Monday, August 15, 2011
រដ្ឋាភិបាលកម្ពុជាផ្តើមផ្សព្វផ្សាយគោលនយោបាយថ្មីស្តីពីព្រំដែន
ខណៈដែលមេដឹកនាំកម្ពុជា និងថៃគ្រោងជួបគ្នាដើម្បីពិភាក្សាអំពីរបៀបវារៈនៃការស្តារ ទំនាក់ទំនងប្រទេសទាំងពីរឡើងវិញ រដ្ឋាភិបាលកម្ពុជាបានផ្តើមផ្សព្វផ្សាយគោលនយោបាយថ្មីដល់កងទ័ព សមរភូមិមុខអំពីបញ្ហានេះ។ ពិធីជួបជុំមួយបានផ្តើមឡើង កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅឯតំបន់ព្រំដែនព្រះវិហារដើម្បីផ្សព្វផ្សាយគោលនយោបាយថ្មីដល់ កងទ័ព។ នៅឯប្រទេសថៃឯណោះ រដ្ឋមន្ត្រីការពារជាតិថ្មី ដែលទើបឡើងកាន់តំណែងបានជំរុញឲ្យកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ទូទៅ ត្រូវបើកធ្វើឲ្យបានឆាប់បំផុត ពោលគឺអាចនឹងធ្វើ នៅចុងខែសីហា នេះ។
ពិធីជួបជុំមួយត្រូវបានគេផ្តើមធ្វើឡើង កាលពីថ្ងៃសៅរ៍ទី១៣សីហាម្សិលមិញ នៅឯព្រះវិហារដែលមាននាយទាហាន និងពលទាហាន ជាច្រើនចូលរួម។ ពិធីនេះត្រូវបានគេអះអាងថា ដើម្បីផ្សព្វផ្សាយគោលនយោបាយថ្មីរបស់រដ្ឋាភិបាលស្តីពីបញ្ហាព្រំដែន ដល់កងទ័ពសមរភូមិមុខ។ ខ្លឹមសារសំខាន់ដែលមេទ័ពកម្ពុជាចង់បញ្ជ្រាបដល់យោធាសមរភូមិមុខគឺ ពេលនេះជាសករាជថ្មីនៃសហប្រតិបត្តិការរវាងរដ្ឋាភិបាលក្រុងភ្នំពេញ និងបាងកកដែលដឹកនាំដោយគណបក្សភឿថៃរបស់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត។ សារនេះត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងជាសាធារណៈ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១។
ប្រភពពីមន្ត្រីយោធាឲ្យដឹងថា ជំនួបនេះត្រូវបានធ្វើឡើងដើម្បីផ្សព្វផ្សាយគោលជំហរថ្មីរបស់ ប្រមុខរដ្ឋាភិបាលកម្ពុជាក្នុងការស្តារទំនាក់ទំនងឡើងវិញជាមួយប្រទេស ថៃ។ នាយឧត្តមសេនីយ៍ គន់ គីម មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការប្រចាំតំបន់ព្រំដែនកម្ពុជា-ថៃ បានពន្យល់កងទ័ពដែលឈរជើងនៅជួរមុខអំពីបរិយាកាសថ្មីនៃការ ស្វែងរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
កាលពីដើមសប្តាហ៍នេះ មន្ត្រីយោធានៃក្រសួងការពារជាតិក៏បានបើកកិច្ចប្រជុំមួយដើម្បី ត្រៀមរៀបចំរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា ថៃដែរ។ កិច្ចប្រជុំដែលគេរំពឹងថានឹងបើកធ្វើនៅពេលឆាប់ៗនេះ។ មុននេះបន្តិច កម្ពុជាក៏បានកែសម្រួលកម្លាំងទ័ពមួយចំនួននៅតាមជាយដែនដែរ។ កងកម្លាំងអន្តរាគមន៍មួយចំនួនត្រូវបានដកថយមកសមរភូមិក្រោយវិញ។ ទាំងនេះគឺជាការបង្ហាញកាយវិការថ្មី ក្នុងន័យត្រៀមខ្លួនដើម្បីបង្កើតបរិយាកាសថ្មីនៅតាមព្រំដែន។
នៅឯទីក្រុងបាងកក រដ្ឋាភិបាលថ្មីរបស់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត ក៏អន្ទះសាណាស់ដែរក្នុងការស្តារទំនាក់ទំនងជាមួយកម្ពុជាឡើងវិញ។ រដ្ឋមន្ត្រីការពារជាតិថ្មីដែលទើបឡើងកាន់តំណែង លោក Yuthasak Sasiprapha បានថ្លែងប្រាប់កាសែត The Nation ថា គណៈកម្មាធិការព្រំដែនកម្ពុជា និងថៃនឹងបើកកិច្ចប្រជុំឲ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបានដើម្បីពិភាក្សាអំពីបញ្ហាព្រំដែន។ លោក Yuthasak រំពឹងថា កិច្ចប្រជុំនេះត្រូវធ្វើនៅ ក្នុងអំឡុងខែសីហានេះ។
លោកឧត្តមសេនីយ៍ឈុំ សុជាតិអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក៏បានអះអាងអំពីកិច្ច ខិតខំប្រឹងប្រែងរបស់យោធាជួរមុខ ក្នុងការសាងទំនាក់ទំនងល្អជាមួយថៃ តាមរយៈការជួបជុំលេងកីឡាឬហូបបាយសាមគ្គីរវាងកងទ័ពនៃភាគីទាំងពីរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment