Monday, September 5, 2011

ទំនាស់ ពាក្យសម្តី បាញ់សម្លាប់ បុរសម្នាក់ នៅមុខ ក្លឹបកម្សាន្ត ជីប្លក់ សមត្ថកិច្ច ចាប់ខ្លួន ជនសង្ស័យ បាន២នាក់

ភ្នំពេញ៖ បុរសម្នាក់ ត្រូវខ្មាន់កាំភ្លើង បាញ់សម្លាប់ នៅមុខក្លឹបកម្សាន្ត «ជីប្លក់» ស្ថិតតាមបណ្តោយផ្លូវ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នាវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០១១។
លោកឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទថា លោកបានទទួលដំណឹងអំពី ករណីនេះហើយ ហើយលោកបានចាត់ឲ្យអធិការនគរបាលខណ្ឌទួលគោក តាមដានអំពីករណីនេះ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជ្រឹង ដារា អាយុ ២៥ឆ្នាំ មុខរបរជាអ្នកតបណ្តាញអ៊ីនធើណេត ស្នាក់នៅផ្ទះលេខ២៣ ផ្លូវលេខ ៣៣១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ បាននាំប្អូនស្រីរបស់ខ្លួន ឈ្មោះ ជ្រឹង លក្ខណា ទៅរាំលេងកម្សាន្តនៅ ក្នុងក្លឹប ជីប្លក់ លុះរាំលេងបានមួយសន្ទុះ ស្រាប់តែមានទំនាស់ពាក្យសំដីជាមួយអ្នកទៅលេងកម្សាន្តក្នុងក្លឹបដូចគ្នានោះ ជនរងគ្រោះក៏ចេញមកខាងក្រៅវិញ។
ប្រភពបន្តថា ក្រោយពេលចេញមកវិញ ជនរងគ្រោះ និងភាគីជម្លោះបានទាញដុំថ្មគប់គ្នាទៅវិញទៅមក បណ្តាលឲ្យត្រូវសន្តិសុខយាមក្លឹប ពេលនោះសន្តិសុខយាមក្លឹប បានហៅមន្រ្តី អ.ហ ដែលគេជួលមកកាងក្លឹងមកជួយអន្តរាគមន៍ តែគេមិនដឹងថា មានមូលហេតុអ្វីទើបបណ្តាលឲ្យមន្ត្រី អ.ហ រូបនេះ បាញ់ទៅលើជនរងគ្រោះនោះទេ។
ប្រភពបន្តថា មន្រ្តីអ.ហ ជាជនសង្ស័យរូបនេះ បានទៅលើជនរងគ្រោះចំនួន៤គ្រាប់ ហើយក៏រត់ចូលទៅក្នុងក្លឹបបាត់តែម្តងទៅ។
ក្រោយពេលកើតហេតុភ្លាមៗនោះកម្លាំងសមត្ថកិច្ចក៏បានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យជាមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស បាន២នាក់ ១. ឈ្មោះ ជុង វណ្ណា អាយុ ២៨ឆ្នាំ និងទី២. ឈ្មោះ សៀប រតនា អាយុ ២៦ឆ្នាំ  រួមនឹងកាំភ្លើងមួយដើម យកទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ រីឯសពជនរងគ្រោះតម្កល់នៅវត្តទឹកថ្លា។
ពាក់ព័ន្ធនឹងករណីនេះដែរ មន្រ្តី អ.ហ ខណ្ឌទួលគោក បានព្យាយាមបិទបាំងព័ត៌មាន មិនព្រមប្រាប់ក្រុមអ្នកសារព័ត៌មានឡើយ ។
យោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅជិតក្លឹបកម្សាន្តជីប្លក់ បានឲ្យដឹងថា ក្លឹបកម្សាន្ត មានភាពអនាធិបតេយ្យ និងតែងតែរំខានដល់ប្រជាពលរដ្ឋដែល រស់នៅម្តុំនោះ ជារៀងរាល់យប់ ជាពិសេសនោះ នៅពេលកើតហេតុគឺក្លឹបនេះ មិនបានសហការជាមួយសមត្ថកិច្ច ដើម្បីចាប់ជនសង្ស័យនោះទេ ថែមទាំងជួយបិទបាំង ថែមទៀតផង៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

No comments: