Saturday, August 13, 2011

ទឹកជំនន់​សម្លាប់​មនុស្ស​ម្នាក់​និង​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​ច្រើនពាន់​គ្រួសារ

ទឹក​ជំនន់​កំពុង​បន្ត​គំរាម​កំហែង​ខេត្ត​ទាំង​ស្ទឹងត្រែង​ និង​ខេត្ត​ក្រចេះ​នៅ​ថ្ងៃ​នេះ។ ទឹកជំនន់​ក្នុង​អាង​ទន្លេមេគង្គ​ ដែល​បណ្តាល​មក​ពី​ភ្លៀង​ខ្លាំង​នៅ​តំបន់​មេគង្គ​ខាងលើ​ បាន​សម្លាប់​បុរស​ម្នាក់​ និង​ជន់លិច​ដំណាំ​រាប់ពាន់​ហិចតា ព្រមទាំង​លិច​ផ្ទះ​សម្បែង​ប្រជាជន​​ជាច្រើន​ពាន់​គ្រួសារ​ផងដែរ។ មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្លែង​ ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ខេត្ត​ជាប់​អាងទន្លេមេគង្គ​បាន​ត្រៀម​លក្ខណៈ​ សង្គ្រោះបន្ទាន់​រួច​អស់ហើយ​ក្នុង​ករណី​ត្រូវ​ការ​ចាំបាច់។
កម្ពស់​ទឹក​ទន្លេមេគង្គ​នៅ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ​ឡើង​ហួស​កម្រិត​ប្រកាស​អាសន្ន (RFI/Channa Siv)
កម្ពស់ ទឹក ទន្លេមេគង្គ នៅ ខេត្ត ស្ទឹងត្រែង និង ខេត្ត ក្រចេះ ឡើង ហួស កម្រិត ប្រកាស អាសន្ន (RFI/Channa Siv)បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់​ដោយសារ​លង់ទឹក​ នៅក្នុង​ខេត្ត​ក្រចេះ រីឯដំណាំ ដីស្រែ និង​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ​ជាច្រើន​ពាន់​ខ្នង​នៅក្នុង​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង​ត្រូវ​បាន​ជន់លិច​រហូត​ដល់​ថ្ងៃ​នេះ។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​លោក​កែវ វី​ នាយក​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។

លោក​កែវ វី​ បញ្ជាក់​ថា​ ទឹកជំនន់​បាន​ជន់​លិច​ស្រុក​ចំនួន​៥​ នៅក្នុង​ខេត្ត​ក្រចេះ​ ហើយ​បាន​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​៣០០០ខ្នង និង​ផ្លូវថ្នល់​ជាច្រើន​ក៏​ត្រូវ​ជន់លិច។ រីឯ​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​វិញ ទឹកជំនន់​ក៏​បាន​ជន់លិច​ស្រុក​ចំនួន​៥​ដូចគ្នា​ ហើយ​បាន​ប៉ះពាល់​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ជាង​១៤០០​គ្រួសារ។ នៅក្នុង​ខេត្ត​ទាំង​២ ទឹកជំនន់​សុទ្ធតែ​បាន​ឡើង​ហួស​កម្រិត​ប្រកាស​អាសន្ន។

ក្រសួង​ធនធាន​ទឹក និងឧតុនិយម​បាន​ទស្សន៍ទាយ​ថា កម្រិត​ទឹក​ជំនន់​នឹង​អាច​ចាប់ផ្តើម​ស្រក​ចុះវិញ ​ចាប់​ពី​ថ្ងៃទី​១៣​សីហា​ស្អែក​នេះ​ទៅ។ ទោះយ៉ាងនេះក្តី បើតាម​ការ​អះអាង​របស់​នាយកខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ គ្រោះ​មហន្តរាយ បណ្តាញ​នៃ​កម្លាំង​​ជួយ​សង្គ្រោះ​ត្រូវ​បាន​ដាក់​ត្រៀម​នៅតាម​ខេត្ត​តាម​ដង​ ទន្លេមេគង្គ ​ដែល​កំពុង​ប្រឈម​នឹង​ការ​ជន់លិច​នោះ៕

No comments: