Saturday, August 13, 2011

សមត្ថ​កិច្ច​​រំដោះ​​ក្មេង​ប្រុស​អាយុ​5​ឆ្នាំ​​​ពី​កន្លែង​បង្ខាំង​ទុក​


ខេត្តបន្ទាយមានជ័យ ៖ ​ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ ជា​កូន​របស់​បុរស​ពិការ​ម្នាក់​ដែល​ត្រូវ​​មេ​ខ្យល់​ឈ្មោះ​អេង ​ច័ន្ទ ចាប់​​បង្ខាំង​ទុក​​ដើម្បី​​ឱ្យ​បុរស​ជា​ឪពុក​​ត្រឡប់​ទៅដើរ​សុំ​ទាន​​នៅ​ថៃ​វិញ ​ជា​ថ្នូរ​ក្នុងការ​ឱ្យ​ឪពុក​ និង​កូន​ជួប​គ្នា​នោះ ​ត្រូវ​បាន​កម្លាំង​នគរបា​ល​ការិយា​ល័យ​​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​​ និង​ការ​ពារ​អនីតិ​ជន ​សហ​ការ​ជា​មួយ​មន្ត្រី​​អង្គ​ការ​ស៊ីសា រំដោះ​យក​ក្មេង​ប្រុស​នោះ​​មក​វិញ នៅវេលា​ម៉ោង​៤​រសៀល ថ្ងៃទី​១១ សីហា ឆ្នាំ​២០១១ ត្រង់ចំណុច​​ក្បាល​ស្ពាន ច្រក​​ទ្វារ​អន្តរជាតិ​ប៉ោយ​​ប៉ែត ​ក្រុង​ប៉ោយ​ប៉ែត ​។
លោកវរសេនីយ៍​​ទោ សិទ្ធ ឡោះ នាយ​ការិយា​ល័យ​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​បាន​ឱ្យ​ដឹងថា កុមារា​រង​​​គ្រោះ​ដែល​ត្រូវ​​ឈ្មោះ​អេង ច័ន្ទ ​ចាប់បង្ខាំង​ទុក​នៅ​ទឹក​ដីថៃ​នោះ​ឈ្មោះ​សន ថុនា ​អាយុ​៥​ឆ្នាំ ​ជា​កូន​របស់​ឈ្មោះ​វាំង​មួរ ដែល​ត្រូវ​បាន​អាជ្ញា​ធរ​ថៃ​​ចាប់​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ ​ប៉ុន្តែ​ត្រូវបាន​ឈ្មោះ​អេង ច័ន្ទ ​​ឱ្យ​បក្ស​ពួក​​គេ​ម្នាក់​ឈ្មោះ​អន់ សំអឿន ដែល​ត្រូវ​​​សមត្ថ​កិច្ច​ចាប់​ដាក់​គុក​ហើយ​នោះ ប្រើ​ល្បិច​លួង​លោម​​​ផង គំរាម​ផង ឱ្យ​​​ត្រឡប់​​ទៅ​ដើរ​សុំ​ទាន​នៅ​ថៃ​វិញ បើ​ចង់​ជួប​កូន ។
លោក​នាយ​ការិយា​ល័យ​បាន​បន្តថា ​នៅថ្ងៃ​ទី​១១ ​សីហា ឆ្នាំ​២០១១ ជន​ឈ្មោះ​​អេង ច័ន្ទ បាន​ទាក់ទង​បុរស​ជាឪពុក​ និង​បង​ជីដូន​មួយ​​ឈ្មោះ​ង៉ែត ដោយ​និយាយ​ថា បើទៅ​​ស្រុក​ខ្មែរ​កុំ​​ប្តឹង​សមត្ថ​កិច្ច​​​គេ​នឹង​យក​កូន​ប្រុស​ពី​​​​ប្រទេស​​ថៃ ​ឱ្យ​វិញ ពេល​នោះ​បុរស​ជាឪពុក​បាន​ប្រាប់​ថា ​​មិន​ប្តឹងទេ តែ​សុំ​ឱ្យ​កូនគាត់វិល​មក​វិញ។​ ពេល​នោះ​​ជន​​ឈ្មោះ​​អេង ច័ន្ទ បាន​បង្វែ​​​រទី​ណាត់​ជួប​ ម្តង​​​នៅ​ទី​នេះ​ម្តង​​នៅ​ទី​នោះ រហូតដល់​ម៉ោង​៤​រសៀល ថ្ងៃទី​១១ សីហា ​ទើប​ឃើញ​កុមារា​​រង​គ្រោះ​ឈ្មោះ​សន ថុនា ​ត្រូវ​ជន​នោះ​យក​​មក​ផ្ញើ​នៅ​ស្នាក់​ការ​សន្តិ​សុខ​ស្ពាន រួច​​ក្មេង​ប្រុស​នោះ​​ត្រូវ​បាន​សមត្ថ​កិច្ច​​នាំ​មក​កាន់​​ការិយា​ល័យ​រប​ស់​ខ្លួន ។
លោក​ឧត្តម​សេនីយ៍​ត្រី ខេង ស៊ុម ​ស្នងការ​នគរ​បាល​ខេត្ត​ បាន​មាន​ប្រសាសន៍​​ថា ក្មេង​ប្រុស​ឈ្មោះ​សន ថុនា ​និង​ឪពុក​របស់​គេ​ ព្រម​ទាំង​បុរស​ពិកា​​រម្នាក់​ទៀត​ឈ្មោះ​​ហេង ដូង ​​ត្រូវ​បាន​ការិយា​ល័យ​ជំនាញ​ប្រគល់​ជូន​​អង្គការ​ស៊ីសា ជួយ​ឧបត្ថម្ភ​​​គាំទ្រ​សេវា​ផ្នែក​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​ផ្សេងៗ​ ។ ចំពោះ​ជន​ឈ្មោះ​អេង ច័ន្ទ​ សមត្ថ​កិច្ច​​​កំពុង​​​ធ្វើ​ការ​​ស្រាវជ្រាវ​​ដើម្បី​ចាប​់​ខ្លួន​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ ៕

No comments: