Friday, August 5, 2011
ឧក្រិដ្ឋជនប្លន់ និងចាប់ពលរដ្ឋ ជាចំណាប់ខ្មាំង ត្រូវពន្យាពេល បញ្ជូនទៅតុលាការ ដើម្បីទុកនាំ ទៅរកវត្ថុតាងបន្ថែម
កំពត ៖ ឧក្រិដ្ឋជនម្នាក់ ស្ត្រីជាប្រពន្ធ និងគូរស្នេហ៍ពីរនាក់ ក្រោយពីត្រូវបានសមត្ថកិច្ច ចាប់ខ្លួន កាលពីយប់ថ្ងៃទី២ សីហា នៅក្នុងយុទ្ធនាការបង្ក្រាប ក្រុមឧក្រិដ្ឋជន ចំនួន៣ នាក់ដែលប្រដាប់ អាវុធគ្រប់ដៃ និងមានស្ត្រីជាប្រពន្ធពីរនាក់ ដែលមានគំរោងប្លន់ ហើយក្រោយពីបែកការណ៍ ពួកគេបានចាប់ប្រជាពលរដ្ឋ ៨នាក់ធ្វើជា ចំណាប់ខ្មាំង ហើយបានបណ្តាលឲ្យ២នាក់ស្លាប់ និងរបួស២នាក់ ព្រមទាំងងាប់គោ ២ក្បាលនោះ ។ ឥឡូវពួកគេទាំង៣នាក់ត្រូវ ស្នងការដ្ឋាន នគរបាលខេត្តកំពត បានស្នើរសុំទៅកាន់ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តដើម្បីទុកពួកគេ ទាំងបីនាក់ នាំទៅរកវត្ថុតាងបន្ថែម។ ដើម្បីឈានទៅរកការចាប់ ខ្លួនឧក្រិដ្ឋចំនួន២នាក់ទៀត ដែលបានរត់គេចខ្លួន ខណៈពេលប្រយុទ្ធជាមួយសមត្ថកិច្ចនោះ ។
លោកវរសេនីយ៍ឯក អ៊ិន ជីវ៉ា ស្នងការរងនគរបាលខេត្តកំពត ទទួលបន្ទុកយុត្តិធម៌បាន ថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី៤ សីហា ថា ឧក្រិដ្ឋជនម្នាក់ ស្ត្រីជាប្រពន្ធ និងសង្សា របស់ឧក្រិដ្ឋជន២នាក់ រហូតមកដល់ពេលនេះពួកគេទាំង៣នាក់ មិន ទាន់ត្រូវបាន បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចេញដីកាឃុំខ្លួនពួកគេទេ ។ ដោយ ស្នងការដ្ឋាននគរបាល ខេត្តស្នើទៅកាន់ព្រះរាជអាជ្ញាសុំពន្យារពេលក្នុងការបញ្ជូនរយៈពេល២៤ម៉ោង បន្ថែម ដើម្បីទុកនាំ ខ្លួនពួកគេទៅរកវត្ថុតាង ។
លោកវរសេនីយ៍ឯក អ៊ិន ជីវ៉ា បានបញ្ជាក់ថា សំរាប់ស្ត្រី ២នាក់ដែលជាប្រពន្ធ និងគូស្នេហ៍របស់ឧក្រិដ្ឋជន ក៏នឹងត្រូវបញ្ជូនទៅកាន់តុលាការដូចគ្នា ព្រោះថានៅមុន ពេល ពួកគេទាំងអស់គ្នារៀបគំរោងចេញប្លន់នោះ គឺពួកគេបានជួបជុំផឹកស៊ី ដែលមានគ្នាចំនួន ៥នាក់ហើយពួកគេមាន គំរោងប្លន់យកម៉ូតូចំនួន ២គ្រឿង នៅពេលប្លន់ ម៉ូតូបានពួកគេនឹងមានគំរោង បើកម៉ូតូរត់គេចខ្លនដោយឲ្យស្ត្រីទាំង២នាក់នេះ ជិះពីក្រោយងាយស្រួលក្នុងការបន្លំភ្នែកសមត្ថកិច្ច ប៉ុន្តែនៅពេល ពួកគេចេញដំណើរប្លន់ ត្រូវបានបែកការណ៍ ដោយសមត្ថកិច្ចដេញតាមពីក្រោយ ខណៈកំពុង ទាល់ច្រក ពួកគេបានរត់ចូលក្នុងផ្ទះតូចមួយនៅភូមិអង្គរពាក់ ឃុំតំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត ហើយពួកគេក៏បានចាប់ប្រជាពលរដ្ឋកេ្មងចាស់ចំនួន៨នាក់ ធ្វើជាចំណាប់ខ្មាំង នឹងបានបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ចទៀតផង ។
សុំបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតខាងលើនេះ ១- ឈ្មោះ រស់ ធាន ភេទស្រី អាយុ៧៤ ឆ្នាំ, ២- ក្មេងស្រី អាយុ ៧ឆ្នាំ ឈ្មោះ ចាន់ ណា ចំណាប់ខ្មាំងពីរ នាក់ ដែលរងរបួស ឈ្មោះ ប៉ក់ គឹមសួន ភេទស្រី អាយុ ៣១ឆ្នាំ ត្រូវគ្រាប់កាំភ្លើងត្រង់ដៃខាងស្តាំ និងក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ទៀត ឈ្មោះ ស៊ន ខេមរា ត្រូវរបួសត្រង់ដៃ ខាងឆ្វេង។ រីឯបក្ខពួកចោរម្នាក់ ដែលចំណាប់ខ្មាំងចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ឈ្មោះ ម៉ា ឆាង ហៅ ឌុល ឆាង អាយុ ២៥ឆ្នាំ រស់នៅភូមិថ្នល់ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង និងរឹបអូសបាន កាំភ្លើងអាកា១ដើម លេខ ១៤៨៨៦ ។បច្ចុប្បន្នឧក្រិដ្ឋជនឈ្មោះ ម៉ា ឆាង រួមនឹងប្រពន្ធ ព្រមទាំងប្រពន្ធរបស់បក្ខពួក គេម្នាក់ទៀត ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាល ខេត្តកំពតទាំងយប់ ។
ប្រភពបានបន្តថា ក្រោយពេលក្រុមចោរចាប់ប្រជាពលរដ្ឋធ្វើជាចំណាប់ខ្មាំង ហើយក្រុមចោរ និងកម្លាំងសមត្ថកិច្ចបានបាញ់តបតគ្នាអស់ជាច្រើនគ្រាប់ បណ្តាលឲ្យត្រូវប្រជាពលរដ្ឋជា ចំណាប់ខ្មាំង២នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ ហើយ២នាក់ផ្សេងទៀតរងរបួស។
ប្រភពបន្តថា ក្រោយពីក្រុមចោរប៉ះទង្គិចគ្នាអស់ជាច្រើនម៉ោង លុះដល់ម៉ោងជាង ១០យប់ ក្រុមចោរពីរនាក់ ដែលមិនត្រូវរបួសបានលូនគេចខ្លួនបាត់ ដោយឡែកបក្ខ ពួកវាម្នាក់ទៀត រងរបួស ត្រូវប្រជាពលរដ្ឋជាចំណាប់ខ្មាំងលួងលោម និងចាប់ខ្លួនឲ្យសមត្ថកិច្ច ខណៈពេល ឧក្រិដ្ឋជនរូបនោះ ត្រូវរបួស ដោយប្រើល្បិចថា ឲ្យជនល្មើសលូនចេញពីកន្លែង ប្រយុទ្ធគ្នា ដោយជនរងគ្រោះបាននិយាថា នៅទីកន្លែងនោះនឹងស្លាប់ទាំងអស់គ្នា ដូច្នោះត្រូវលូនចេញ ពីកន្លែប្រយុទ្ធគ្នា បន្ទាប់មកជនរងគ្រោះបានចាប់ជនល្មើសឲ្យសមត្ថកិច្ចតែម្តង ។
គួរបញ្ជាក់ថា ក្រុមចោរប្លន់៣នាក់ ប្រដាប់ដោយអាវុធអាកាគ្រប់ដៃ ដែលជាមុខសញ្ញា ត្រូវកម្លាំង សមត្ថកិច្ចដេញចាប់ទាន់ បាននាំគ្នាចាប់ប្រជាពលរដ្ឋ ៨នាក់ ធ្វើចំណាប់ខ្មាំង នាវេលាម៉ោង ៤រសៀលថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០១១ នៅភូមិអង្គរំពាក់ ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment