Tuesday, August 23, 2011
សិស្សជាង ៨២% ប្រឡងជាប់បាក់ឌុបនៅឆ្នាំ២០១១
ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប ថ្នាក់ទី១២ ឆ្នាំ២០១១ ជាផ្លូវការទូទាំងប្រទេស នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែសីហា។លទ្ធផលនៃការប្រឡងជាប់របស់បេក្ខជនប្រឡងនៅឆ្នាំនេះ មានចំនួនច្រើនជាងឆ្នាំមុន។
មន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានសម្ដែងការអបអរចំពោះលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឬប្រឡងបាក់ឌុបនាឆ្នាំ២០១១ ថា មានចំនួនសិស្សប្រឡងជាប់កើនឡើងប្រមាណ ១% បើធៀបនឹងការប្រឡងកាលពីឆ្នាំ២០១០ កន្លងទៅ។ អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំក្រសួងអប់រំយុវជន និងកីឡា លោក អ៊ូ អេង មានប្រសាសន៍នៅថ្ងៃទី២០ ខែសីហា ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុបនាឆ្នាំ២០១១ នេះ មានបេក្ខជនប្រឡងជាប់ជាង ៩ម៉ឺន២ពាន់នាក់ ស្មើនឹងជាង ៨២% ក្នុងចំណោមបេក្ខជនចូលរួមប្រឡងចំនួន ១១១.២៧៩នាក់ នៅទូទាំងប្រទេស។
លោកបន្តថា ការប្រឡងឆ្នាំនេះមានលក្ខណៈខុសប្លែកពីឆ្នាំមុន ដោយសារតែឆ្នាំនេះក្រសួងបានរៀបចំជា ២ផ្នែក គឺផ្នែកវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ លោកបញ្ជាក់ថា ក្នុងចំណោមបេក្ខជនបេក្ខជនប្រឡងជាប់ជាង ៩ម៉ឺន២ពាន់នាក់ មានបេក្ខជនជាប់និទ្ទេសអា (A) ៥៣នាក់ ដែលសុទ្ធសឹងជាបេក្ខជនផ្នែកវិទ្យាសាស្ត្រទាំងអស់។ និទ្ទេសបេ (B)មាន ២.០២៤នាក់ និទ្ទេសសេ (C) មាន ១២.៤៥៣នាក់ និទ្ទេសដេ (D) មាន ៣៤.៦៤១នាក់ និងនិទ្ទេសអ៊ី (E) ចំនួន ៤៣.០៦៥នាក់។
លោក អ៊ូ អេង មានប្រសាសន៍បន្ថែមថា ៖ «ក្រោយពីយើងបានលទ្ធផលហើយ គឺយើងជូនលទ្ធផលហ្នឹងទៅខាងនាយកដ្ឋានឧត្ដមសិក្សាហ្នឹង គេបែងចែកទៅតាមមហាវិទ្យាល័យ ព្រោះមហាវិទ្យាល័យមួយៗគេត្រូវការនិស្សិតអាហារូបករណ៍អីអ៊ីចឹង គឺគេជ្រើសរើសនៅតាមនិទ្ទេស នៅតាមមុខវិជ្ជា ខាងឧត្ដមសិក្សាគឺគេចាត់ចែងការងារហ្នឹងបន្ត យើងប្រគល់លទ្ធផលហ្នឹងឲ្យគេ»។
ទោះយ៉ាងណា សមាគមគ្រូបង្រៀនបានអះអាងថា ការប្រឡងជាប់ដែលមានតែភាគរយខ្ពស់នោះ គឺមិនបានបង្ហាញពីគុណភាពនៃការអប់រំនៅកម្ពុជាទេ គឺបេក្ខជនប្រឡងជាប់ដោយសារតែការលួចចម្លងទៅវិញ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងថា លទ្ធផលប្រឡងនេះមិនបានឆ្លើយតបទៅនឹងសមត្ថភាពពិតរបស់សិស្សនោះទេ។ លោកថា ដោយសារតែមានភាពមិនប្រក្រតីច្រើនក្នុងពេលប្រឡង ដូចជាការប្រមូលលុយពីបេក្ខជនប្រឡងជាថ្នូរទៅនឹងការចម្លង ការទិញសំណួរចម្លើយ មានមណ្ឌលមួយចំនួនបានធ្វើអត្រាកំណែលក់ឲ្យបេក្ខជន និងមានការទាក់ទងគ្នាតាមទូរស័ព្ទទៅមកជាមួយសាច់ញាតិជាដើម។
លោក រ៉ុង ឈុន បន្ថែម ៖ «ជាការគាប់ចិត្តសម្រាប់ក្រសួងអប់រំ ពីព្រោះក្រសួងអប់រំមិនបានគិតអំពីគុណភាព គេចង់បានតែបរិមាណ។ យើងបានរៀបចំប្រមូលរបាយការណ៍នៅតាមបណ្ដាខេត្តមួយចំនួន។ យើងនឹងគ្រោងលើករបាយការណ៍ទាំងអស់នេះដាក់ជូនក្រសួងអប់រំ ឲ្យក្រសួងធ្វើការស៊ើបអង្កេត វែកមុខរកអ្នកដែលប្រព្រឹត្តអំពើពុករលួយ ជុំវិញការប្រព្រឹត្តទៅនៃការប្រលង»។
យ៉ាងណាក៏ដោយ មន្ត្រីក្រសួងអប់រំដដែលបានទទួលស្គាល់ថា ការងារគ្រប់គ្រងនៅក្នុងពេលប្រឡងនៅមានការខ្វះចន្លោះ។ ប៉ុន្តែលោកបញ្ជាក់ថា ក្នុងចំនួនបេក្ខជនប្រឡងជាង ១១ម៉ឺននាក់នោះ ក្រសួងបានចំណាយបុគ្គលិកអប់រំដល់ទៅ ៣.៥០០នាក់ សម្រាប់ធ្វើការងារក្នុងពេលប្រឡងនោះ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុបនាឆ្នាំ២០១១ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ កក្កដា ឆ្នាំ២០១១ ហើយក្រសួងបានប្រកាសលទ្ធផលប្រឡងជាផ្លូវការនៅភ្នំពេញ ថ្ងៃទី១៩ ខែសីហា និងនៅតាមបណ្ដាខេត្តថ្ងៃទី២០ ខែសីហា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment