ក្រុងប៉ោយប៉ែត ៖ ម្តាយក្មេក និងកូនប្រសាដែលប្រពន្ធស្លាប់ក្រោយពីសម្រាលបានកូនស្រីកាលពី ថ្ងៃទី១១ កក្កដា ហើយចោទប្រកាន់ទៅលើក្រុមគ្រូពេទ្យឆ្មបនៅមណ្ឌលសុខភាពប៉ោយប៉ែត១ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែតថា មិនយកចិត្តទុកដាក់ ព្រមទាំងធ្វើឱ្យដាច់ស្បូនហូរឈាមឥតឈប់ទើបឈានដល់ស្លាប់ក្រោយពី បញ្ជូនដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរីនោះបាន អំពាវនាវរកការផ្តល់យុត្តិធម៌។
នៅរសៀលម៉ោង១ និង១០នាទី ថ្ងៃទី២៧ កក្កដា ទាំងជីដូន ទាំងឪពុករបស់ទារិកាបានបីនាងតូចទៅរកក្រុមអ្នកកាសែតដល់ហាង កាហ្វេសុំឱ្យជួយផ្សព្វផ្សាយអំពាវនាវដល់រាជរដ្ឋាភិបាលក៏ដូចជា ស្ថាប័នពាក់ព័ន្ធ និងអង្គការអ្នកច្បាប់ឱ្យជួយរកយុត្តិធម៌ដល់ពួកគាត់ ។ ពួកគាត់និយាយថា ក្រោយការស្លាប់ម្តាយទារិកា ពួកគាត់បានដាក់ពាក្យបណ្តឹងទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឱ្យជួយរកយុត្តិធម៌នៅថ្ងៃទី១២ កក្កដា ។ បុរសជាប្តីនិយាយថា ក្នុងពាក្យបណ្តឹងខ្លួនទារមួយមឺុនដុល្លារ ផ្ទុយទៅវិញត្រូវមន្ទីរពេទ្យសុំឱ្យតែមួយលានរៀលដើម្បីចិញ្ចឹម កូន។
បុរសប្រពន្ធស្លាប់នេះឈ្មោះចែង សំលេង អាយុ២៣ឆ្នាំ ប្រាប់ថា ប្រពន្ធខ្លួនឈ្មោះយន់ ស្រីស្រស់ ហៅទូច សម្រស់ អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត។ ក្រោយហេតុការណ៍កើតឡើងមកទល់ពេលនេះគឺមានតំណាងមន្ទីរសុខាភិបាល ទៅសួរនាំគ្រួសារខ្លួនដែរដើម្បីបានព័ត៌មានជាក់លាក់។ ចំណែកនៅថ្ងៃទី២៥ កក្កដា ២០១១ ភាគីគ្រូពេទ្យបានទៅដល់ផ្ទះសុំសម្រួលដោយព្រមជួយថវិកាពី៥០ មឺុនទៅ១លានរៀល។
ឪពុកទារិកាប្រាប់ថា នៅព្រឹកថ្ងៃទី២៧ កក្កដា ប៉ូលិសបានហៅរូបលោក និងភាគីគ្រូពេទ្យ ប៉ុន្តែប្រាប់ថា ភាគីខាងគ្រូពេទ្យនៅតែសុំជួយ១លានរៀលដដែល។ ប្រាក់ប៉ុណ្ណឹងលោកមិនអាចចិញ្ចឹម ឬផ្គត់ផ្គង់កូនបានគ្រប់គ្រាន់ទេ ។ ដោយសារថវិកា១លានរៀលនេះមិនអាចទទួលយកបានទើបលោកសុំឱ្យអ្នក កាសែតជួយផ្សព្វផ្សាយអំពាវនាវឱ្យរាជរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធទាំងអស់ជួយរកយុត្តិធម៌។
ដោយសារតែមានការអាណិតក្រុមអ្នកកាសែតបានរៃ លុយគ្នាជួយបានចំនួន១១មឺុន២ពាន់៤រយរៀលដែលជាការរួមចំណែក រំលែកទុក្ខគ្រួសារនេះ។
ជុំវិញបញ្ហានេះលោកវរសេនីយ៍ត្រីអ៊ុំ សុផល អធិការនគរបាលក្រុងប្រាប់តាមទូរស័ព្ទថា សំណុំរឿងនឹងត្រូវបញ្ជូនទៅតុលាការបើទោះជាភាគីទាំងពីរជួបគ្នា ក៏ដោយ។ កន្លងមកដោយសារគ្រូពេទ្យជាប់ពាក់ព័ន្ធជាប់រវល់ ដូច្នេះពុំទាន់បានហៅសួរនាំទើបទុកពេលឱ្យភាគីទាំង២ជួបគ្នា យ៉ាងដូច្នេះ។ ចំណែកភាគីគ្រូពេទ្យពុំអាចទាក់ទងសុំការបំភ្លឺបានទេ នារសៀលថ្ងៃទី២៧ កក្កដា ៕
ជុំវិញបញ្ហានេះលោកវរសេនីយ៍ត្រីអ៊ុំ សុផល អធិការនគរបាលក្រុងប្រាប់តាមទូរស័ព្ទថា សំណុំរឿងនឹងត្រូវបញ្ជូនទៅតុលាការបើទោះជាភាគីទាំងពីរជួបគ្នា ក៏ដោយ។ កន្លងមកដោយសារគ្រូពេទ្យជាប់ពាក់ព័ន្ធជាប់រវល់ ដូច្នេះពុំទាន់បានហៅសួរនាំទើបទុកពេលឱ្យភាគីទាំង២ជួបគ្នា យ៉ាងដូច្នេះ។ ចំណែកភាគីគ្រូពេទ្យពុំអាចទាក់ទងសុំការបំភ្លឺបានទេ នារសៀលថ្ងៃទី២៧ កក្កដា ៕
No comments:
Post a Comment