Monday, September 5, 2011

ទំនាស់ច្រៀងខារ៉ាអូខេវាយគ្នាផុងលលាដ៍ក្បាល ប៉ូលិសឃាត់ខ្លួនពីរនាក់

 
ខេត្តពោធិ៍សាត់ ៖ នារសៀលថ្ងៃទី២ កញ្ញា ២០១១ ប៉ូលិសបានឃាត់ខ្លួន​ជន​សង្ស័យ២នាក់​ពី​បទប្រើអំពើ​ហិង្សា​ដោយ​ចេតនា​ដោយវាយ​ ជន​រងគ្រោះនឹងត្បូងចប​បណ្ដាលឲ្យផុង​លលាដ៍​ក្បាល​របួសយ៉ាងធ្ងន់ធ្ងរ។ ករណី​នេះបានកើត​ឡើង​កាលពីថ្ងៃទី១ កញ្ញា  ២០១១ វេលាម៉ោង​៨​និង៣០នាទីយប់ នៅការ​ដ្ឋានទី៨ របស់ក្រុម​ហ៊ុន​ចិន ស្ថិតនៅភូមិ​កណ្ដាល ឃុំឈើតុំ ស្រុក​ក្រគរ។
មន្ត្រីប៉ូលិសឲ្យដឹងថា ជនសង្ស័យ​ទាំង​ពីរ​នាក់​​នេះម្នាក់​ឈ្មោះ​ផាត់ ឃួន ភេទប្រុស អាយុ​៣១​ឆ្នាំ និងម្នាក់ទៀតឈ្មោះ​អាន ថង ភេទប្រុស អាយុ​២៨ឆ្នាំ។ ទាំងពីរនាក់មានទីលំនៅភូមិ​តា​កឹម ឃុំ​អន្លង់សំណ ស្រុកជីក្រែង ខេត្ត​សៀម​រាប មកធ្វើ​ជាកម្មករឲ្យក្រុមហ៊ុនចិន ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​ភូមិ-ឃុំកើតហេតុខាងលើ។ ពួកគេត្រូវបាន​ឃាត់ខ្លួន​តាម​ពាក្យ​បណ្ដឹង​របស់​ស្ត្រីឈ្មោះសែម រឿន អាយុ៥៣ឆ្នាំ នៅ​ភូមិផ្ទះ​ចេក ឃុំឈើតុំ ដែលចោទ​ប្រកាន់​ថា បាន​វាយ​កូន​ប្រុស​របស់គាត់ឈ្មោះ​ឆេង ​សឿន អាយុ​២៤​ឆ្នាំ ឱ្យរបួស​យ៉ាងធ្ងន់ធ្ងរ។
ក្នុងពាក្យបណ្ដឹងរៀបរាប់ថា កាល​ពី​ថ្ងៃទី១ កញ្ញា  ២០១១ វេលាម៉ោង៧និង៣០​នាទីយប់ ឈ្មោះឆេង សឿត ភេទប្រុស អាយុ​២៤​ឆ្នាំ (បង​បង្កើតរបស់ជនរងគ្រោះ) រួម​ជា​មួយ​ឈ្មោះ​អាន ថង និង​ផាត់ ឃួន (ជន​ជាប់​ចោទ) បានផឹក​ស៊ី និង​ច្រៀងខារ៉ាអូខេជា​មួយ​គ្នា​នៅតូប​របស់​ឈ្មោះ​ធឿង យ៉ុម។ ពួកគេ​ផឹកស៊ី​ច្រៀងរាំយ៉ាង​សប្បាយរីករាយរហូតដល់ម៉ោង៨​និង៣០​នាទី​យប់ ផាត់ ឃួន បានកុំម្មង់ឆេង សឿត ឲ្យចាក់​បទ​​​ញាក់ ។ ពេលចាក់រួចឆេង សឿត ក៏ដើរចេញ​ក្រៅ ​ពេលនោះផាត់ ឃួន ហៅមក​វិញ ឲ្យរាំតែ​ដោយ​សារឆេង សឿតមិនរាំ ផាត់ ឃួន ក៏​ក្របួច​សក់​ក្បាលដាល់ពីរបីដៃរួច​ហើយ​ឆេង សឿត ក៏​ដើរ​ចេញបាត់ទៅ ឯ២នាក់​នោះ​នៅច្រៀងបន្ត​ទៀត។
ក្នុង​ពាក្យ​បណ្តឹង​រៀបរាប់​ទៀតថា មួយ​សន្ទុះ​ក្រោយ​មក​ឈ្មោះឆេង សឿន ហៅហ៊ីង ភេទ​ប្រុស អាយុ​២២​ឆ្នាំ (ជនរងគ្រោះ) ជាប្អូន​របស់​ឆេង សឿត បានដើរមកសួរ​រកហេតុផល ស្រាប់​តែ​ផាត់ ឃួន វាយក្បាលមួយត្បូងចបរហូតផុង​លលាដ៍​ហូ​រឈាម​ស្រោចខ្លួន។ ភ្លាមៗនោះ​ ឈ្មោះ​អាន ថង​បម្រុង​វាយនឹងដំបងថែមទៀត ប៉ុន្តែដោយ​ឃើញ​ជនរងគ្រោះដេកដួលសន្លប់​ក្នុង​ថ្លុកឈាម​ទៅ​ហើយក៏បបួលគ្នាដើរ​ ចេញបាត់​ទៅ ឯជន​រង​គ្រោះត្រូវបានពួកចិនដឹកយកទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យខេត្តទាំងយប់។ ប៉ូលិស​ឲ្យ​ដឹង​ថា បន្ទាប់​ពីទទួលពាក្យ​បណ្ដឹង​របស់​ស្ត្រី​ជា​ម្ដាយ ​​នៅ​ថ្ងៃទី២ កញ្ញា ២០១១ ទើបយើង​ស្រាវ​ជ្រាវ និង​​ឈាន​ទៅឃាត់ខ្លួនជនសង្ស័យ​ទាំង​​ពីរនាក់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ​ផាត់ ឃួន បានឆ្លើយថា នៅយប់នោះខ្លួន​និង​ឈ្មោះ​អាន ថង បានទៅ​ច្រៀងខារ៉ាអូខេមែន។ ពេលកំពុងច្រៀងស្រាប់តែឈ្មោះ​សឿត ដាល់​អាន ថង ដែលជាមិត្តភក្តិរបស់ខ្លួនពីរបីដៃដោយ មិនដឹងមូលហេតុ។ ខណៈឃើញដូច្នេះខ្លួនបាន​ដាល់​ឈ្មោះសឿតពីរបីដៃសងវិញ បន្ទាប់មក​ម្ចាស់​ខារ៉ាអូខេបិទឈប់ឲ្យច្រៀង ពួកគេក៏​នាំគ្នា​ទៅ​ដេក​រៀងៗខ្លួន។ ឯចំពោះឆេង សឿន (ជន​រង​​គ្រោះ) ប្អូនរបស់ឆេង សឿត ដែល​ត្រូវ​គេ​វាយ​បែក​ក្បាលនោះ ខ្លួនអត់ដឹងរឿងទេ មិន​ដឹង​ថា គេ​មាន​ទំនាស់នៅឯណា​ជាមួយក្រុមណា​ឡើយ គឺ​ពួក​គេអត់បានវាយទាល់តែសោះ ស្រាប់​​តែ​ស្អែក​ឡើងប៉ូលិសមកចាប់ពួកគេ​ទាំង​ពីរ​នាក់វាយ​ខ្នោះតែម្ដង ដែលធ្វើឲ្យពួកគេងឿង​ឆ្ងល់​យ៉ាង​ខ្លាំង។ ជនសង្ស័យទាំង​ពីរ​នាក់​និយាយ​ថា បើពួកគេ​បានវាយជនរងគ្រោះរហូត​ដល់​ផុង​លលាដ៍​ក្បាលមែននោះ ប្រហែលជាមិននៅឲ្យ​ប៉ូលិស​​ចាប់ខ្លួន​ទេ ដូច្នេះសូមឲ្យស្ថាប័ន​ច្បាប់​ជួយ​​រក​យុត្តិធម៌ឲ្យពួកគេផង។
សមត្ថកិច្ចបានបញ្ជូន​ជន​ទាំង​២​នាក់​មក​​កាន់​​ស្នង​ ការដ្ឋាននគរបាលខេត្តនាល្ងាចថ្ងៃទី៣ កញ្ញា លុះ​ព្រឹកឡើងថ្ងៃទី៤ កញ្ញា បន្ទាប់ពីបំពេញ​សំណុំ​បែប​បទ​តាមនីតិវិធីរួចក៏​បញ្ជូនបន្តទៅ​តុលា​ការ​ទៀត៕

No comments: