Saturday, August 13, 2011

គំនុំរឿង​ស្វាខាំ​ឆ្កែ​ងាប់​មិន​ជួយ​និង​យកមក​ហូប បាញ់សម្លាប់​​នឹង​ព្រួញ​


ខេត្តក្រចេះ​​​ ៖ ​​ទំនាស់រឿង​​បាត់ទូរស័ព្ទ​​​លាយ​ឡំនឹងគំនុំ​​យកឆ្កែ​​មកកាប់​​ហូប​ក្លែម​​ស្រា​ បាន​​ក្លាយ​​​ជា​អំពើឃាត​កម្ម​សម្លាប់​មនុស្ស​​ ដោយ​ប្រើ​​កាំ​ភ្លៀវ​​ (អាវុធ​ច្នៃ​​របៀប​ស្នា​) ​​​បាញ់​លើ​​​បុរស​​រង​គ្រោះ​ត្រូវ​​មួយគ្រាប់​​ព្រួញជា​​ប់ឆ្អឹង​​ជំនីរ​​ រត់​ហៅ​​​ឱ្យគេ​​ជួយបានជាង​១០​ម៉ែត្រ​​ក៏​ស្លាប់​។
តាម​ប្រភពព័ត៌​មាន​​​បាន​ឱ្យដឹង​ថា ​​ជម្លោះ​ដែល​ឈានទៅ​​​ដល់ការបាញ់​​សម្លាប់​គ្នា​​ដូច​​បាញ់​សត្វ​នេះ​មិនមែន​កើតចេញ​​​តែ​ពី​រឿង​​បាត់ទូរស័ព្ទ​​របស់ជនដៃ​ដល់​នោះទេ ​គឺ​លាយឡំ​​នឹងគំនុំ​កាល​ពីប៉ុន្មាន​​​ថ្ងៃ​មុន ​ខណៈ​​ជន​ដៃ​ដល់ ​និង​ជន​​​រងគ្រោះ​​​​បណ្តើរ​​ឆ្កែ​របស់​​ពួក​គេ​ចូលទៅព្រៃ​​​​ដើម្បី​​​បរ​បាញ់​សត្វ​​​ តែ​ឆ្កែ​​របស់ជនដៃ​ដល់​ត្រូវ​​ស្វា​ខាំ​ងាប់ ​។ ពេលនោះ​ជនដៃ​ដល់​​​​គំរាម​ជន​រងគ្រោះ​​ថា មិន​ជួយ​​​ឆ្កែ​ទេ​​បែរ​ជា​ឈរមើល ​​ហើយ​ពេល​ឆ្កែ​​​ងាប់​យក​មក​ធ្វើហូប​ទៀត​ ​​និង​បានប្រមាថ​​ថា ជីវិត​​​ពួក​​ឯង​​មិន​ស្មើឆ្កែ​​​​បណ្តើរ​សត្វ​​ដែល​គេ​ស្រឡាញ់​ស្មើ​ជីវិត​​​មួយក្បាលនេះ​​ផង​។
បុរស​រងគ្រោះ​​​ដែលត្រូវជនដៃដល់​​​បាញ់​នឹង​កាំភ្លៀវ​យ៉ាង​សាហាវ​ ហើយ​ប្រកាច់​ស្លាប់​​នេះ​ឈ្មោះ​​វិន ​សុជា ​​អាយុ​​២៥​ឆ្នាំ ​​មានទីលំនៅ​​ភូមិ​ស្នួល​​​វត្ត​លិច​ ​ឃុំស្នួល​ ស្រុកស្នួល ​​រីឯជនដៃ​ដល់​​​ឈ្មោះ​​​​ឈីន ភាព អាយុ​​​៤៤​ឆ្នាំ ​​មានទីលំនៅ​​ក្នុង​ភូមិ​-ឃុំជាមួយគ្នា​។​ មន្ត្រី​​ប៉ូលិសស្រុក​​ស្នួលបាន​ឱ្យដឹង​ថា កាលពី​ថ្ងៃ​​​ទី​៩ សីហា ជនរងគ្រោះ​​ និង​ជនដៃ​ដល់​​បានផឹកស្រា​​ជាមួយគ្នា​នៅ​​​ផ្ទះរបស់​​​បុរស​ម្នាក់​​ឈ្មោះ​​​អួច ចាន់ នៅក្នុងភូមិជា​មួយគ្នា​​។ ​មួយ​ស្របក់​​​ក្រោយ​មក​បុរស​ជាម្ចាស់​​​ផ្ទះ​ឈ្មោះ​​អួច ចាន់ បានឈប់ផឹក ហើយទាំង​ជន​ដៃ​ដល់​​ និង​ជន​រងគ្រោះក៏​​​​បានមក​ផឹក​បន្ត​​​នៅ​ផ្ទះ​របស់​ជនដៃ​ដល់​​ទៀត​។
ក្រោយ​ពេល​ផឹក​​ស៊ី​ចប់ ​​បុរស​​រងគ្រោះ​​ក៏​​​ចេញទៅផ្ទះមុន​​ ស្រប​​ពេលនោះ ​ជនដៃ​ដល់​បាន​បាត់​ទូរស័ព្ទ​​មួយ​គ្រឿង​ដើរ​រក​​មិនឃើញ ​ហើយ​សង្ស័យ​ថា ​ជន​រងគ្រោះ​​​ជាអ្នកលួច​​​ ក៏កើត​​ការ​ខឹង​សម្បា​ រួម​ទាំង​គំនុំ​​​លើ​កមុន​​​នាំគ្នា​​ហូប​សាច់​ឆ្កែ​​ដែល​ស្វា​​ខាំងាប់​ផង​ ​ក៏ដំឡើង​​​​កាំភ្លៀវ​​ដើរ​​តម្រង់​​​ទៅ​រោងដេក​របស់​ជន​រងគ្រោះ។ ពេល​ទៅ​ដល់​ក៏​​បាន​បាញ់​​ជនរងគ្រោះ​​ដែល​កំពុង​ដេកមួយ​គ្រាប់​ព្រួញ​ចំ​ដៃ​​​ឆ្វេង ​​ធ្លាយមក​​ជាប់ឆ្អឹង​ជំនីរ ហើយ​ជន​រង​គ្រោះ​​​​បានរត់សំដៅមក​ផ្ទះ​បុរស​ឈ្មោះ​​អួច ចាន់ និង​​ស្រែក​ឱ្យជួយ។ ​ពេលមក​ដល់​មុខ​ផ្ទះ​ជនរងគ្រោះ​​​ក៏ដួល​ ហើយ​បុរស​​​ឈ្មោះ​អួច ​​ចាន់ បាន​​​ចាប់ដកព្រួញ​នោះចេញ និង​​រត់​ហៅ​ប៉ូលិស ​ប៉ុន្តែ​​​បន្ទាប់​ពី​​​ចាប់ដក​​ព្រួញរួច​​ជនរងគ្រោះ​ក៏​បាន​ប្រកាច់​ស្លាប់នៅ​​នឹង​កន្លែង​។
លោក​វរសេនីយ៍ត្រី​ចាន់ សុគីម ​​នាយការិយា​ល័យប៉ូលិស​​ព្រហ្មទណ្ឌ​​កម្រិត​​ធ្ងន់​ខេត្ត​ បាន​ឱ្យដឹង​ថា ក្រោយពី​​​ទទួលបាន​​ព័ត៌មាន​​ភ្លាម​ ​កម្លាំង​​ប៉ូលិស​​បានចុះទៅ​​ពិនិត្យ​​​ដល់​កន្លែង​​កើតហេតុ និង​​​​​​ចាប់​ឃាត់ខ្លួន​​​ជនសង្ស័យ​រូបនោះ​ដើម្បី​សាក​សួរ​​​​តាមនីតិវិធី​។​ ជន​​ឈ្មោះ​ឈីន ភាព ​បានឆ្លើយ​ថា ​រូប​គេពិតជា​​បាញ់សម្លាប់​​​ជន​រង​គ្រោះ​​មួយ​គ្រាប់​កាំភ្លៀវមែន ​​ដោយសារ​តែគំនុំ​។ ​នៅ​ល្ងាច​ថ្ងៃទី​​​១១ សីហា ​ប៉ូលិស​បាន​កសាង​សំណុំ​រឿង​​បញ្ជូន​​​ជនសង្ស័យ​រូបនេះ​​​​រួមទាំង​​វត្ថុតាង​​ទៅ​កាន់​សាលា​​ដំបូង​ខេត្ត​ ៕

No comments: