើរត្រឡប់​​មក​ផ្ទះវិញ ទិញ​អង្ករ​​ទិញ​ម្ហូប​យកទៅ​ផ្គត់ផ្គង់គ្រួសារ ។ ​​វង្ស ​កាណេត ​​ធ្វើ​ជា​កម្ម​ករ​លីសែង​តាំងពី​អាយុ​១៥ឆ្នាំ ​រហូតមក​​ដល់​​ឆ្នាំនេះ​អាយុ​១៧ឆ្នាំហើយ​។ ​គាត់​និយាយ​​ដោយ​​ហួ​សចិត្ត​ថា ដោយសារ​ពិបាក​ក្នុង​ការ​​ធ្វើ​ដំណើរ​​​ឆ្ងាយនេះ​ហើយ ​ទើប​​ចៅគាត់​ដាច់​ចិត្ត​លួច​​កង់គេ ដើម្បី​ជិះ​មកធ្វើ​ការ​ ហើយបើ​ច្បាប់​​ដាក់គុក​ចៅ​របស់គាត់​ គឺដូច​ជាសម្លាប់​រូប​គាត់ ​និង​ចៅៗ​តូច​ទាំង​ពីរនាក់​​អីុចឹង​ដែរ។ ​ទើប​រូប​គាត់​​សូមអំពាវនាវ​​ដល់​សម្តេច​តេជោ​ ហ៊ុន សែន ​​សូម​​មេត្តា​ជួយអន្តរា​គមន៍​​​ដោះលែង​​​ចៅ​ប្រុស​​របស់​​គាត វង្ស កា​ណេតឱ្យ​មាន​សេរីភាព​​ផង ដើម្បី​បាន​មក​រកស៊ីចិញ្ចឹម​​​ប្អូនៗ​ឱ្យ​មានជីវិត និង​សិក្សា​​​រៀនសូត្រ​​បន្ត​ទៀត។

ចំណែក​​អ្នក​ភូមិ​រស់​នៅ​ជិត​ខាង​ក៏បាន​អំពាវនាវ ​ដែរ សូម​ឱ្យ​​តុលាការ​មេត្តា​ដោះ​លែង​​ទៅ ព្រោះ​វង្ស កាណេត ជាមនុស្ស​ស្លូតបូត​​មិន​មែន​​ចិត្ត​ជា​ចោរ​ ​​ឬក្មេង​​ទំនើងនោះទេ តែកម្ម​លោកិយ​​​បាន​ដាក់​​ទោស​ដល់រូបគេ​ឱ្យ​រស់នៅ​​​វេទនាណាស់ ​សូម្បីតែ​​ផ្ទះ​ក៏គ្មាន​​ស្នាក់​នៅ ​រស់នៅ​ក្រោម​គុម្ពប្ញស្សី​​កែង​ផ្លូវ​​​សំយ៉ាប​​ផ្ទះគេ​​អែប​ផ្លូវ​ជា​មួយ​ ប្អូនតូចៗ​​​ និងជីតា​ពិការ​​​ជើង​។ ​ពេល​​​ភ្លៀង​អង្គុយ​ឱប​​ក្បាលជង្គង់​​​​រងា​ញ័រ ​​ញាក់គ្មានមុង ភួយ ដណ្តប់​ទេ។​ ពេលថ្ងៃ​​ធ្វើ​កម្មករ​លីសែង ​​តាំង​ពី​កុមារភាព។ ពេលហូប​ខ្វះព្រឹកខ្វះ​ល្ងាច​​​ មិន​ដែល​ស្គាល់​ឆ្ងាញ់ ដែល​​កម្ម​ប៉ុណ្ណោះអាចថា​ធ្ងន់​ធ្ងរ​​​សម្រាប់​រូបគេ​ទៅហើយ ។ ​សង្ឃឹម​ថា ​តុលាការ​ក៏​មាន​បេះដូង​ដែរ។

ជីតា​ពិការ​ជើង​សុខ​ចិត្ត​​រស់​នៅតាម​ចិញ្ចើម​​ផ្លូវ​ ងាយ​ស្រួល​ប៉ះ​កង់​​ម៉ូតូ​​ពេល​គេ​​ត្រូវ​ការ ព្រោះ​មិន​អាច​ដើរ​ ឬ​កិល​ឆ្ងាយ​បាន​ចង់​មក​រក​គាត់​ប៉ះ​កង់​​ពេល​ណា​​បាន​ពេល​នឹង​៕

No comments: