Saturday, July 30, 2011

ចោរស្ទើរ បច្ចេកទេសម្នាក់ លួចខ្សែកបាន ហើយ គ្មានសំណាងចាយ ត្រូវសមត្ថកិច្ច ចាប់ជាប់


ភ្នំពេញ៖ ចោរស្ទើរបច្ចេកទេសម្នាក់លួចខ្សែក បានហើយ តែគ្មានសំណាងចាយទ្រព្យ ដែលលួចគេនោះ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ ផ្សារដើមគឃាត់ខ្លួនបានភ្លាមៗ នៅនឹងកន្លែងកើតហេតុ នាវេលាម៉ោង ៧ និង ៤៥នាទីយប់ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០១១ នៅក្នុងមជ្ឈមណ្ឌលពម៉ុងឌីយ៉ាល់ តាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យលួចកាត់យកខ្សែកបា្លទីនខាងលើនេះឈ្មោះ អ៊ុក លក្ខណ៍ ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលតាមបណ្តោយផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ រីឯជនរងគ្រោះ ឈ្មោះស្រីអូន ភេទស្រី អាយុ ៥៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ២១១BEo ផ្លូវលេខ ២៥៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានពរចៅចូល ទៅមើលការតាំងពិព័រណ៍ផលិតផល នៅក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ខណៈដែលកំពុងតែដើរមើលផលិតផលនោះ ស្រាប់តែជនសង្ស័យពីរនាក់ បាននាំគ្នាយកកន្រ្តៃកាត់ក្រចកមកលួចកាត់ខែ្សកចៅរបស់ជនរងគ្រោះ តែជាអកុសល្យត្រូវជនរងគ្រោះដឹងទាន់ ស្រែកឆោឡោ។ ពេលឮដូច្នេះកម្លាំងនគរបាលដែលប្រចាំនៅទីនោះ បានចេញអន្តរាគមន៍ចាប់បានជនសង្ស័យម្នាក់នៅនឹងកន្លែងកើតហេតុ រីឯម្នាក់ទៀតគេចខ្លួនបាត់។

យោងតាមសមត្ថកិច្ចដដែលបានអះអាងថា ខែ្សកដែលជនសង្ស័យលួចនោះមានទម្ងន់៣ជី និងបំពង់កថា ២ ទម្ងន់២ជី ក្រោយពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបានខ្សែកទម្ងន់៣ជី ប្រគល់ជូនជនរងគ្រោះ ដោយឡែកបំពង់កថា២ ទម្ងន់២ជី ឆែកមិនឃើញនោះទេ។បច្ចុប្បន្នសង្ស័យត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការបន្ត៕

No comments: