Tuesday, September 20, 2011

រូបមន្ត​បាល់ទាត់​អ្នកនយោបាយ​កម្ពុជា​-​ថៃ ដាក់​លាយ​គ្នា ដើម្បី​ឈ្នះ ឈ្នះ​

ភ្នំពេញ:លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​ប៉េអឹម និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបញ្ជាក់​ថា កម្ពុជា និង​ថៃ បាន​ពិភាក្សា​គ្នា​លើ​រូបមន្ត​ច្របាច់​បញ្ចូល​គ្នា​លើ​កីឡាករ​អ្នកនយោបាយ​ ទាំង​ពីរ​ភាគី ដើម្បី​ប្រកួត​ឈ្នះ​ទាំងអស់គ្នា នៅ​ថ្ងៃ​ទី​២៤​កញ្ញា ឆ្នាំ​២០១១​។ នោះ​គឺ​រូបមន្ត កម្ពុជា​មាន​កីឡាករ ៦ នាក់ បូក​កីឡាករ​ថៃ ៥ នាក់ ក្នុង​មួយ​ក្រុម និង​មួយ​ក្រុម​ទៀត មាន​កីឡាករ​កម្ពុជា ៥ នាក់ និង​កីឡាករ​ថៃ ៦ នាក់​។
លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​បញ្ជ​ក់ថា រូបមន្ត​នេះ ដើម្បីឲ្យ​ការប្រកួ​តបាល់ទាត់ ជា​លក្ខណៈ​មិត្តភាព និង​វ័យ​ចំណាស់​រវាង​អ្នកនយោបាយ​កម្ពុជា និង​ថៃ នឹង​ឈ្នះ​ទាំង​ពីរ​ក្រុម ដោយ​ពុំ​មាន​អ្នកចាញ់​ទេ​។​
រូបមន្ត​នៃ​ការប្រកួត​បាល់ទាត់​ខាងលើនេះ ត្រូវបាន​ធ្វើឡើង ក្នុងពេល​ដែល​គណៈប្រតិភូ​កីឡាបាល់ទាត់​គណបក្ស​ភឿ​ថៃ ដែល​ដឹកនាំ​ដោយ​លោក ចតុ​ផន ព្រំ​ផាន់ និង​លោក ណាត់​តា វុ​ធ​សៃ​កឿ សមាជិកសភា​គណបក្ស​ភឿ​ថៃ ជា​ក្រុម​អាវ​ក្រហម​ថៃ​បាន​ជួប​សម្តេច​ហ៊ុន​សែន កាលពី​ម៉ោង ១០ ព្រឹក​ថ្ងៃ​ទី​១៧​កញ្ញា ឆ្នាំ​២០១១ នៅ​វិមាន​សន្តិភាព​។​
ក្នុងជំនួប​នោះ បាន​ពិភាក្សា​គ្នា​ពី​ការប្រកួត​បាល់ទាត់ ជា​លក្ខណៈ​មិត្តភាព នៃ​កីឡាករ​អ្នកនយោបាយ​វ័យ​ចំណាស់ ដែល​ការប្រកួត​នេះ នឹង​ប្រព្រឹត្ត​ឡើង​នៅ​រសៀល ថ្ងៃទី​២៤​កញ្ញា ឆ្នាំ​២០១១ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូរ​ឡាំ​ពិ​ក​។​
លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​នាំ​ពាក្យ​ពី​កិច្ចប្រជុំ​រវាង​សម្តេច​ហ៊ុន​សែន និង​ក្រុម​កីឡាករ​បាល់ទាត់​ថៃ ថា ចំពោះ​កីឡាករ​កម្ពុជា មាន​អ្នកនយោបាយ​វ័យចាស់​ជាច្រើន​នាក់ ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ថ្នាក់​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​។ ចំពោះ​ការជ្រើសរើស​កីឡាករ​អ្នកនយោបាយ ចូលរួម​ប្រកួត​នៅ​ថ្ងៃ​ទី​២៤​កញ្ញា​ខាង​មុខ គឺ​គ្រូបង្វឹក​ជា​អ្នក​ជ្រើសរើស​។​
លោក​សៅ​សុខា បាន​បន្ថែមថា ការប្រកួត​កីឡាបាល់ទាត់​រវាង​អ្នកនយោបាយ​កម្ពុជា និង​ថៃ នា​ថ្ងៃ​សៅរ៍​សប្តាហ៍​ក្រោយ នៅ​ពហុកីឡាដ្ឋាន​ជាតិ នឹង​មាន​អ្នកចូលរួម​ទស្សនា​ច្រើន​នាក់ ចំពោះ និង​មាន​អ្នកតាមដាន​នៅតាម​គេហដ្ឋាន​ផងដែរ ពីព្រោះ​នៅ​ថ្ងៃ​ប្រកួត​បាល់ទាត់​នោះ មានការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ផងដែរ​។
ចំពោះ​បញ្ហា​សន្តិសុខ ត្រូវបាន​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា នឹង​មាន​ការ​រឹតបន្តឹង​សន្តិសុខ ពីព្រោះ​ការប្រកួត​បាល់ទាត់​ជា​លក្ខណៈ​មិត្តភាព ដែល​ជា​កីឡាក​រវ័យ​ចំណាស់​រវាង​អ្នកនយោបាយ​កម្ពុជា និង​ថៃ សុទ្ធតែ​ជា​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​កម្ពុជា​។​
អំពី​សំណួរ ថា​តើ​លោក​ថាក់ស៊ីន នឹងចូលរួម​ការប្រកួត​បាល់ទាត់​នយោបាយ​នោះ​ទេ​? ត្រូវបាន​លោក​សៅ​សុខា បញ្ជាក់ថា លោក​ពុំ​បានដឹង​ពី​បញ្ហា​នេះ​ទេ​។​
សូម​បន្ថែមថា ក្រុម​កីឡាករ​បាល់ទាត់​អ្នកនយោបាយ​កម្ពុជា នឹង​ត្រូវ​ទាត់​សម នៅ​រសៀល​ម៉ោង ៣ ថ្ងៃទី​១៧​កញ្ញា ឆ្នាំ​២០១១ នៅ​ទីលាន​បាល់ទាត់ ភ្នំពេញ ក្រោន ម្តុំ​ផ្ទះ​របស់​លោក​ជា​សុផារ៉ា នៅ​ជិត​អង់​តែ​ន​ទូរទស្សន៍​ទួលគោក​។ ក្រុម​បាល់ទាត់​អ្នកនយោបាយ​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​ហ៊ុន​សែន ពាក់អាវ​លេខ ៩ ជា​ខ្សែប្រយុទ្ធ និង​ជា​គ្រូបង្វឹក​។​
លោក​ឧត្តមសេនីយ៍ ខៀវ សាម៉េត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានឲ្យ​ដឹង​ត្រួសៗ​ពី​សមាសភាព​កីឡាករ​បាល់ទាត់​អ្នកនយោបាយ​កម្ពុជា រួមមាន​៖ លោក សោម ឆៃ​យ៉ា អ្នក​អត្ថាធិប្បាយ​ទូរទស្សន៍​ស៊ី​ធី​អ៊ី​ន និង​លោក កឹម គុណ​និវ​ឌ្ឍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា ជា​អ្នកចាំទី​, លោក ស៊ាន បូរ៉ាត់​, លោក ប៉ុល សារឿ​ន​, លោក កែប ជុតិមា​, លោក សៅ សុខា​, លោក សុខ ចិន្តា សោភា​, លោក អ៊ិន វរ​ជាតិ និង​លោក ជុំ កុសល​។​
ចំពោះ​ការទា​ត់បាល់​នយោបាយ ជា​លក្ខណៈ​មិត្តភាព​រវាង​អ្នកនយោបាយ​កម្ពុជា និង​ថៃ នៅ​ថ្ងៃ​ទី​២៤​កញ្ញា ឆ្នាំ​២០១១ ត្រូវបាន​លោក កឹម គុណ​និវ​ឌ្ឍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​បញ្ជាក់​តាម​បណ្ថាញ​ទំនាក់ទំនង​សង្គម Facebook ដោយ​លើកឡើង​ថា  ការប្រកួត​បាល់ទាត់​មិត្តភាព​កម្ពុជា និង​ថៃ ( សមាជិកសភា​គណបក្ស​ភឿ​ថៃ ) នឹង​ប្រព្រឹត្តិ​ទៅ​នៅ​រសៀល​សៅរ៍ ថ្ងៃទី​២៤ កញ្ញា ឆ្នាំ​២០១១ នៅ​ម៉ោង ៤ ល្ងាច នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​។ ក្នុងនោះ សមាជិក​អាវ​ក្រហម​ថៃ តាម​ការ​ស្មាន​អាច​មាន​ចំនួន​ដល់​ទៅ ១ ម៉ឺន​នាក់ មក​ចូលរួម​ទស្សនា​។ ការ​ចូល​ទស្សនា ដោយ​សេរី ឥត​លក់​សំបុត្រ​ទេ​។ ចំ​ពាះ អ្នកកាសែត សុំ​ចូល​យក​ព័ត៌មាន គឺ​ក្រសួង​ព័ត៌មាន និង​ខាង​បុណ្យ​ជាតិ​ជា​អ្នកទទួលបន្ទុក​។ ទួរទស្សន៍​បាយ័ន​ព័ត៌​មាន មាន​ភារៈ​ផ្សាយ​ផ្ទាល់ ហើយ​បណ្តាញ TV ថៃ ចាប់​យក​ផ្សាយ​បន្ត តាម​ដឹង គឺ​ស្ទើ​គ្រប់​បណ្តាញ​។
តាម​លោក កឹម គុណ​និវ​ឌ្ឍ សមាសភាព​កីឡាករ​កម្ពុជា មិនទាន់​សម្រេច​ជា​ចុង​ក្រោយ​នៅ​ឡើយ​ទេ គ្រាន់តែ​ដឹងថា សម្តេច​តេជោ ហ៊ុន​សែន ជា​កីឡាករ ពាក់​លេខ ៩ និង​ជា​មេដឹកនាំ​បង្វឹក​របស់​ក្រុម​កម្ពុជា​៕

No comments: