Saturday, July 30, 2011

ក្រោយពី​កម្ពុជា​ដកទ័ព​ទ្រង់ទ្រាយ​ធំ ទាហាន​ថៃ​នៅតែ​បន្ត​រាយ​បន្លា​លួស មុខ​ប្រាសាទព្រះវិហារ​



ព្រំដែន​កម្ពុជា​-​សៀម: មុនពេល​ដែល​ទាហាន​កម្ពុជា និង​ថៃ អនុវត្តតាម​សេចក្តីសម្រេច​របស់​តុលាការ​អន្តរជាតិ​ទី​ក្រុងឡាអេ ឲ្យ​ដកទ័ព​ចេញពី​តំបន់​ប្រាសាទ​ព្រះវិហារ គឺ​ទាហាន​ថៃ បាន​អនុវត្ត​ផែនការ​របស់​ខ្លួន ហើយ​ធ្វើ​សកម្មភាព រាយ​បន្លា​លួស​នៅ​ព្រំដែន ដែល​ឈមមុខ​ប្រាសាទ​ព្រះវិហារ ។ប្រភព​ស្និទ្ធ​នឹង​កងកម្លាំងប្រដាប់អាវុធ​យោធា​កម្ពុជា បានបញ្ជាក់​ថា ទាហាន​ថៃ​បានធ្វើ​សកម្មភាព​រាយ​បន្លា​លួស ក្នុង​តំបន់​ឈមមុខ ប្រាសាទ​ព្រះវិហារ គឺធ្វើឡើង​ជាប់ៗ​គ្នា​ចំនួន​ពីរ ទៅ​បី​ថ្ងៃ​មក​ហើយ ។​

ការធ្វើការ​រាយ​បន្លា​លួស ដោយ​ទាហាន​ថៃ គឺ​ធ្វើ​បន្ត​ជាប់​នឹង​បន្លា​លួស​ចាស់ ដែល​ទាហាន​ថៃ បាន​រាយ​កាលពី​ប៉ុន្មាន​ខែ​មុន​មក​។ប្រភព​ស្និទ្ធ​នឹង​យោធា​បានបញ្ជាក់​ថា បន្លា​លួស​ចាស់​បាន​ត្រូវ​ថៃ​ធ្វើ​សកម្មភាព​រាយ​បន្តិច​ម្តងៗ ជា​ច្រើនលើក​ច្រើនសារ​។ ការធ្វើ​សកម្មភាព​រាយ​បន្លា​លួស​នៅ​ឈម​នឹង​មុខ​ប្រាសាទ​ព្រះវិហារ កាលពីពេល​កន្លង​មក គឺ​ភាគី​កម្ពុជា​បាន​ហាមប្រាម​ជា​បន្តបន្ទាប់ នៅពេល​ណា​ឃើញ​ទាហាន​ថៃ​រាយ​បន្លា​លួស​ម្តងៗ ។​
ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ ទាហាន​ថៃ​បាន​បន្ត​រាយ​បន្លា​លួស​ថែម​ទៀត ដោយ​ត​ភ្ជាប់​ពី​បន្លា​លួស និង​របង​ឬ​ស្សី ចាស់​ពី​មុន​មក ដើម្បី​បន្ត​រាយ​ឱ្យបាន​វែង​ជាង​មុន​។នៅពេល​ខាងមុខ ដែល​មិនយូរប៉ុន្មាន​ទាហាន​កម្ពុជា និង​ទាហាន​ថៃ និង​ត្រូវ​ដកចេញ​ពី​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ដែល​ធ្វើឡើង​តាម​សេចក្តីសំរេច​របស់​តុលាការ​អន្តរជាតិ​ទី​ក្រុងឡាអេ ។ ក្នុង​សេចក្តីសំរេច​របស់​តុលាការ​អន្តរជាតិ ទី​ក្រុងឡាអេ ក៏​បង្គាប់​ឱ្យ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​ផង​នោះ បញ្ជូន​អ្នក​អង្កេត​ការណ៏​មក​បន្ទាន់​ដើម្បី​ធ្វើការអង្កេត​ការ​ជុំវិញ​ ការដក​ទ័ព និង​ពិនិត្យមើល​ការឈប់​បាញ់​ដោយ​អចិន្ត្រៃយ៍ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ៕

No comments: