ខេត្តកំពង់ឆ្នាំង ៖ បុរសវៀតណាមម្នាក់បានយកច្រវាទូកសម្រាប់ចែវទៅវាយចំក្បាល ស្ត្រីខ្មែរម្នាក់បណ្តាលឱ្យរបួសរយះដេរ១០ថ្នេរ ក្នុងហេតុការណ៍ជម្លោះមួយដែលបានកើតឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១ សីហា នៅចំណុចភូមិក្រចាប់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍។ ស្ត្រីរងគ្រោះក្នុងហេតុការណ៍នោះឈ្មោះសូ ម៉េកអាយុ៥២ឆ្នាំ ចំណែកបុរសវៀតណាមដៃដល់ឈ្មោះសេង ម៉េក អាយុ៦៦ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើដែលរស់នៅលើ ផ្ទះអណ្តែតទឹក។
តាមការរៀបរាប់របស់ក្រុមគ្រួសារស្ត្រីរង គ្រោះបាននិយាយថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះ និងប្តីបានឈ្លោះប្រកែកជាមួយបុរសវៀតណាមរូបនោះ ពីរឿងបុរសនោះបានមកហៅឱ្យបើកទ្វារទាំងយប់ថ្ងៃទី៣១ កក្កដា ដើម្បីទិញអីវ៉ាន់ ព្រោះផ្ទះជនរងគ្រោះមានលក់គ្រឿងទេស។ ប៉ុន្តែដោយម៉ោងជាង១០យប់ទៅហើយ ទើបមិនបើកទ្វារឱ្យ ពេលនោះ ក៏មានការទាស់សម្តីគ្នាទាំងយប់គឺទាស់គ្នាដល់ទៅ២លើក ។ លុះព្រឹកឡើងក៏ស្រាប់តែទាស់គ្នាមួយប្រាវទៀត ភ្លាមនោះបុរសវៀតណាមបានយកច្រវាចែវទូក ទៅវាយបុរសឈ្មោះប៉ាល់ ភិច ជាប្តី ប៉ុន្តែគេចផុតក៏ត្រូវប្រពន្ធឈ្មោះសូ ម៉េក បណ្តាលឱ្យរយះក្បាលរបួសធ្ងន់។
ក្រោយពេលមកដល់មណ្ឌលសុខភាពស្រុកបរិបូរណ៍ គ្រូពេទ្យបានធ្វើការដេរ១០ថ្នេរ។ ចំណែកជនដៃដល់បានព្យាយាមសម្រួលចេញថ្លៃព្យាបាលចំនួន៨០ ម៉ឺនរៀល តែភាគីជនរងគ្រោះពុំព្រម ព្រោះយល់ថា ស្ត្រីរងគ្រោះនៅមានសភាពធ្ងន់ធ្ងរនៅឡើយ ដោយហេតុនេះហើយទើបបុរសជាជនដៃដល់ត្រូវបានប៉ូលិសស្រុកចាប់ បញ្ជូនមកកាន់ស្នងការដ្ឋានខេត្ត ដើម្បីចាត់់ការតាមនីតិវិធី។
តាមប្រភពព័ត៌មានពីមន្ត្រីប៉ូលិសស្រុក បាននិយាយថា ពេលមានជម្លោះនោះ ប្តីស្ត្រីរងគ្រោះមានកាន់ច្បូកចាក់ត្រីនៅនឹងដៃ តែមិនដឹងថា គាត់មានចេតនាយ៉ាងណានោះទេ ទើបបុរសវៀតណាមនោះវាយមុនក៏ត្រូវប្រពន្ធតែម្តងទៅ ៕
No comments:
Post a Comment