Tuesday, August 23, 2011

អគ្គីភ័យ​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់

អគ្គីភ័យ​​ឆេះ​ផ្ទះ​មួយ​ខ្នង បណ្ដាល​ឱ្យ​កូន​ស្រី​ម្ចាស់​ផ្ទះ​ម្នាក់​ស្លាប់ នៅ​វេលា​ម៉ោង ៧ និង ២០ នាទី​ព្រឹក​ថ្ងៃ​ទី ២២ សីហា ឆ្នាំ ២០១១។
២២-សីហា-២០១១៖ បុរស​ម្នាក់​កំពុង​បាញ់​ទឹក​ពន្លត់​ភ្លើង​ផ្សែង ដែល​នៅ​ហុយ ក្នុង​អគ្គីភ័យ​មួយ​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ក្រុង​ភ្នំពេញ។ (RFA/Tin Zakariya)

អគ្គីភ័យ​នេះ បាន​កើត​ឡើង​នៅ​ភូមិ​ស្ទឹង​មានជ័យ​ទី​១ សង្កាត់​ស្ទឹង​មានជ័យ រាជ​ធានី​ភ្នំពេញ។
សាច់​ញាតិ​ក្រុម​គ្រួសារ និង​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បញ្ជាក់​ថា កូន​ស្រី​ឈ្មោះ កញ្ញា ឌឿ ម៉ូនីកា អាយុ ២០ ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២ នៃ​មហាវិទ្យាល័យ វ៉ាន់ដា គណនេយ្យ ជា​កូន​ម្ចាស់​ផ្ទះ​ឈ្មោះ ឌឿ សារុំ បាន​ស្លាប់​យ៉ាង​នៅ​ក្នុង​បន្ទប់​ ព្រោះ​មិន​អាច​រត់​ចេញ​ក្រៅ​បាន ខណៈ​ដែល​អគ្គីភ័យ​កំពុង​ឆេះ​សន្ធោសន្ធៅ ហើយ​ក្រុម​គ្រួសារ និង​អ្នក​ជិត​ខាង ក៏​មិន​អាច​ចូល​ទៅ​ជួយ​សង្គ្រោះ​បាន ដោយសារ​តែ​ភ្លើង​ឆេះ​ខ្លាំង​នៅ​ច្រក​ចេញ​ចូល។
ចៅ​សង្កាត់​រង​ស្ទឹងមានជ័យ លោក អំ ហឿង ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​អគ្គីភ័យ​ឆេះ​ផ្ទះ​នោះ​ដែរ ថ្លែង​ថា ភ្លើង​ឆេះ​ខ្លាំង និង​រហ័ស​ដូច្នេះ ដោយសារ​ផ្ទះ​នោះ សង់​អំពី​ថ្ម​ខាង​ក្រោម និង​ឈើ​ខាង​លើ ហើយ​ម្ចាស់​ផ្ទះ​លក់​ឥវ៉ាន់​ចាប់ហួយ និង​មាន​លក់​សំាង​ផង។
លោក អំ ហឿង៖ «ភ្លើង​វា​ឆាប គឺ​សកម្មភាព​អគ្គីភ័យ​វា​ខ្លាំង​ពេក គឺ​វា​ព្រឹប​អ៊ីចឹង​មក។ គឺ​ថា​មិន​អាច​ជួយ​អ្នក​ណា ជួយ​អ្នក​ណា​បាន សូម្បី​តែ​ឪពុកមា​បង្កើត​ជា​មេ​ភូមិ​ហ្នឹង គាត់​ទៅ​ទាន់​ហេតុការណ៍​ភ្លាម​ហ្នឹង​ក៏​ជួយ​អត់​បាន ដោយសារ​តែ​សកម្មភាព​ភ្លើង​ហ្នឹង​វា​ខ្លាំង​ពេក»។
លោក ហ៊ី ណារិន អធិការ​ខណ្ឌ​មានជ័យ បាន​បញ្ជាក់​ថា ភ្លើង​ឆេះ​នេះ ដើមហេតុ​បណ្ដាល​មក​ពី​ឆេះ​សាំង ដែល​ម្ចាស់​ផ្ទះ​ខ្លួន​ឯង​ដាក់​លក់​នៅ​ក្នុង​ផ្ទះ។
អគ្គីភ័យ​បាន​រលត់​ទៅ​វិញ​នៅ​ម៉ោង​ជាង ៩ ព្រឹក​ថ្ងៃ​ដដែល និង​មិន​រាលដាល​ដល់​ផ្ទះ​ឈើ​ដទៃ​ទៀត ដែល​នៅ​ក្បែរ​គ្នា​នោះ​ទេ ដោយ​សារ​រថយន្ត​ពន្លត់​អគ្គីភ័យ​ជា​ច្រើន​គ្រឿង​ទៅ​ជួយ​ពន្លត់​ទប់​ស្កាត់​ ទាន់៕

No comments: