Thursday, July 28, 2011
ពង្រត់គ្នាបាន៤ថ្ងៃ ត្រឡប់មកវិញ ម្ដាយខាងស្រី ប្ដឹងនគរបាល ឱ្យចាប់ខ្លួន
បាត់ដំបងៈ គូស្នេហ៍ ស្មោះស្ម័គ្រ១គូ ស្រឡាញ់គ្នា ជាយូរមកហើយ ដោយម្ដាយខាងស្រី មិនយល់ព្រម ទើបសម្រេចចិត្ដពង្រត់គ្នា ទៅស្នាក់នៅស្រុកកំរៀង និងខេត្ដប៉ៃលិនបាន៤ថ្ងៃ ពេលត្រឡប់មកវិញ ម្ដាយខាងស្រីប្ដឹងឱ្យនគរបាល ឱ្យចាប់ខ្លួន ខណៈកំពុងជួសឈាមនៅមណ្ឌលសុខភាព។ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១១ វេលាម៉ោង ១១ព្រឹក នៅចំណុចមណ្ឌលសុខភាព កំពង់ទូក ស្ថិតនៅក្នុងភូមិតានន ឃុំមានជ័យ ស្រុកសំឡូត ខេត្ដបាត់ដំបង។
លោក ហុក ហឿត អធិការរងនគរបាលស្រុកសំឡូត បានឱ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ជា គុណ ហៅ ពៅ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្រុមទី៨ ភូមិតានន ឃុំមានជ័យ ស្រុកសំឡូត។ ចំណែកនារីរងគ្រោះមាអាយុ១៥ឆ្នាំ រស់នៅក្រុមទី៧ភូមិ-ឃុំជាមួយគ្នាខាងលើ។លោកបានបន្ដថា មុនធ្វើការឃាត់ខ្លួន ជនសង្ស័យបាននាំនារីរងគ្រោះ ចេញពីផ្ទះ កាលពីយប់ ម៉ោង២២យប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១១ ទៅដេកនៅផ្ទះសំណាក់ ស្រុកកំរៀង បាន១យប់ លុះព្រឹកឡើងទើបនាំគ្នានៅខេត្ដប៉ៃលិន៣ថ្ងៃ។
ក្រោយមកឪពុកនាងបានទូរស័ព្ទហៅកូនឱ្យមកផ្ទះវិញដោយសន្យាថា និងរៀប
ចំសែនព្រេនឱ្យ។ ឪពុកនាងក៏បានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុក ពីបទពង្រត់កូនស្រីគាត់ ខុសច្បាប់ ដែល(ជាអនីតិជន)។លុះពេលគូស្នេហ៍ទាំង២នាក់ បានវិលត្រឡប់មកដល់ផ្ទះហើយ លោក កែវ រិទ្ធី ជាឪពុកនារីរងគ្រោះ បានប្រាប់ទៅជនសង្ស័យថា ឱ្យមកជួសឈាមមើល ខ្លាចកើតមានរោគអេដស៍ ពេលជនសង្ស័យមកដល់មណ្ឌលសុខភាព កំពង់ទូក មិនទាន់បានជួសឈាមមើលផង ក៏ត្រូវកម្លាំងនគរបាលស្រុក ដែលត្រៀមស្រេចរង់ចាំចាប់ឃាត់ខ្លួន រួចនាំយកមកអធិការដ្ឋាន នគរបាលស្រុកធ្វើការសាកសួរ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានពង្រត់កូនស្រីគេ ពិតប្រាកដមែន ហើយខ្លួនក៏បានស្រឡាញ់គ្នា ជាយូខែមកហើយ តែត្រូវឪពុកម្ដាងខាងស្រីរារាំង មិនព្រមឱ្យ ដោយសារឃើញគ្រួសារក្រីក្រពេក។ជនសង្ស័យបន្ដទៀតថា នៅថ្ងៃទី២១ ខែកក្កដា វេលាម៉ោងប្រហែល២២យប់ ពួកគេទាំង២នាក់ បាននាំគ្នារត់ចេញពីផ្ទះសំដៅទៅខេត្ដប៉ៃលិន តែដោយសារយប់ពេកក៏នាំគ្នា ស្នាក់នៅក្នុងស្រុកកំរៀង១យប់សិន លុះព្រឹកឡើងទើបបន្ដដំណើរ ទៅខេត្ដប៉ៃលិនស្នាក់នៅបាន៣យប់ ក៏ត្រូវឪពុកខាងស្រីបានទូរស័ព្ទប្រាប់ថា ឱ្យកូនទាំង២នាក់ត្រឡប់មកវិញ ចាំចាស់ទុំរៀបចំសែនព្រេនទុកដាក់ឱ្យ។ លុះពេលមកដល់គាត់បានប្រាប់ថា ឱ្យខ្លួនទៅជួសឈាមមើលនៅមណ្ឌលសុខភាព ពេលខ្លួនទៅដល់មិនទាន់បានជួសឈាម មើលផងក៏ត្រូវនគរបាលចាប់ឃាត់ខ្លួននាំយកមក អធិការដ្ឋាននគរបាលស្រុកតែម្ដង។ បច្ចុប្បន្នកម្លាំងនគរបាលស្រុកបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅស្នងការដ្ឋាន នគរបាលខេត្ដ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment