Friday, August 5, 2011

លោក​យាយ​ធ្វើកាំជ្រួច​ច្របាច់​រំសេវ​បែក​ផ្កាភ្លើង​ផ្ទុះឆេះ​​ខ្មៅពេញខ្លួន​



រាជធានីភ្នំពេញ​​ ៖ ​​​លោក​យាយ​ជាអ្នក​​ធ្វើ​កាំជ្រួច​​លក់​ម្នាក់ត្រូវ​​រំសេវ​កាំជ្រូច​​ ផ្ទុះឆេះ​​​ហុយ​ទ្រលោម​​​​ខ្មៅពេញខ្លួនប្រាណ ខណៈ​ពេល​ដែល​គាត់​​អង្គុយ​​​​ញីរំសេវ​​​ដាក់​ហាល​​​ថ្ងៃ​ឱ្យស្ងួត កាលពី​វេលាម៉ោង​​​១​និង​​​៤៥នាទី​រសៀល​ថ្ងៃទី​​៤ សីហា ​​នៅក្រោយ​ផ្ទះ ស្ថិតនៅ​​​​ក្នុងភូមិ​​​អង្ក្រង ​​ឃុំ​អង្គ​​​ពពេល ស្រុក​គង​ពិសី ​ខេត្តកំពង់ស្ពឺ​។

លោកតា​ឈ្មោះ​​​​ឌឿ អិន អាយុ​​៦០​ឆ្នាំ ​មាន​ទីលំនៅ​​​​​កើត​ហេតុ​ខាងលើ​​ បានរៀបរាប់​​​​ប្រាប់​ថា ស្ត្រី​រងគ្រោះ​​​ត្រូវជា​ប្រពន្ធរបស់គាត់​ឈ្មោះ​​ឡោ ហន អាយុ​​​៥៩​ឆ្នាំ ​​ប្រកប​របរ​ធ្វើ​​​​​កាំជ្រួច​លក់​តាំង​ពី​ដូនតា​មក។

លោកតា​​​​បាន​បន្ត​ថា ​នៅថ្ងៃ​​​នោះ​ផ្ទះរបស់​គាត់​បាន​យករំសេវ​​ដែលបាន​​ស្ល​រវាង​​ស្ពាន់ធ័រ​ ក្រាម ​យកទៅ​​​​រំងាស់​ក្នុង​ទឹក​រហូត​ឡើង​​​ខាប់​ជិត​​​​ខះ​ទឹក ដូច​នំកូ ​ទើប​យក​​វា​ទៅ​ហាល​​​លើក​ន្ទេល​​​​រហូត​ដល់​ស្ងួត ក្លាយ​ទៅ​​ជា​រំសេវ ​​សម្រាប់ដាក់​​ក្នុង​​កាំ​ជ្រួច​។ ​ប៉ុន្តែ​​ខណៈ​ពេលហាល​​​ជិត​ស្ងួត​​​ក្លាយ​ជា​រំសេវនោះ​ ​​​វា​តែង​​​​​តែ មាន​​​រមូល​​ដុំៗ ​​ដូច្នេះ​ត្រូវ​​អង្គុយ​ញីច្របាច់​​​វា​ឱ្យម៉ដ្ឋ​​ ទើប​លោក​យាយ​ជា​ប្រពន្ធ​​​​គាត់បាន​​យក​កញ្ច្រែង​​​ជ័រទៅ​​​អង្គុយ​ញី​​​ហើយ ​ច្របាច់​​វា​ឱ្យម៉ដ្ឋ​ ។ ពេល​​កំពុងតែ​ញី​ច្របាច់​​​​ស្រប​នឹង​អាកាស​ធាតុ​​ក្តៅ​ខ្លាំង​ផង ​ស្រាប់តែ​​​​បែក​ផ្កា​​ភ្លើង​​​​ធ្វើ​ឱ្យ​​​រំសេ​វផ្ទុះ​​​ហុយ​​ផ្សែង​ ទ្រលោម។​ ​គាត់​​ឮ​​សូរ​សំឡេង​ផ្ទុះ​​​ដូចអុជ​​កាំជ្រួច​​​ដូចនេះ ក៏​​​ស្ទុះ​​ទៅមើល​​ឃើញ​ផ្សែង​ខ្មៅ​​​​ហុយទ្រលោម ​​ចំណែក​​​​ប្រពន្ធ​​របស់គាត់​​​ឆេះ​សម្លៀកបំពាក់​​​អស់ ហើយ​ ​មុខ​ខ្មៅដូចឆ្មា​។ប្រភពព័ត៌មាន​​បន្ត​ថា ​បន្ទាប់ពី​​ឃើញ​ដូច្នេះ​ក៏​​បញ្ជូន​​​លោក​យាយ​​ទៅ​សង្គ្រោះ​​​នៅមន្ទីរ​​ ពេទ្យ​ព្រះ​​កុសុមៈ​​តែម្តង ​ដោយត្រូវ​​​រលាក​តាំង​ពី សក់​ក្បាល​រហូត​ដល់​ជើងត្រូវ​​រោលខ្មៅ ​ហើយ​គ្រូ​ពេទ្យ​​​​​កំពុងព្យាបាល ​។

លោកតា​បន្ត​ទៀតថា ​​​មុខ​​របរធ្វើ​​កាំជ្រួច​លក់​ប្រឈម​នឹង​​គ្រោះ​​​​ថ្នាក់ច្រើន​ណាស់ ​​មិនអាច​ចៀស​ផុត​ទេ ​ហើយ​គ្រោះថ្នាក់​​ដែល​ត្រូវ​​ប្រឈម​មុខ​​​​ជាងគេ គឺទីមួយ​​ពេល​ហាល​​រំសេវ​​ និងទីពីរ ​ពេល​បុករំសេវ​​​ឱ្យម៉ដ្ឋ​​​នេះ​តែម្តង​។ ​​គាត់បញ្ជាក់​ថា ទោះ​បីជា​មាន​បទ​ពិសោធន៍​​​ក៏​នៅតែ​​​ភ្លាត់ស្នៀត​​​មិន​អាច​ចៀស​ផុត​​​បាន ៕

No comments: