ខេត្តកំពង់ចាម ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរអាង បានឃាត់ខ្លួនក្មេងប្រុសម្នាក់ឈ្មោះនិន សុខចាន់ អាយុ១៥ឆ្នាំ រស់នៅឃុំរអាង ស្រុកកំពង់សៀមកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៨ កក្កដា ២០១១ ដោយជាប់ចោទពីបទចាប់រំលោភក្មេងស្រីអាយុ៦ឆ្នាំម្នាក់មិនបានសម្រេច ក្នុងខណៈពេលដែលម្តាយនាងមិននៅផ្ទះដោយបានចេញទៅមើលទូរទស្សន៍នៅ ផ្ទះអ្នកជិតខាង ។
ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានលោកអនុសេនីយ៍ឯកចក់ សុខកៅ អធិការរងនគរបាលស្រុកកំពង់សៀមទទួលផែនយុត្តិធម៌ប្រាប់ឱ្យដឹងថា នៅវេលាម៉ោងប្រហែលជា៧យប់ថ្ងៃទី២៧ កក្កដា ក្រោយពីហូបបាយពេលល្ងាចរួច ឱ្យកូនស្រីតូចៗ២នាក់ក្នុងនោះម្នាក់អាយុ៦ឆ្នាំ និងម្នាក់ទៀតអាយុ៦ខែដេកលក់អស់ហើយម្តាយក្មេងស្រី ក៏ទៅមើលរឿងភាគដែលបញ្ចាំងតាមទូរទស្សន៍នៅផ្ទះអ្នកជិតខាង ។ នៅពេលមើលទូរទស្សន៍បានប្រហែលជាកន្លះម៉ោង ស្រាប់តែឮសូរសំឡេងកូនតូចស្រែកយំ ក៏ប្រញាប់ចុះមកមើលកូន ស្រាប់តែឃើញជនសង្ស័យឈ្មោះសុខចាន់ក្នុងមុងដែលកូនស្រីដេកដោយស្លៀក តែខោលីអូ ឯកូនស្រីបងអាក្រាតននលគក ។ លុះនៅព្រឹកថ្ងៃទី២៨ កក្កដា ម្តាយរបស់ក្មេងស្រីបានមកប្តឹងនគរបាលប៉ុស្ត៏ឃុំរអាងឱ្យជួយអន្តរាគមន៍ ចាប់ខ្លួនឈ្មោះនិន សុខចាន់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំ ។
ម្តាយរបស់ក្មេងស្រីបានរៀបរាប់ថា សព្វថ្ងៃគាត់ធ្វើជាកម្មករសំណង់ ដើម្បីយកប្រាក់ចញ្ចឹមកូនស្រីទាំង២នាក់ ចំណែកប្តីវិញបានលែងលះគ្នាទៅមានស្រីថ្មីទៀតតាំងតែពីគាត់មានផ្ទៃពោះ កូនទី២បាន២ខែម្ល៉េះ។ ចំណែក ផ្ទះខ្ទមទំហំ៣ម៉ែត្របួនជ្រុងដែលស្នាក់នៅសព្វថ្ងៃនេះគឺ គាត់ជួលដីគេនៅជាបណ្តោះអាសន្នប៉ុណ្ណោះ លុះនៅពេលមានរឿងបែបនេះកើតឡើង គាត់មិនដឹងថា តើទៅរស់នៅទីណាទៀតទេ ព្រោះជនដែលប្រព្រឹត្តនេះជាក្មួយជីដូនមួយ ហើយការប្តឹងនោះ គឺគាត់ទាមទារសំណងជំងឺចិត្តចំនួន៣០០ដុល្លារ ។
លោកអធិការរងនគរបាលស្រុកកំពង់សៀម បានបញ្ជាក់ថា នៅយប់នោះ សំណាងណាស់ដែលបានកូនស្រីតូចអាយុ៦ខែយំស្រែកហើយមកមើលកូនឃើញ បើសិនដូច្នេះទេ ប្រាកដជាកូនស្រីអាយុ៦ឆ្នាំ ពិតជាត្រូវបិសាចតណ្តាចាប់រំលោភសេពសន្ថវៈឆ្អែតឆ្អន់ហើយចាប់ច្របាច់ កសម្លាប់ក៏អាចថាបាន ។ ជនឈ្មោះនិន សុខចាន់ ត្រូវបានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ ៕
No comments:
Post a Comment