រឿងក្ដីចោទប្រកាន់ពីការដុតសម្លាប់មនុស្សនៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានតំណាងអយ្យការ អមសាលាដំបូងខេត្តពោធិ៍សាត់ចេញដីកាសន្និដ្ឋានស្ថាពរចោទប្រកាន់ជន ត្រូវចោទពីបទមនុស្សឃាតដោយចេតនា ដែលគប្បីបញ្ជូនទៅជំនុំជម្រះតាមច្បាប់។
មេធាវីការពារជនជាប់សង្ស័យប្រតិកម្មថា ជាការសន្និដ្ឋាន ដែលមិនផ្ដល់ភាពយុត្តិធម៌ដល់កូនក្ដីរបស់លោក។
លោក អ៊ឹម សុជាតិ មេធាវីការពារក្តីឲ្យជនសង្ស័យឈ្មោះ អ៊ូ ប៊ុនថាន់ ដែលកំពុងរងការចោទប្រកាន់ថា បានដុតសម្លាប់មនុស្ស កាលពីឆ្នាំ ២០០៩ កន្លងទៅនោះ បានប្រតិកម្មចំពោះដីកាសន្និដ្ឋានស្ថាពររបស់ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តពោធិ៍សាត់ថា ជាការសន្និដ្ឋាន ដែលមិនបានស៊ើបអង្កេតឲ្យគ្រប់ជ្រុងជ្រោយ។
លោកមេធាវីរូបនេះក៏ប្រតិកម្មដែរថា ការផ្សព្វផ្សាយដីកាសន្និដ្ឋាននេះ អាចជះឥទ្ធិពលដល់ការសម្រេចរបស់ចៅក្រម។
លោកមេធាវី អ៊ឹម សុជាតិ បានឲ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ទី២៨ កក្កដាថា ចំណុចមួយចំនួននៃការសន្និដ្ឋានបានបង្ហាញថា ព្រះរាជអាជ្ញាមិនបានស្រាវជ្រាវឲ្យបានល្អិតល្អន់ទេ ៖ «វាមិន មែនទេ ចៅក្រមទេជាអ្នកសម្រេច។ នេះគ្រាន់តែព្រះរាជអាជ្ញាគាត់ចោទប៉ុណ្ណោះ។ គាត់ចោទនេះយកពីកំណត់របស់ប៉េអ៊ឹមតែផ្ដេសតែផ្តាសហ្នឹង។ ហើយខ្ញុំឮថា សាក្សីអីសុទ្ធតែជួលអីយ៉ាងម៉េច។ បើសិនជាគាត់ថា សាក្សីសុទ្ធតែជួលមកនោះ ខ្ញុំសុំឲ្យតុលាការផ្ដន្ទាទោសសាក្សីដែរទៅ ព្រោះច្បាប់មានបញ្ញត្តិមកដែរតើ។ ទាំងអ្នកប្តឹងបើកុហកតុលាការក៏មានទោសដែរ»។
កាលពីថ្ងៃទី១៨ មិថុនា ឆ្នាំ២០០៩ បុរសឈ្មោះ លឿង សារឿន អាយុ ២៧ ឆ្នាំមានទីលំនៅៗ ភូមិឈើទាលជ្រុំ ឃុំប្រមោយស្រុកវាលវែង ខេត្តពោធិ៍សាត់ បានស្លាប់ដោយត្រូវភ្លើងឆេះរលាកពេញខ្លួន។លឿង សារឿន មុនពេលស្លាប់បានចោទប្រកាន់ចៅហ្វាយគាត់ឈ្មោះ អ៊ូ ប៊ុនថាន់ ថាបានចាក់សាំងដុតសម្លាប់គាត់ ដោយខឹងសម្បារ ដែលគាត់បានធ្វើឲ្យរួចសត្វពង្រូលទម្ងន់ ៩ គ.ក្រ។ ភរិយា និងម្ដាយបង្កើតរបស់ឈ្មោះ លឿង សារឿន បានដាក់បណ្ដឹងទាមទាររកយុត្តិធម៌។ រឿងក្ដីក្ដាំនេះ បានអូសបន្លាយរហូតដល់បច្ចុប្បន្ននេះ។
ឯកសារដែលវិទ្យុអាស៊ីសេរីទទួលបាន តំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ គឺលោក យូ យឺននី បានចេញដីកាសន្និដ្ឋានស្ថាពរដោយចោទប្រកាន់ឈ្មោះ អ៊ូ ប៊ុនថាន់ ពីបទអំពើមនុស្សឃាតដោយចេតនា ដែលគប្បីបញ្ជូនទៅជំនុំជម្រះតាមផ្លូវច្បាប់ដោយផ្ដន្ទាទោសឲ្យ ធ្ងន់ធ្ងរដើម្បីឲ្យរាងចាល។
អ្នកស្រី អ៊ីវ លីម ម្ដាយបង្កើតរបស់សព ឈ្មោះ លឿង សារឿន ថ្លែងថា ដីកាសន្និដ្ឋានរបស់តំណាងស្ថាប័នអយ្យកា គឺជាការផ្ដល់ភាពយុត្តិធម៌មួយសម្រាប់កូនគាត់។ អ្នកស្រីបន្តថា ៖ «យុត្តិធម៌ ខ្ញុំមិនទាន់ដឹងថាយ៉ាងម៉េចទេ។ ប៉ុន្តែ បើព្រះរាជអាជ្ញាចោទប្រកាន់បានប៉ុណ្ណឹង គឺខ្ញុំសប្បាយចិត្តខ្លះហើយ។ ទៅមុខទៀតមិនដឹងជាយ៉ាងម៉េចទៀតទេ។ តែខ្ញុំសុំអំពាវនាវឲ្យតុលាការ និងចៅក្រមធ្វើម៉េចកាត់ក្ដីឲ្យយុត្តិធម៌ទើបខ្ញុំអស់ចិត្ត»។
កាលពីថ្ងៃទី ១២ កក្កដា ឆ្នាំ ២០១១ សាលាដំបូងខេត្តពោធិ៍សាត់ បានបើកសវនាការរឿងក្តីនេះពេញមួយថ្ងៃ ហើយចៅក្រមប្រកាសថា នឹងចេញសាលក្រមសម្រេចនៅថ្ងៃទី ២៦ ខែកក្កដា។ ក៏ប៉ុន្តែ ចៅក្រមបានលើកពេលប្រកាសសាលក្រមនេះទៅថ្ងៃទី ២ ខែសីហាវិញ៕
No comments:
Post a Comment