ខេត្តពោធិ៍សាត់ ៖ យុវជនម្នាក់ក្នុងចំណោមពីរនាក់ត្រូវរន្ទះបាញ់ខ្លោចដើមទ្រូង តែសំណាងល្អមិនស្លាប់ ដោយគ្រាន់តែរបួសធ្ងន់ប៉ុណ្ណោះ ។ បាតុភូតធម្មជាតិរន្ទះបាញ់នេះបានកើតឡើងកាលពីរសៀលថ្ងៃទី ១៨ សីហា ២០១១ ដែលយុវជនរងគ្រោះឈ្មោះជា ចាន់រស្មី អាយុ១៩ឆ្នាំ មានទីលំនៅកន្លែងកើតហេតុភូមិថ្គោលតូច ឃុំអន្សារចំបក់ ស្រុកក្រគរ។
ស្ត្រីជាម្តាយយុវជនរងគ្រោះបានប្រាប់កោះ សន្តិភាពថា កាលពីថ្ងៃទី១៨ សីហា ២០១១ នៅភូមិថ្គោលតូច មានភ្លៀងធ្លាក់មួយមេ លុះដល់ម៉ោងប្រហែល៣និង៣០នាទីរសៀល មេឃរាំងភ្លៀង ប៉ុន្តែនៅរលឹមតិចៗ និងមានផ្លេកបន្ទោរនៅឡើយ ។ កូនប្រុសរបស់គាត់ឈ្មោះជា ចាន់រស្មី និងប្អូនប្រុសជីដូនមួយរបស់គេម្នាក់ទៀតឈ្មោះជា ពន្លឺ អាយុ១៤ឆ្នាំ បាននាំគ្នាដឹកក្របីម្នាក់មួយឱ្យស៊ីស្មៅតាមភ្លឺស្រែ។
ដោយឡែកជា ពន្លឺ ដែលរួចផុតពីគ្រោះថ្នាក់រៀបរាប់ប្រាប់ថា ខណៈកំពុងតែដឹកក្របីនោះ ស្រាប់តែមានខ្សែផ្លេកបន្ទោរឆ្វាចភ្លឺមួយចំហៀងមេឃ ប៉ុន្តែពួកគេមិនបានចាប់អារម្មណ៍អ្វីទេ ។ មួយសន្ទុះក្រោយមកមានផ្លេកបន្ទោរភ្លឺមួយចំហៀងមេឃម្តង ទៀត ស្រាប់តែសូររន្ទះបាញ់ឡើងលាន់ផាំង កក្រើកដីដូចហែកមេឃ ប៉ុន្តែគេមិនដឹងថាបាញ់អ្វីនៅទីណាទេ តែពេលក្រឡេកមើលទៅឃើញបងប្រុសរបស់គេ ដេកផ្កាប់មុខក្នុងទឹកស្រែសន្លប់បាត់មាត់ឈឹងទៅហើយ។ ឃើញដូច្នេះជា ពន្លឺ បានទៅលើកផ្ងារឡើងឃើញមានស្នាមខ្លោចពេញដើមទ្រូង និងមានស្នាមឆូតតាំងពីថ្ងាសកាត់តាមពោះ រហូតដល់ភ្លៅ ឯខោអាវរហែករយ៉ៃដូចគេច្រៀកងៀត ក៏រត់មកប្រាប់ម្តាយយុវជនរងគ្រោះនៅផ្ទះ និងដឹកទៅព្យាបាលនៅពេទ្យស្រុក ហើយដោយសារមានសភាពធ្ងន់ធ្ងរពេក ក៏ដឹកបន្តទៅមន្ទីរពេទ្យខេត្តតែម្តង។ម្តាយជនរងគ្រោះសង្ស័យថា រន្ទះកំណាចនេះអាចបណ្តាលមកពីកូនរបស់គាត់ដាក់ទូរស័ព្ទក្នុង ហោប៉ៅ ព្រោះក្មួយប្រុសរបស់គាត់ជា ពន្លឺ និងក្របី២ក្បាលទៀត ដែលនៅក្បែរនោះបែរជាមិនអីទៅវិញ ៕
No comments:
Post a Comment