ខេត្តកណ្តាល ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ត្រូវជនមិនស្គាល់មុខលបវាយពី ក្រោយដួលសន្លប់ ហើយយកម៉ូតូនិងដោះយកកងដៃបា្លទីនទៅបាត់ កាលពីវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី២៨ កក្កដា នៅចំណុចផ្លូវរទេះភ្លើងតាមបណ្ដោយផ្លូវលេខ៥៩៨ ជាប់ព្រំប្រទល់សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
តាមការរៀបរាប់ឱ្យដឹងពីបុរសរងគ្រោះឈ្មោះអោ មាឃ អាយុ៣២ឆ្នាំ ដែលដឹងខ្លួនខ្លះៗនិយាយថា គាត់ស្នាក់នៅបន្ទប់ជួលជិតរោងភាពយន្តលុច្ស មានស្រុកកំណើតភូមិស្ទឹងស្លូត ឃុំស្ទឹងស្លូត ស្រុកពាមរក៍ ខេត្ដព្រៃវែង។ នៅយប់កើតហេតុគាត់បានឌុបម៉ូយពីមាត់ទន្លេផ្សារចាស់យកទៅម្ដុំ ត្រឡោកបែក ស្រាប់តែបានជួបមិត្ដភក្ដិដែលស្គាល់គ្នាហៅផឹកស៊ីនៅទីនោះ ។
ប្រភពដដែលបន្ដថា ខណៈពេលផឹកស៊ីស្រវឹងហើយម្យ៉ាងទៀតយប់ជ្រៅផង ក៏បានសុំលាមិត្ដភក្ដិត្រឡប់ទៅកន្លែងស្នាក់នៅវិញ ។ ពេលគាត់ដើរសំដៅទៅម៉ូតូរៀបនឹងឡើងជិះ ស្រាប់តែមិនដឹងជាអ្នកណាលបវាយពីក្រោយមួយព្រនង់ចំក្បាលបណ្ដាល ឱ្យសន្លប់តែម្ដង មួយសន្ទុះទើបដឹងខ្លួនឡើងវិញបាត់ម៉ូតូមិនឃើញ ព្រមទាំងកងដៃប្លាទីនដែលពាក់ជាប់នឹងខ្លួនក៏បាត់ដែរ។ ពេលដឹងខ្លួនក្បាលត្រូវបែកហូរឈាមរហាម គាត់បានហៅម៉ូតូឌុបជិះទៅកាន់មន្ទីរពេទ្យព្រះកុសុមៈនៅវេលាម៉ោង ១១និង៣០នាទីយប់ ដើម្បីឱ្យគ្រូពេទ្យជួយព្យាបាល។ ម៉ូតូដែលបាត់នោះធុនសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខស្វាយរៀង 1A -1124។
ស្ថិតក្នុងមន្ទីរពេទ្យតែម្នាក់ឯងគ្មានអ្នកមើល ថែ ចំណែកអាការស្ថិតក្នុងសភាពរវើរវាយនៅឡើយ ពេលដឹងខ្លួនមួយសាៗនិយាយបានបន្ដិចក៏សន្លប់ទៅវិញ មួយសន្ទុះទើបភ្ញាក់ឡើងវិញចេះតែនិយាយថា បាត់កងដៃបា្លទីន ចំណែកម៉ូតូជនរងគ្រោះមិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេ។ គាត់បានប្រាប់លេខទូរស័ព្ទប្រពន្ធនៅឯស្រុកឱ្យអ្នកយកព័ត៌មាន យើងជួយទូរស័ព្ទប្រាប់ពីគាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះ កុសុមៈក្នុងបន្ទប់សង្គ្រោះបន្ទាន់។ ប៉ុន្ដែពេលទូរស័ព្ទទៅប្រាប់ប្រពន្ធឈ្មោះបូ វឿន អាយុ៣២ឆ្នាំ ប្រកបរបរកាប់អុសលក់បានឱ្យដឹងថា ជីវភាពរបស់គាត់ក្រីក្រណាស់ ម្យ៉ាងទៀតមានជំងឺប្រចាំកាយផងមិនអាចទៅបានទេ តែគាត់ខំប្រឹងដើររកខ្ចីប្រាក់អ្នកភូមិបាន៣ម៉ឺនរៀលឱ្យម្ដាយជា អ្នកធ្វើដំណើរមកមើលប្តីជំនួសហើយ៕
No comments:
Post a Comment