Monday, September 5, 2011

សមាជិក​បក្ស​សិទ្ធិ​មនុស្ស​២​នាក់​ត្រូវ​ចាប់​ខ្លួន​ដោយ​សារ​ចោទ​វៀតណាម​ឈ្លានពាន

មេ​ដឹក​នាំ​គណ​បក្ស​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ចាត់​ទុក​ការ​ចាប់​ឃុំ​ ខ្លួន​សមាជិក​របស់​ខ្លួន​ចំនួន​ពីរ​នាក់​នៅ​ពេល​ថ្មីៗ នេះ ថា​ជា​ការ​បំភិត​បំភ័យ។
កង​កម្លាំង​ការពារ​ព្រំដែន​វៀតណាម រារាំង​ក្រុម​មន្ត្រី​គណបក្ស សម រង្ស៊ី មិន​ឲ្យ​ចូល​ទៅ​ពិនិត្យ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១០។ (RFA/Uon Chhin)
កង កម្លាំង ការពារ ព្រំដែន វៀតណាម រារាំង ក្រុម មន្ត្រី គណបក្ស សម រង្ស៊ី មិន ឲ្យ ចូល ទៅ ពិនិត្យ តម្រុយ បង្គោល ព្រំដែន កម្ពុជា- វៀតណាម ក្នុង ស្រុក មេមត់ ខេត្ត កំពង់ចាម នៅ ថ្ងៃ ទី ១៤ ខែ ធ្នូ ឆ្នាំ ២០១០។ (RFA/Uon Chhin)

លោក កឹម សុខា ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៣ ខែ​កញ្ញា បាន​អំពាវនាវ​ដល់​សមាជិក និង​អ្នក​គាំទ្រ​តាម​មូលដ្ឋាន​ឲ្យ​មាន​ភាព​ក្លាហាន និង​ពុះពារ​គ្រប់​ឧបសគ្គ ដោយ​មិន​ត្រូវ​ចាញ់​កល​ល្បិច​យុទ្ធសាស្ត្រ​គណ​បក្ស​កំពុង​កាន់​អំណាច​ធ្វើ​ ទង្វើ​មក​លើ​គណ​បក្ស​សិទ្ធិ​មនុស្ស​នោះ​ទេ។
សេចក្ដី​អំពាវនាវ​របស់​លោក កឹម សុខា បែប​នេះ បាន​កើត​មាន​បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់ចាម បាន​ចាប់​ខ្លួន​សកម្មជន​របស់​ខ្លួន​ចំនួន​ពីរ​នាក់ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១ ខែ​កញ្ញា បញ្ជូន​ទៅ​កាន់​តុលាការ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​កញ្ញា ត្រូវ​បាន​អយ្យការ​អម​តុលាការ​ខេត្ត​កំពង់ចាម សម្រេច​ចោទ​ប្រកាន់​លើ​សកម្មជន​របស់​ខ្លួន​ពី​បទ​ញុះញង់​ឲ្យ​មាន​បទ​ល្មើស​ ឧក្រិដ្ឋ និង​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​រួច​មក។

កាលពី​​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​កញ្ញា ឆ្នាំ​២០១១ សកម្ម​ជន​គណ​បក្ស​សិទ្ធិ​មនុស្ស​ចំនួន ២​នាក់ ត្រូវ​បាន​នគរបាល​ខេត្ត​កំពង់​ចាម​ចាប់​ខ្លួន ដោយ​សារ​អ្នក​ទាំង​ពីរ​បាន​ផ្សព្វ​ផ្សាយ​ឯកសារ ដែល​ជា​គោល​នយោបាយ​គណ​បក្ស ពាក់ព័ន្ធ​នឹង​​រឿង​វៀតណាម​ទន្ទ្រាន​កាន់កាប់​ទឹក​ដី​កម្ពុជា។ បច្ចុប្បន្ន​សកម្ម​ជន​បក្ស​សិទ្ធិ​មនុស្ស​ទាំង​ពីរ​រូប ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​អង្កេត​តុលាការ​ខេត្ត​កំពង់​ចាម ចេញ​ដីកា​ឃុំ​ខ្លួន​ជន​ទាំង​ពីរ​ក្នុង​ពន្ធនាគារ​រង់ចាំ​កាត់​ទោស។

មន្ត្រី​នគរបាល​ខេត្ត​កំពង់ចាម​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​ឲ្យ​ដឹង​ថា សកម្ម​ជន​ទាំង​ពីរ​នាក់​របស់​គណ​បក្ស​សិទ្ធិ​មនុស្ស កំពុង​ជាប់​ឃុំ មាន​លោក ផាន ផា អាយុ​៦៦​ឆ្នាំ ជា​អនុ​ប្រធាន​បក្ស​សិទ្ធិ​មនុស្ស ប្រចាំ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូង​ឃ្មុំ និង​​លោក អ៊ុំ យាន អាយុ​៦៩​ឆ្នាំ ជា​សកម្ម​ជន​សិទ្ធិ​មនុស្ស​ប្រចាំ​ភូមិ​ទួល​ខ្សាច់ មន្ត្រី​គណ​បក្ស​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា ឈ្មោះ ភូមិ យាន អាយុ​៧១​ឆ្នាំ រស់​នៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូង​ឃ្មុំ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់​ទង​លោក​ស្នងការ​នគរបាល​ខេត្ត​ កំពង់ចាម និង​មន្ត្រី​តុលាការ​ខេត្ត​កំពង់ចាម ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចាប់​ខ្លួន​សកម្ម​ជន​បក្ស​សិទ្ធិ​មនុស្ស ដែល​មេ​ដឹក​នាំ​គណ​បក្ស​នេះ​ចោទ​ថា ធ្វើ​ឡើង​ដោយ​គ្មាន​ដីកា​តុលាការ​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១១។
ទោះ​យ៉ាង​ណា លោក កឹម សុខា បាន​ចាត់​ទុក​ថា ការ​ចាប់ និង​ឃុំ​ខ្លួន​សកម្ម​ជន​គណ​បក្ស​សិទ្ធិ​មនុស្ស​ចំនួន​ពីរ​រូប នៅ​ខេត្ត​កំពង់​ចាម បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ និង​ជា​ការ​រំលោភ​សិទ្ធិ រំខាន​ដល់​ដំណើរ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ឲ្យ​មាន​លក្ខណៈ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌។

លោក​បាន​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល​ឲ្យ​ពិនិត្យ​នូវ​ទង្វើ​របស់​ អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​រំលោភ​លើ​សិទ្ធិ​នយោបាយ​របស់​​ពលរដ្ឋ និង​ស្នើ​ឲ្យ​ដោះ​លែង​ជា​បន្ទាន់​នូវ​សកម្មជន​គណ​បក្ស​សិទ្ធិ​មនុស្ស​ទាំង​ ពីរ​រូប ដែល​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ច្បាប់​រដ្ឋ ឲ្យ​មាន​សេរីភាព​ឡើង​វិញ។
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា មជ្ឈ​មណ្ឌល​កំពុង​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​ចាប់​ខ្លួន​សមាជិក​គណ​បក្ស​ សិទ្ធិ​មនុស្ស រក​ឲ្យ​ឃើញ​ពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នេះ។ លោក​ថា ការ​ចាប់​ខ្លួន​សកម្ម​ជន​បក្ស​ប្រឆាំង​នៅ​មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់ អាច​ជា​សញ្ញា​បំភិត​បំភ័យ ឬ​ជា​ការ​គំរាម​កំហែង​មួយ។

យ៉ាង​ណា​ក៏​ដោយ លោក ហេង សម្បត្តិ ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ចាម ដែល​កាន់​សំណុំ​រឿង​ចាប់​ខ្លួន​សមាជិក​បក្ស​សិទ្ធិ​មនុស្ស បាន​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដឹង​ថា មូលហេតុ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​សមាជិក​បក្ស​សិទ្ធិ​មនុស្ស​ទាំង​ពីរ​ នាក់ ដោយ​សារ​តែ​នៅ​លើ​ឯកសារ ដែល​អ្នក​ទាំង​ពីរ​អះអាង​ថា ទទួល​បាន​ពី​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ខេត្ត​កំពង់ចាម កម្រាស់​៩​ទំព័រ មាន​សរសេរ​​​​ញុះញង់​ឲ្យ​ពល​រដ្ឋ​យល់​ច្រឡំ​លើ​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​រឿង​កាត់​ទឹក​ដី​កម្ពុជា​ឲ្យ​ប្រទេស​វៀតណាម៕

No comments: