Monday, August 15, 2011

ឃាតក២នាក់ យកកន្ដ្រៃកាត់ដែក វាយសម្លាប់​ ជនរងគ្រោះ ខណៈកំពុងដេកក្នុងអង្រឹង ជនដៃដល់ម្នាក់ ត្រូវសមត្ថកិច្ច ចាប់ខ្លួន


កំពង់ចាម៖ បុរសជាឃាតកកំណាចឃោរឃៅ ២នាក់ បានយកកន្ដ្រៃកាត់ដែកព្រួតគ្នាវាយ ទៅលើបុរសម្នាក់ បណ្ដាលឱ្យស្លាប់ ក្រោយពីក្រុមគ្រួសារដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យ។ អំពើឃាតកម្មនេះ ក្រុមជនដៃដល់បានវាយសម្លាប់ជនរងគ្រោះ ខណៈដែលជនរងគ្រោះកំពុងដេកក្នុងអង្រឹង ក្នុងតូបលក់ទឹកអំពៅ។

ហេតុការណ៍វាយសម្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ នៅចំណុចមុខរោងចក្រកាំជីន ស្ថិតក្នុងភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្ដកំពង់ចាម។

លោកវរសេនីយ៍ត្រី លាង អេង អធិការនគរបាលក្រុងសួង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១១ ខែសីហា  សមត្ថកិច្ចបានទទួលព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ ឈ្មោះ ពិន តុល ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មកររោងចក្រកាំជីន ដែលមានស្រុកកំណើតនៅភូមិចុងអង្ក្រង សង្កាត់សួង ក្រុងសួង ខេត្ដកំពង់ចាម  បានរងគ្រោះដោយជនល្មើសបានវាយឱ្យរបួសធ្ងន់ធ្ងរ ហើយអូសទម្លាក់ប្រឡាយ ហើយត្រូវបានបងប្អូនជួយ​យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំ ហើយបន្ដទៅព្យាបាលនៅ មន្ទីរពេទ្យកំពង់ចាមរហូតដល់ម៉ោង១រសៀល ពេទ្យខេត្ដបញ្ជូនទៅភ្នំពេញ ប៉ុន្ដែដោយអាការៈជំងឺមានសភាពធ្ងន់ធ្ងរពេក ទើបជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ត្រឹមស្រុកបាធាយ។

លោកអធិការបានបន្ដទៀតថា ក្រោយពីទទួលពាក្យបណ្ដឹង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវក្នុងករណីនោះ ដោយទទួលការបំភ្លឺពីសាក្សីពីរនាក់ ១. ឈ្មោះ ពិន ទិត ហៅឌី ទិត ភេទប្រុស អាយុ២៤ឆ្នាំ, ទី២.ឈ្មោះ អូន និត ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករក្នុងរោងចក្រកាំជីនដូចគ្នាថា  នៅវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១០ ខែសីហា ពួកខ្លួនមានគ្នាចំនួន៦នាក់ បានទៅផឹកស៊ីនៅហាងម្លប់ដូងប្រេង ដែលមានទីតាំងនៅមុខរោងចក្រកាំជីន លុះផឹកស៊ីដល់ម៉ោង១០ និង៣០នាទីយប់គ្មានបញ្ហា​ ទំនាស់អ្វីនឹងគ្នាទេ ផឹករួចក៏បែកផ្លូវគ្នាទៅផ្ទះរាងៗខ្លួន ដោយឡែក ឈ្មោះ ឌី ទិត និងឈ្មោះ អូន និត (សាក្សី២នាក់ខាងលើ) បាននាំគ្នាជូនជនរងគ្រោះទៅដេក​ក្នុងរោងចក្រ តែដោយសារទ្វាររបងបិទជិត ក៏អង្គុយលេងនៅកន្លែងរោងលក់ទឹកអំពៅ ដោយពេលនោះ ឈ្មោះ ពិន តុល (ជនរងគ្រោះ) បានទៅដេកក្នុងអង្រឹង ហើយពួកខ្លួនទាំងពីរនាក់ បានចូលទៅដេកវិញទៅ។ លុះដល់ម៉ោង៤ទៀបភ្លឺ ទើបដឹងថា ឈ្មោះ ពិន តុល រងរបួសជាទម្ងន់ នឹងបាននាំទៅមន្ទីរពេទ្យ។

លោកអធិការបានបន្ដថា ក្នុងករណីនោះ ក្រោយពីបានធ្វើការស្រាវជ្រាវ  សមត្ថកិច្ចយើង បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ហ៊ីង ស៊ីដេត ភេទប្រុស អាយុ២៤ ឆ្នាំ មានទីលំនៅក្នុងភូមិអំបុក ឃុំក្រែក ស្រុកពញាក្រែក ខេត្ដកំពង់ចាម ខណៈដែលគេកំពុងលាក់ខ្លួននៅក្នុងភូមិពណ្ណរាយ សង្កាត់-ក្រុងសួង នាវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែសីហា។

ហេតុការណ៍ឃាតកម្មនេះ បើតាមការឆ្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ហ៊ីង ស៊ីដេត បានឲ្យដឹងថា កាលពីម៉ោង៦ល្ងាចថ្ងៃទី១០  ខ្លួន (ស៊ីដេត) និងឈ្មោះ យ៉េន ពុត រួមនឹងឈ្មោះ អ៊ំ អូន ហៅវុធ បានជុំនំគ្នា ដើម្បីរៀបចំផែនការទៅលួចម៉ូតូនៅក្នុងប៉ុស្ដិ៍យាមរោងចក្រកាំជីន ។ លុះឯកភាពគ្នាហើយ ឈ្មោះ អូន ហៅវុធ ក៏ចេញទៅកំពង់ចាមបាត់ទៅ។

ជនសង្ស័យបានឱ្យដឹងទៀតថា លុះដល់ម៉ោង៣ទៀបភ្លឺថ្ងៃកើតហេតុ ខ្លួន (ស៊ីដេត) និងឈ្មោះ យ៉េន ពុត ក៏បានយកកន្ដ្រៃកាត់ដែកដើរទៅរោងចក្រកាំជីន  ពេលទៅដល់ឈ្មោះ ពុត បានចូលទៅក្នុងរោងចក្រ ដើម្បីពិនិត្យសភាពការណ៍ក្នុងប៉ុស្ដិ៍យាម ពេលពិនិត្យរួច ក៏ចេញមកវិញ ឈ្មោះ ពុត លួចបានទូរស័ព្ទចិនមួយគ្រឿង ហើយក៏ដើរមកកន្លែងរោងលក់ទឹកអំពៅ ហើយពេលដើរដល់កន្លែងលក់ ទឹកអំពៅ ក៏បានឃើញមនុស្សម្នាក់ដេកនៅទីនោះ ឃើញដូច្នោះពួកខ្លួនក៏បាននិយាយថា ត្រូវតែសម្លាប់ អាម្នាក់ហ្នឹងចោល ថារួចពួកគេក៏បានយកកន្ដ្រៃកាត់ដែក វាយទៅលើជនរងគ្រោះចំនួន៤កន្ដ្រៃ បន្ទាប់ មកពួកគេ បានអូសជនរងគ្រោះយក​ទៅទម្លាក់ចូលក្នុងប្រឡាយ ក្បែររោងចក្រនោះ រួចទើបនាំគ្នាចូល ក្នុងរោងចក្រ ហើយនៅពេលឈ្មោះ យ៉េន ពុត កាត់ច្រវ៉ាក់ស្រាប់តែមានសន្ដិសុខស្រែកថា ចោរៗ ដោយមានការផ្អើលដល់អ្នកយាមខាងមុខទៀត ពួកខ្លួនក៏រត់ចេញទៅហើយយកកន្ដ្រៃទៅលាក់ទុក លើ ដំបូលបន្ទប់ទឹក ក្បែរផ្ទះឈ្មោះ ហ៊ីង ស៊ីដេត ជួល។

លោកអធិការបានបន្ថែមទៀតថា ក្នុងករណីនោះ ឆ្លងតាមការបំភ្លឺរបស់ជនសង្ស័យ បានន័យថា នៅពេល ដែលក្រុមចោរបានធ្វើសកម្មភាពបម្រុងលួចម៉ូតូ នៅក្នុងប៉ុស្ដិ៍យាមរោងចក្រកាំជីន ក៏បានប្រទះឃើញ ជនរងគ្រោះដេកលើអង្រឹង នៅក្នុងកន្លែងលក់ទឹកអំពៅ ដោយក្រុមចោរនេះ ខ្លាចបែកការណ៍ក៏នាំគ្នា វាយសម្លាប់ជនរងគ្រោះនៅក្នុងគ្រានោះតែម្ដង ។

លោកអធិការបន្តថា អំពើឃាតកម្មនេះ បច្ចុប្បន្នសមត្ថកិច្ចនគរបាលក្រុងសួង បានចាប់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ហ៊ីង ស៊ីដេត កសាងសំណុំរឿងបញ្ជូន​ទៅតុលាការ ដោយឡែក ឈ្មោះ យ៉េន ពុត បានរត់គេចខ្លួនក្រោយពេលកើតហេតុ សមត្ថកិច្ចកំពុងសុំដីកាពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ ដើម្បីតាមចាប់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធបន្ដទៀត៕
Photo by DAP-NEWS
Photo by DAP-NEWS

No comments: