រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលខឹងប្រពន្ធលែងលះមិនព្រមជួបជុំជាមួយ ហើយបានចាក់សាំងដុតខ្លួនឆេះរលេះរលួយស្ទើរពេញខ្លួននៅ កណ្តាលផ្លូវលេខ៣៣៦ កែងផ្លូវលេខ២៦១ ក្រុមទី១៤ ភូមិ៤ ទល់មុខផ្ទះលេខ៤០ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២០ សីហា ឥឡូវបានស្លាប់បាត់បង់ជីវិតហើយកាលពីវេលាម៉ោង១០យប់ថ្ងៃទី២២ សីហា។
បុរសរងគ្រោះឈ្មោះហេង គឹមឈាន់ អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅខេត្តកំពង់ចាម មានប្រពន្ធឈ្មោះប៊ូ រ៉ាវី អាយុ៣១ឆ្នាំ មានកូនប្រុសម្នាក់អាយុ៥ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ចាម ហើយមកស្នាក់នៅជាមួយបងនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
បន្ទាប់ពីបងថ្លៃយកមកព្យាបាលនៅមន្ទីរពេទ្យ ព្រះកុសុមៈកាលពីថ្ងៃកើតហេតុមក ជនរងគ្រោះស្ថិតក្នុងសភាពធ្ងន់ធ្ងរមិនអាចជួយសង្គ្រោះបាន ដោយសារថាការរលាកឈានដល់កម្រិត៧០ភាគរយ ប៉ុន្តែគ្រូពេទ្យនៅតែព្យាយាមសង្គ្រោះឱ្យអស់សមត្ថភាព ។
នៅថ្ងៃទី២១ ម្តាយ និងប្អូនស្រីធ្វើដំណើរពីខេត្តកំពង់ចាមមកមើលថែនៅមន្ទីរពេទ្យ តែមុខរបួសចេះតែធ្ងន់ធ្ងរ និងកាន់តែក្តៅក្នុងខ្លួនឡើងៗ ចំណែកខ្លួននិងមុខឡើងហើម រហូតដល់យប់ថ្ងៃទី២២ ម៉ោង៨យប់ ក្រុមគ្រួសារបាននាំយកទៅស្រុកកំណើតវិញ លុះទៅជិតដល់ស្រុកកំណើតបុរសរងគ្រោះបានដាច់ខ្យល់ស្លាប់នៅ វេលាម៉ោង១០យប់តែម្តង។
ក្រុមគ្រួសារបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានភូមិបឹងស្នាយ ឃុំបឹងស្នាយ ស្រុកកំពង់ចាម ខេត្តកំពង់ចាម ៕
No comments:
Post a Comment