Tuesday, August 23, 2011

អាហ្វ្រិកខាងត្បូង បដិសេធថា មិនបានរៀបចំ កន្លែងសម្រាប់ ហ្គាដាហ្វី រត់គេចខ្លួនទេ

ចូហាន់ណែស្បឺគៈ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១១ នេះថា ប្រទេស អាហ្វ្រិកខាងត្បូង បានប្រកាសបដិសេធ​ចំពោះព័ត៌មានមួយ ដែលថាប្រទេសខ្លួនបានរៀបចំយន្តហោះ ទៅកាន់ប្រទេសលីប៊ី ដើម្បីនាំយកមេដឹកនាំលោក ម៉ូអាម៉ា ហ្គាដាហ្វី គេចពីប្រទេសលីប៊ីនោះ។

រដ្ឋមន្ត្រីទំនាក់ទំនងការបរទេស របស់អាហ្វ្រិកខាងត្បូង នីកូណា ម៉ាស្សាបាន បាននិយាយ នៅក្នុងសន្និសីទកាសែតមួយថា លោក ហ្គាដាហ្វី នឹងមិនភៀសខ្លួនមកនៅប្រទេសអាហ្វ្រិកខាងត្បូង នោះទេ។ លោកស្រីរដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ទៀតថា បច្ចុប្បន្នយើងក៏មិនបានដឹង ដែរថា លោកហ្គាដាហ្វី កំពុងតែលាក់ខ្លួននៅទីណានោះដែរ។

លោកស្រី ម៉ាស្សាបាន បានបញ្ជាក់ថា ប្រទេសលោកស្រីបច្ចុប្បន្ន ក៏ត្រៀមទទួលស្គាល់រដ្ឋាភិបាល ពួកបះបោរ ជារដ្ឋាភិបាលស្របច្បាប់របស់ប្រទេស លីប៊ីផងដែរ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រទេស អាហ្វ្រិកខាងត្បូង បានធ្វើការរិះគន់ទៅប្រទេស មហា អំណាចទាំងឡាយ ដែលព្រួតគ្នា វាយប្រហារប្រទេសលីប៊ី ហើយខ្លួនបានបញ្ជាក់ទៀតថា បើសិនជាប្រទេសទាំងនោះ ព្រមស្តាប់តាមការទាមទារពីប្រទេសអាហ្វ្រិកទាំងអស់នោះ សង្គ្រាមនៅលីប៊ី ក៏មិនអូសបន្លាយយូរ ដល់ពេលនេះដែរ។
ជាងនេះទៅទៀត មេដឹកនាំពិភពលោក លោក ប៉ារ៉ាក់ អូបាម៉ា បាននិយាយថា វាដល់ពេល ហើយ ដែល ហ្គាដាហ្វី ត្រូវចុះចេញ៕
Photo by DAP-NEWS

No comments: