Thursday, July 28, 2011

ប្រពន្ធ​មាន​​ផ្ទៃ​ពោះ​គ្មាន​ប្រាក់ព្យា​បាល​​ប្តី​​ លើក​ដៃ​សំពះ​​សុំ​ពីសប្បុរសជន


រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​បានជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​បណ្តាល​ឱ្យ​​សន្លប់​បាត់​ ស្មារតី​​​អស់រយៈ​ពេល​៤​ថ្ងៃ​​កន្លងមក​​ហើយ​នៅពុំទាន់​ដឹង​ខ្លួន​នៅឡើយទេ ។ ​​ជា​មួយ​នឹង​ស្ថានភាព​ជំងឺ​ដ៏ធ្ងន់ធ្ងរ​​​នេះ ស្ត្រី​​ជា​ប្រពន្ធ​​របស់​បុរសរងគ្រោះ​​​ដែលពេលនេះ រូប​គាត់​​មាន​ផ្ទៃ​ពោះ​​៧​ខែ​ហើយនោះ​ បានលើក​ដៃ​សំពះ​​​សុំ​ក្តី​សន្តោស​​ប្រោសប្រណី​​ពីសប្បុរសជន​នានា​មេត្តា​ ជួយ​ឧបត្ថម្ភ​​​ដល់គ្រួសារ​​គាត់​ដែល​​​កំពុង​​ជួប​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ ​​ ហើយគ្មាន​​ថវិកា​​សម្រាប់ព្យាបាល​
ប្តី ។

ជួបជាមួយ​​អ្នកយកព័ត៌​មាន​​កោះសន្តិភាព​នៅ​ក្នុង​ បន្ទប់​​សង្គ្រោះ​​បន្ទាន់​​​ (ICU)  នៃ​មន្ទីរ​​ពេទ្យ​​មិត្ត​ភាព​​ខ្មែរ-សូវៀត ​នាព្រឹកថ្ងៃទី២៨ កក្កដា ​​ស្ត្រី​ឈ្មោះ​ផន ភាម ​ដែលជាប្រពន្ធ​​របស់​បុរស​រងគ្រោះ​​ឈ្មោះ​បូម ធឿន ​​អាយុ​៥៥ឆ្នាំ ​​​ដែលកំពុង​សន្លប់​ស្តូក​ស្តឹង​​នៅលើគ្រែនៃ​បន្ទប់​សង្គ្រោះ​​​ក្នុង​ មន្ទីរពេទ្យ​​​បាន​រៀប​រាប់ថា ​ប្តី​របស់​គាត់បានរងគ្រោះថ្នាក់​សន្លប់​បាត់​ស្មារតី​​​ដោយ​សារ​ឧប្បត្តិ​ ហេតុ​​គ្រោះថ្នាក់​ចរាចរណ៍​​​​​ដែល​កើត​ឡើងនៅឯខេត្ត​​តាកែវ ​​កាលពីថ្ងៃទី២៥ ​កក្កដា ​​កន្លងមក ។ ​ប្តី​របស់​គាត់​​ត្រូវ​បាន​បញ្ជូន​មក​ព្យា​បាល​នៅ​​​មន្ទីរ​ពេទ្យ​មិត្តភាព ​ខ្មែរ​-សូវៀត ។ 

ស្ត្រី​ដដែល​បាន​​​​បន្តថា ​គាត់​មាន​ទីលំនៅ​ខេត្ត​​​រតនគិរី ​​​។ តែនៅ​​ថ្ងៃ​កើតហេតុ​ ប្តី​របស់គាត់​បាន​មក​លេង​​ផ្ទះ​បង​ប្អូន​នៅ​ខេត្ត​តា​កែវ ​ហើយជិះ​ម៉ូតូដួលបោកក្បាល​រង​របួស​​ធ្ងន់​ធ្ងរ ។ ​ដោយ​សារ​តែ​​ប្តី​របស់​គាត់​ចាំ​បាច់​ត្រូវ​ចំណាយថវិកា​​​ស​ម្រាប់ព្យាបាល ហើយ​ពេលនេះ​​គាត់​ជា​ប្រពន្ធ​គ្មាន​ប្រាក់​​កាស​ សូម្បី​ថ្លៃ​​​ថ្នាំ​​​ពេទ្យ​បន្តិចបន្តួច ​ក៏​គ្មាន​ដែរ ។ ហេតុ​ដូច្នេះ​​​គាត់​ក៏ដាច់ចិត្ត​​ពឹងពាក់​ក្រុម​​គ្រូពេទ្យ​​នៃ​ មន្ទីរពេទ្យ​​មិត្ត​ភាព​​ខ្មែរ​-សូវៀត ​​មេត្តា​​ជួយ​​​រក​អង្គ​​ការ​មនុស្ស​ធម៌​ ឬក៏​សប្បុរស​​​ជន​នានា​ជួយសង្គ្រោះ​​​ជីវិត​គ្រួសារ​​​របស់គាត់​ផង ព្រោះ​​គាត់​​ក្រខ្លាំង​ណាស់ ។ ម្យ៉ាង​​​ទៀត​រូប​គាត់ ​​​ជា​ស្ត្រី​មាន​ផ្ទៃពោះ​​​​ជិតគ្រប់​ខែ​​ទៀត ។

ដោយទឹក​ចិត្ត​​អាណិត​អាសូរ​​ ក្រុមគ្រូពេទ្យ​​នៃ​មន្ទីរពេទ្យ​​​​​មិត្ត ​ភាព​ខ្មែរ​-សូវៀត​​បានខិតខំ​​​យកចិត្តទុកដាក់​​​​ជួយ​សង្គ្រោះ​​​អាយុជីវិត ​​​បុរស​អភ័ព្វ​​ខាង​លើនេះ​ទៅ​តាម​​អ្វី​ដែល​​​មន្ទីរពេទ្យ​មាន​លទ្ធភាព​ ។ រីឯ​​បញ្ហា​​អំពាវនាវ​​​ស្វែង​រក​​សប្បុរស​ជន​​ផ្សេងៗ​​​ដើម្បី​ជួយ​ ឧបត្ថម្ភ​ដល់​ក្រុមគ្រួសារ​ទុរគត​​​​​ខាងលើ​នេះ លោកគ្រូ​ពេទ្យ​មួយ​រូបបាន​ទូរស័ព្ទ​មក​កាន់​ការិយាល័យ​និពន្ធ​កោះ​សន្តិភាព ដើម្បី​​​សុំ​ជួយ​​ចុះ​ផ្សាយ​​ព័ត៌​មាន​អំពាវនាវ​​ដល់​សប្បុរសជន​​នានា​ ដើម្បី​ជួយ​សង្គ្រោះ​​ដល់​គ្រួសារ​​​រងគ្រោះ​ខាង​លើ​នេះ​ផង ​​ព្រោះ​​កោះស​ន្តិភាព​​ធ្លាប់បានជួយ​​អំពាវ​​នាវ​រកសប្បុរសជន ដើម្បី​​ជួយសង្គ្រោះ​​​​ពល​រដ្ឋ​ក្រីក្រ ​និង​ប្រជាពលរដ្ឋ​​ជួប​​ឧបសគ្គ​​​ជីវិត​ផ្សេងៗ​​បាន​ជាច្រើន​នាក់​មកហើយ ។

តាមរយ​ៈ​ការ​លើក​ឡើង​​​ខាងលើ ​កោះ​សន្តិ​ភាព​​សង្ឃឹមថា ​នឹង​មានមនុស្ស​​​ចិត្ត​​​បុណ្យ​ជួយ​​​ចូលរួម​រំលែក​នូវ​​ទុក្ខ​វេទនា​ ជាក់ស្តែង​​​​របស់​គ្រួសារ​​​ទុរគត​​​ខាងលើនេះ​ជាមិនខាន​ឡើយ ។​​​ អ្វី​ដែល​ធ្វើ​ឱ្យ​​មិត្ត​អ្នក​អាន​​បានដឹង​ ហើយ​​ក្តុកក្តួល​ចិត្ត​ចង់ចូល​រួម​​បរិច្ចាគ​ជួយសង្គ្រោះ​​​ដល់ជីវិត​​​​ បុរស​​-ស្ត្រី​ខាង​លើនេះ គឺដោយសារ​តែបាន​ស្តាប់​ស្ត្រី​ឈ្មោះ​ផន ​ភាម ​​រៀប​​រាប់ថា ​គាត់​មាន​​ថវិកា​​បន្តិច​បន្តួច​​​ផ្តាច់​ពី​ការហូប​ចុក​​​ប្រចាំថ្ងៃ​របស់ ​កូន​​៣​នាក់​នៅ​ឯស្រុក​​​ ដើម្បី​​ជិះរថយន្ត​​​មកមើល​ប្តី​​​នៅ​ក្នុង​​មន្ទីរពេទ្យ​​ តែពេលនេះវាសនា​ប្តីគាត់​មិន​ដឹង​​ជ​ាយ៉ាង​ណា​ឡើយ ដូច្នេះ​នៅពេល​ដែលរូប​គាត់​ឆ្លងទន្លេ​​នៅ​ខែ​​ខាងមុខ​នេះ គឺ​រឹត​តែ​គ្មាន​អ្វី​​ជា​ទី​ពឹង​​អាស្រ័យ​ទេ ។ តែបើ​មាន​សប្បុរសជន​ជួយឧបត្ថម្ភ​​​ដល់រូប​គាត់​យ៉ាង​ហោចណាស់ ក៏​គាត់មានសោ​ហ៊ុយ​ត្រឡប់​ទៅ​ស្រុក​មើលកូន​ចៅ​វិញ​ដែរ ។
គ្រូពេទ្យ​បញ្ជាក់ថា ស្ថានភាព​ជំងឺ​​របស់​បុរស​​​រងគ្រោះ​ខាងលើនេះ មានសង្ឃឹម​​តិចណាស់៕

No comments: