សមត្ថកិច្ច ៖ ចូរអ្នកឯងរៀបរាប់ពីសកម្មភាពរបស់អ្នកឯង និងបក្សពួក ដែលបានធ្វើសកម្មភាពប្លន់យកលុយ និងបាញ់សម្លាប់ជនរងគ្រោះឈ្មោះជួន ធារ៉ា ហៅម៉ាក់ស្រីមុំ ភេទស្រី កាលពីថ្ងៃទី២៨ សីហា ២០១១ វេលាម៉ោង១០និង៥នាទីនៅចំណុចដងនង្គ័លមុខផ្ទះលេខA47 ផ្លូវសហព័ន្ធរស្ស៊ី ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ តាំងពីដើមរហូតដល់ចប់?
ជនសង្ស័យ ៖ ខ្ញុំបាទឡាយ វណ្ណៈ សូមឆ្លើយសារភាពថា នៅថ្ងៃទី២៨ សីហា ២០១១ ម៉ោងប្រហែល៨ព្រឹក ឈ្មោះងួន ប៊ុនទី ហៅទី ភេទប្រុស ប្រើទូរស័ព្ទលេខ០១០ ៦៨ ៦៨ ៤០ បានទូរស័ព្ទមកខ្ញុំលេខ០៩៧ ២២ ២៨ ៩២៨ ហើយឈ្មោះទី បានប្រាប់មកខ្ញុំថា ឱ្យខ្ញុំជិះម៉ូតូរបស់ខ្ញុំម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ 1AU-0967 ទៅចាំវានៅចំណុចកន្លែងបង់លុយ ផ្លូវ២០០៤ បន្ទាប់មកខ្ញុំក៏ជិះម៉ូតូទៅចាំឈ្មោះទី នៅកន្លែងវាណាត់ លុះដល់ម៉ោង៨និង៣០នាទី ឈ្មោះភ័ក្ត្រ បានជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរី២០១០ មិនចាំស្លាកលេខ ដឹកឈ្មោះទី មកជួបរូបខ្ញុំនៅកន្លែងបង់លុយផ្លូវ២០០៤នោះ។ ពេលមកដល់ឈ្មោះទី បានប្រគល់អាវុធខ្លីឱ្យខ្ញុំមួយដើមម៉ាកឡុក ពណ៌ខ្មៅ ដោយវាប្រាប់ខ្ញុំថា ចាំធ្វើសកម្មភាពប្លន់អ្នកដឹកលុយដែលជិះម៉ូតូម៉ាកអ៊ែរប្លេត ពណ៌សលាយខ្មៅ មិនចាំស្លាកលេខ ដែលជិះឆ្លងកាត់ផ្លូវ២០០៤នេះ ហើយឈ្មោះទី បានឱ្យខ្ញុំជិះមកចាំនៅចំណុចភ្លើងស្តុប ផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ លុះដល់ម៉ោងប្រហែលជា៩និង៤៥នាទី ក៏ឃើញជនរងគ្រោះចំនួន២នាក់ជិះម៉ូតូម៉ាកអ៊ែរប្លែតដូចការ តាមប្រមាញ់មែន ដោយមានមនុស្សប្រុសជាអ្នកបើកម៉ូតូ ឯមនុស្សស្រីជិះពីក្រោយឱបកេសដាក់លុយរុំស្តុត រាងពណ៌លឿង ចំណែកឈ្មោះភ័ក្ត្រ និងឈ្មោះទី ជិះម៉ូតូ C125 ពណ៌ខ្មៅ តាមពីក្រោយម៉ូតូជនរងគ្រោះ (អាភ័ក្ត្រ អ្នកដឹកអាទី)។
នៅពេលជនរងគ្រោះជិះម៉ូតូផុតស្តុប ប្រហែលជា១០០ម៉ែត្រ អាភ័ក្ត្រ និងអាទី បានជិះម៉ូតូកៀរផ្តួលម៉ូតូជនរងគ្រោះ តែម៉ូតូជនរងគ្រោះមិនដួលទេ ហើយជនរងគ្រោះបានបើកម៉ូតូយ៉ាងលឿនទៅមុខទៀត ភ្លាមនោះខ្ញុំក៏បានបើកម៉ូតូវ៉ាម៉ូតូរបស់ជនរងគ្រោះទៅដល់ចំណុច កន្លែងដាក់ឆត្រលក់ខោអាវជជុះ។ ខ្ញុំក៏ជិះម៉ូតូកាត់ពីមុខម៉ូតូជនរងគ្រោះ ហើយម៉ូតូជនរងគ្រោះក៏បើកឡើងចិញ្ចើមផ្លូវ បន្ទាប់មកក៏ដួលម៉ូតូនៅមុខកន្លែងលក់ខោអាវជជុះ ពេលនោះជនរងគ្រោះភេទស្រីបានឱបកេសលុយរត់ចូលទៅក្រោមឆត្រ កន្លែងលក់ខោអាវជជុះ ភ្លាមនោះអាទី ក៏បានរត់ទៅដណ្តើមកេសលុយពីជនរងគ្រោះ នៅក្រោមឆត្រ ហើយក៏បានប្រវាយប្រតប់គ្នាជាមួយជនរងគ្រោះ ឃើញដូច្នេះខ្ញុំក៏ចុះពីលើម៉ូតូរត់ទៅជួយអាទី ដើម្បីដណ្តើមយកកេសលុយពីជនរងគ្រោះ ចំណែកអាភ័ក្ត្រ នៅចាំម៉ូតូខាងក្រៅ ពេលខ្ញុំដណ្តើមកេសលុយពីជនរងគ្រោះបានហើយ ខ្ញុំក៏បានយកកេសលុយនោះទៅដាក់ទុកលើម៉ូតូអាភ័ក្ត្រ ហើយក៏ដើរមកឡើងជិះម៉ូតូខ្ញុំវិញ ចំណែកអាទី ក៏ឡើងជិះម៉ូតូជាមួយអាភ័ក្ត្រ។ ភ្លាមនោះ ជនរងគ្រោះក៏បានរត់មកដណ្តើមយកកេសលុយពីអាភ័ក្ត្រវិញ ហើយពេលនោះអាទី ក៏បានចុះពីលើម៉ូតូទៅដណ្តើមយកកេសលុយពីជនរងគ្រោះវិញ តែជនរងគ្រោះបានឱបកេសលុយនោះជាប់មិនព្រមប្រគល់ឱ្យទៅអាទីទេ ។ អាទី ក៏បានដកកាំភ្លើងខ្លីមិនស្គាល់់ម៉ាកវាយទៅលើជនរងគ្រោះ ឃើញដូច្នេះខ្ញុំក៏ចុះពីលើម៉ូតូទៅជួយអាទី ពេលនោះស្រាប់តែអាទី បានបាញ់ទៅលើជនរងគ្រោះចំនួនមួយគ្រាប់ បណ្តាលឱ្យជនរងគ្រោះដួលទៅលើដី ហើយអាទី ក៏បានលើកយកកេសលុយនោះឡើងជិះម៉ូតូជាមួយអាភ័ក្ត្រ ចូលមកភ្នំពេញវិញ ចំណែកខ្ញុំជិះម៉ូតូបិទគូទពីក្រោយ។
ពេលមកដល់ចំណុចភ្លើងស្តុបមុខព្រលានយន្ត ហោះក៏បែកគ្នាមិនដឹងអាទី និងអាភ័ក្ត្រជិះម៉ូតូទៅតាមផ្លូវណាទេ ហើយរូបខ្ញុំក៏ជិះម៉ូតូម្នាក់ឯងមកផ្ទះប្រពន្ធរបស់ខ្ញុំ ស្នាក់នៅផ្ទះលេខ៣៣០E4 ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ ៧មករា ហើយខ្ញុំពុំបានដឹងថា ក្នុងកេសនោះមានលុយចំនួនប៉ុន្មានទេ។ លុះដល់ម៉ោងប្រហែល១១និង៣០នាទី អាទី បានទូរស័ព្ទមកខ្ញុំ ឱ្យយកកាំភ្លើងមកប្រគល់ឱ្យវា នៅច្រកជណ្តើរផ្លូវឡើងផ្ទះលេខ៣៣០E4 នេះ ពេលនោះខ្ញុំក៏បានយកកាំភ្លើងមកប្រគល់ឱ្យអាទីវិញ ហើយអាទី ក៏បានប្រគល់លុយឱ្យមកខ្ញុំដាក់ថង់ពណ៌ខ្មៅ តែខ្ញុំមិនដឹងលុយចំនួនប៉ុន្មានទេ។ ឡើងដល់លើផ្ទះ ខ្ញុំក៏បានបើកថង់ខ្មៅនោះមើលរាប់ឃើញមានលុយចំនួន១៥.០០០ .០០០រៀល (ដបប្រាំលានរៀល) ពេលបានលុយនោះហើយ ខ្ញុំបានយកចំនួន២លានរៀលឱ្យទៅប្រពន្ធរបស់ខ្ញុំឈ្មោះទិត សុភាព និងប្រគល់ឱ្យម្តាយរបស់ខ្ញុំចំនួន២លានរៀល ដោយប្រាប់ម្តាយ និងប្រពន្ធថា ជាលុយប្រាក់ខែ ចំណែកលុយនៅសល់ចំនួន១១.០០០.០០០រៀល (ដប់មួយលានរៀល) ទៀត ខ្ញុំបានយកទៅដើរស៊ីចាយអស់។ ចំពោះអាទី និងអាភ័ក្ត្រ បានលុយម្នាក់ប៉ុន្មានខ្ញុំមិនបានដឹងទេ ហើយតាំងពីពេលនោះមក អាទី និងអាភ័ក្ត្រ បាត់ខ្លួនរហូតមិនដឹងទៅដល់ទីណាទេ ហើយទូរស័ព្ទទាក់ទងក៏មិនបានរហូតដល់សព្វថ្ងៃ។
នៅពេលធ្វើសកម្មភាពប្លន់ រូបខ្ញុំពាក់មួកកាស ពណ៌ខ្មៅ ម៉ាក SPEACE CROWN ពាក់អាវយឺត ដៃខ្លី ពណ៌ស ម៉ាក DAKS ខាងក្នុង និងពាក់អាវដៃខ្លីម៉ាក T-R លេខ XL ពណ៌ត្រាវ ពីខាងក្រៅ អាវុធខ្លី មួយដើមម៉ាកឡុក ពណ៌ខ្មៅ មិនចាំលេខ (ជាកាំភ្លើងរបស់អាទី) នៅពេលធ្វើសកម្មភាពហើយបានប្រគល់ឱ្យឈ្មោះទីវិញ និងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរី២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AU-0967 លេខតួ និងលេខម៉ាស៊ីនME8517077 ។ ចំណែកអាទី ពាក់អាវសដៃវែង ពាក់មួកកាស ពុំចាំពណ៌ ពុំចាំម៉ាក ស្លៀកខោជើងវែងរាងក្រម៉ៅ កាន់កាំភ្លើងខ្លីមិនចាំម៉ាក មួយដើម ពណ៌ខ្មៅ ជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរី២០១០ មិនចាំស្លាកលេខ ចំពោះអាទី មានភិនភាគកម្ពស់១,៦៥ម៉ែត្រ សម្បុរ.ស មាឌធំល្មម សក់ស្លូត អាយុប្រហែល៣០ឆ្នាំជាងសិតសក់ញែកចំហៀង ច្រមុះធំ ភ្នែកធំ មាត់ធំ ធ្មេញលើដាក់ធ្មេញព្សឺឡែន (ព័រហ្សឺឡែន)។
រីឯអាភ័ក្ត្រវិញ ពាក់អាវមិនចាំពណ៌ ពាក់មួកកាស មិនចាំពណ៌ មិនចាំម៉ាក ជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរី២០១០ ពុំចាំស្លាកលេខ (ជិះជាមួយអាទី) អាភ័ក្ត្រ មានភិនភាគ មាឌធំ សម្បុរខ្មៅ កម្ពស់ប្រហែល១,៧០ម៉ែត្រ សក់ស្លូត វែកចំហៀង អាយុប្រហែលជាង៣០ឆ្នាំ ច្រមុះធំ ចិញ្ចើមក្រាស់ ភ្នែកធំ មាត់ធំ។ ចំណែកលំនៅឋានរបស់អាទី និងអាភ័ក្ត្រ ខ្ញុំបាទមិនដែលស្គាល់ទេ។ ក្រៅពីសកម្មភាពខាងលើនេះ ខ្ញុំបាទពុំដែលធ្វើសកម្មភាពអ្វីផ្សេងទៀតទេ ចំពោះអាទី និងអាភ័ក្ត្រ ខ្ញុំបាទពុំបានដឹងថាវាធ្លាប់ធ្វើសកម្មភាពអ្វីខ្លះទេ។ សូមបញ្ជាក់ថា នៅថ្ងៃទី២៩ សីហា ២០១១ ពេលល្ងាចខ្ញុំបានយកលុយទៅឱ្យប្រពន្ធរបស់ខ្ញុំនៅ ផ្ទះលេខ៣៣០E4 ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា ចំនួន២លានរៀល ជាក្រដាសប្រាក់៥.០០០រៀល និងក្រដាស១០.០០០រៀល (ចងកៅស៊ូពីរដុំ)។ នៅល្ងាចថ្ងៃទី៣០ សីហា ២០១១ ខ្ញុំបាទជិះរថយន្តកាមរី ពណ៌ទឹកប៊ិច ស៊េរីឆ្នាំ១៩៩១ យកលុយទៅប្រគល់ឱ្យម្តាយបង្កើតឈ្មោះអ៊ិត សុភី ចំនួនពីរលានរៀល ជាក្រដាសប្រាក់៥.០០០រៀល និងក្រដាសប្រាក់១០.០០០រៀល ចំនួន២ដុំ ប្រគល់នៅផ្ទះអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
ចំពោះលុយដែលនៅសល់ចំនួន១១.០០០.០០០រៀល (ដប់មួយលានរៀល) គឺខ្ញុំយកទៅចាយ ច្រៀងខារ៉ាអូខេ នៅសូល នៅយប់ថ្ងៃទី៣០ សីហា ២០១១ ច្រៀងម្នាក់ឯង ជាមួយស្រីៗ នៅក្នុងខារ៉ាអូខេ ពីម៉ោង៩យប់ទៅម៉ោង១២យប់ អស់ប្រាក់ចំនួន៨០០ដុល្លារ ស្មើលុយខ្មែរប្រហែលជាងបីលានរៀល ។ នៅយប់ថ្ងៃទី៣១ សីហា ២០១១ ខ្ញុំច្រៀងម្នាក់ឯងជាមួយស្រីៗ នៅក្នុងខារ៉ាអូខេសូលដដែល ពីម៉ោង៩យប់ដល់ម៉ោង១២ អស់ប្រាក់ចំនួនប្រហែលជាងបីលានរៀល ស្មើនឹង៨០០ដុល្លារទៀត ហើយនៅសល់លុយមួយចំនួនទៀត ខ្ញុំចាយវាយអស់ហើយ ៕
No comments:
Post a Comment