លោក អាប់ភីស៊ីត នាយករដ្ឋមន្រ្តី ថៃ និង លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី ខ្មែរ (រូបភាពឯកសារ) © សុវណ្ណារាប្រធានអាស៊ានរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបានទាក់ទងមកលោកហោ ណាំហុងប្រមុខការទូតកម្ពុជាកាលពីល្ងាចថ្ងៃទី២៨កក្កដា ដើម្បីបង្ហាញបំណងចង់កោះប្រជុំរដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃ។ កោះប្រជុំដើម្បីជជែកអំពីការអនុវត្តបញ្ជារបស់តុលាការឡាអេស្តីពី ការដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ។
ក៏ប៉ុន្តែនៅក្នុងការទាក់ទងគ្នានោះ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុងបានប្រាប់ទៅប្រធានអាស៊ានលោក ម៉ារទី ណាតាឡេហ្កាវ៉ា អោយដឹងថា ភាគីថៃសព្វថ្ងៃបានឆ្លើយតបមកកម្ពុជាហើយ ឆ្លើយថាគេទុកការងារសាលក្រមឡាអេនេះអោយរដ្ឋាភិបាលថ្មីជាអ្នក អនុវត្តតែម្តង។តាមពិត បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា កម្ពុជាបានទទួលការឆ្លើយតបពីរដ្ឋាភិបាលថៃ ចំពោះសេចក្តីព្រាងនៃកិច្ចព្រមព្រៀងទីមួយស្តីពីការអនុវត្តសាលក្រម តុលាការឡាអេដែលកម្ពុជាបានផ្ញើទៅកាលពីថ្ងៃទី២១កក្កដា មុនការបង្ហាញរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅក្នុងសន្និសីទកាសែត។
នៅក្នុងកំណត់ទូតដែលកម្ពុជាទទួលបាន កាលពីល្ងាចថ្ងៃទី២៧កក្កដា រដ្ឋាភិបាលថៃរបស់លោកអាប់ភីស៊ីតបានឆ្លើយប្រាប់រដ្ឋាភិបាលកម្ពុជាថា គេទុកការងារអនុវត្តសាលក្រមតុលាការយុត្តិធម៌អន្តរជាតិអោយរដ្ឋាភិបាល ថ្មី។
រដ្ឋសភាថៃនឹងជួបប្រជុំនៅដើមសប្តាហ៍ក្រោយនេះ ដើម្បីផ្តើមនីតិវិធីបង្កើតរដ្ឋាភិបាលតែម្តង។ រដ្ឋាភិបាលដែលនឹងដឹកនាំដោយលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ប្អូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយភាព ថាក់ស៊ីន ស៊ីណាវ៉ាត្រា៕
No comments:
Post a Comment