Tuesday, September 20, 2011

បុរស​រត់ម៉ូតូឌុប​ម្នាក់​ ​​ផឹកទឹកសណ្តែក​​អស់​មួយកំប៉ុង​ បាត់ម៉ូតូ​អស់​មួយគ្រឿង​


រាជធានីភ្នំពេញ​​​​ ៖ ​​បុរស​ជា​​​អ្នករត់​ម៉ូតូឌុប​​​​ម្នាក់​ត្រូវ​​ថ្នាំសណ្តំ​​​​​ បាន​​បាត់​ម៉ូតូ​​​ម៉ាកឌ្រីម​​ C125 មួយ​គ្រឿង​ ខណៈ​ពេល​​ដែលឌុប​មនុស្ស​​​ប្រុស​​​​ចំនួន​២នាក់​ទៅ​​ទំនប់​កប​់​ស្រូវ។ ករណីនេះ​​​កើត​ឡើង​​កាលពី​ព្រឹក​ថ្ងៃ​ទី​​១៨ កញ្ញា ​​រហូត​ដល់​​ម៉ោង​​​៣​​រសៀល​ថ្ងៃ​ដដែល ​​​ទើបប៉ូលិស​​​​សង្កាត់​​​កំបូល​​​​ប្រទះ​ឃើញ ​ហើយ​​ទូរស័ព្ទ​​ប្រាប់បង​ប្អូន​ និង​បញ្ជូន​ជន​រងគ្រោះ​​ទៅ​ព្យា​បាល​​នៅ​មន្ទីរពេទ្យ​​​​ព្រះ​កុសុមៈ ។
បុរស​ដែល​​ត្រូវ​​ថ្នាំ​សណ្តំ​​​មានឈ្មោះ​​​​ដាវ​ សែន ​​អាយុ​​​៤៤​ឆ្នាំ ​មុខ​​​​របរ​ជាអ្នក​​​រត់ម៉ូតូូឌុប មានស្រុក​កំណើត​​នៅភូមិ​​​​​​លូ​​២ ​ឃុំ​កំពង់​លាវ ស្រុកកំពង់​លាវ ​ខេត្តព្រៃវែង ស្នាក់​នៅ​វត្ត​ច្បា​រអំពៅ ​​ក្នុង​ខណ្ឌមានជ័យ ​​​បាន​ឱ្យដឹ​ង​​​​ទាំង​​​នៅ​រវើ​រវាយ​​ថា កាលពីព្រឹក​​ថ្ងៃទី​១៨ កញ្ញា ​​មាន​មនុស្ស​ប្រុស​​២​នាក់ ​​​​​ឈរ​នៅ​មុខ​មន្ទីរពេទ្យ​​​គន្ធបុប្ផា​​ ​ហើយ​បាន​ហៅ​​គាត់​​ឱ្យឌុប​​​ពួកគេ​ទៅ​​ទំនប់​កប់​ស្រូវ ​​​ទាំង​​ទៅ​ទាំង​មក ​​ព្រោះមានកូនឈឺ​កំពុង​​​ដេក​នៅ​ក្នុង​មន្ទីរពេទ្យ​ ។
ជនរងគ្រោះ​​បាន​បន្តទៀត​​ថា នៅ​ពេលដែល​​គាត់ឌុប​ទៅជិត​ដល់​​គោល​ដៅ​​ហើយ​នោះ​ ស្រាប់​តែ​​​មាន​​​​កន្លែង​​ផឹកស៊ី​មួយ​​​នៅ​តាមផ្លូវ​ ហើយ​បុរស​​ទាំង​២នាក់​​នោះ​​បាន​​ឱ្យគាត់​​​​ឈប់​ និង​ហៅ​គាត់​​ឱ្យ​ចូល​ផឹកស៊ី​​​ជាមួយ​ ​ប៉ុន្តែ​រូបគាត់​​​អត់ចេះ​​ផឹក​​ស្រា​​​បុរស​នោះ​​ក៏​​ហុច​​​​​ទឹកសណ្តែក​​ ​ឱ្យ​គាត់​ផឹក​។ លុះពេល​គាត់​ផឹក​ទឹកសណ្តែក​​អស់​មួយ​កំប៉ុង​ ក៏​សន្លប់​​​​​បាត់ស្មារតី​​​​តែ​ម្តង​។
ចំណែក​ស្ត្រី​​​ឈ្មោះ ឃឹម ស្រី​ឃឿន ​អាយុ​​​​​​៤២​ឆ្នាំ ​ត្រូវជា​ប្រពន្ធ​របស់​​​បុរស​រងគ្រោះ​​​​ បាន​​ឱ្យដឹង​ថា ​​ប្តីរបស់គាត់​​​​​ទើបតែ​ខ្ចី​ប្រាក់​​ពី​អង្គការ​​​​​យក​​មកទិញ​​ ម៉ូតូម៉ាកឌ្រីម​ C125 ស៊េរី​​​២០០៧ ​​​ពណ៌​ខ្មៅ​​​ ពាក់​ស្លាកលេខ​​​ភ្នំពេញ 5712 យក​ពី​ស្រុក​កំណើត​​​មក​រត់​ឌុប​​នៅ​ភ្នំពេញ​​​នេះ​ ​​បាន​តែ​រយៈ​ពេល​​មួយ​ខែ​​ប៉ុណ្ណោះ​ ស្រាប់តែ​​​មានបញ្ហា​នេះ​​កើតឡើង​​តែម្តង​៕

No comments: