កាសែតឌឹណេស្សិននៅថ្ងៃទី២៨ កក្កដា ផ្សាយឱ្យដឹងថា ប្រទេសអាល្លឺម៉ង់ពេលនេះបានសម្រេចលុបចោលវិញនូវការរឹតបន្តឹង និងការហាមប្រាមធ្វើដំណើរសម្រាប់ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដ៏មានប្រជាប្រិយភាពគឺមានន័យថា ចាប់ពីពេលនេះទៅលោកថាក់ស៊ីន អាចចេញ-ចូលប្រទេសអាល្លឺម៉ង់បាន ក្រោយពីគណបក្សភឿថៃដែលមានប្អូនស្រីលោកគឺលោកស្រីយីងឡាក់ ជាបេក្ខនារីនាយករដ្ឋមន្ត្រីទទួលជ័យជម្នះក្នុងការបោះឆ្នោត ជាតិកាលពីថ្ងៃទី៣ កក្កដា កន្លងមក ។
ប្រភពរដ្ឋាភិបាលអាល្លឺម៉ង់និយាយកាលពីល្ងាច ថ្ងៃទី២៧ កក្កដា កន្លងមកថា ការហាមប្រាមនេះដែលដាក់ប្រឆាំងលោកថាក់ស៊ីន នៅឆ្នាំ២០០៩ ពេលនេះត្រូវបានលុបចោលវិញហើយ ដែលការសម្រេចចិត្តលុបចោលការហាមប្រាមនេះធ្វើឡើងក្រោយពី ការបោះឆ្នោតសភាថ្ងៃទី៣ កក្កដា ដែលធ្វើឱ្យបក្សភឿថៃ ទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី។ការលុបចោលការហាមប្រាម លើការធ្វើដំណើរសម្រាប់លោកថាក់ស៊ីន បង្កឱ្យមានភាពចម្រូងចម្រាស់យ៉ាងខ្លាំងក្នុងប្រទេសអាល្លឺម៉ង់ ដោយសមាជិកសភាមួយចំនួនចោទសួរអំពីលទ្ធភាពនៃការជាប់ពាក់ព័ន្ធនៃ បញ្ហាសន្តិសុខចារកម្ម និងផ្នែកការទូតក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកថាក់ស៊ីន ក្នុងប្រទេសអាល្លឺម៉ង់កាលពីឆ្នាំ២០០៨ កន្លងមក ។
កាលពីពេលថ្មីៗនេះ មានលេចឮរបាយការណ៍ថា លោកថាក់ស៊ីន ដែលមានកាន់លិខិតឆ្លងដែនម៉ុងតេណេក្រូ ហើយមានឯកសារធ្វើដំណើរការទូតនីការ៉ាហ្គា គ្រោងធ្វើទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ ទោះបីជាមានការហាមប្រាមលើការធ្វើដំណើរប្រឆាំងលោកក៏ដោយ ប៉ុន្តែស្ថានទូតអាល្លឺម៉ង់ប្រចាំទីក្រុងបាងកកបានបដិសេធ របាយការណ៍នេះភ្លាមៗ៕
No comments:
Post a Comment