ចាប់តាំងពី៣ថ្ងៃមកហើយ ស៊ែរប៊ី និងកូសូវ៉ូ បានឈ្លោះគ្នាលើរឿងហ៊ុមព័ទ្ធពាណិជ្ជកម្មដាក់ដោយក្រុងព្រីស្ទីណា លើការនាំចូលបណ្តាផលិតផលរបស់ស៊ែរប៊ី ។ ភាពតានតឹងរវាងប្រទេសទាំង២បានឡើងខ្ពស់យ៉ាងឆាប់កាលពីថ្ងៃទី ២៧ កក្កដា ខណៈពេលយុវជនប្រមាណជា១០០នាក់ បាននាំគ្នាដុតប៉ុស្តិ៍ព្រំដែនមួយ ។ ពួកយុវជនបន្ទាប់មកបានបាញ់តគ្នាជាមួយកងទាហាននៃកងកម្លាំង សន្តិសុខកូសូវ៉ូ KFOR ដឹកនាំដោយអូតង់ ។ យោងតាមអ្នកនាំពាក្យរបស់បេសកកម្មអឺរ៉ុប នៅកូសូវ៉ូថា ឧប្បត្តិហេតុនេះពុំបណ្តាលឱ្យមានមនុស្សត្រូវរបួសឡើយ។
ទូរទស្សន៍ជាតិស៊ែរប៊ី RTS បានផ្សាយរូបភាពទាំងឡាយបង្ហាញពីពួកយុវជនប្រហែលជាពួកយុវជន ស៊ែរប៊ីគប់ដបសាំងដុតលើប៉ុស្តិ៍ព្រំដែននោះ ហើយប្រើប៊ុលដូហ្ស័រមួយដើម្បីកម្ទេចប៉ុស្តិ៍នេះ។ ឧប្បត្តិហេតុនានារវាងក្រុងបែលហ្គ្រាដ និងក្រុងព្រីស្ទីណាចាប់ផ្តើមកាលពីថ្ងៃទី២៥ កក្កដា ពេលប៉ូលិសកូសូវ៉ូដាក់ពង្រាយនៅភាគខាងជើងប្រទេសក្មេងខ្ចី នេះជាតំបន់មានជនជាតិស៊ែរប៊ីភាគច្រើន ដើម្បីដណ្តើមត្រួតត្រាប៉ុស្តិ៍ព្រំដែន ហើយអនុវត្តការហាមឃាត់នាំចូលផលិតផលទាំងឡាយមកពីស៊ែរប៊ី ។ ប៉ូលិសកូសូវ៉ូម្នាក់ត្រូវគ្រាប់ចំក្បាល ហើយស្លាប់កាលពីថ្ងៃទី២៦ កក្កដា ក្រោយការប៉ះទង្គិចគ្នាជាមួយពួកជនជាតិស៊ែរប៊ី។ ប៉ុស្តិ៍ព្រំដែនដែលត្រូវដុតបំផ្លាញនេះជាប៉ុស្តិ៍មួយក្នុងចំណោម ប៉ុស្តិ៍ត្រួតពិនិត្យ២នៅភាគខាងជើងកូសូវ៉ូ៕
No comments:
Post a Comment