Monday, August 1, 2011

មេគោ​ចម្លែក​​​កើត​កូន​​​៤ ក្បាល​​​អ្នក​ស្រុក​​​​នាំគ្នា​​​អុជ​ធូប​បន់ស្រន់​សុំ​​​




ខេត្ត​ស្វាយរៀង​​ ៖ ​​មានការ​​ភ្ញាក់​ផ្អើល​​​​មួយ​​ដោយ​​​​ប្រជាពលរដ្ឋ​​​​គិត​ថា ​ជារឿង​​ចម្លែក​​​​កម្រ​​បានឃើញ​​ណាស់​ គឺមេគោ​មួយ​ក្បាល​​​​កើត​​​កូន​មក​​រហូត​​​ទៅ​​ដល់​​៤​ក្បាល ធ្វើ​ឱ្យ​​មនុស្ស​ម្នា​នាំ​​គ្នាទៅ​​ចោមរោម​​មើលកក​កុញ​ ហើយ​អុជ​ធូប​​​ អុជ​ទៀន ​ដាក់​តង្វាយ​​​ ចេក​ ផ្លែ​ឈើ និង​​ប្រាក់ ដើម្បី​សុំ​សេចក្តី​សុខ និង​លាភ​សំណាង​​​។ ​បើ​តាម​​​លោកសូ ខេន ​អាយុ​៥១​ឆ្នាំ ​នៅភូមិ​​​ត្រោក ​ឃុំ​ឈើទាល ​​ស្រុកស្វាយជ្រំ ដែល​​ជា​ម្ចាស់​​​គោ​ចម្លែក​​​នោះ​បានប្រាប់​កោះ​សន្តិភាព​ថា មេគោ​​​របស់​គាត់​សម្បុរ​ត្នោត​​បាន​​កើត​កូន​​រហូត​ដល់​ទៅ​​​៤ក្បាល ​​គឺញី​​២​ក្បាល​ ឈ្មោល​២ក្បាល កាលពី​ថ្ងៃទី​​​​​៣១ កក្កដា ​២០១១ ​វេលា​​ម៉ោង​​​៧​ព្រឹក ។

លោកសូ ខេន បន្តទៀតថា ​​នៅវេលាម៉ោង​​​​៧​ព្រឹក​​ កើត​បាន​​កូន​មួយក្បាល​​ឈ្មោល​​សម្បុរ​​ស​, វេលា​ម៉ោង​​​​៧​​និង​​​១០​នាទី​​​ កើត​បានកូនញី​មួយក្បាល​​​សម្បុរស, ​​នៅ​ម៉ោង​​៧​និង​​​​​៤០នាទី កើតបាន​កូន​​មួយក្បាល​​​ញី​សម្បុរ​ត្នោត, លុះ​ម៉ោង​​​​​៨​និង​​​១០​នាទី​កើត​បានកូន​មួយក្បាល​​ទៀត ឈ្មោល​​សម្បុរ​ក្រហម ​​ហើយ​កូន​គោ​ទាំង​​៤​ក្បាល​នោះ​កើត​បាន​​តែ​ប្រមាណ​​​​៥នាទី​​ក៏​ងាប់​​​ ...​ប្រសិន​បើ​កូន​គោ​ទាំង​​៤ក្បាលនោះរស់​វិញ​​ គឺ​គាត់​ពិត​ជា​​​មាន​លាភ​សំណាង​ណាស់ ព្រោះ​​ឆ្នាំ​នេះ​​មាន​គោ​ដល់​ទៅ​​​៤ក្បាល​...​​ម្យ៉ាង​​ទៀត​កម្រ​​មាន​គោ​ ណា​​កើត​កូនភ្លោះ​​៤ក្បាល​បែបនេះ​ណាស់ បើ​​មាន​យ៉ាង​​ច្រើន​​២ក្បាល​​ប៉ុណ្ណោះ​។

លោកសូ ខេន ​បាន​មានប្រសាសន៍​ថា​ ​រូប​គាត់​​មាន​ប្រពន្ធ​​​ឈ្មោះញ៉ែម ​​ថេន អាយុ​​​៥០​ឆ្នាំ ​មានកូន​​៦​នាក់​ក្នុង​បន្ទុក ក្នុង​នោះ​​​ស្រីម្នាក់​ ហើយ​បាន​ទិញគោញី​​២​ក្បាល​​ ​មក​ចិញ្ចឹម​​មួយក្បាល​​សម្បុរត្នោត និង​មួយក្បាល​​ទៀត​សម្បុរ​​ក្រហម ​​។​ចិញ្ចើម​​រហូត​ដល់​គោ​​មាន​​អាយុ​ជាង​​​​៣​ឆ្នាំ​​គឺ​​នៅ​​អំឡុង​ខែ​ កុម្ភៈ​ ឆ្នាំ​២០១០ ​ស្រាប់តែ​​​មាន​ពួក​ចោរ​​ចូល​លួច​ដឹក​ចេញពីក្រោល​ទៅបាត់ តែ​រយៈ​​ពេល​ពីរ​ម៉ោង​​​​ក៏​​តាម​ស្ទាក់​​ចាប់បាន​​មក​វិញ រីឯ​​ចោរ​បាន​រត់​គេច​ខ្លួនបាត់ស្រមោល​។ ​រហូ​​ត​​ដល់​ខែ​មករា ឆ្នាំ​២០១១ ​មេគោ​​​មាន​អាយុ​បាន​​​៤​ឆ្នាំ​ ហើយ​​​ទាំង​ពីរក្បាលនេះ​​​​ ​​ក៏​ផើម​​​ដំណាល​គ្នា​​​​តែម្តង​ លុះ​នៅ​ថ្ងៃ​ទី​​​៣១ កក្កដា ​​​​២០១១ ​​​វេលា​ម៉ោង​​​៧​ព្រឹក មេគោ​សម្បុរត្នោត​ក៏​​​ឈឺ​ពោះ​​​កើត​កូន​​​ គឺផើម​បាន​​តែ​៧ខែ​ទេ មានន័យ​ថា មេគោ​នោះ​កើត​កូន​​មិន​គ្រប់​ខែ​។​ បើ​​តាម​​ធម្មតា​​​មេគោ​ត្រូវ​​ផើម​ដល់​​៩ខែ ដប់ថ្ងៃ​​​ដូច​មនុស្ស​​ដែរ តែនេះ​កើត​​មិន​គ្រប់ខែ​ ទើប​​​ងាប់ជា​បន្តបន្ទាប់​ទាំង​៤​ក្បាល​​​​គួរ​ឱ្យ​សោកស្តាយ ​ចំណែក​មេគោ​សម្បុរ​ក្រហម​​នៅ​​កំពុង​​ផើម​ដដែល៕

No comments: