Monday, September 5, 2011

បុរស​ពោះ​ម៉ាយ​កូន​មួយ​ទាក់​ទង​ក្មេង​ស្រី​តាម​ទូរស័ព្ទ​ណាត់​ជួប​ក្នុង​បន្ទប់​ផ្ទះ​សំណាក់


ខេត្ត​កណ្តាល​ ៖ បុរស​ពោះ​ម៉ាយ​កូន​មួយ​​ក្លាយ​ជា​អ្នក​ទោស​ប្លន់​ព្រហ្ម​ចារី​ក្មេង​ស្រី​ ត្រូវ​​នគរ​បាល​ស្រុក​ស្អាង​ចាប់​ខ្លួន​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​កណ្តាល​កាល​ពី​រសៀល​ ថ្ងៃ​ទី​៣ ខែ​កញ្ញា ។ សមត្ថ​កិច្ច​ចាប់​ខ្លួន​បុរស​នោះ​ បន្ទាប់​ពី​មាន​ពាក្យ​បណ្តឹង​របស់​អាណា​ព្យាបាល​ក្មេងស្រី​អាយុ​១៤​ឆ្នាំ ប្តឹង​ចោទ​ប្រកាន់​​​ថា គេបាន​លួង​លោម​កូន​ស្រី​គាត់​នាំ​យក​ទៅ​រំលោភ​សេព​សន្ថវៈ​នៅ​ផ្ទះ​សំណាក់​ ចំនួន​ពីរ​លើក​កាល​ពី​​អំឡុង​ខែ​កក្កដា និង​ខែ​សីហា ឆ្នាំ​២០១១។
លោក​នៅ ប៉ុណ្ណា នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​នគរ​បាល​ស្រុក​ស្អាង​ឱ្យ​ដឹង​ថា ជន​សង្ស័យឈ្មោះ​ទូច​ អេង អាយុ​៤២​ឆ្នាំ ជា​បុរស​ពោះ​ម៉ាយ​កូន​មួយ​ មាន​ទី​លំនៅ​ក្នុង​ភូមិ​មិត្ត​ភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ​។ ការ​ឃាត់​ខ្លួន​ជន​នោះ​​ដោយ​មាន​ចំណា​រឯក​ភាព​ពី​លោក​ព្រះ​រាជ​អាជ្ញា​អម​ សាលា​ដំបូង​ខេត្ត​កណ្តាល​។ ចំណែក​ក្មេង​ស្រី​រង​គ្រោះអាយុ​​១៤​ឆ្នាំ ជា​សិស្ស​ មាន​ទី​លំនៅក្នុង​​ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង​។
ក្មេង​ស្រី​រង​គ្រោះ​រៀប​រាប់​ប្រាប់​នគរ​បាល​ថា នាង​ស្គាល់​ឈ្មោះ​ទូច អេង តាម​រយៈ​មិត្ត​ភក្តិ​​រៀន​ជាមួយ​គ្នា ដោយ​គេ​​ណែ​នាំ​ឱ្យ​​ស្គាល់​តាម​រយៈ​ទូរ​ស័ព្ទ​​អស់​រយៈ​ពេល​៤​ទៅ​៥​ខែ​មក​ ហើយ​។ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា មិត្ត​ភក្តិ​របស់​នាង​បបួល​នាង​ចេញ​ពី​ផ្ទះ​ទៅ​ជួប​ឈ្មោះ​ទូច អេង នៅ​កំពង់​ចម្លង​ ស្វាយ​តានី​ត្រើយ​ខាង​លិច។
ឈ្មោះ​ទូច​ អេង ​បបួល​​លួង​លោម​​នាង​ជិះ​ម៉ូតូ​ទៅ​លេង​ភ្នំពេញ​។ ពេល​ឌុប​នាង​មក​ដល់​ក្រុង​តា​ខ្មៅចូល​ផ្ទះ​សំណាក់​មួយ ហើយ​និយាយ​លួង​លោម​នាង​សុំរួម​រ័ក​ចំនួន​២​ដង។​ ក្រោយ​មកគេ​ឌុប​នាង​ទៅ​ផ្ទះ​របស់​គេ និង​ឱ្យ​​នាង​ស្នាក់​នៅ​ទី​នោះ​មួយ​យប់​ទៀត​ទើប​ឌុប​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ ​។
ក្មេងស្រី​រង​គ្រោះ​បាន​រៀប​រាប់​ប្រាប់​នគរ​បាល​ទៀត​ ថា នៅ​​ថ្ងៃ​ទី​១៦ សីហា ឆ្នាំ​២០១១ ឈ្មោះ​ទូច អេង​ បាន​ទូរ​ស័ព្ទ​ណាត់​ឱ្យ​នាងទៅ​​ជួប​នៅ​កំពង់​ចម្លង​ស្វាយ​តានី​​ ហើយ​​បបួល​នាង​ទៅ​លេង​នៅ​ភ្នំពេញ ។ គេ​​ឌុប​នាង​ចូល​ផ្ទះ​សំណាក់​មួយ​ និង​បាន​លួង​លោម​នាង​សុំ​រួម​រ័ក​ចំនួន​៣​លើក​ ។ បន្ទាប់​មក​​ឌុប​នាង​ទៅ​សម្រាក​នៅ​ផ្ទះ​របស់​គេ​មួយ​យប់​ទៀត​ លុះព្រឹក​ឡើង​ទើប​ឌុ​ប​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ​។
មន្ត្រី​ប៉ូលិស​ឱ្យ​​ដឹង​ថា រឿង​រ៉ាវនោះ​បាន​បែក​ការណ៍​ដឹង​ដល់​អាណា​ព្យា​បាល​របស់ក្មេ​ង​ស្រី​ ហើយ​នាំ​នាង​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ស្អាង​ កាល​ពី​ថ្ងៃ​ទី​២ ខែ
កញ្ញា ។ បន្ទាប់​ពី​ទទួលបាន​​ពាក្យ​បណ្តឹង​នគរ​បាល​បានឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ​ ទូច អេង នៅមន្ទីរ​ពេទ្យ​ជ័យ​ជម្នះ​ក្រុង​តា​ខ្មៅ កាល​ពី​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២ កញ្ញា ដោយ​មាន​ការ​ឯក​ភាព​ពី​លោក​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កណ្តាល​​។
ជន​សង្ស័យ​សារភាព​​ប្រាប់​នគរ​បាល​ថា រូប​គេ​ និង​ក្មេង​ស្រីនោះ​ស្គាល់​គ្នា​តាម​ទូរ​ស័ព្ទ​រហូត​ដល់​រាប់​អាន​គ្នា​ និង​ណាត់​ជួប​គ្នា​ដើរ​លេង​ ។ ពួក​គេ​​បាន​អោប​ថើប​គ្នា ប៉ុន្តែ​មិន​បាន​រួម​រ័ក​ជាមួយ​គ្នា​​ដូច​ការ​ចោទ​ប្រកាន់​ទេ​ ។ រូប​គេ​​មាន​បំណង​ស្តី​ដណ្តឹង​នាង​យក​ធ្វើ​ជា​ប្រពន្ធ​ ព្រោះ​ប្រពន្ធ​របស់​គេ​​បាន​លែង​លះ​គ្នា​ដាច់ស្រេច​ហើយ​។
មន្ត្រី​នគរ​បាល​ឱ្យ​ដឹងថា បើ​ទោះ​បី​ជា​អ្នក​ទាំង​ពីរ​ព្រម​ព្រៀង​រួម​រ័ក​ជាមួយគ្នា​ដោយ​គ្មាន​ការ​ បង្ខំ​ក្តី​ ដោយ​សារ​តែ​ភាគី​ខាង​ស្រី​ទើប​តែ​មាន​​អាយុ​១៤​ឆ្នាំ​ នៅ​វ័យ​ជា​អនីតិ​ជន​ ដូច្នេះ​ភាគី​ខាង​ប្រុស​ត្រូវ​តែ​មាន​ទោស​ ៕

No comments: