ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង៥នាក់រងរបួសក្នុងអំពើកាប់ចាក់គ្នាយ៉ាងព្រៃផ្សៃ ឃោរឃៅមួយកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៦ សីហា ឆ្នាំ២០១១ នៅក្នុងបរិវេណវេទិកាខេត្ត មុខការិយាល័យអ្នកតំណាងរាស្ត្រ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
ករណីកាប់ចាក់គ្នានេះ ត្រូវគេបង្ហើបឱ្យដឹងថា បង្កឡើងដោយជនពាលចំនួន៤នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ និងដែកឆាប ធ្វើសកម្មភាពកាប់ចាក់ទៅលើក្រុមម្ខាងទៀត ដែលមានគ្នាចំនួន៦នាក់ ខណៈកំពុងអង្គុយផឹកស៊ីដោយពុំដឹងមូលហេតុអ្វីឡើយ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលក្រុងមានមនុស្ស ម្នារត់មកមើលយ៉ាងកកកុញ។ ចំពោះក្រុមជនពាល បន្ទាប់ពីធ្វើសកម្មភាពរួច ក៏រត់គេចខ្លួនបាត់ស្រមោលឈឹង ដោយបន្សល់ទុកជនរងគ្រោះដេកស្លាប់ និងរបួសរដូករណែល ។ បន្ទាប់មក គេឃើញកងកម្លាំងនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយដឹកអ្នករងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ។
មន្ត្រីនគរបាល និងកងរាជអាវុធហត្ថខេត្ត បាននិយាយថា ជនរងគ្រោះក្នុងអំពើកាប់ចាក់នេះមាន ១-ឈ្មោះចៃ ផានិត ហៅម៉ៅ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់ការ៉េម បានស្លាប់នៅនឹងកន្លែងកើតហេតុ ២-ឈ្មោះផាំង រតនា ហៅវ៉ែន ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស របួសធ្ងន់ ៣-ឈ្មោះទុន តុលា ហៅវ៉ឹង ភេទប្រុស អាយុ២៤ឆ្នាំ របួសធ្ងន់ ទាំង៣នាក់នេះមានទីលំនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ៤-ឈ្មោះប៉ែន សុវណ្ណ ភេទប្រុស អាយុ២៣ឆ្នាំ ៥-ឈ្មោះឆេង ពន្លក ភេទប្រុស អាយុ២០ឆ្នាំ ៦-ឈ្មោះរ៉ាឌី ភេទប្រុស អាយុ២១ឆ្នាំ ទាំង៣នាក់ក្រោយនេះ ក៏សុទ្ធតែរបួសធ្ងន់រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
តាមប្រភពព័ត៌មានដែលអាចជឿទុកចិត្តបាន ឱ្យដឹងថា មុនពេលកើតហេតុ ក្រុមខាងភាគីរងគ្រោះទាំង៦នាក់កំពុងផឹកស៊ីជុំគ្នា បន្ទាប់មកមាននារីម្នាក់ដើរទៅរកពួកគេ ហើយនិយាយថា មាននរណាចង់រកស្រីដេកដែរអត់? ឯក្រុមជនរងគ្រោះនិយាយតបវិញថា ពួកគេមិនត្រូវការទេ គឺត្រូវការតែផឹកស៊ីប៉ុណ្ណោះ ។ ពេលនោះនារីនោះក៏ដើរចេញទៅវិញ លុះមួយសន្ទុះក្រោយមកស្រាប់តែលេចមុខក្រុមជន៤នាក់ ដើរទៅកាប់ចាក់ក្រុមជនរងគ្រោះ ដោយគ្មានញញើតដៃហាក់ដូចជាមានគំនុំតាំងពីរយូរមកហើយ ។ ក្រោយពីធ្វើសកម្មភាពរួច ជនល្មើសទាំងនោះក៏នាំគ្នារត់គេចខ្លួនអស់ទៅ។
ចំពោះអំពើដ៏សាហាវយង់ឃ្នង់នេះ សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុបានច្បាស់លាស់នៅឡើយទេ សូម្បីតែក្រុមជនរងគ្រោះក៏ពុំដឹងពីមូលហេតុដែល ត្រូវគេមកកាប់ចាក់ពួកខ្លួននោះដែរ។ ឯចំពោះពួកជនដៃដល់នៅមិនទាន់ក្តាប់បានមុខសញ្ញានៅឡើយ គឺសមត្ថកិច្ចកំពុងស្រាវជ្រាវ ប៉ុន្តែសង្ឃឹមថា ជនទាំងនោះមិនអាចរត់គេចខ្លួនពីសំណាញ់ច្បាប់បានទេ ៕
No comments:
Post a Comment