ភ្នំពេញ: ក្រុមស្ត្រីអ្នកផ្សព្វផ្សាយស្រាបៀរអង្គរចំនួន ៣៤ នាក់ បានបន្តធ្វើការតវ៉ានៅមុខក្រុមហ៊ុនខេមប្រ៊ូវ Cambrew ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តាមផ្លូវព្រះនរោត្តម ខាងជើងស្ពានអាកាសក្បាលថ្នល់។ មកដល់រសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១១ ក្រុមអ្នកតវ៉ា បានដុតកង់ឡាន នៅច្រកចូលមុខក្រុមហ៊ុនស្រាបៀរអង្គរ តែត្រូវប៉ូលិសរារាំង។ ស្ត្រីអ្នកតវ៉ាម្នាក់បានរងរបួស។
អ្នកស្រី ស៊ីម ចាន់ធឿន ស្ត្រីអ្នកផ្សព្វផ្សាយស្រាបៀរអង្គរ ដែលបានចូលរួមការតវ៉ា បានឲ្យដឹងថា នៅរសៀលថ្ងៃទី២សីហានេះ ក្រុមស្ត្រីអ្នកតវ៉ា បានជួបជុំ នឹងបានដុតកង់ឡាន បានបន្តិច នៅច្រកចេញចូល មុខក្រុមហ៊ុនស្រាបៀរខេមប្រ៊ូវ ប៉ុន្តែត្រូវប៉ូលិសរារាំង និងយកឧស្ម័នពន្លត់អគ្គិភ័យបាញ់ នាំឲ្យរបួសស្ត្រីអ្នកតវ៉ាម្នាក់ បញ្ជូនទៅកាន់មន្ទីរពេទ្យ។
ស្ត្រីរូបនោះ បន្តថា នៅរសៀលថ្ងៃទី២សីហា ឆ្នាំ២០១១ ខាងមេធាវីរបស់ក្រុមហ៊ុន បានចេញមកជួបក្រុមស្ត្រីអ្នកតវ៉ា ដើម្បីបើកការចរចានឹងគ្នា ប៉ុន្តែមកដល់រសៀលម៉ោងជិត ៥ ល្ងាចនេះទៅហើយ នៅតែមិនទាន់មានការចរចាណាមួយនៅឡើយទេ។
ក្រុមស្ត្រីអ្នកផ្សព្វផ្សាយស្រាបៀរអង្គរ របស់ក្រុមហ៊ុន ខេមប្រ៊ូវ ចំនួន ៣៤ នាក់ បានតវ៉ាទាមទារចាប់តាំងពីថ្ងៃទី២៥កក្កដា ឆ្នាំ២០១១ ដើម្បីឲ្យថៅកែក្រុមហ៊ុនគោរពតាមការសម្រេចរបស់ក្រុមប្រឹក្សា អាជ្ញាកណ្តាល និងអនុវត្តច្បាប់ការងារកម្ពុជា។ នោះគឺការបន្ថែមប្រាក់២ដុល្លារ បន្ថែមលើប្រាក់ដែលស្ត្រីអ្នកផ្សព្វផ្សាយស្រាបៀរអង្គរ ទទួលបានសព្វថ្ងៃចំនួន ២ ដុល្លារ សម្រាប់ថ្ងៃធ្វើការសៅរ៍ និងថ្ងៃអាទិត្យ នៅចុងសប្តាហ៍ និងថ្ងៃបុណ្យឈប់សម្រាក។
ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាស្ថាប័នដោះស្រាយវិវាទការងារ បានចេញសេចក្តីសម្រេចកាលពីថ្ងៃទី៧កក្កដា ឆ្នាំ២០១១ ស្របតាមពាក្យបណ្តឹងរបស់ស្ត្រីទាំង៣៤នាក់នោះ។
តាមរយៈការតវ៉ានោះ តំណាងស្ត្រីផ្សព្វផ្សាយស្រាបៀរអង្គរ ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរ និងអន្តរជាតិកុំឲ្យពិសារស្រាបៀរអង្គរ ដោយសារតែថៅកែក្រុមហ៊ុនមិនគោរពច្បាប់ការងារកម្ពុជា៕
No comments:
Post a Comment