ខេត្តកំពង់ធំ ៖ ជនសង្ស័យថ្លើមធំម្នាក់ បានលួចឡើងទៅលើផ្ទះចាប់រំលោភប្រពន្ធគេខណៈប្តីចេញទៅឆ្លុះ កង្កែបតែការរំលោភមិនបានសម្រេចចប់ចុងចប់ដើមទេ ក៏ប្រញាប់រត់ និងភ្លាត់ស្នៀតកាបូបមានអត្តសញ្ញាណប័ណ្ណស្ត្រីម្នាក់ដែលគេដឹង ថា ស្ត្រីក្នុងអត្តសញ្ញាណប័ណ្ណនេះមានកូនប្រុសម្នាក់។ តាមរយៈអត្តសញ្ញាណប័ណ្ណនេះ ទើបជនខាងលើក្លាយជាមុខសញ្ញា ហើយ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់ស្វាយស្រាវជ្រាវចាប់ខ្លួន បន្ទាប់ពីស្ត្រីរងគ្រោះប្ដឹងចោទប្រកាន់ពីបទចាប់រំលោភសេពសន្ថវៈ ខណៈកំពុងដេកលក់កាលពីយប់ថ្ងៃទី២៩ កក្កដា ២០១១ នៅក្នុងឃុំត្បែង ស្រុកកំពង់ស្វាយ ។
ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីនគរបាលស្រុកកំពង់ស្វាយបានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះឈ្មោះម៉េន មៀន អាយុ២២ឆ្នាំ មានទីលំនៅភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ត្រូវស្ត្រីអាយុ៣៩ឆ្នាំ ប្ដឹងចោទប្រកាន់ថាបានចូលទៅចាប់រំលោភលើគាត់បានសម្រេចកាលពីវេលាម៉ោង៩យប់ ខណៈប្ដីចេញទៅឆ្លុះកង្កែប ។
ស្ត្រីដើមបណ្តឹងបានបញ្ជាក់ប្រាប់មន្ត្រីនគរបាលថា ពេលប្ដីគាត់ចេញទៅឆ្លុះកង្កែបបាត់ គាត់ក៏ចូលដំណេកលង់លក់ ស្រាប់តែពេលភ្ញាក់ឡើង ក៏បានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពរំលោភគាត់ហើយគាត់ក៏បានស្រែកឱ្យអ្នកជិត ខាងជួយ ។ ពេលអ្នកភូមិផ្អើលចោមរោមមកមើលជនកំហូចក៏រត់គេចខ្លួនបាត់ តែបានជ្រុះកាបូបដែលមានអត្តសញ្ញាណប័ណ្ណម្ដាយទុកជាភស្តុតាង ។ មន្ត្រីនគរបាលស្រុកកំពង់ស្វាយនិយាយថា ក្រោយហេតុការណ៍កើតឡើងជនសង្ស័យក៏បានដើរមកសួរនាំធ្វើដូចជាមិនដឹង រឿងអ្វីសោះ ប៉ុន្តែមុខសញ្ញារូបនេះត្រូវបានគេ សង្ស័យរួចហើយតាមរយៈអត្តសញ្ញាណប័ណ្ណរបស់ម្ដាយគេនោះ ។
មន្ត្រីនគរបាលបានបន្តថា តាមរយៈការកំណត់មុខសញ្ញានេះ ក៏បានសុំការណែនាំពីលោកឧត្តមសេនីយ៍ត្រីផាន់ សុផេង ស្នងការខេត្ត ដើម្បីឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ ទើបដឹងថាជននេះពិតជាមានពាក់ព័ន្ធនឹងករណីរំលោភប្រពន្ធគេមែន ។ ដោយមិនអាចប្រកែកបាន ព្រោះមានភស្តុតាងគ្រប់គ្រាន់នៅថ្ងៃទី១ សីហា ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ៕
No comments:
Post a Comment